វត្តពោធិសត្ថារាម នៅសង្កាត់៧ ក្រុងសុកត្រាំង ខេត្តសុកត្រាំង ជាវត្តខ្មែរមួយដែលមានអាយុកាលយូរលង់នៅតំបន់នេះ។
ជ្រុងមួយនៃវត្តពោធិសត្ថារាម។
ឈានចូលបរិវេណវត្ត រូបភាពដែលញាំុងឲ្យយើងខ្ញុំចំណាប់អារម្មណ៍គឺដើមគគីររាប់រយដើមខ្ពស់សន្លឹម ចោលប្លប់ត្រឈឹងត្រឈៃ។ វិសេស ព្រះវិហារត្រូវបានដំណើរការកសាងនៅឆ្នាំ២០១១ មានក្បូរក្បាច់រចនាតាមបែបស្ថាបត្យកម្មខ្មែរព្រះវិហារបានតាំងលម្អរូបនាគ កិន្នរ គ្រុឌ សងខាងជណ្តើរឡើងព្រះវិហារលម្អដោយរូបសំណាកពស់ក្បាលប្រាំពីរ មានរាជសីហ៍មួយគូឈរអមខាងមុខ បច្ចុប្បន្ន ព្រះវិហារបានកសាងសម្រេចរួចរាល់ ព្រមទាំងបានប្រារព្ធពិធីបុណ្យសម្ពោធបញ្ចុះខ័ណ្ឌសីមានិងដាក់ឲ្យប្រើប្រាស់នៅខែមីនាឆ្នាំ២០១៨។
ព្រះតេជព្រះគុណថាច់សាន្ត ព្រះចៅអធិការវត្តពោធិសត្ថារាម មានថេរដីកា៖ “បច្ចុប្បន្ន អាត្មាភាពឲ្យជាងកសាងនៅសំណង់មួយចំនួនដូច៖ បង្គោលទង់ ក្រាលដានទីធ្លាវត្តជួសជុលកុដិ សាលានិងសំណង់ផ្សេងៗទៀត សរុបថវិកាកសាងប្រមាណ៣ពាន់លានដុង។ រីឯព្រះវិហារ សរុបថវិកាកសាងជាង៧ពាន់លានដុង អាស្រ័យពុទ្ធបរិស័ទជិតឆ្ងាយរួមវិភាគទាន”។ ក្រៅពីកិច្ចការកសាងវត្តអារាម ព្រះតេជព្រះគុណថាច់សាន្ត នៅទាំងបវារណាមាមីងពុទ្ធបរិស័ទរួមវិភាគទានបោះទូក-ង សម្រាប់អុំប្រណាំងក្នុងឱកាសថ្ងៃបុណ្យប្រពៃណី។ ម្យ៉ាងវិញទៀត នៅរដូវវិស្សមកាលជារៀងរាល់ឆ្នាំ ព្រះតេជព្រះគុណថាច់សាន្ត នៅទាំងយកព្រះទ័យទុកដាក់បើកថ្នាក់បង្រៀនអក្សរខ្មែរឲ្យកូនចៅមាមីងចូលមករៀនសូត្រយ៉ាងកុះករ។ ទន្ទឹមនឹងនោះ ដើម្បីស្តារឡើងវិញនិងអភិរក្សអត្តសញ្ញាណវប្បធម៌ខ្មែរ ព្រះតេជព្រះគុណជាវភ្លេងពិណពេទ្យមួយវង់ ដើម្បីប្រគំកំដរក្នុងឱកាសបុណ្យទានផ្សេងៗក្នុងវត្តអារាម។ លោកលីវប៊ិញ ប្រធានគណៈកម្មការវត្តមានប្រសាសន៍៖ “វត្តកសាងបានសមរម្យដូចសព្វថ្ងៃ អាស្រ័យការគ្រប់គ្រងកសាងរបស់ព្រះតេជព្រះគុណថាច់សាន្ត។ ព្រះវិហារនេះ បន្ទាប់ពីកសាងសម្រេចរួចរាល់ គឺជាកន្លែងសម្រាប់ពុទ្ធបរិស័ទធ្វើបុណ្យសុន្ទរ៍ទាន ព្រមទាំងរួមចំណែកក្នុងការអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ៕
ត្រឿងផល-មុនី