14/11/2026 - 09:52

ជីវ​ភាព​បាន​លំ​នឹង​ពី​ការ​វេច​អន្សម​ជ្រូក​ 

នៅ​ពេល​រំលឹក​ដល់​អ្នក​វេច​អន្សម​ជ្រូក​ មា​មីង​ជុំ​វិញ​តំ​បន់​អ្នក​ណា​ក៏​នឹក​ឃើញ​ភ្លាម​ដល់​ពូ​ ថា​ច់ង៉ុក​យ៉ា នៅ​អនុ​សង្កាត់​ប្រាសាទ​ សង្កាត់​ង្វៀកហ្វា​ ខេត្ត​វិញ​ឡុង​ដែរ​។ គាត់​បាន​មា​មីង​ស្រ​ឡាញ់​រាប់​អាន​ហៅ​ដោយ​ឈ្មោះ​ក្រៅ​ថា​ “ពូ​កៀង​អន្សម​ជ្រូក​”។ អន្សម​ជ្រូក​នីមួយៗ​ដែល​ពូ​និង​កូន​ស្រី​វេច​ មិន​ត្រឹម​តែ​រក្សា​បាន​នូវ​រស​ជាតិ​ឈ្ងុយ​ឆ្ងាញ់​នៃ​អង្ករ​ដំណើប​ សណ្តែ​កបាយ​ និង​សាច់​ខ្លាញ់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជួយ​គ្រួ​សារ​មាន​ប្រាក់​ចំ​ណូល​លំ​នឹង​ ធូរ​ធារ​ ព្រម​ទាំង​រួម​ចំ​ណែក​រក្សា​ប្រ​ពៃ​ណី​របស់​ភូមិ​ស្រុក​ទៀត​ផង​។

