30/08/2017 - 14:20

វិល​មក​រួម​រស់​នឹង​សហ​គមន៍

អនុ​វត្ត​អនុ​ក្រឹត្យ​លេខ​៨០​/២០១១/NĐ-CP​របស់​រដ្ឋា​ភិ​បាល កំ​ណត់​ស្ដី​ពី​វិ​ធាន​ការ​ធា​នា​ការ​វិល​មក​រួម​រស់​នឹង​សហ គមន៍ ចំ​ពោះ​អ្នក​អនុ​វត្ត​ទោស​ជាប់​ពន្ធ​នា​គារ​ចប់​សព្វ​គ្រប់ រយៈ​ពេល​កន្លង ឃុំ​ឡុង​ហ៊ីប ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ មាន​ទង្វើ​ជាក់​ស្ដែង​ជួយ​ដល់​អ្នក​អនុ​វត្ត​ទោស​ជាប់​ពន្ធ​នា​គារ​ចប់​សព្វ​គ្រប់​វិល​មក​ភូមិ​ភាគ​ចូល​រួម​រស់​នៅ​ជា​មួយ​សហ​គមន៍ ប្រឹង​ប្រែង​ធ្វើ​ការ​រក​ស៊ី អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។


អូន​ផាង​ហ្វាង​ថៀង​ខ្នះ​ខ្នែង​ធ្វើ​ការ​ងារ​រក​ស៊ី​ខណៈ​ពេល​វិល​មក​រួម​រស់​នឹង​សហ​គមន៍​។

លោក​ង្វៀន​វុាំង​វៀត ប្រ​ធាន​នគរ​បាល ឃុំ​ឡុង​ហ៊ីប ឲ្យ​ដឹង​៖ “បច្ចុ​ប្បន្ន លើ​ភូមិ​សាស្រ្ត​ឃុំ​មាន​មុខ​សញ្ញា​១៤​នាក់  ក្រោយ​ពី​អនុ​វត្ត​ទោស​ជាប់​ពន្ធ​នា​គារ​រួច​ស្រេច​វិល​មក​ភូមិ​ភាគ និង​កំ​ពុង​ឋិត​ក្នុង​ដំ​ណាក់​កាល​គ្រប់​គ្រង​។ ដើម្បី​មុខ​សញ្ញា​ទាំងនេះ ឆាប់​បាន​វិល​មក​រួម​រស់​នៅ​នឹង​សហ​គមន៍ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡុង​ហ៊ីប ប្រ​គល់​ភារ​កិច្ច​ដល់​នគរ​បាល​ឃុំ​សហ​ការ​ជា​មួយ​អង្គ​ការ​ម​ហា​ជន​នានា មាន​ដូច​៖ សមា​គម​កសិ​ករ សម្ព័ន្ធ​យុវ​ជន សមា​គម​នា​រី​ចុះ​ទៅ​ដល់​គ្រួ​សារ​នី​មួយ​ៗ​សឹង​តែ​រាល់​ខែ ដើម្បី​សួរ​សុខ​ទុក្ខ​លើក​ទឹ​ក​ចិត្ត​អប់​រំ ស្មារ​តី​គោ​រព​ច្បាប់​ផ្សព្វ​ផ្សាយ​គោល​មា​គ៌ា គោល​ការណ៍​របស់​បក្ស គោល​ន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ អំ​ពី​ការ​ជំ​នួយ​វិល​មក​រួម​រស់​នឹង​សហ​គមន៍​និង​ការ​ឧបត្ថម្ភ​របស់​ភូមិ​ភាគ​។ ទន្ទឹម​នឹង​នោះ ស្វែង​យល់​ពី​បំ​ណង​ប្រាថ្នា​របស់​អ្នក​ទាំង​នោះ ដើម្បី​មាន​គោល​ន​យោ​បាយ​ជំ​នួយ​ទាន់​ពេល​កាត់​បន្ថយ​ដល់​កម្រិត​ទាប​បំ​ផុត ​ចំ​ពោះ​អ្នក​អនុ​វត្តទោស​ជាប់​ពន្ធ​នា​គារ​រួច​ស្រេច​ប្រ​ព្រឹត្ត​ល្មើស​សា​ជា​ថ្មី​។ ការ​ធ្វើ​នេះ​គឺ​ដើម្បី​រួម​ចំ​ណែក​ធា​នា​​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្រ្ត​ឃុំ​។ ឆ្លង​តាម​រយៈ​នោះ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ ចេញ​សេច​ក្ដី​សម្រេច​បង្កើត​ក្លឹប "ចលនា​បង្កើត​មូល​និ​ធិ​ឧបត្ថម្ភ​ការ​វិល​មក​រួម​រស់​នឹង​សហ​គមន៍​" ហើយ​ប្រ​គល់​ឲ្យ​ប្រ​ធាន​សមា​គម​កសិ​ករ​ធ្វើ​ជា​ប្រ​ធាន​ក្លឹប​"​។

