ចាប់ពីឆ្នាំងទឹកសម្លបញ្ឆេះភ្លើងតាំងពីម៉ោង ៣ ទៀបភ្លឺ នំបញ្ចុកទឹកសម្លនៅភូមិលិចក្ដី ឃុំទីវកឹង ខេត្តវិញឡុង មិនត្រឹមតែជាម្ហូបអាហារដែលអ្នកភូមិនិងអ្នកធ្វើដំណើរឆ្លងកាត់ស្គាល់និងពេញនិយមប៉ុណ្ណោះទេ ថែមទាំងក្លាយជាមុខរបរចិញ្ចឹមជីវិតរបស់គ្រួសារជាច្រើន។ រសជាតិប្រហុក ខ្ជាយ ស្លឹកគ្រៃនិងត្រីស្រែ បានចម្អិនតាមចាស់ទុំពីដើមមក ហើយបន្តរក្សាដល់កូនចៅជំនាន់ក្រោយ។

នំបញ្ចុកទឹកសម្លភូមិលិចក្ដី ទាកទាញភ្ញៀវមកពិសានៅពេលព្រឹក។
មិនទាន់ដល់ម៉ោង ៦ ព្រឹកផង ឆ្នាំងទឹកសម្លនំបញ្ចុកនៅភូមិលិចក្ដី បានហុយផ្សែងរួចទៅហើយ។ ក្លិនប្រហុក លាយជាមួយខ្ជាយនិងស្លឹកគ្រៃ ទាក់ទាញភ្ញៀវឱ្យឈប់ចូលភ្លក់។ ផ្ដើមពីមួយ ពីរគ្រួសារលក់នំបញ្ចុកនៅពេលព្រឹក រហូតមកដល់បច្ចុប្បន្ន ភូមិលិចក្ដីមានគ្រួសារចំនួន ៥ ប្រកបមុខរបរនេះយ៉ាងជាប់លាប់។ ប្រហែលម៉ោង ៣ ទៀបភ្លឺ គ្រួសារបងចូវកេង និងបងស្រីត្រឹងធីស្បាន ចាប់ផ្តើមថ្ងៃថ្មីដោយការរៀបចំលក់នំបញ្ចុកទឹកសម្ល។ បងចូវកេង ទៅផ្សារនិងរៀបចំគ្រឿងផ្សំ ខណៈដែលបងស្រីស្បាន ទទួលបន្ទុកឆ្នាំងទឹកសម្លនិងឈរលក់។ ចំណែកកូនៗជួយបម្រើភ្ញៀវ លាងចាននិងជួយមើលភ្លើងស្លទឹកសម្ល។ ជារៀងរាល់ថ្ងៃ គ្រួសារនេះចម្អិនទឹកសម្លមួយឆ្នាំងប្រមាណ ៦០ លីត្រ ប្រើនំបញ្ចុកប្រមាណ ៣៥ គីឡូក្រាម និងលក់បានប្រមាណជាង ១០០ គោម។ បន្លែសម្រាប់បរិភោគជាមួយនំបញ្ចុក បានទិញពីកសិករក្នុងភូមិ។ ក្រោយពីផាត់ទាត់រួច អាចរកប្រាក់ចំណេញបានជាង ២០ លានដុងក្នុងមួយខែ ក្លាយជាប្រភពចំណូលលំនឹងសម្រាប់គ្រួសារ។
តាមបងស្រីស្បាន រូបមន្តស្លទឹកសម្លបានបន្សល់មកពីជីដូនជីតា។ ប្រហុកក្រោយពេលជ្រំរួច ត្រូវដួសពពុះរហូតដល់ទឹកសម្លឡើងថ្លា។ ខ្ទឹមស ស្លឹកគ្រៃ ខ្ជាយនិងម្ទេសត្រូវបុកឱ្យម៉ត់។ មួយផ្នែកយកទៅបំពងឱ្យឈ្ងុយ ខណៈផ្នែកមួយទៀតបុកជាមួយសាច់ត្រី។ គ្រប់ដំណាក់កាលសុទ្ធតែត្រូវការបទពិសោធន៍ ដើម្បីឱ្យទឹកសម្លមានរសជាតិឈ្ងុយឆ្ងាញ់ ល្មមនិងមិនក្លិនឆ្អាបត្រី។ បងស្រីស្បាន ចែករំលែក៖ "នំបញ្ចុកឆ្ងាញ់ ក្រៅពីបន្លែស្រស់ ទឹកសម្លគឺជាផ្នែកសំខាន់បំផុត។ ត្រូវចេះផ្សំរសជាតិ ដើម្បីរក្សារសជាតិពិសេសរបស់ប្រហុក ខ្ជាយនិងសាច់ត្រី"។ ប្រហែលម៉ោង ៦ កន្លះព្រឹកភ្ញៀវនឹងចាប់ផ្តើមមកជាហូរហែ។ សម្រាប់បងស្រីស្បាន រសជាតិប្រពៃណីគឺជាចំណុចសំខាន់ក្នុងការទាក់ទាញភ្ញៀវ ប៉ុន្តែដើម្បីឱ្យភ្ញៀវត្រឡប់មកវិញ ក៏ត្រូវចេះស្តាប់មតិរបស់ពួកគាត់ផងដែរ។ បងស្រី តែងសាកសួរភ្ញៀវថាតើរសជាតិទឹកសម្លល្មមឬអត់ ដើម្បីកែសម្រួលការចម្អិនឱ្យសមនឹងចំណង់ចំណូលចិត្តភ្ញៀវ។ បងស្រី មានប្រសាសន៍៖ "យើងត្រូវដឹងចំណង់ចំណូលចិត្តរបស់ភ្ញៀវ ហើយត្រូវសាកសួរពួកគាត់។ ក្រៅពីរក្សារសជាតិពិសេស យើងត្រូវចេះស្តាប់ផង ទើបភ្ញៀវត្រឡប់មកវិញ"។

