24/10/2026 - 07:37

ក្រុម​កី​ឡា​ករ​ទូក ង​វត្ត​ព្រែក​អណ្តើក សកម្ម​ហាត់​សម​ត្រៀម​លក្ខណៈ​ចូល​រួម​ពិ​ធី​បុណ្យ​អក​អំ​បុក​ប្រ​ណាំង​ទូក ង 

ប៉ុន្មាន​ថ្ងៃ​នេះ លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ បរិយា​កាស​នៅ​តាម​ដង​ព្រែក​ប្រ​ឡាយ​និង​ទី​ធ្លា​បរិ​វេណ​វត្ត មាន​សកម្ម​ភាព​ហាត់​សម​អុំ​ទូក​ ង ប្រ​ព្រឹត្ត​ទៅ​យ៉ាង​ផុល​ផុស។ កី​ឡា​ករ​ទូក ង កំ​ពុង​ហាត់​សម ពង្រឹង​កាយ​សម្ប​ទា​និង​បច្ចេក​ទេស​ដើម្បី​ចូល​រួម​រដូវ​កាល​ប្រ​ណាំង។ សំ​ឡេង​ហ៊ោ​អប​អរ​សា​ទរ សូរ​កញ្ចែ​បន្លឺ​ឡើង​យ៉ាង​កង រំ​ពង​ស្រប​តាម​ចង្វាក់​អុំ រួម​នឹង​ស្មារតី​ប្តេជ្ញា​ចិត្ត​ខ្ពស់ បង្ក​បរិ​យា​កាស​អ៊ូរ​អរ សប្បាយ​រីក​រាយ​របស់​ជន​រួម​ជាតិ​ខ្មែរ។

ចលនា​រាង​កាយ​មុន​ពេល​ហាត់​សម​របស់​កី​ឡា​ករ​ទូក ង​វត្ត​ព្រែក​អណ្តើក ឃុំ​ញូយ៉ា។

 បន្ទាប់​ពី​ចលនា​រាង​កាយ​រួច កី​ឡា​ករ​ទាំង​អស់​ចុះ​ទៅ​ហាត់​សម​អុំ​លើ​បន្ទារ​អង្គុយ ចំ​កន្លែង​រៀងៗ​ខ្លួន និង​ចាប់​ផ្តើម​ហាត់​តាម​លំ​ដាប់​លំ​ដោយ។ ក្រោម​ការ​ណែ​នាំ​របស់​ប្រ​ធាន​ក្រុម​និង​អ្នក​មាន​បទ​ពិ​សោធន៍ នៅ​រាល់​ចង្វាក់​អុំ​សុទ្ធ​តែ​បាន​កែ​សម្រួល​ដើម្បី​ធា​នា​ភាព​ស្មើ​ល្អ ច្បាស់​លាស់​និង​ស្វា​ហាប់។ ហេតុ​នេះ នៅ​រាល់​ពេល​ហ្វឹក​ហាត់​ កី​ឡា​ករ​តែង​យក​ចិត្ត​ទុក​ដាក់​រក្សា​ចង្វាក់​អុំ​ឱ្យ​បាន​ត្រឹម​ត្រូវ ស្តាប់​សូរ​កញ្ចែ​និង​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​មិត្ត​រួម​ក្រុម។ តាម​ថេរ​ដីកា​របស់​ព្រះ​តេជ​ព្រះ​គុណ ឡឹម​ចន្ទ​សំ​ណាង ព្រះ​ចៅ​អធិ​ការ​រង​វត្ត​ព្រែក​អណ្តើក នេះ​ជា​ឆ្នាំ​ទី​២ ដែល​ទូក ង​វត្ត​ចូល​រួម​អុំ​ប្រ​ណាំង​នៅ​ក្នុង​ពិ​ធី​បុណ្យ​អក​អំ​បុក-ប្រ​ណាំង​ទូក ង ប្រ​ពៃ​ណី បន្ទាប់​ពី​ខក​ខាន​ចូល​រួម​អស់​រយៈ​កាល​ជាង​១០០ ឆ្នាំ។ ពិ​សេស នៅ​ក្នុង​ពិ​ធី​បុណ្យ​អុំ​ទូក​កាល​ពី​ឆ្នាំ​កន្លង ដោយ​ភាព​សប្បាយ​រីក​រាយ​និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​កី​ឡា​ករ​និង​មា​មីង​ពុទ្ធ​បរិ​ស័ទ ទូក ង​របស់​វត្ត​ទទួល​បាន​ជ័យ​លា​ភី​លេខ ២។ លទ្ធ​ផល​នេះ បាន​ផ្តល់​ជា​កម្លាំង​ចិត្ត​សម្រាប់​ឆ្នាំ​នេះ មា​មីង​ក្នុង​ភូមិ ស្រុក​បន្ត​ស្ម័គ្រ​ចិត្ត​រួម​វិភាគ​ទាន រួម​គ្នា​ហាត់​សម ប្តេជ្ញា​ចិត្ត​សម្រេច​បាន​ស្នា​ដៃ​កាន់​តែ​ល្អ​ប្រ​សើរ។ ព្រះ​តេជ ព្រះ​គុណ​ ឡឹម​ចន្ទ​សំ​ណាង មាន​ថេរ​ដី​កា៖ “កី​ឡា​ករ​ទាំង​អស់​សុទ្ធ​តែ​មាន​បច្ចេក​ទេស​និង​បទ​ពិ​សោធន៍​ក្នុង​ការ​អុំ។ ពួក​គាត់​បាន​មក​ហាត់​សម​ពេញ​មួយ​សប្តាហ៍​ដោយ​គ្មាន​សម្រាក​ថ្ងៃ​ណា​ឡើយ។ រៀង​រាល់​ថ្ងៃ​ចាប់​ផ្តើម​ពី​ម៉ោង​១៧ ដល់ ម៉ោង​១៨​កន្លះ ពេល​ខ្លះ​ដល់​ម៉ោង​១៩ ក៏​សឹង​មាន។ កី​ឡា​ករ​ទាំង​អស់​តែង​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់”។