ផាង​ហ្វាង​ថៀង នៅ​ភូមិ​ផ្សារ ឃុំ​ឡុង​ហ៊ីប ត្រូវ​បាន​ដោះ​លែង​ចេញ​ពី​គុក​មុន​ពេល​កំ​ណត់​៦​ខែ វិល​មក​ភូមិ​ភាគ​ដោយ​ការ​អៀន​ខ្មាស់ ហើយ​ក៏​បាន​សូម​អ​នុញ្ញាត​ពី​ឪ​ពុក ម្តាយ​ចូល​វត្ត​បួស​ជិត​មួយ​ឆ្នាំ​រួច​លា​ចាក​សិក្ខា​បទ​វិល​មក​ផ្ទះ​ប្រ​កប​របរ​ជួស​ជុល​ម៉ូ​តូ​។ ផាង​ហ្វាង​ថៀង បាន​រៀន​របរ​ជួស​ជុល​ម៉ូតូ​មុន​ពេល​ដែល​ខ្លួន​មាន​ទោស​ទណ្ឌ​។ ហេតុ​នោះ ផាង​ហ្វាង​ថៀង​ត្រូវ​បាន​ជំ​នួយ​១០​លាន​ដុង​ពី​ប្រ​ភព​មូល​និ​ធិ​ឧបត្ថម្ភ​វិល​មក​រួម​រស់​នឹង​សហ​គមន៍ ដើម្បី​ទិញ​ឧបករណ៍​ជួស​ជុល​ម៉ូ​តូ​។ ផាង​ហ្វាង​ថៀង សំ​ណេះ​សំ​ណាល​៖ “ដោយ​សារ​វ័យ​នៅ​ក្មេង ឆេវ​ឆៅ​មិន​យល់​ដឹង​ពី​ច្បាប់ មិន​នឹក​ស្មាន​ថា​ត្រឹម​មួយ​រំ​ពេច​ខ្វះ​ការ​ពិ​ចារ​ណា បាន​នាំ​ឲ្យ​ខ្ញុំ​ខូច​អ​នា​គត​ខ្លួន​ដូច្នោះ​សោះ​។ អា​ស្រ័យ​ការ​ខ្នះ​ខ្នែង​ជួយ​ឧបត្ថម្ភ​ពី​សំ​ណាក់​អង្គ​ការ​មហា​ជន​នា​នា ជា​ពិសេស​គឺ​សម្ព័ន្ធ​យុវ​ជន​តែង​ចុះ​មក​ដល់​ផ្ទះ​លើក​ទឹក​ចិត្ត​ផ្ដល់​លក្ខណៈ​ចូល​រួម​សកម្ម​ភាព​សង្គម​នា​នា ម្ល៉ោះ​ហើយ​ខ្ញុំ​ឆាប់​មាន​ក្ដី​ជឿ​ជាក់​ដើម្បី​កសាង​អនា​គត​ជា​ថ្មី​”។

បង​ស្រី​ថាច់​ធី​ពេញ ម្តាយ​របស់​ប្អូន​ផាង​ហ្វាង​ថៀង និ​យាយ​ទាំង​ទឹក​ភ្នែក​៖ “កូន​ខ្ញុំ​ត្រូវ​បាន​ដោះ​លែង​វិល​មក​រួម​រស់​នឹង​សហ​គមន៍ គ្រួ​សារ​ខ្ញុំ​ត្រេក​អរ​ណាស់​។​អា​ស្រ័យ​ការ​លើក​ទឹក​ចិត្ត​ពី​សំ​ណាក់​នគរ​បាល​នឹង​ការ​ឧបត្ថម្ភ​គាំ​ទ្រ​អស់​ពី​ចិត្ត​ដើម្បី​កូន​ខ្ញុំ​បើក​ហាង​លាង​ម៉ូ​តូ រក​ប្រាក់​ចិញ្ចឹម​គ្រួ​សារ​”។​ចំ​ពោះ​មុខ​សញ្ញា​ផ្សេង​ៗ​ទៀត​លើ​ភូមិ​សាស្រ្ត​ឃុំ ដែល​មាន​ស្ថាន​ភាព​ដូច​ប្អូន​ថៀង ក្រោយ​ពី​អនុ​វត្ត​ទោស​ជាប់​ពន្ធ​នា​គារ​រួច​ស្រេច​វិល​មក​រួម​រស់​នឹង​សហ​គមន៍ សុទ្ធ​សឹង​តែ​បាន​ភូមិ​ភាគ​ឧបត្ថម្ភ​ទាំង​ផ្នែក​ស្មារ​តី​និង​បែប​បទ​ច្បាប់​ដែល​ចាំ​បាច់​ផ្សេង​ៗ​ផង​ដែរ​។ ព្រម​ជា​មួយ​នោះ រៀប​ចំ​កម្ម​វិ​ធី​តម្រង់​ទិស​ដៅ​ការ​ងារ​ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​នៅ​ក្រុម​ហ៊ុន នៅ​ក្នុង​និង​ក្រៅ​ខេត្ត ឧបត្ថម្ភ​ដើម​ទុន​ធ្វើ​ការ​ងារ​រក​ស៊ី  ដើម្បី​កែ​លម្អ​ជីវ​ភាព​គ្រួ​សារ​៕                          

                           សឺន​ម៉ា​ល័យ–​សេ​រី 

ចែករំលែកអត្ថបទ