27/10/2026 - 20:48

ជា​ទី​បង្អែក​របស់​ប្រ​ជា​ជន​កោះ​ហង​ជូយ 

ចាប់​តាំង​ពី​ការ​ជួយ​ប្រ​ជា​ជន​រុះ​រើ​លំ​នៅ​ឋាន​ដើម្បី​បញ្ជៀស​រលក​ធំ​ គិត​គូរ​ពី​ទឹក​ប្រើ​ប្រាស់​ សុខ​ភាព​ រហូត​ដល់​ការ​ណែ​នាំ​ពី​របៀប​ប្រើ​ប្រាស់​សេ​វា​កម្ម​ឌីជី​ថល​ កម្មា​ភិបាល​ យុទ្ធ​ជន​នៃ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​កោះ​ហង​ជូយ ខេត្ត​កាម៉ាវ​ តែង​រួម​ដំ​ណើរ​ជា​មួយ​ប្រ​ជា​ជន​តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង​។ ការ​អស់​ពី​ចិត្ត​ពី​ថ្លើម​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​យុទ្ធ​ជន​ពាក់​ស័ក្តិខៀវ​ បាន​រួម​ចំ​ណែក​ជួយ​ឱ្យ​មា​មីង​លំ​នឹង​ជីវ​ភាព​ និង​ផ្សារ​ភ្ជាប់​ជា​មួយ​កោះ​សមុទ្រ​នៃ​មា​តុ​ភូមិ​។

*ជួយ​ប្រ​ជា​ជន​លំ​នឹង​ជីវ​ភាព​

កោះ​ហង​ជូយ ស្ថិត​នៅ​ឃុំ​សុង​ដុក ខេត្ត​កាម៉ាវ​ នៅ​ចម្ងាយ​ពី​ដី​គោក​ប្រ​មា​ណ​ ១៨ គាវុត​ បច្ចុប្បន្ន​មាន​ប្រ​ជា​ជន​រស់​នៅ​ ៦៥ គ្រួ​សារ​ ដែល​ភាគ​ច្រើន​ចិញ្ចឹម​ជល​ផល​និង​នេសាទ​ជល​ផល​តាម​សមុទ្រ​។ ដោយ​នៅ​ឆ្ងាយ​ពី​ដី​គោក​ ការ​ធ្វើ​ដំ​ណើរ​អា​ស្រ័យ​ទាំង​ស្រុង​លើ​ទូក​កប៉ាល់​ ហើយ​ជីវ​ភាព​រស់​នៅ​ជួប​ការ​លំ​បាក​ជា​ច្រើន​ ប្រ​ជា​ជន​កាន់​តែ​ត្រូវ​ការ​ការ​ជួយ​ឧបត្ថម្ភ​រាល់​ពេល​ដែល​អា​កាស​ធា​តុ​ប្រែ​ប្រួល​ខុស​ប្រ​ក្រ​តី​ និង​សមុទ្រ​រំ​ជួល​ខ្លាំង​។ វរ​សេនីយ៍​ទោ​ ង្វៀង​វ៉ាំង​វឿន ស្នង​ការ​នយោ​បាយ​នៃ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​កោះ​ហង​ជូយ បាន​ឱ្យ​ដឹង​ថា​ អង្គ​ភាព​ទើប​តែ​កៀរ​គរ​យុទ្ធ​ជន​ចំ​នួន​ ៨ រូប​ ដើម្បី​ជួយ​ប្រ​ជា​ជន​ ៥ គ្រួ​សារ​រុះ​រើ​លំ​នៅ​ឋាន​ពី​ហ្គេ​នចឿង ទៅ​កាន់​ហ្គេ​នណាម​ ដោយ​ធា​នា​នូវ​សុវត្ថិ​ភាព​អាយុ​ជីវិត​និង​ទ្រព្យ​សម្បត្តិ​។ ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​អនុ​វត្ត​ការ​ងារ​យ៉ាង​បន្ទាន់​ យុទ្ធ​ជន​ និង​ប្រ​ជា​ជន​បាន​សហ​ការ​គ្នា​រុះ​រើ​ផ្ទះ​ ដឹក​ជញ្ជូន​សម្ភារៈ​ គ្រឿង​ឧប​ភោគ​បរិភោគ​ និង​សង់​ទី​ជម្រក​ឡើង​វិញ​។ ដោយ​ភូមិ​ឋាន​ជម្រាល​ចោត​ ផ្លូវ​ធ្វើ​ដំ​ណើរ​ក៏​លំ​បាក​ ធ្វើ​ឱ្យ​ការ​ដឹក​ជញ្ជូន​ជួប​ការ​លំ​បាក​មិន​តិច​។ ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ យុទ្ធ​ជន​បាន​ខិត​ខំ​ប្រឹង​ប្រែង​ជួយ​ដល់​គ្រួ​សារ​នីមួយៗ​ឱ្យ​ឆាប់​មា​នទី​លំ​នៅ​ស្ថិរ​ភាព​ មាន​ការ​លំ​នឹង​ចិត្ត​និង​បន្ត​សកម្ម​ភាព​ផលិត​។