ទោះ​បី​គ្រាន់​តែ​ជា​សកម្ម​ភាព​កី​ឡាម​ហា​ជន​ក៏​ដោយ ប៉ុន្តែ​ការ​ហ្វឹក​ហាត់​បាន​ចាត់​តាំង​មាន​របៀប​រៀប​រយ​ត្រឹម​ត្រូវ។ កី​ឡា​ករ​បាន​ណែ​នាំ​ពី​បច្ចេក​ទេស របៀប​ចាក់​ច្រ​វា រក្សា​ល្បឿន​អុំ សហ​ការ​គ្នា​និង​អុំ​សម្រុក​ពេល​ជិត​ដល់​ខ្សែ​ព្រ័ត្រ។ សូរ​កញ្ចែ​របស់​គ្រូ​បង្វឹក ស្រប​តាម​ចង្វាក់​អុំ​និង​សំ​ឡេង​ហ៊ោ​អប​អរ​សា​ទរ បន្លឺ​ឡើង​កង​រំ​ពង​របស់​មា​មីង​ពុទ្ធ​បរិ​ស័ទ ធ្វើ​ឱ្យ​ទិដ្ឋ​ភាព​ក្នុង​បរិ​វេណ​វត្ត​មាន​ភាព​អ៊ូ​រអរ។ បង​ឡឹម​ថាញ​ហាវ ឱ្យ​ដឹង៖ “យើង​ខ្ញុំ​ខំ​ប្រឹង​ហាត់​អុំ​ដើម្បី​ឱ្យ​ដៃ​ច្រ​វា ស្មើ​ល្អ ប្តេជ្ញា​ចិត្ត​ដណ្តើ​មយក​ជោគ​ជ័យ​ក្នុង​រដូវ​កាល ប្រ​ណាំង នាំ​មក​កិត្តិ​យស​ជូន​វត្ត”។

ការ​ហាត់​អុំ​ម្តងៗ​អូស​បន្លាយ​ពេល​ប្រ​មា​ណ ៨ នា​ទី។ ដំ​បូង គ្រូ​បង្វឹក​ផ្តោត​សំ​ខាន់​លើ​ការ​រក្សា​ចង្វាក់​ អុំ​ឱ្យ​ស្មើ​ល្អ ការ​សហ​ការ​របស់​កី​ឡា​ករ។ ពេល​កង​ជួរ​បាន​ថ្នឹក​នឹង​ចង្វាក់​អុំ ក៏​បង្កើន​ល្បឿន​អុំ​បន្តិច​ម្តងៗ ជា​ពិ​សេស​គឺ​បង្កើន​ល្បឿន​សម្រុក​អុំ​ទៅ​កាន់​គោល​ដៅ។ បង​យ័ញ​ថាញ​ដាក គ្រូ​បង្វឹក​ក្រុម​ទូក ង​វត្ត​ព្រែក​អណ្តើក ឱ្យ​ដឹង៖ “កី​ឡា​ករ​មក​ហាត់​សម​ច្រើន​កុះ​ករ។ ទោះ​បី​មេឃ​ភ្លៀង​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​បង​ប្អូន​នៅ​តែ​ឆ្លៀត​ពេល​មក​ហាត់​ពុំ​ដែល​ខាន​ឡើយ។ ខ្ញុំ​នឹង​ជ្រើស​រើស​កី​ឡា​ករ​ជើង​ចាស់​ឱ្យ​អុំ​មុន ដើម្បី​កី​ឡា​ករ​ថ្មីៗ​មើល​អុំ​តាម។ អំ​ពី​របៀប​អុំ គឺ​អុំ​តាម​ដំ​ណាក់​កាល​នី​មួយៗ។ ពេល​ដំ​ណាក់​កាល​អុំ​នី​មួយៗ បាន​ស្មើ​ល្អ ទើប​ចាប់​ផ្តើម​បញ្ចូល​កង​ជួរ​អុំ”។

ពិ​ធី​បុណ្យ​អក​អំ​បុក​-ប្រ​ណាំង​ទូក ង ឆ្នាំ​នេះ ទូក ង វត្ត​ព្រែក​អណ្តើក​បាន​ត្រៀម​លក្ខណៈ​រួច​រាល់ ដើម្បី​បង្ក​ការ​ភ្ញាក់​ផ្អើល​លើ​ខ្សែ​ទឹក​នៅ​ក្នុង​រដូវ​កាល​ប្រ​ណាំង​ទូក ង កឹង​ធើ តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង ឆ្នាំ​២០២៦នេះ៕ 

                                          ដា​លី​ន-មុនី​

ចែករំលែកអត្ថបទ