វត្តអង្គររាជបុរី(អង្គ) គឺជាវត្តខ្មែរមួយមានអាយុកាលចំណាស់ក្នុងចំណោមវត្តខ្មែរទាំង១៤១នៅខេត្តត្រាវិញ និងមានសំណង់វិចិត្រកម្ម ដ៏ប្រណីតជាច្រើន។
ប្រភពៈទីភ្នាក់ងារសារពត៌មានវៀតណាមជ្រុងមួយនៃវត្តអង្គ
វត្តអង្គររាជបុរី(អង្គ) មានទីតាំងឋិតក្នុងមណ្ឌលប្រជុំស្ថាបត្យកម្មនៃរមណីយដ្ឋានស្រះស្រី ចម្ងាយពីមជ្ឈមណ្ឌលក្រុងត្រាវិញប្រមាណ៥គីឡូម៉ែត្រ ឆ្ពោះទៅទិសនីរតី មានទំហំ៣៥ពាន់ម៉ែត្រក្រឡា អមដោយសំណង់ស្ថាបត្យកម្មល្អប្រណីតនានា មានដូច៖ ព្រះវិហារ សាលាទាន សមណកុដិ ចេតិយ។ល។ បណ្តាសំណង់ទាំងឡាយ គេឃើញមានរូបចម្លាក់និងរូបគំនូរជាច្រើនដែលដិតដាមដោយអត្តសញ្ញាណវប្បធម៌ ជំនឿសាសនារបស់ជនជាតិខ្មែរណាមបូ មានដូច៖ កិន្នរ ព្រហ្ម យក្ស គ្រុឌ ។ល។ ខែសីហា ឆ្នាំ១៩៩៤ វត្តអង្គបានរដ្ឋទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្រ្តវប្បធម៌ថ្នាក់ជាតិ។
បរិវេណវត្តគ្របដណ្តប់ទៅដោយម្លប់ដើមគគីរ ដើមឈើទាលជាច្រើន ដែលមានអាយុកាលរាប់រយឆ្នាំ ហើយមានរូបសណ្ឋានគួរជាទីគយគន់។ អស់រយៈកាលជាង១០សតវត្សរ៍កន្លង វត្តអង្គនៅតែរក្សាគង់វង្សនូវបណ្តាស្ថាបត្យកម្មនិងវត្ថុបុរាណជាច្រើន។
លោកត្រឹងថាញថឿង នាយកមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្តត្រាវិញ ឲ្យដឹង៖ ច្រើនឆ្នាំកន្លង ផ្តើមពីប្រភពថវិកាភូមិភាគ ខេត្តបានវិនិយោគទុនក្នុងការអភិរក្សបណ្តាសំណង់ និងវត្ថុបុរាណផ្សែៗជាច្រើនរបស់វត្ត។ ឆ្នាំ២០១១ ជាមួយនឹងថវិកាជាង២០ពាន់លានដុង ផ្តើមពីប្រភពទុននៃកម្មវិធីទិសដៅជាតិ ស្តីពីវប្បធម៌ ខេត្តបានអនុវត្តគម្រោងការជួសជុល កសាងប្រជុំសំណង់ជាច្រើនរបស់វត្តអង្គមានដូច៖ ព្រះវិហារ សាលាទាន សមណកុដិ បណ្ណាល័យ ផ្លូវធ្លាក្នុងមណ្ឌលវត្ត។ល។ គម្រោងការសំដៅអភិរក្សនូវកេរដំណែលដែលមានតម្លៃប្រវត្តិសាស្រ្ត ដិតដាមដោយលក្ខណវប្បធម៌ ជំនឿសាសនារបស់ជនជាតិខ្មែរណាមបូ តាំងពីយូរលង់និយាយរួម ខេត្តត្រាវិញនិយាយដោយឡែក។
ដូចជាវត្តខ្មែរដទៃទៀតនៅណាមបូនោះដែរ វត្តអង្គគឺជាកន្លែងគោរពជំនឿសាសនា ផ្សារភ្ជាប់ជាមួយនឹងជីវភាពវប្បធម៌ ស្មារតីរបស់ជនជាតិខ្មែរក្នុងតំបន់។ រៀងរាល់ឆ្នាំ វត្តអង្គក៏ជាកន្លែងប្រារព្ធពិធីបុណ្យទានប្រវេណីផ្សេងៗរបស់ជនជាតិខ្មែរ មានដូច៖ បុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា បុណ្យអកអំបុក ស្រូបទាញភ្ញៀវទេសចររាប់ពាន់នាក់ទាំងក្នុងខេត្តនិងតំបន់នានាមកអុជធូបបួងសួងនិងទស្សនាកម្សាន្ត។ ក្រៅពីនោះ វត្តនៅទាំងប្រារព្ធពិធីបុណ្យសាសនា ដូចជា៖ បុណ្យមាឃបូជា បុណ្យវិសាខបូជា បុណ្យចូលព្រះវស្សា បុណ្យចេញវស្សាជាដើម។
ពេលវេលាចេះតែកន្លងទៅវត្តអង្គជាកន្លែងរក្សាអត្តសញ្ញាណវប្បធម៌ ជនជាតិ ឆ្លុះបញ្ចាំងពីជីវភាពស្មារតីនិងផលិតកម្មរបស់ជនរួមជាតិខ្មែរនៅខេត្តត្រាវិញ។ បច្ចុប្បន្ន វត្តអង្គរក្សាបាននូវវត្ថុមានតម្លៃដូចជារូបសំណាក រូបគំនូរ។ល។ ជាពិសេសវត្តនៅទាំងរក្សាបានសាស្រ្តាស្លឹករឹតជាច្រើន។
វត្តអង្គជាវត្តបុរាណ មានសំណង់ស្ថាបត្យកម្មដ៏ប្រណីតជាច្រើន ហើយថែមទាំងឋិតក្នុងមណ្ឌលប្រជុំស្ថាបត្យកម្មនៃរមណីយដ្ឋានស្រះស្រី ដ៏ស្រស់ស្អាតនិងល្បីល្បាញនៅខេត្តត្រាវិញ។ អាស្រ័យហេតុដូច្នោះ កេរដំណែលវត្តអង្គ មិនត្រឹមតែជាក្តីមោទនរបស់ជនជាតិខ្មែរក្នុងខេត្តប៉ុណ្ណោះទេ នៅទាំងជាកន្លែងដែលភ្ញៀវទេសចរទាំងចតុទិសចូលមកអុជធូបបួងសួង រៀនសូត្រ និងស្វែងយល់អំពីវប្បធម៌របស់ជនជាតិខ្មែរ៕
ថាញហ្វា-សេរី