កម្មា​ភិបាល​យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​កោះ​ហង​ជួយ​ប្រ​ជា​ជន​រុះ​រើ​លំ​នៅ​ឋាន​ទៅ​កាន់​ទី​កន្លែង​មាន​សុវត្ថិ​ភាព​។

យោង​តាម​វរ​សេនីយ៍​ទោ​ ង្វៀង​វ៉ាំង​វឿន ការ​រុះ​រើ​កន្លែង​រស់​នៅ​តាម​រដូវ​កាល​បាន​ផ្សារ​ភ្ជាប់​នឹង​ជីវ​ភាព​របស់​ប្រ​ជា​ជន​កោះ​ហង​ជូយតាំង​ពី​យូរ​យារ​ណាស់​មក​ហើយ​។ ក៏​ប៉ុន្តែ​ការ​រុះ​រើ​ជញ្ជូន​ទាំង​ផ្ទះ​ ទាំង​សម្ភារៈ​ប្រើ​ប្រាស់​ និង​មធ្យោ​បាយ​ផលិត​ក្នុង​លក្ខ​ខណ្ឌ​ផ្លូវ​ធ្វើ​ដំ​ណើរ​នៅ​មាន​កម្រិត​ គឺ​ជា​ការ​ងារ​ដ៏​លំ​បាក​នឿយ​ហត់​ខ្លាំង​ណាស់​។ ដោយ​យល់​ច្បាស់​ពី​ការ​លំ​បាក​ទាំង​នោះ​ អង្គ​ភាព​បាន​ម្ចាស់​ការ​រៀប​ចំ​កម្លាំង​ដើម្បី​ជួយ​ប្រ​ជា​ជន​ ដោយ​ធា​នា​ការ​រុះ​រើ​លំ​នៅ​ឋាន​ប្រ​ព្រឹត្ត​ទៅ​ដោយ​សុវត្ថិ​ភាព​និង​ឆាប់​រហ័ស​។

ការ​រួម​ដំ​ណើរ​របស់​កង​ទ័ព​ក៏​បាន​បង្ហាញ​ច្បាស់​តាម​រយៈ​ការ​យក​ចិត្ត​ទុក​ដាក់​និង​គិត​គូរ​ដល់​តម្រូវ​ការ​ចាំ​បាច់​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​។ នៅ​រដូវ​ប្រាំង​ក្តៅ​ខ្លាំង​ ពេល​ដែល​ប្រ​ភព​ទឹក​ធម្ម​ជាតិ​រីង​ស្ងួត​ អង្គ​ភាព​បាន​សហ​ការ​ដឹក​ជញ្ជូន​ទឹក​ស្អាត​មក​កាន់​កោះ​ ដើម្បី​សម្រាល​ការ​លំ​បាក​ដល់​មា​មីង​។ បណ្តា​សកម្ម​ភាព​ពិ​និត្យ​ព្យា​បាល​ជំងឺ​ ផ្តល់​ថ្នាំ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃ​ និង​ណែ​នាំ​ពី​ការ​បង្ការ​ជំងឺ​ក៏​បាន​ជួយ​ឱ្យ​ប្រ​ជា​ជន​មាន​ឱ​កាស​បន្ថែម​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ផង​ដែរ​។ ចំ​ពោះ​សិស្សា​នុសិស្ស​ យុទ្ធ​ជន​តែង​យក​ចិត្ត​ទុក​ដាក់​ជូន​អំ​ណោយ​ ឧប​ករ​ណ៏​សិក្សា​ និង​លើក​ទឹក​ចិត្ត​ដល់​ប្អូន​ៗឱ្យ​ខិត​ខំ​ជម្នះ​ការ​លំ​បាក​ទៅ​កាន់​សា​លា​រៀន​។ នៅ​ពេល​ដែល​អ្នក​នេសាទ​ជួប​ការ​លំ​បាក​លើ​ផ្ទៃ​សមុទ្រ​ ឬ​អា​កាស​ធា​តុ​ប្រែ​ប្រួល​ខុស​ប្រ​ក្រ​តី​ អង្គ​ភាព​តែង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួ​យស​ង្គ្រោះ​បន្ទាន់​។

*នាំ​យក​ផល​ប្រ​យោជន៍​ឌីជី​ថល​មក​កាន់​កោះ​ដាច់​ស្រយាល​

ទន្ទឹម​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​ជីវ​ភាព​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​កោះ​ហង​ជូយ នៅ​ទាំង​សហ​ការ​ជំនួយ​ប្រ​ជា​ជន​ឱ្យ​ទទួល​បាន​បច្ចេក​វិទ្យា​ ជា​ជំ​ហាន​ៗប្រើ​ប្រាស់​ផល​ប្រ​យោជន៍​ឌីជី​ថល​ដើម្បី​បម្រើ​ដល់​ជីវ​ភាព​ និង​សកម្ម​ភាព​ផលិត​។ តាម​នោះ​ អង្គ​ភាព​បាន​ឱ្យ​ដឹង​ថា​ ទើប​តែ​បាន​សហ​ការ​ជា​មួយ​នគរ​បាល​ឃុំ​សុង​ដុក និង​នគរ​បាល​ភូមិ​បៀ​ងតី​ ចាត់​តាំង​យុទ្ធ​នា​ការ​ចំ​ណុច​កំ​ពូល​ដើម្បី​ជួយ​ប្រ​ជា​ជន​ចុះ​ឈ្មោះ​បង្កើត​គណ​នី​អត្ត​សញ្ញា​ណ​អេឡិច​ត្រូ​និក និង​លើក​កម្ពស់​បំ​ណិន​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​។