គ្រួ​សារ​ពូ​ថា​ច់ង៉ុក​យ៉ា កំ​ពុង​វេច​អន្សម​ជ្រូក​។

ពូ​ថា​ច់ង៉ុក​យ៉ា កើត​ឆ្នាំ​ ១៩៦២ រយៈ​ពេល​ជាង​ ២៥ ឆ្នាំ​ ផ្សារ​ភ្ជាប់​នឹង​របរ​វេច​អន្សម​ជ្រូក​។ បើ​តាម​ពូ​ វេច​អន្សម​ជ្រូក​អ្នក​ណា​ក៏​ចេះ​ដែរ​ ប៉ុន្តែ​ដើម្បី​ឱ្យ​អន្សម​ជ្រូក​ឈ្ងុយ​ល្មួត​  រក្សា​បាន​រស​ជាតិ​ឆ្ងាញ់​ពិ​សេស​ គឺ​ទាម​ទារ​អ្នក​វេច​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ដំ​ណាក់​ការ​នីមួយៗ​។ របរ​វេច​អន្សម​ជ្រូក​ពិត​ជា​នឿយ​លំ​បាក​ ចូល​ដេក​យប់​ជ្រៅ​ក្រោក​ពី​ព្រឹក​ព្រលឹម​។ បើ​ចង់​បាន​អន្សម​លក់​ចេញ​ទាន់​ពេល​ ពូ​យ៉ា ត្រូវ​រៀប​ចំ​វត្ថុ​ធា​តុ​ដើម​ពី​ព្រលឹម​ តាំង​ពី​ការ​ជ្រើស​រើស​អង្ករ​ដំណើប​ទន់​គ្រាប់​មូល​ ត្រាំ​លាង​សម្អាត​ សណ្តែ​កបាយ​ ដាក់​គ្រឿង​ផ្សំ​សាច់​ខ្លាញ់​ឱ្យ​ល្មម​រស​ជាតិ​ រហូត​ដល់​ការ​ជ្រើស​រើស​ និង​ចៀរ​តម្រឹម​បត់​ស្លឹក​ចេក​ជា​ផ្នត់ៗ។ តាម​សម្តី​ពូ​យ៉ា ការ​ចង​វល្លិ៍គឺ​ជា​ “ថ្វី​ដៃ​” ប្រ​សិន​បើ​ចង​តឹង​ពេក​ ពេល​អន្សម​ស្ងោរ​ទៅ​នឹង​ឆៅ​ខាង​ក្នុង​ បើ​ចង​ធូរ​ពេក​ ទឹក​នឹង​ជ្រាប​ចូល​ធ្វើ​ឱ្យ​អន្សម​ជ្រាយ​ និង​ងាយ​ខូច​។ យោង​តាម​បទ​ពិសោធន៍​របស់​ពូ​យ៉ា គឺ​ត្រូវ​ប៉ាន់​ស្មាន​កម្លាំង​រឹត​វល្លិ៍ឱ្យ​ល្មម​ទើប​ពេល​ឆ្អិន​ អង្ករ​ដំណើប​រីក​សាយ​ស្មើ​គ្នា​ ហើយ​អន្សម​នៅ​តែ​ទន់​ល្មួត​។ ចង្ក្រាន​ស្ងោរ​អន្សម​ជ្រូក​របស់​ពូ​ពេល​ណា​ក៏​ភ្លើង​ឆេះ​ក្រ​ហម​ឆ្អាល​ជា​និច្ច​។ អស់​រយៈ​ពេល​ពី​ ៨ ដល់​ ១០ ម៉ោង​នៃ​ការ​យាម​ចង្ក្រាន​ អន្សម​ឆ្អិន​ហើយ​ត្រូវ​ស្រង់​យក​មក​លាង​ទឹក​ត្រ​ជាក់​ រួច​ព្យួរ​លើ​រាន​ហាល​ឱ្យ​ស្ងួត​ ផ្សាយ​ក្លិន​ឈ្ងុយ​ឈ្ងប់​គួរ​ជា​ទី​ពេញ​ចិត្ត​។ អា​ស្រ័យ​គុណ​ភាព​អន្សម​ត្រូវ​បាន​ធា​នា​ ឆ្ងាញ់​ ស្អាត​ និង​តម្លៃ​សម​រម្យ​ ម្ល៉ោះ​ហើយ​ឈ្មោះ​ “ពូ​កៀង​អន្សម​ជ្រូក​” បាន​ក្លាយ​ជា​ជម្រើស​ដ៏​ពេញ​និយម​ និង​ទំនុក​ចិត្ត​របស់​មា​មីង​ក្នុង​ភូមិ​ស្រុក​។ អន្សម​របស់​ពូ​សំ​ខាន់​លក់​ឱ្យ​ប្រ​ជា​ជន​ក្នុង​ភូមិ​ស្រុក​សម្រាប់​បម្រើ​ឱ្យ​ពិ​ធី​បុណ្យ​ទាន​ផ្សេង​ៗ ឬ​អា​ហារ​ប្រ​ចាំ​ថ្ងៃ​។ ជា​មួយ​តម្លៃ​លក់​ពី​ ៣០.០០០ ដល់​ ៤០.០០០ ដុង​ក្នុង​នំ​មួយ​ ច្រើន​ឆ្នាំ​មក​នេះ​ បាន​ជួយ​ឱ្យ​គ្រួ​សារ​ពូ​មាន​ប្រាក់​ចំ​ណូល​លំ​នឹង​ សម្រាប់​គិត​គូរ​ជីវ​ភាព​និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ដោយ​ចីរ​ភាព​។

