13/11/2026 - 18:25

ពណ៌សម្បុរចម្រុះនៃដំណើរកម្សាន្តស្វែងយល់ពីពិធីបុណ្យអកអំបុក នៅទីក្រុងកឹងធើ 

អញ្ជើញមកចូលរួមពិធីបុណ្យអកអំបុក - ប្រណាំងទូក-ង ទីក្រុងកឹងធើ ឆ្នាំ២០២៦ ភ្ញៀវទេសចរមិនត្រឹមតែបានចូលរួមក្នុងបរិយាកាសដ៏រំភើបរីករាយនៃការប្រណាំងទូក-ងនៅដងព្រែក Maspéro និងគយគន់ប្រទីបដ៏ភ្លឺផ្លេកប៉ុណ្ណោះទេ ថែមទាំងមានឱកាសពិសាម្ហូបអាហារប្រពៃណី ទស្សនាផ្សារណាត់ OCOP និងស្វែងយល់ពីវត្តអារាមខ្មែរល្បីៗដែលមានស្ថាបត្យកម្មល្អប្រណីតទៀតផង។ នេះគឺជាដំណើរកម្សាន្តស្វែងយល់អំពីវប្បធម៌ និងជំនឿសាសនាដ៏គួរឱ្យទាក់ទាញ ដែលនាំមកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅអំពីទឹកដី និងប្រជាជននៅតំបន់តីណាមបូ។

ក្នុងអំឡុងខែវិច្ឆិកានេះ ទីក្រុងកឹងធើបានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ ដែលទាក់ទាញប្រជាជន និងភ្ញៀវទេសចរយ៉ាងច្រើនកុះករមកចូលរួមក្នុងពិធីបុណ្យអកអំបុក - ប្រណាំងទូក-ង ឆ្នាំ២០២៦។ ការបានឆ្លងបទពិសោធន៍មួយដែលគ្រប់គ្នាទន្ទឹងរង់ចាំបំផុត គឺការទស្សនាក្រុមទូក-ងប្រកួតប្រណាំងនៅលើដងព្រែក Maspéro នាថ្ងៃទី២៣ និងទី២៤ ខែវិច្ឆិកា។ នៅតាមមាត់ព្រែកទាំងសងខាង ប្រជាជននិងភ្ញៀវទេសចរបានប្រមូលផ្តុំគ្នាយ៉ាងណែនណាន់តាន់តាប់ដើម្បីស្រែកហ៊ោលើកទឹកចិត្ត។ សំឡេងស្គរ និងសំឡេងហ៊ោកញ្ជ្រៀវ បានលាន់ឮរំពងលាយឡំនឹងចង្វាក់អុំទូកដ៏ស្វាហាប់របស់ក្រុមកីឡាករ បង្កបានជាបរិយាកាសអ៊ូអរយ៉ាងក្រៃលែង។ តាមរយៈការប្រកួតនីមួយៗ ភ្ញៀវទេសចរក៏អាចទទួលអារម្មណ៍បានយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាព និងមោទនភាពវប្បធម៌របស់ជនរួមជាតិខ្មែរផងដែរ។

លយប្រទីបចែងចាំងពន្លឺភ្លឺចិញ្ចាចលើផ្ទៃទឹក។

ពេលរាត្រីមកដល់ សកម្មភាពលយប្រទីប និងទូកគែហ៊ៅបាននាំមកនូវការឆ្លងបទពិសោធខុសគ្នា។ ប្រទីបបានតុបតែងយ៉ាងផ្ចិតផ្ចង់ ភ្លឺចិញ្ចាចលើផ្ទៃទឹក បង្ក​ជាទិដ្ឋភាពភ្លឺព្រិចៗនិងអស្ចារ្យ។ ព្រមជាមួយគ្នានោះ ភ្ញៀវទេសចរក៏បានស្វែងយល់ពីពិធីសំពះព្រះខែដែលជាពិធីបង្ហាញពីទឹកចិត្តដឹងគុណធម្មជាតិ សូមឱ្យភ្លៀងខ្យល់ធ្លាក់ស្មើ និងទទួលបានភោគផលល្អប្រសើរ។ ក្រៅពីនេះ ភ្ញៀវទេសចរអាចរីករាយជាមួយបណ្តាទស្សនីយភាពសិល្បៈខ្មែរ ចូលរួមលេងកម្សាន្តជាមួយចង្វាក់រាំវង់ ស្វែងយល់ពីសម្លៀកបំពាក់ប្រពៃណី និងស្វែងយល់មុខម្ហូបអាហារនៅភូមិភាគ។ ផ្សារណាត់តាំងបង្ហាញផលិតផល OCOP ផលិតផលពិសេសប្រចាំតំបន់ក៏ជាកន្លែងឈប់សម្រាកដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ទេសចរទស្សនាកំសាន្តនិងទិញផលិតផលល្បីៗរបស់ទីក្រុងកឹងធើ ព្រមទាំងភូមិភាគជិតខាង។