កម្មា​ភិបាល​យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​កោះ​ហង​ជួយ​ រួម​ជា​មួយ​កម្លាំង​នគរ​បាល​ណែ​នាំ​ប្រ​ជា​ជន​រួម​បញ្ចូល​អត្ត​សញ្ញា​ណ​អេឡិច​ត្រូ​និក។

ដោយ​សារ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​បណ្តា​ញនៅ​មាន​កម្រិត​ ការ​ទទួល​បាន​សេ​វា​កម្ម​រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​របស់​ប្រ​ជា​ជន​នៅ​លើ​កោះ​ជួប​លំ​បាក​ជា​ច្រើន​។ កម្មា​ភិបាល​ យុទ្ធ​ជន​ និង​កម្លាំង​នគរ​បាល​បាន​ណែ​នាំ​ដោយ​ផ្ទាល់​ ដល់​មា​មីង​នូវ​រាល់​សកម្ម​ភាព​ចូល​ប្រើ​ប្រាស់​ បើក​ដំ​ណើរ​ការ​ និង​ប្រើ​ប្រាស់​កម្ម​វិធី​កំ​ណត់​អត្ត​សញ្ញា​ណ​អេឡិច​ត្រូ​និចជាតិ​ VNeID តាម​របៀប​ “បង្ហាញ​ផ្ទាល់​ដៃ​”។ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ ក្រុម​ការ​ងារ​ក៏​បាន​ណែ​នាំ​នូវ​បំ​ណិន​ជា​មូល​ដ្ឋាន​ដើម្បី​មា​មីង​ស្គាល់​ ទប់​ស្កាត់​ការ​បោក​ប្រាស់​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ និង​បណ្តា​ជំ​ហាន​ប្រើ​ប្រាស់​ប្រ​អប់​សំ​បុត្រ​អេឡិច​ត្រូ​និកសម្រាប់​រាយ​ការណ៍​បទ​ល្មើស​។ ក្នុង​រយៈ​ពេល​មួយ​ម៉ោង​ កម្លាំង​សហ​ការ​បាន​ជួយ​ការ​ចុះ​ឈ្មោះ​ និង​ណែ​នាំ​បំ​ណិន​ឌីជី​ថល​ជូន​ដល់​ប្រ​ជា​ជន​ចំ​នួន​ ២៤ នាក់​។ វរ​សេនីយ៍​ទោ​ ង្វៀង​វ៉ាំង​វឿន បាន​ឱ្យ​ដឹង​ថា​ នា​ពេល​ខាង​មុខ​ អង្គ​ភាព​នឹង​បន្ត​សហ​ការ​ឧបត្ថម្ភ​គ្រួ​សារ​ដែល​នៅ​សល់​ដើម្បី​បើក​ដំ​ណើរ​ការ​ និង​ប្រើ​ប្រាស់​ VNeID ព្រម​ទាំង​ណែ​នាំ​មា​មីង​អនុ​វត្ត​បំ​ណិន​ឌីជី​ថល​ដើម្បី​បម្រើ​តម្រូវ​ការ​ប្រ​ចាំ​ថ្ងៃ​។

ចាប់​ពី​ទី​លំ​នៅ​ដែល​មាន​សុវត្ថិ​ភាព​ រហូត​ដល់​ការ​ណែ​នាំ​ផ្ទាល់​លើ​ទូរ​សព្ទ​ រាល់​ការ​ងារ​ទាំង​អស់​សុទ្ធ​តែ​ចេញ​ពី​តម្រូវ​ការ​ជាក់​ស្តែង​របស់​ប្រ​ជា​ជន​។ ភាព​ជិត​ស្និទ្ធ​ និង​ភាព​អស់​ពី​ចិត្ត​ពី​ថ្លើម​នោះ​បាន​បន្ត​ពូន​ជ្រំ​មនោ​សញ្ចេតនា​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​ បង្ក​ទំនុក​ចិត្ត​បន្ថែម​ទៀត​ដើម្បី​ឱ្យ​មា​មីង​លំ​នឹង​ចិត្ត​ច្បាម​សមុទ្រ​ រួម​ជា​មួយ​កម្លាំង​ការ​ពារ​ព្រំ​ដែន​ការ​ពារ​អធិប​តេយ្យ​ភាព​ រក្សា​សន្តិ​សុខ​ និង​សណ្តាប់​ធ្នាប់​នៅ​តំ​បន់​កោះ​ឆ្ងាយ​ដាច់​ស្រយាល​៕

យ្វី​អាញ​ - ថា​ច់ធី​

ចែករំលែកអត្ថបទ