ច្រើនឆ្នាំកន្លង កសិករនៅខណ្ឌ ស្រុកនានារបស់ក្រុងកឹងធើ បានដាំល្ង នៅជម្រាក់ស្រែនារដូវដើមឆ្នាំ។ ការដាំដំណាំប្តូរវេនរវាងស្រូវនិងដំណាំ រួមផ្សំនេះបានជួយកសិករលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មគួរឲ្យកត់សម្គាល់ បើប្រៀបជាមួយនឹងធ្វើស្រែ៣រដូវក្នុងមួយឆ្នាំ។
ដាំល្ងតាមជម្រាក់ស្រែនៅសង្កាត់តឹងហឹង ខណ្ឌថូកណូក ក្រុងកឹងធើ។
ក្រោយពីប្រមូលផលស្រូវរដូវប្រាំង ឆ្នាំ២០១៤-២០១៥រួចស្រេច កសិករនៅខណ្ឌ ស្រុកនានាដូច ៖អូរម៉ូង ថូកណូក ថើយឡាយ ផុងឌៀង។ល។ បានចុះពូជល្ង។ លោកត្រឹងវុាំងម៉ែវ នៅតំបន់តឹងប៊ិញ សង្កាត់ត្រឿងឡាក ខណ្ឌអូរម៉ូង ឲ្យដឹង៖ "អាស្រ័យដំណាំល្ងធន់នឹងអាកាសធាតុក្តៅ ហួតហែង ហេតុនោះដាំនៅរដូវដើមឆ្នាំសមស្របបំផុត មិនចាំបាច់បូមទឹកស្រោចស្រពជាញឹកញាប់ដូចស្រូវ រីឯប្រាក់ចំណេញពីការដាំល្ងខ្ពស់ជាងពី២-៣ដងបើប្រៀបនឹងស្រូវ។ រយៈពេលកន្លង ខ្ញុំដាំល្ង១ហិកតា រកប្រាក់ចំណេញបានពី៣០-៣៥លានដុង/រដូវ"។ លោកង្វៀនវុាំងតឹម នៅសង្កាត់តឹងហឹង ខណ្ឌថូកណូក ឲ្យដឹង៖ "ល្ងដាំក្នុងអំឡុងពេលពី៧៥៧៦ថ្ងៃ គឺអាចប្រមូលផល។ នេះជាឆ្នាំទី២បន្តបន្ទាប់ ដែលខ្ញុំផ្លាស់ប្តូរដីស្រែទាំង៣កុងចំហៀងបង្វែរមកដាំល្ងនៅរដូវដើមឆ្នាំ។ ឆ្នាំកន្លងហើយ ល្ងផ្តល់ទិន្នផលមធ្យមភាគ៨ថាំង/កុងនិងលក់ក្នុងតម្លៃ៤២.០០០ដុង/គីឡូក្រាម។ ក្រោយពីទូទាត់ប្រាក់ចំណាយរួចស្រេច ខ្ញុំនៅចំណេញបានជាង៣លានដុង/កុង"។ តាមប្រសាសន៍របស់បងបៀនថៀងម៉ឹង នៅតំបន់តឹងឡើយ១ សង្កាត់តឹងហឹង ខណ្ឌថូកណូក ប៉ុន្មានឆ្នាំកន្លង មាមីងជាច្រើននៅទីនេះ ដាំល្ងនៅរដូវដើមឆ្នាំផ្តល់ប្រសិទ្ធភាពខ្ពស់ រដូវនេះ បងបង្វែរដីស្រែទាំង១៦កុងមកដាំល្ង ដោយសង្ឃឹមថានឹងលើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម។
តាមគម្រោងការ ផ្ទៃដីចុះពូជដាំល្ងនៅក្រុងកឹងធើក្នុងឆ្នាំនេះនឹងសម្រេចបាន៤.៦០០ហិកតា។ លោកង្វៀនត្រុងទ្រី ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់តឹងហឹង ខណ្ឌថូកណូក ឲ្យដឹង៖ "រដូវដើមឆ្នាំ២០១៤ ទូទាំងសង្កាត់មានផ្ទៃដីដាំល្ងនៅជម្រាក់ស្រែប្រមាណ៧០ហិកតា។ បច្ចុប្បន្ន ផ្ទៃដីដាំល្ងស្ថិតនៅកម្រិត១៨៧ហិកតា ហើយអាចនឹងកើនឡើង២០០ហិកតា"។ លោកង្វៀនកុងត្វង អនុប្រធានគណៈកម្មាធិការប្រជាជន សង្កាត់ត្រឿងឡាក ខណ្ឌអូរម៉ូង ឲ្យដឹង៖ "ផ្តើមពីកន្លែងដាំល្ងរដូវដើមឆ្នាំ តែពីរបីហិកតានា ប៉ុន្មានឆ្នាំមុន បច្ចុប្បន្នសង្កាត់ត្រឿងឡាក មានផ្ទៃដីដាំល្ងជាង២០ហិកតា។ ដើម្បីឧបត្ថម្ភមាមីងអភិវឌ្ឍផលិតកម្មដោយប្រសិទ្ធភាព រដ្ឋអំណាចភូមិភាគបានសកម្មសហការជាមួយនឹងផ្នែកនានា ជាប់ពាក់ព័ន្ធដើម្បីហ្វឹកហាត់បច្ចេកទេស និងផ្តល់ព័ត៌មានចាំបាច់ជូនមាមីង"។
តាមប្រសាសន៍លោកផាមវុាំងហ្វិញ នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍជនបទក្រុងកឹងធើ ដើម្បីកាត់បន្ថយសម្ពាធធ្ងន់ក្នុងការលក់ស្រូវអង្ករទំនិញនៅក្នុងរដូវដើមឆ្នាំ និងជៀសវាងការខ្វះទឹកផលិតកម្មនៅរដូវប្រាំង ផ្នែកកសិកម្មក្រុងបានផ្តល់អនុសាសន៍ឲ្យកសិករ គប្បីកាត់បន្ថយផ្ទៃដី ផលិតស្រូវរដូវដើមឆ្នាំ បង្វែរមកដាំដំណាំរួមផ្សំនិងប្រភេទដំណាំឧស្សាហកម្មរយៈពេលខ្លី។ ក្នុងនោះ ផ្នែកកសិកម្មក្រុងបានសំណូមពរភូមិភាគនានា គប្បីជួយណែនាំកសិករអភិវឌ្ឍផលិតកម្មដំណាំរួមផ្សំសម្បូរបែប ផ្សារភ្ជាប់ជាមួយនឹងទីផ្សារ ហើយចងសម្ព័ន្ធរវាងផលិតកម្មនិងទីផ្សារ ដើម្បីធានាច្រកចេញបានល្អ។ ពិសេស ចំពោះដំណាំឧស្សាហកម្មរយៈពេលខ្លី ដូច៖ ល្ង សណ្តែកសៀងជាដើម៕
ខាញ់ទ្រុង-វិមាន