យើងខ្ញុំធ្វើដំណើរស្វែងរកដល់វត្តកំពង់ស្ពាន ទីប្រជុំជនកូវកែ ស្រុកកូវកែ ខេត្តត្រាវិញ គាប់ជួនបងថាយស៊ីនកំពុងផ្ចិតផ្ចង់ឆ្លាក់ក្បូរក្បាច់រចនាចេតិយ ដើម្បីសម្រេចរួចរាល់នៅមុនពេលបុណ្យចូលឆ្នាំថ្មីជិតចូលដល់។
បងថាយស៊ីនកំពុងណែនាំអ្នករៀនសូនរូប។
ថាយស៊ីនកើតនិងធំដឹងក្តីនៅភូមិទឹកសាប ឃុំឡាយហ្វា ស្រុកវិញចូវ ខេត្តសុកត្រាំង ក្នុងគ្រួសារកសិករមួយមានបងប្អូន៩នាក់។ កាលពីកុមារថាយស៊ីន ចូលចិត្តគូរគំនូរណាស់ ប៉ុន្តែដោយសារគ្រួសារលំបាក ហេតុនោះបងគ្មានលក្ខណសម្បត្តិអនុវត្តនូវសេចក្តីប្រាថ្នារបស់ខ្លួន។ ក្រោយមក បងបានឪពុកម្តាយបញ្ជូនទៅបួសរៀននៅវត្តទឹកសាប ភូមិទឹកសាប ឃុំឡាយហ្វា។ ក្នុងអំឡុង១២ព្រះវស្សាបួសរៀន លោកថាយស៊ីនបានរៀនគំនូរ និងចម្លាក់ពីសំណាក់លោកគ្រូវែន នៅវត្តស្រឡូង ស្រុកម៉ីស្វៀង ខេត្តសុកត្រាំង។ ក្រោយពីលាចាកសិក្ខាបទ លោកថាយស៊ីន បានរៀនចម្លាក់ព្រះពុន្ធបដិមាពីសំណាក់លោកគ្រូកួន នៅវត្តក្រសាំង ស្រុកចូវថាញ់ ខេត្តសុកត្រាំងជាបន្ត។ បងថាយស៊ីន ឲ្យដឹង ៖ "ខ្ញុំចូលចិត្តរបរចម្លាក់តាំងពីតូច សំណាងល្អខ្ញុំបានលោកគ្រូជាច្រើនបង្ហាត់បង្រៀន។ បច្ចុប្បន្ន ខ្ញុំបង្កើតក្រុមហ៊ុនចំកាត់សំណង់និងសេវាវិចិត្រសិល្បៈ។ ខ្ញុំមានគោលបំណងមួយ នោះគឺខិតខំបណ្តុះបណ្តាលរបរនិង បង្រៀនដល់បងប្អូនដែលចូលធ្វើការនៅក្នុងក្រុមហ៊ុនរបស់ខ្ញុំ។ ខ្ញុំកំពុងបង្រៀនសិក្ខាកាម៥រូប ចំណែកបងប្អូនដែលបានទទួលចូលធ្វើកម្មករជាង៣០រូបទៀត"។
ប្រជាជនក្នុងតំបន់តែងហៅបងថា "សិប្បករ" ព្រះតេជព្រះគុណថាច់សាថាញ់ ព្រះចៅអធិការវត្តព្រើម លេខាសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិស្រុកកូវកែ មានព្រះថេរដីកា ៖ "ពេលវត្តត្រូវការជួសជុលឬក៏កសាងព្រះវិហារ សមណកុដិ ខ្លោងទ្វារ គណៈកម្មការវត្តតែងពឹងពាក់បងថាយស៊ីនមករចនាក្បូរច្បាច់ គូរគំនូរ និងចម្លាក់ពុទ្ធបដិមាជាដើម។ ក្រៅពីនោះ បងថែមទាំងបានព្រះចៅអធិការវត្តនានាក្នុងខេត្តអញ្ជើញទៅរចនាសំណង់ទៀតផង។ ដោយការឆ្លៀវឆ្លាត ហ្មត់ចត់នៅរាល់ស្នាមគំនូសគូរនៅតាមសំណងដែលបងថាយស៊ីនរចនានោះ សុទ្ធសឹងដិត ដាមដោយស្ថាបត្យកម្មពុទ្ធសាសនាខ្មែរ បានព្រះចៅអធិការវត្តនានានិងជនរួមជាតិខ្មែរវាយតម្លៃខ្ពស់។
លោកផាមង៉ុកសឺ អនុប្រធានការិយាល័យវប្បធម៌ស្រុកកូវកែ ឲ្យដឹង ៖ "ថាយស៊ីនគឺជាអាជីវករវ័យក្មេងរវាសរវៃអស់ពីចិត្តពីថ្លើម។ ក្នុងដំណើរការដឹកនាំអាជីវកម្ម បងថាយស៊ីន តែងខ្នះខ្នែងចូលរួមការងារសង្គម បងបានគូរក្បូរក្បាច់រចនាតុបតែងដល់ភូមិភាគក្នុងឱកាសបុណ្យទាន ពិធីជួបជុំ។ ក្រៅពីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ បងថាយស៊ីនថែមទាំងឧបត្ថម្ភគ្រួសារខ្មែរមួយចំនួននៅភូមិភាគទៀតផង; ឧបត្ថម្ភរួមវិភាគទានដល់ឃុំហ្វាតឹងក្នុងការកសាងផ្លូវគមនាគមន៍ រួមចំណែកធ្វើឲ្យមុខមាត់ជនបទរបស់ឃុំវិវឌ្ឍទៅមុខ"៕
សឺនម៉ាល័យ-វិមាន