ដោយបានការឧបត្ថម្ភរបស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ អង្គការមហាជនក្នុងខេត្ត តម្លៃខ្ទឹមក្រហមលើភូមិសាស្រ្តក្រុងវិញចូវ ខេត្តសុកត្រាំង លក់បានថ្លៃឡើងវិញ មធ្យមភាគពី៩.០០០ដល់១២.០០០ដុង ក្នុងមួយគីឡូក្រាម។
សមាជិកសម្ព័ន្ធយុវជនក្រុមហ៊ុនភាគហ៊ុនជីនិងសារធាតុគីមីប្រេងឧស្ម័នតីណាមបូ កំពុងរួមកម្លាំងនាំចេញខ្ទឹមក្រហមរបស់មាមីងកសិករវិញចូវ ។
បងត្រឹងមិញខៃ នៅភូមិអ៊ូវថB ឃុំវិញហាយ ឲ្យដឹងដោយក្តីរីករាយ ៖ " មុននេះ អ្នកជំនួញគ្រាន់តែទិញតម្លៃ៣០០០ដុងក្នុងមួយគីឡូក្រាម ពុំនោះសោតថែមទាំងមិនសូវមានអ្នកទិញទៀតផង។ ព្រោះហេតុនោះ ខ្ទឹមក្រហមរបស់គ្រួសារខ្ញុំ២កុង តាមការប៉ាន់ស្មានជាង៥តោន ខ្ញុំបង្ខំចិត្តស្ដុកទុកក្នុងផ្ទះ។ រហូតដល់សព្វថ្ងៃ អាស្រ័យដោយបានការឧបត្ថម្ភពីសម្ព័ន្ធយុវជនក្រុងវិញចូវ ខ្ទឹមលក់បានតម្លៃ៩.០០០ដុងក្នុងមួយគីឡូក្រាម គ្រួសារខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ជាមួយនឹងតម្លៃដូច្នេះ គ្រួសារខ្ញុំអាចមានប្រាក់គ្រប់ទូទាត់ប្រាក់ទិញជី ថ្នាំ និងមានដើមទុនមួយចំនួន ដើម្បីដាំខ្ទឹមរដូវបន្ទាប់"។
មិនត្រឹមតែគ្រួសារបងខៃប៉ុណ្ណោះទេ គ្រួសារប្រជាជនរាប់ពាន់ទៀត ភាគច្រើនគឺគ្រួសារជនរួមជាតិខ្មែរនៅលើភូមិសាស្រ្តក្រុងវិញចូវ មានក្តីសប្បាយរីករាយយ៉ាងខ្លាំងពេល ខ្ទឹមក្រហមលក់បានថ្លៃដូច្នេះ ប្រការនេះបានជួយឲ្យប្រជាជនដោះស្រាយបានការលំបាក។ ការកើនតម្លៃរបស់ខ្ទឹមក្រហមលើទីផ្សារ ក៏មានការរួមវិភាគទានដោយស្ងៀមស្ងាត់ប៉ុន្តែមានភាពធំធេងរបស់សម្ព័ន្ធយុវជនខេត្តសុកត្រាំង និងសម្ព័ន្ធយុវជនក្រុងវិញចូវ។ ឆ្លងតាមរយៈនៃការអំពាវនាវនិងធ្វើដើមទងទិញខ្ទឹមក្រហមរបស់ប្រជាជនសម្ព័ន្ធយុជនគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បានរួមដៃគ្នានាំខ្ទឹមក្រហមចេញទីផ្សារជាង១.០០០តោន។
គាំទ្រកម្មវិធី "ខ្ទឹមក្រហមគុណធម៌" ដើម្បីជួយកសិករវិញចូវ នាំខ្ទឹមក្រហមចេញដែលនៅកកស្ទះ ក្រុមហ៊ុនភាគហ៊ុនជីនិងសារធាតុគីមីប្រេង ឧស្ម័នតីណាមបូ បានឧបត្ថម្ភនាំខ្ទឹមក្រហមរបស់មាមីងចេញទីផ្សារជិត១០តោន ដោយលក់តម្លៃ១០.០០០ដុងក្នុងមួយគីឡូក្រាម។ ក្រៅពីនោះ ខ្ទឹមក្រហមជាងមួយតោនត្រូវបានអង្គភាពប្រមូលទិញ ហើយមាមីងនៅទាំងបានឧបត្ថម្ភជីមួយបាវសម្រាប់ដាំខ្ទឹមរដូវបន្ទាប់ទៀត។ បងវុាំងឌឹកអាញ់ កម្មាភិបាលក្រុមហ៊ុនភាគហ៊ុនជីនិងសារធាតុគីមីប្រេងឧស្ម័នតីណាមបូ ឲ្យដឹង៖ "ក្រោយពីមធ្យោបាយសារព័ត៌មានមហាជនផ្តល់ព័ត៌ មានអំពីបរិមាណខ្ទឹមក្រហមកកស្ទះទីផ្សារ កម្មាភិបាល បុគ្គលិកក្រុមហ៊ុន បានបំផុសចលនាទិញខ្ទឹមក្រហមគាំទ្រកសិករវិញចូវ។ នេះក៏ជាទង្វើមួយ ដើម្បីរួមចំណែកដោះស្រាយការលំបាកមួយភាគណាជូនមាមីង"។
តាមមន្ទីរកសិកម្ម និងអភិវឌ្ឍជនបទខេត្តសុកត្រាំង រយៈពេលកន្លងមកនេះ អាស្រ័យដោយការរួមកម្លាំងរបស់ភូមិភាគ កម្មាភិបាលរបស់ផ្នែក ស្ថាប័ន អង្គភាព ប្រព័ន្ធផ្សារទំនើបទាំងឡាយលើទូទាំងប្រទេស បានជាបរិមាណខ្ទឹមដែលកកស្ទះនោះ កាត់បន្ថយគួរឲ្យកត់សម្គាល់។ ផ្តើមពីចំនួនខ្ទឹមកកស្ទះទីផ្សារជាង៦០.០០០តោន សព្វថ្ងៃថយចុះនៅត្រឹមប្រមាណ២៥.០០០តោន។ ក្នុងនោះ ចំនួនខ្ទឹមពូជត្រូវបានប្រជាជនរក្សាទុកសម្រាប់ដាំរដូវបន្ទាប់គឺ១៥.០០០តោន។ ក្រៅពីនោះ តម្លៃខ្ទឹមក្នុងរយៈពេលកន្លង ក៏មានកំណើនដែរផ្តើម២.០០០ដុងក្នុងមួយគីឡូក្រាមកើនឡើងដល់៩.០០០ទៅ១២.០០០ដុងក្នុងមួយគីឡូក្រាម៕
លីធាន-សឺនម៉ាល័យ