មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

27/10/2026 - 20:48

វត្ត​ពាម​បួន​ថ្មី​ ទី​តាំង​បណ្តុះ​ពន្លក​និង​អភិ​រក្ស​វប្ប​ធម៌​ខ្មែរ​ 

តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ​ វត្ត​ខ្មែរ​មិន​ត្រឹម​តែ​ជា​ទី​សក្ការ​បូ​ជា​ ជំនឿ​របស់​ជន​រួម​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ដំ​បូល​ផ្ទះ​រួម​យ៉ាង​កក់​ក្តៅ​ ទទួល​រ៉ាប់​រង​អ្នក​ដែល​មាន​ជីវ​ភាព​ទ័ល​ក្រ​ទៀត​ផង​។ នៅ​វត្ត​ពាម​បួន​ថ្មី​ (សង្កាត់​ភូ​ឡើយ​ ទី​ក្រុង​កឹង​ធើ​) ព្រះ​តេជ​ព្រះ​គុណ​ ឌិញ ហ្វាង​ស៊ឺ បាន​និង​កំ​ពុង​អនុ​វត្ត​នូវ​រឿង​រ៉ាវ​ដ៏​ប្រ​ពៃ​ ជំ​រុញ​បំ​ភ្លឺ​ក្តី​សង្ឃឹដល់​សិស្សា​នុសិស្ស​ខ្មែរ​រាប់​សិប​នាក់​ដែល​មាន​ជីវ​ភា​ពលំ​បាក​។

មា​នទី​តាំង​នៅ​សង្កាត់​ភូ​ឡើយ​ ទី​ក្រុង​កឹង​ធើ​ វត្ត​ពាម​បួន​ថ្មី​ពី​យូរ​លង់​ណាស់​មក​ហើយ​បាន​ផ្សារ​ភ្ជាប់​ជា​មួយ​ជីវ​ភាព​ផ្លូវ​ចិត្ត​របស់​ជន​រួម​ជាតិ​ខ្មែរ​ និង​ប្រ​ជា​ជន​ភូមិ​ភាគ​។ មិន​ត្រឹម​តែ​ល្បី​ល្បាញ​ដោយ​សារ​ស្ថា​បត្យ​កម្ម​មា​នល​ក្ខណៈ​ពិ​សេស​នោះ​ទេ​ ទី​នេះ​បាន​គេ​ស្គាល់​ថា​ជា​ទី​បង្អែក​នៃ​ក្តី​ស្រ​ឡាញ់​ ទទួល​រ៉ាប់​រង​ និង​បង្ក​លក្ខ​ណ​សម្បត្តិ​ដល់​សិស្ស​ក្រី​ក្រ​ដែល​ស្វែង​រក​ចំ​ណេះ​ដឹង​ទៀត​ផង​។ ជិត​មួយ​ទស​វត្សរ៍​កន្លង​មក​នេះ​ កម្ម​វិធី​គាំ​ពារ​សិស្ស​មាន​ជីវ​ភា​ពលំ​បាក​ ដែល​ផ្តួច​ផ្តើម​ឡើង​ដោយ​ព្រះ​ចៅ​អធិការ​ ឌិញហ្វាង​ស៊ឺ ចាប់​ពី​ឆ្នាំ​ ២០១៨ បាន​ក្លាយ​ជា​កម្លាំង​ចលករ​ផ្នែក​ស្មារតី​មិន​អាច​កាត់​ថ្លៃ​បាន​។ ការ​ប្រ​កប​មុខ​របរ​ចិញ្ចឹម​ជី​វីត​ដ៏​លំ​បាក​ វត្ត​អា​រាម​បាន​ក្លាយ​ជា​ទី​ស្ងប់​ស្ងាត់​ជួយ​ឱ្យ​ប្អូន​ៗកុមារ​ទទួល​បាន​ការ​ចែក​រំលែក​ទាន់​ពេល​ទាំង​ផ្នែក​សម្ភារៈ​ និង​ស្មារតី​ ដើម្បី​បន្ត​ដំ​ណើរ​ទៅ​សា​លា​ ចៀស​វាង​ហា​និភ័យ​បោះ​បង់​ការ​រៀន​សូ​ត្រ​។

