ឃុំតឹងប៊ិញ ស្រុកភុងហ៊ីប ខេត្តហូវយ៉ាង ទើបនឹងបានទទួលដំណាក់សុខាភិបាលមួយនៅក្បែរផ្លូវជាតិ នេះជាដំណាក់សុខាភិបាលថ្មីត្រូវបានកសាងតាមទិសដៅបទដ្ឋានជាតិ។
ដំណាក់សុខាភិបាលតឹងប៊ិញ ទើបបានកសាងថ្មី។
តាមប្រសាសន៍លោក ង្វៀនង៉ុកតុង ប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងប៊ិញ ដំណាក់សុខាភិបាលឃុំតឹងប៊ិញ ត្រូវបានកសាងថ្មី ឋិតក្នុងផែនការជនបទថ្មីរបស់ឃុំ។ សុខាភិបាលជាលក្ខឋានមួយក្នុងចំណោមលក្ខឋានសំខាន់ៗទាំង១៩ នឹងត្រូវបានកសាងសម្រេចរួចរាល់នៅក្នុងឆ្នាំ២០១៥ សំដៅលើកកម្ពស់អត្រាបទដ្ឋានជនបទថ្មីឡើង១២/១៩លក្ខឋាន។ វេជ្ជបណ្ឌិត ឡេធីយីមភុក ប្រធានដំណាក់សុខាភិបាលឃុំតឹង ប៊ិញចែករំលែក៖"មូលដ្ឋានសម្ភារៈទាំងនេះ ត្រូវបានកសាងថ្មីទាំងស្រុង ហើយបានវិនិយោគិនប្រគល់ជូនយើងខ្ញុំ។ ក្រៅពីការរើយកបរិក្ខារ ពេទ្យចាស់ៗមកកន្លែងថ្មី យើងខ្ញុំនៅទាំងបានផ្នែកសុខាភិបាលខេត្ត ផ្តល់បន្ថែមនូវបរិក្ខារពេទ្យថ្មីទំនើបៗមួយចំនួន ដើម្បីបម្រើការពិនិត្យព្យាបាលជំងឺបានប្រសើរជាង"។ ដោយសារជាដំណាក់សុខាភិបាលថ្មី ម៉្លោះហើយបានទាក់ទាញអ្នកជំងឺជាច្រើនមកពិនិត្យព្យាបាល។ ពេលយើងខ្ញុំមកដល់នៅតាមបន្ទប់ៈ ទន្តសាស្រ្ត ចាក់ម្ជុលវិទ្យាសាស្រ្ត សម្ភ ។ល។ ស្ទើរតែរាល់បន្ទប់ សុទ្ធតែមានអ្នកជំងឺសម្រាកព្យាបាល។ គ្រូពេទ្យ ឡេវុាំងដូវ ទទួលបន្ទុកខាងចាក់ម្ជុលវិទ្យាសាស្រ្ត ឲ្យដឹង៖ "ចាប់ពីរើដំណាក់សុខាភិបាលមកកន្លែងថ្មី ថ្ងៃណាក៏ដូចថ្ងៃណា តែងមានអ្នកជំងឺពីរបីនាក់មកចាក់ម្ជុលវិទ្យាសាស្រ្ត។ មិនត្រឹមតែរូបខ្ញុំប៉ុណ្ណោះទេ បងប្អូននៅដំណាក់សុខាភិបាលនរណាក៏រីករាយគ្រប់ៗគ្នា ពីព្រោះបានប្រជាជនទុកចិត្ត ទើបមកពិនិត្យព្យាបាលជំងឺនៅដំណាក់សុខាភិបាល"។ មានមូលដ្ឋានសម្ភារៈសមរម្យ ជ្រះស្អាត មួយអន្លើដោយបានបំពាក់បរិក្ខារថ្មី ទំនើបៗ គឺជាមូលហេតុមួយនាំឲ្យការទាក់ទាញអ្នកជំងឺ កាត់បន្ថយសម្ពាធដល់មន្ទីរពេទ្យថ្នាក់លើ។ អ្នកជំងឺលីធីថា នៅភូមិតឹងក្វើយរ៉ាត់ ឲ្យដឹង៖ "ពីមុនឈឺចុកចាប់ពេញខ្លួន ម៉្លោះហើយខ្ញុំចង់ទៅចាក់ម្ជុលវិទ្យាសាស្រ្ត ប៉ុន្តែមិនដឹងទៅមន្ទីរពេទ្យណា ពីព្រោះនៅដំណាក់សុខាភិបាលតឹងប៊ិញ កន្លែងចាស់មានភាពទ្រុឌទ្រោម គ្មានបន្ទប់ចាក់ម្ជុលវិទ្យាសាស្រ្ត។ ឥឡូវមានបន្ទប់ជ្រះស្អាតសម្រាកចាក់ម្ជុលវិទ្យាសាស្រ្តប្រកបដោយផាសុខភាព មួយអន្លើដោយការអស់ពីចិត្តពីថ្លើមរបស់គ្រូពេទ្យធ្វើឲ្យខ្ញុំនឹងនរចិត្តសម្រាកព្យាបាល"។
វេជ្ជបណ្ឌិត ឡេធីយីមភុក ឲ្យដឹងបន្ថែម៖ ដើម្បីត្រៀមឲ្យការទទួលស្គាល់សម្រេចបទដ្ឋានជាតិ នាពេលខាងមុខ ដំណាក់សុខាភិបាលនឹងរៀបចំគម្រោងនិងបំប៉នកងជួរកម្មាភិបាលនៅដំណាក់សុខាភិបាល និងបញ្ជូនទៅរៀនបង្កើនកម្រិតវិជ្ជាជីវៈ។ មកទល់បច្ចុប្បន្ន ដំណាក់សុខាភិបាលឃុំតឹងប៊ិញ មានកងជួរគ្រូពេទ្យ១១រូប ទទួលបន្ទុកនៅរាល់ផ្នែក ក្នុងនោះ មានវេជ្ជបណ្ឌិត២រូប។ ក្រៅពីនោះ ដំណាក់សុខាភិបាលឃុំតឹងប៊ិញ ក៏បានកសាងប្រព័ន្ធសហការីសុខាភិបាលនៅភូមិទាំង១១។ នៅតាមភូមិដែលមានជនរួមជាតិខ្មែររស់នៅកុះករ ដំណាក់សុខាភិបាលក៏បំប៉នបានសហការីសុខាភិបាលជនជាតិខ្មែរដើម្បីបម្រើការ។ ហេតុដូច្នោះ ពេលផ្សព្វផ្សាយការងារថែទាំសុខភាព បឋមជូនប្រជាជនមានភាពងាយស្រួលច្រើន ម៉្លោះហើយរយៈពេលជិតៗនេះ នៅលើភូមិសាស្រ្តឃុំ គ្មានរោគរាលដាលណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។ វេជ្ជបណ្ឌិត ឡេធីយីមភុក បញ្ជាក់៖ "ជាមួយនឹងលក្ខណៈមូលដ្ឋានសម្ភារៈមានដូច បច្ចុប្បន្ន កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិត នៅដំណាក់សុខាភិបាលតឹងប៊ិញ នឹងប្តេជ្ញាចិត្តធ្វើឲ្យប្រសើរជាងទៀតនូវការងារថែទាំសុខភាពជូនប្រជាជន"៕
ហាថាញ់-មុនី