 ពូ​ថា​ច់ង៉ុក​យ៉ា ក្បែរ​អន្សម​ជ្រូក​។

អាយុ​ជាង​ ៦០ ឆ្នាំ​ប្លាយ​ ពូ​នៅ​តែ​ខិត​ខំ​ប្រឹង​ប្រែង​ជាប់​នឹង​ល្អី​អង្ករ​ដំណើប​ និង​ល្អី​សណ្តែ​ក។ ពូ​យ៉ា ឱ្យ​ដឹង​៖ ក្នុង​មួយ​ថ្ងៃ​ៗគ្រួ​សារ​ពូ​វេច​ប្រហែល​ ៤០ - ៥០ នំ​។ ក្នុង​ឱ​កាស​ពិ​ធី​បុណ្យ​ទាន​ដូច​៖ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ បុណ្យ​សែន​ដូន​តា​ អាច​ឡើង​ដល់​ ៨០ - ១០០ នំ​ក្នុង​មួយ​ថ្ងៃ​។ ក្រៅ​ពី​នេះ​ គ្រួ​សារ​ក៏​វេច​បន្ថែម​នំ​គម​ នំ​ច័ក្កច័ន​។ល។ ជា​មួយ​នឹង​តម្លៃ​លក់​បច្ចុប្បន្ន​ ជួយ​គ្រួ​សារ​លើក​កម្ពស់​ជីវ​ភាព​ មាន​ការ​ងារ​ធ្វើ​ជា​ប្រ​ចាំ​នៅ​ផ្ទះ​។ ពូ​និង​កូន​ស្រី​រក្សា​ការ​ងារ​ក៏​ជួយ​ឱ្យ​របរ​ វេច​អន្សម​របស់​គ្រួ​សារ​បន្ត​បាន​អនុ​វត្ត​ក្នុង​ជីវ​ភាព​។ ពូ​ក៏​ត្រៀម​ចិត្ត​បង្រៀន​បទ​ពិសោធន៍​ និង​វិធី​វេច​អន្សម​ដល់​កូន​ចៅ​ និង​អ្នក​ណា​ដែល​ចង់​រៀន​របរ​នៅ​ក្នុង​ភូមិ​ស្រុក​ ដោយ​មាន​បំ​ណង​ចង់​ឱ្យ​របរ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​មាន​ព្រលឹង​ជា​និច្ច​។ 

ចំ​ពោះ​ពូ​ថា​ច់ង៉ុក​យ៉ា អន្សម​ជ្រូក​មិន​មែន​គ្រាន់​តែ​ជា​ចំ​ណី​អា​ហារ​ ឬ​មុខ​របរ​ចិញ្ចឹម​ជីវិត​នោះ​ទេ​ ថែម​ទាំង​ជា​លក្ខ​ណៈវប្ប​ធម៌​អា​ហារ​ដ៏​ពិ​សេស​ដែល​ផ្សា​ភ្ជាប់​ជា​មួយ​នឹង​ជីវ​ភាព​ និង​មនោ​សញ្ចេតនា​របស់​ជន​រួម​ជាតិ​ខ្មែរ​ទៀត​ផង​។ ក្នុង​ឱ​កាស​ថ្ងៃ​បុណ្យ​ប្រ​ពៃ​ណី​សំ​ខាន់​ៗ ឬ​ពិ​ធី​បុណ្យ​ក្នុង​ភូមិ​ស្រុក​ អន្សម​ជ្រូក​តែង​មាន​វត្ត​មាន​ដ៏​សំ​ខាន់​នៅ​លើ​អា​សា​សនៈ​ដូន​តា​ និង​មាន​លើ​តុ​ទទួល​ភ្ញៀវ​ដែរ​។ មិន​ត្រឹម​តែ​រួម​ចំ​ណែក​រក្សា​លក្ខ​ណៈវប្ប​ធម៌​ដ៏​ពិ​សេស​របស់​ជន​រួម​ជាតិ​ខ្មែរ​នោះ​ទេ​ របរ​វេច​អន្សម​ជ្រូក​ថែម​ទាំង​នាំ​មក​ប្រាក់​ចំ​ណូល​លំ​នឹង​សម្រាប់​គ្រួ​សារ​ពូ​ផង​ដែរ​។ អា​ស្រ័យ​គុណ​ភាព​ឈ្ងុយ​ឆ្ងាញ់​ មាន​អនា​ម័យ និង​តម្លៃ​សម​រម្យ​ ចង្ក្រាន​អន្សម​ជ្រូក​របស់​ពូ​តែង​មាន​ភ្ញៀវ​គាំ​ទ្រ​ច្រើន​ ជួយ​គ្រួ​សារ​គិត​គូរ​ជីវ​ភាព​ និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ដោយ​ចីរ​ភាព​៕ 

លី​សៀ​

ចែករំលែកអត្ថបទ