ព្រះ​តេជ​ព្រះ​គុណ​ឌិញហ្វាង​ស៊ឺ លើក​ទឹក​ចិត្ត​ឱ្យ​ប្អូន​ៗខិត​ខំ​រៀន​សូ​ត្រ​។

ចែក​រំលែក​អំ​ពី​ឧប​និស្ស័យ​ដែល​ផ្សារ​ភ្ជាប់​ជា​មួយ​ប្អូន​ៗកុមារ​ ព្រះ​តេជ​ព្រះ​គុណ​ ឌិញហ្វាង​ស៊ឺ – ព្រះ​ចៅ​អធិការ​វត្ត​ពាម​បួន​ថ្មី​ មាន​ថេរ​ដីកា​៖ “ដោយ​ឃើញ​ប្អូន​ៗគ្រួ​សារ​មាន​ជីវ​ភា​ពលំ​បាក​ ឪ​ពុក​ម្តាយ​ចេញ​ទៅ​ធ្វើ​ការ​ឆ្ងាយ​ ម្ល៉ោះ​ហើយ​ទើប​អាត្មា​ភាព​ទទួល​គាំ​ពារ​ប្អូន​ៗ។ អាត្មា​ភាព​តែង​លើក​ទឹក​ចិត្ត​ប្អូន​ៗឱ្យ​ខិត​ខំ​រៀន​សូ​ត្រ​ ព្រោះ​ទៅ​អនាគត​ត្រូវ​មាន​ចំ​ណេះ​ដឹង​ទើប​អាច​ជួយ​ប្អូន​ៗបាន​។ ក្រៅ​ពី​នេះ​ អាត្មា​ភាព​ក៏​បាន​ឱ្យ​ប្អូន​ៗរៀន​ភ្លេង​ពិ​ណ​ពាទ្យ​ និង​ស្គរ​ឆៃយ៉ាំ​។ល។ ដើម្បី​ឱ្យ​ប្អូន​ៗស្គាល់​ និង​រួម​គ្នា​អភិ​រក្ស​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​”។

ដោយ​មាន​ជំនួយ​កម្លាំង​ខ្ជាប់​ខ្ជួន​ពី​ព្រះ​ចៅ​អធិការ​ សិស្ស​ក្រី​ក្រ​ជិត​ ៣០ នាក់​ បាន​បោះ​ជំ​ហាន​ឈាន​ទៅ​មុខ​ឆ្លង​កាត់​ស្ថាន​ភា​ពលំ​បាក​ ទទួល​បាន​ស្នា​ដៃ​រៀន​សូ​ត្រ​ល្អ​ និង​ក្លាយ​ជា​កូន​ល្អ​ សិស្ស​ល្អ​។ មិន​ត្រឹម​តែ​បង្ហាត់​បង្រៀន​ចំ​ណេះ​ដឹង​វប្ប​ធម៌​ប៉ុណ្ណោះ​ទេ​ វត្ត​ថែម​ទាំង​យក​ចិត្ត​ទុក​ដាក់​អប់​រំ​ទូ​ន្មាន​ប្អូន​ៗអំ​ពី​សុជីវ​ធម៌​ ការ​រស់​នៅ​ប្រ​កប​ដោយ​ក្តី​ស្រ​ឡាញ់​ និង​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ផង​។ ជា​សិស្ស​ម្នាក់​ក្នុង​ចំ​ណោម​សិស្ស​ដែល​កំ​ពុង​ស្នាក់​អា​ស្រ័យ​ និង​រៀន​សូ​ត្រ​ក្នុង​វត្ត​ ប្អូន​គឹម​តឹង​ហ្វី​ ចែក​រំលែក​៖ “ប្អូន​នៅ​វត្ត​ បាន​ព្រះ​ចៅ​អធិការ​ឱ្យ​ទៅ​រៀន​នៅ​សា​លា​ ពេល​ត្រ​ឡប់​មក​វត្ត​វិញ​ក៏​បាន​រៀន​បន្ថែម​អក្សរ​ខ្មែរ​ និង​រៀន​ធម៌​វិន័យ​ រៀន​ភ្លេង​ពិ​ណ​ពាទ្យ​ទៀត​ផង​ បច្ចុប្បន្ន​ប្អូន​រៀន​បាន​ពីរ​បទ​ហើយ​”។

ស្ថិត​ក្នុង​ស្ថាន​ភាព​ដូច​គ្នា​ ប្អូន​ឡា​លីវ​ត្វឹង​កៀក​ (នៅ​សង្កាត់​ភូ​ឡើយ​ ទី​ក្រុង​កឹង​ធើ​) រំភើប​ឱ្យ​ដឹង​៖ “នៅ​ផ្ទះ​ ឪ​ពុក​ម្តាយ​ប្អូន​មាន​ជីវ​ភា​ពលំ​បាក​ ម្តាយ​ប្អូន​ទៅ​ដេរ​ខោ​អាវ​ឈ្នួល​ ឯ​ឪ​ពុក​ធ្វើ​ជាង​សំ​ណង់​ ម្ល៉ោះ​ហើយ​ប្អូន​សុំ​មក​វត្ត​នៅ​អា​ស្រ័យ​រៀន​សូ​ត្រ​។ នៅ​វត្ត​បាន​ព្រះ​ចៅ​អធិការ​ផ្តល់​អា​ហារ​ហូប​ចុក​គ្រប់​គ្រាន់​ ឱ្យ​ប្រាក់​ទិញ​នំ​ចំ​ណី​ទៅ​រៀន​ ព្រះ​អង្គ​បង្រៀន​អក្សរ​ខ្មែរ​ដល់​ប្អូន​ និង​បង្រៀន​ឱ្យ​ប្អូន​ៗចេះ​ស្រ​ឡាញ់​គ្នា​ ចែក​រំលែក​ម្ហូប​អា​ហារ​ ភេ​សជ្ជៈឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​”។