* ស្វែងយល់សម្រស់ស្អាតបណ្តាវត្តអារាមខ្មែរ

បន្ទាប់ពីរីករាយជាមួយបរិយាកាសពិធីបុណ្យរួចហើយ ភ្ញៀវទេសចរអាចឆ្លៀតពេលទៅទស្សនាវត្តអារាមខ្មែរល្បីៗជាច្រើនកន្លែង។ វត្តនីមួយៗសុទ្ធតែមានរចនាបថស្ថាបត្យកម្មពិសេសប្លែកពីគ្នា ដោយមិនត្រឹមតែជាទីសក្ការៈបូជាខាងសាសនាប៉ុណ្ណោះទេ ថែមទាំងជាឃ្លាំងផ្ទុកនូវតម្លៃប្រវត្តិសាស្ត្រ សិល្បៈ និងវប្បធម៌ដ៏វិសេសវិសាលរបស់មាមីងខ្មែរណាមបូទៀតផង។

តង្វាយសម្រាប់ពិធីសំពះព្រះខែ។

លេចធ្លោក្នុងដំណើរទស្សនាគឺនៅវត្តសំរោង ស្ថិតនៅសង្កាត់សុកត្រាំង។ វត្តបានបង្កការចាប់អារម្មណ៍ជាមួយបរិវេណទូលាយ និងស្ថាបត្យកម្មដែលរួមបញ្ចូលគ្នាយ៉ាងស៊ីសង្វាក់រវាងប្រពៃណី និងសម័យទំនើប។ ចំណុចលេចធ្លោទាក់ទាញភ្ញៀវទេសចរ គឺព្រះពុទ្ធបដិមាព្រះសក្យមុនីចូលបរិនិព្វានដែលមានបណ្តោយ ៦៣ម៉ែត្រ និងកម្ពស់ ២២,៥ម៉ែត្រ ស្ថាបនាឡើងយ៉ាងស្កឹមស្កៃកណ្តាលទីធ្លាដ៏ស្រឡះ។ ព្រះវិហារ ព្រះចេតិយ និងសាលាទាន សុទ្ធតែបានតុបតែងលម្អដោយក្បាច់រចនាខ្មែរយ៉ាងល្អប្រណីត។ ប្រសិនបើលោកអ្នកចង់ស្វែងយល់អំពីជម្រៅនៃប្រវត្តិសាស្ត្រ វត្តឃ្លាំង គឺជាគោលដៅដែលមិនគួររំលងឡើយ។ ដោយមានប្រវត្តិសាស្ត្រជាង ៥០០ ឆ្នាំ វត្តនេះមានភាពលេចធ្លោតាមរយៈស្ថាបត្យកម្មខ្មែរបុរាណ ដំបូលវត្តច្រើនជាន់មានរាងកោង និងសំណង់ធ្វើអំពីឈើដែលបានឆ្លាក់យ៉ាងផ្ចិតផ្ចង់។ បរិយាកាសបែបបុរាណនិងម្លប់ឈើត្រឈឹងត្រឈៃ បានផ្តល់នូវអារម្មណ៍សុខសាន្តនៅកណ្តាលទីប្រជុំជន។

