មាមីងនៅភូមិ៧ ឃុំវីតឹង ក្រុងវីថាញ់ ខេត្តហូវយ៉ាង សប្បាយរីករាយយ៉ាងខ្លាំង ពីព្រោះភូមិ៧បានសម្រេចលក្ខឋាននានា ជាការរួមចំណែកដើម្បីឃុំវីតឹង ជាឃុំមួយក្នុងចំណោមឃុំទាំងឡាយរបស់ខេត្តហូវយ៉ាង បានទទួលស្គាល់ជាឃុំជនបទថ្មី។
ដងផ្លូវចូលទៅកាន់ភូមិ៧ នាបច្ចុប្បន្ន។
ភូមិ៧ជាភូមិមានជនរួមជាតិខ្មែររស់នៅកុះករបំផុតរបស់ឃុំវីតឹង។ ជាភូមិមួយនៅឆ្ងាយពីមជ្ឈមណ្ឌលឃុំវីតឹងជាងគេ។ អាស្រ័យហេតុនេះ នៅពេលដងផ្លូវរត់កាត់ភូមិ៧បានក្រាលកៅស៊ូ ដងផ្លូវតូចៗ ក៏បានក្រាលបេតុងសម្រេចរួចរាល់ មាមីងនៅភូមិ៧មានការសប្បាយរីករាយយ៉ាង ខ្លាំង។ បងយ័ញហ៊ឹង នៅភូមិ៧ ឲ្យដឹង៖ "ផ្លូវដើរសព្វថ្ងៃស្រួលណាស់ បើកម៉ូតូតែមួយស្របក់គឺដល់មជ្ឈមណ្ឌលឃុំ ហើយបើចង់ទៅក្រុងវីថាញ់ គឺបើកម៉ូតូបន្ថែមតែបន្តិចទៀតនឹងដល់។ មុននេះ បើចង់ទៅផ្សារ គឺត្រូវចាំទូកដ ប្រសិនបើទឹកនាទូកដមិនរត់ចង់ទៅណាមកណា គឺជួបការលំបាកណាស់។ ត្រង់ហ្នឹងហើយ ទើបមាមីងក្នុងភូមិទទួលរងនូវការខាតប្រយោជន៍គ្រប់យ៉ាង។ ជាពិសេស នៅរដូវទឹកតូចមាមីងតែងបូមទឹកឡើងស្រែ ដោយសារគ្មានលុយសម្រាប់ទិញសាំងស្ដុកទុកបានជាចួនកាលកំពុងតែបូមទឹក ស្រាប់តែម៉ាស៊ីនអស់សាំ ទឹកតូចមិនអាចរត់ទូកឡើងថ្នល់ទិញសាំងបន្ថែមបានឡើយ"។ ម្យ៉ាងទៀត ការធ្វើដំណើរទៅសាលារៀនរបស់សិស្សនៅភូមិ៧ វាមិនត្រឹមតែឆ្ងាយប៉ុណ្ណោះទេ តែថែមទាំងលុយភក់លុយល្បាប់ហេតុនេះសិស្សបោះបង់សាលាមានចំនួនច្រើន។
ផ្ដើមពីប្រភពទុនវិនិយោគរបស់រដ្ឋ សម្រាប់ឃុំលំបាកពិសេស និងកម្មវិធីវិនិយោគទុនផ្គូបផ្សំរបស់ខេត្តហូវយ៉ាង សម្រាប់ឃុំជនបទថ្មី ហេតុនេះមុខមាត់ជនបទភូមិ៧ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានសោភណ ភាព។ បច្ចុប្បន្ន ជីវភាពសម្ភារៈនិងស្មារតីរបស់មាមីងនៅភូមិ៧និយាយដោយឡែក និងឃុំជនបទថ្មីវីតឹងនិយាយរួម បានវិវឌ្ឍន៍តាមទាន់ឃុំនានា មិនតែប៉ុណ្ណោះនៅទាំងមានល្បឿនលឿនជាងឃុំមួយចំនួននៅលើភូមិសាស្រ្តខេត្តទៀតផង។ មាមីងនៅចុងភូមិ៧ ចំណាយពេលត្រឹម១០នាទី អាចនឹងបើកម៉ូតូទៅដល់មជ្ឈមណ្ឌលឃុំដើម្បីទំនាក់ទំនងជួញដូរ។ ផ្សារវីតឹង មានអ្នកលក់ដូរវាល់ល្ងាច ហេតុនេះមាមីងមិនចាំបាច់ទៅដល់ផ្សារក្រុង។ អគ្គិសនី ទឹកស្អាតត្រូវបានតភ្ជាប់ដល់រាល់គ្រួសារ។ បងយ័ញហាញ់ នៅភូមិ៧ ឲ្យដឹង៖ "នៅពេលអគ្គិសនីបានតភ្ជាប់មកដល់ផ្ទះ មាមីងនៅភូមិ៧នេះ តែងខិតខំប្រឹងប្រែងរកទិញវិទ្យុទូរទស្សន៍ ទុកសម្រាប់ស្ដាប់និងមើល ដើម្បីលើកកម្ពស់ការយល់ដឹង។ គ្រួសារណាក៏ទិញបានកង់ម៉ូតូសម្រាប់កូនចៅទៅរៀន។ កូនខ្ញុំទាំង២នាក់រៀនថ្នាក់បឋមសិក្សាមិនបាច់បង់ប្រាក់សាលា ថែមទាំងបានរដ្ឋឧបត្ថម្ភប្រាក់ប្រចាំខែទៀតផង។ ជីវភាពមាមីងនៅភូមិ៧ មានការផ្លាស់ថ្មីជាច្រើនបើប្រៀបនឹងមុននេះ"។
តាមប្រសាសន៍លោកង្វៀនវាំុងអឹង ប្រធានការិយាល័យជនជាតិក្រុងវីថាញ់ លក្ខណសម្បត្តិនៃជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកស្ទួយ ច្រើនបើប្រៀបនឹងមុននេះ ហេតុនេះមាមីងនៅភូមិ៧ តែងមានការភ្ញាក់រលឹកក្នុងការរក្សានិងពង្រីករាល់លក្ខឋានកសាងជនបទថ្មី ដើម្បីជីវភាពកាន់តែមានការអភិវឌ្ឍន៍ជាងទៀត៕
ហាថាញ់-ពេជ្រសឿន