"ក្នុងនាមជាលេខាសាខាបក្សភូមិ ជាច្រើនឆ្នាំកន្លង សមមិត្តដាវពិសិដ្ឋបានដឹកនាំប្រជាជនជម្រុញយ៉ាងខ្លាំងក្លាការអភិវឌ្ឍន៍សេដ្ឋកិច្ច លើកស្ទួយជីវភាពសុខដុមរមនា ភូមិសម្រេចបទដ្ឋានវប្បធម៌ អនុវត្តបានល្អការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់។ល។"។ នោះគឺជាការវាយតម្លៃរបស់សមមិត្តយ័ញថាញ់ លេខាគណៈកម្មាធិការបក្សឃុំថើយស្វឹង ស្រុកកើ-ដ ពេលនិយាយដល់សមមិត្តដាវពិសិដ្ឋ លេខាសាខាបក្សភូមិថើយទ្រឿង១ជាបក្ខជនជនជាតិខ្មែរគំរូ។
ពូដាវពិសិដ្ឋ (ខាងឆ្វេង) ចលនាប្រជាជនទប់ផ្លូវតាមមាត់ ព្រែកឡុងអ៊ុង
ដើម្បីបង្ការបាកស្រុត។
សមមិត្តដាវពិសិដ្ឋឆ្នាំនេះអាយុ៦២ឆ្នាំ មាឌខ្ពស់ស្រឡះ សំដីសុភាពរាបសា រួសរាយ។ សមមិត្តដាវពិសិដ្ឋឲ្យដឹងៈ"ថើយទ្រឿង១ជាភូមិមានជនរួមជាតិខ្មែររស់នៅកុះករជាង៨៥%។ មុននេះ អាស្រ័យដីផលិតកម្មតិចតួច ប្រជាជនមួយចំនួនសំអាងទៅលើការជំនួយរបស់រដ្ឋ ម្ល៉ោះហើយជីវភាពនៅជួបការលំបាកច្រើន"។ ចំពោះមុខស្ថានភាពដ៏លំបាកនោះ ក្នុងនាមជាលេខាសាខាបក្ស ជារៀងរាល់ឆ្នាំសមមិត្តដាវពិសិដ្ឋ បានដាក់ចេញសេចក្តីសម្រេចលើបធានបទ ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច បង្វែររចនាសម្ព័ន្ធដំណាំ ប្រើពូជស្រូវមានទិន្នផលខ្ពស់ បង្កើនគុណភាពនីហរ័ណ ជម្រុញយ៉ាងខ្លាំងក្លា ការចិញ្ចឹមជ្រូក មាន់ ទា ត្រី។ល។ អាស្រ័យហេតុនោះ ប៉ុន្មានឆ្នាំកន្លងប្រជាជនក្នុងភូមិសុទ្ធតែផលិតស្រូវគុណភាពខ្ពស់ក្នុងភូមិមានប្រជាជនចំនួន១៥០គ្រួសារ ពង្រីករបរចិញ្ចឹមជ្រូកប្រជាជនចំនួន១០០គ្រួសារ ពង្រីករបរចិញ្ចឹមត្រីផ្ទក់ក្នុងសំណាញ់ និងប្រជាជនចំនួន២០គ្រួសារប្រកបរបរដាំបន្លែជ្រះតាមភ្លឺប្រឡាយ។ល។
ចាប់តាំងពីឆ្នាំ២០០៥ មកទល់នឹងបច្ចុប្បន្ន ពូបានស្នើសុំរដ្ឋជំនួយកសាងលំនៅឋានតាមកម្មវិធី១៣៥,១៦៧ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ជូនគ្រួសារជនរួមជាតិខ្មែរចំនួន១៨៣ និងស្នើរណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ជំនួយកសាងផ្ទះមហាសាមគ្គីជូនគ្រួសារក្រីក្រចំនួន៤០។ ដោយសារការយកចិត្តទុកដាក់គិតគូររបស់ពូ មធ្យមភាគរៀងរាល់ឆ្នាំ ភូមិមានគ្រួសារចាកផុតពីភាពក្រីក្រចំនួន១៥គ្រួសារ ជីវភាពរបស់មាមីងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើកស្ទួយ កូនចៅក្នុងភូមិគ្រប់អាយុចូលរៀនតែងបានទៅសាលាគ្រប់ៗគ្នា ជាច្រើនឆ្នាំបន្តបន្ទាប់ភូមិរក្សាកិត្តិនាមជាភូមិវប្បធម៌និងគ្មានគ្រួសារកើតកូនទី៣។
ធ្វើជាប្រធាន និងលេខាសាខាបក្សភូមិជាង៣០ឆ្នាំប្លាយ ពូដាវពិសិដ្ឋ តែងយកចិត្តទុកដាក់ដល់ការងារចលនាមាមីង ខ្លួនទីពឹងខ្លួនមិនសំអាងទៅលើការជំនួយរបស់រដ្ឋ។ ឧទាហរណ៍ដូចឆ្នាំ២០១២ ពូនិងសាខាបក្សបានចលនាប្រជាជនបរិច្ចាគដី៤.៥០០ម៉ែត្រការ៉េ រួមវិភាគទាន១៥០លានដុងនិងកម្លាំងពលកម្ម៧៥០ថ្ងៃ រួមជាមួយនឹងរដ្ឋចាក់បេតុងផ្លូវ កណ្តាលភូមិប្រវែង១.៣០០ម៉ែត្រ។ កាលពីដើមឆ្នាំ ពូចលនាបានប្រាក់១០០លានដុង សម្រាប់ទប់ទំនប់ប៉ះមាត់ព្រែកឡុងអ៊ុងដែលកំពុងបាក់ស្រុតធ្ងន់ធ្ងរ។ ពូលីសាញ់ ប្រជាជននៅភូមិនេះ ឲ្យដឹង៖ "ពូសិដ្ឋតែងគិតគូរជូនប្រជាជនអស់ពីចិត្តពីថ្លើម ដូច្នោះរាល់កិច្ចការដែលពូផ្សព្វផ្សាយ ចលនាយើងខ្ញុំតែងស្តាប់និងធ្វើតាម"។
ពូដាវពិសិដ្ឋ ជាគំរូភ្លឺស្វាងក្នុងការរៀនសូត្រនិងធ្វើតាមគំរូសីលធម៌ហូជីមិញ ដំណាក់កាល២០១១-២០១៦ បានគណៈកម្មាធិការបក្សក្រុងកឹងធើស្ងើចសសើរ និងគណៈកម្មាធិការប្រជាជនក្រុងជូនប័ណ្ណសរសើរ៕
ភឿងណាម-សុផល