ចំណុចទស្សនាប្លែកមួយទៀតគឺវត្តមហាទប់ នៅសង្កាត់ភូឡើយ។ អារាមនេះល្បីរន្ទឺដោយសារមានដើមឈើធំៗអាយុកាលរាប់រយឆ្នាំជាច្រើនដើម ដែលជាជម្រកដ៏សុខសាន្តរបស់សត្វជ្រឹងរាប់ពាន់ក្បាល។ ទិដ្ឋភាពហ្វូងសត្វជ្រឹងតោងព្យួរខ្លួនលើមែកឈើទាំងនោះ បានបង្កជាភាពទាក់ទាញដ៏កម្ររកបាន។ ក្រៅពីទេសភាពធម្មជាតិ ព្រះវិហារដែលមានដំបូលច្រើនជាន់ ក្បាច់ចម្លាក់ និងក្បាច់រចនាខ្មែរដ៏ស្រស់ឆើតឆាយ ក៏ជាទីទាក់ទាញភ្ញៀវទេសចរផងដែរ។ សម្រាប់អ្នកដែលនិយមចូលចិត្តវិស័យស្ថាបត្យកម្ម វត្តពាមបួនថ្មី នឹងនាំមកនូវបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍។ វត្តនេះមានភាពលេចធ្លោជាមួយនឹងពណ៌សក្បុសជាគោល រួមផ្សំជាមួយនឹងក្បាច់រចនាតុបតែងពណ៌មាសភ្លឺចែងចាំងយ៉ាងប្រណីត។ ស្ថាបត្យកម្មនៃវត្តនេះ គឺជាការរួមបញ្ចូលគ្នារវាងរចនាបថខ្មែរប្រពៃណី និងការទទួលឥទ្ធិពលខ្លះៗពីស្ថាបត្យកម្មថៃ ដែលបង្កើតបានជារូបរាងដ៏ប្លែកភ្នែក។

វត្តសំរោងមានព្រះពុទ្ធបដិមាព្រះសក្យមុនីចូលបរិនិព្វានធំជាងគេបង្អស់នៅវៀតណាម ជាគោលដៅទាក់ទាញភ្ញៀវទេសចរ។

ជាពិសេស វត្តស្រឡូង នៅសង្កាត់មីស្វៀងគឺជាគោលដៅទេសចរណ៍ដែលបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង។ វត្តនេះល្បីល្បាញដោយសារសិល្បៈតុបតែងដ៏ប្លែកអស្ចារ្យ តាមរយៈការយកបំណែកចាន និងចានទាបព័រសឺឡែនចម្រុះពណ៌ មកតម្រៀបផ្គុំជាក្បាច់រចនានៅតាមជញ្ជាំង និងសំណង់នានា។ គំនិតច្នៃប្រតិដ្ឋ និងភាពប៉ិនប្រសប់ក្នុងការតម្រៀបបានបង្កើតនូវសម្រស់ដ៏វិសេសវិសាល ដែលមើលទៅទាំងភ្លឺចែងចាំង ទាំងមានភាពស្និទ្ធស្នាល ទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនា និងផ្តិតយករូបភាពទុកជាអនុស្សាវរីយ៍។

ចាប់ពីចង្វាក់អុំដ៏ស្វាហាប់លើដងព្រែក Maspéro ពន្លឺភ្លឺចិញ្ចាចនៃលយប្រទីប រហូតដល់ភាពស្កឹមស្កៃ និងស្ងប់ស្ងាត់នៃទីអារាមខ្មែរ អ្វីៗទាំងអស់បានរួមបញ្ចូលគ្នាបង្កើតបានជាផ្ទាំងទស្សនីយភាពទេសចរណ៍ចម្រុះពណ៌។ ការផ្សារភ្ជាប់សកម្មភាពពិធីបុណ្យប្រពៃណីទៅនឹងគោលដៅវប្បធម៌ និងសាសនា មិនត្រឹមតែជួយថែរក្សា និងលើកស្ទួយអត្តសញ្ញាណជាតិប៉ុណ្ណោះទេ ថែមទាំងជួយផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវរូបភាពទឹកដី និងទឹកចិត្តរាក់ទាក់រួសរាយរបស់អ្នកទីក្រុងកឹងធើ ទៅកាន់ភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេសផងដែរ៕

យ្វីអាញ - ថាច់ធី

ចែករំលែកអត្ថបទ