អ្វី​ដែល​បង្កើត​បាន​ជា​តម្លៃ​មនុស្ស​ធម៌​យ៉ាង​ជ្រាល​ជ្រៅ​នៅ​វត្ត​ពាម​បួន​ថ្មី​ គឺ​ផ្តើម​ចេញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​គ្រប់​ជ្រុង​ជ្រោយ​ទាំង​ជីវ​ភាព​សម្ភារៈ​ និង​ស្មារតី​របស់​ប្អូន​ៗ។ រៀង​រាល់​ពេល​ល្ងាច​ នៅ​ពេល​សំឡេង​ស្គរ​សា​លា​រៀន​បាន​បញ្ចប់​ ហើយ​ពន្លឺ​ព្រះ​អាទិត្យ​រៀប​អស្តង្គត​មក​ដល់​បរិ​វេណ​វត្ត​ប្រែ​ជា​អ៊ូ​អរ​ទៅ​ដោយ​សំឡេង​នៃ​ “ថ្នាក់​រៀន​ពិ​សេស​មួយ​”។ នោះ​គឺ​ថ្នាក់​បង្រៀន​ភ្លេង​ពិ​ណ​ពាទ្យ​ប្រ​ពៃ​ណី​-ដែល​ជា​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូ​បី​មួយ​ដ៏​មាន​តម្លៃ​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ បាន​វត្ត​រក្សា​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ពេល​យប់​ជួប​ជុំ​គ្នា​អម​ដោយ​សំឡេង​តន្ត្រី​ មិន​ត្រឹម​តែ​ជួយ​ប្អូន​ៗលម្ហែ​អា​រម្មណ៍​បន្ទាប់​ពី​មួយ​ថ្ងៃ​រៀន​សូ​ត្រ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​តាម​រយៈ​នោះ​ ព្រះ​តេជ​ព្រះ​គុណ​ ឌិញ ហ្វាង​ស៊ឺ ក៏​បាន​ផ្តាំផ្ញើ​បំ​ណង​ប្រាថ្នា​ដាស់​ស្មារតី​មោទ​នភាព​ ពូន​ផ្តុំ​ស្មារតី​អភិ​រក្ស​បេតិក​ភណ្ឌ​វប្ប​ធម៌​ជន​ជាតិ​នៅ​ក្នុង​អា​រម្មណ៍​ក្មេង​ដែល​មិន​ទាន់​ដឹង​ក្តី​ទៀត​ផង​។

ទម្រង់​គាំ​ពារ​សិស្ស​ក្រី​ក្រ​គួប​ផ្សំ​នឹង​បង្ហាត់​បង្រៀន​សិល្បៈ​ជន​ជាតិ​នៅ​វត្ត​ពាម​បួន​ថ្មី​ មិន​ត្រឹម​តែ​ជា​ការ​បន្ត​ដំ​ណើរ​ឱ្យ​ប្អូន​ៗទៅ​សា​លា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​អភិ​រក្ស​តម្លៃ​វប្ប​ធម៌​ជន​ជាតិ​ផង​ដែរ​។ ពន្លក​ទាំង​នោះ​ នៅ​ពេល​ខាង​មុខ​នឹង​ធំ​ដឹង​ក្តី​ ដោយ​នាំ​យក​ចំ​ណេះ​ដឹង​ ទឹក​ចិត្ត​សប្បុរស​ និង​សេច​ក្តី​ស្រ​ឡាញ់​ភូមិ​ស្រុក​ ដើម្បី​ជឿ​ជាក់​លើ​ខ្លួន​ឯង​ក្នុង​ដំ​ណើរ​ជីវិត​ សាង​អនាគត​ភ្លឺ​ស្វាង​សម្រាប់​ខ្លួន​ គ្រួ​សារ​ និង​សង្គម​ជាតិ​៕

ថាញ​ហ៊ុង - លី​សៀ​

ចែករំលែកអត្ថបទ