បងស្រីត្រឹងធីស្បាន កំពុងចាប់នំបញ្ចុកបម្រើជូនភ្ញៀវ។
លោកថាច់ធៀង នៅកូវកែ ដែលធ្លាប់ធ្វើជាចុងភៅអាជីពអស់រយៈពេលជាង ១០ ឆ្នាំនៅសណ្ឋាគារមួយក្នុងទីក្រុងហូជីមិញ រាល់ពេលត្រឡប់មកស្រុកកំណើត តែងឆៀងចូលហូបនំបញ្ចុកទឹកសម្លភូមិលិចក្ដី។ លោកធៀង វាយតម្លៃ៖ "នំបញ្ចុកទឹកសម្លនៅទីនេះ មានក្លិនឈ្ងុយរបស់ខ្ជាយ រសជាតិឆ្ងាញ់ និងមិនក្លិនត្រី"។ មិនត្រឹមតែអ្នកដែលស្គាល់និងចូលចិត្តម្ហូបអាហារប៉ុណ្ណោះទេ អ្នកធ្វើដំណើរឆ្លងកាត់ភូមិលិចក្ដីជាច្រើន ក៏បានទាក់ទាញដោយក្លិនឈ្ងុយពិសេសពីឆ្នាំងទឹកសម្ល។ លោកង្វៀងវ៉ាំងឡា នៅទីក្រុងកឹងធើ បានឱ្យដឹងថា រាល់ពេលធ្វើដំណើរឆ្លងកាត់ទីវកឹង លោកតែងតែស្វែងរកកន្លែងនេះ ដើម្បីពិសានំបញ្ចុកទឹកសម្ល។ លោកនិយាយ៖ "គ្រាន់តែក្លិនប្រហុកនិងខ្ជាយ ក៏មានអារម្មណ៍ចង់ហូបទៅហើយ"។
ក្នុងរយៈពេលជាង ១០ ឆ្នាំមកនេះ នៅពេលដែលការធ្វើដំណើរតាមផ្លូវជាតិលេខ ៦០ កាន់តែមានភាពងាយស្រួល ប្រជាជនមួយចំនួនដែលមានផ្ទះនៅតាមដងផ្លូវ បានចាប់ផ្តើមប្រកបមុខរបរលក់នំបញ្ចុកទឹកសម្ល។ ពីដំបូងមានតែគ្រួសារមួយពីរគ្រួសារប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់ពេលនេះ នៅភូមិលិចក្ដីមាន ចំនួន៥ គ្រួសារបានប្រកបរបរនេះយ៉ាងជាប់លាប់។ លោកកៀងភឿង ប្រធានគណៈប្រជាជនភូមិលិចក្ដី បានឱ្យដឹង របរលក់នំបញ្ចុកទឹកសម្លមិនត្រឹមតែបំពេញតម្រូវការហូបចុករបស់ប្រជាជន និងអ្នកដំណើរឆ្លងកាត់ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបង្កការងារ និងបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារជាច្រើន។ តាមប្រសាសន៍លោកភឿង ហាងនំបញ្ចុកទឹកសម្លគឺជាមុខរបរតូចមួយ ប៉ុន្តែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយជីវភាពរស់នៅរបស់ប្រជាជនក្នុងភូមិ ហើយក៏រួមចំណែកថែរក្សារសជាតិម្ហូបប្រពៃណីរបស់ភូមិភាគ។ លោកភឿង ឱ្យដឹង៖ "មុខរបរនេះ ទោះបីជាមានការលំបាកនិងត្រូវក្រោកពីព្រលឹមក៏ដោយ ប៉ុន្តែប្រសិនបើខិតខំប្រឹងប្រែងប្រកបមុខរបរក៏នៅតែអាចរកបានចំណូលលំនឹង។ ចំណុចពិសេសនោះគឺ នំបញ្ចុកទឹកសម្លបានក្លាយជាផ្នែកមួយដ៏ស្និទ្ធស្នាលក្នុងជីវភាពរស់នៅរបស់មាមីង ហើយបានមនុស្សជាច្រើនស្គាល់"។

ចូវឡង់ឌី រួមជាមួយគ្រួសាររក្សាមុខរបរលក់នំបញ្ចុកទឹកសម្លប្រពៃណី។
សម្រាប់បងស្រីស្បាន ការរក្សាមុខរបរនេះ ដំបូងគឺត្រូវរក្សាបានរបៀបស្លដែលជីដូនជីតាបានបន្សល់ទុក។ ប្រការដែលធ្វើឱ្យបងស្រីមានក្តីសប្បាយចិត្តជាងនេះ គឺអ្វីដែលបងស្រីបានរៀនចេះមកពីចាស់ទុំជំនាន់មុន ឥឡូវនេះមានអ្នកបន្តវេន។ កន្លងមកធ្លាប់ទៅរកស៊ីនៅឆ្ងាយ ប្អូនចូវឡង់ឌី បានត្រឡប់មកជួយឪពុកម្តាយ លក់នំបញ្ចុកទឹកសម្ល។ ថ្មីៗនេះ ឡង់ឌី បានទទួលបន្ទុកដោយផ្ទាល់ក្នុងការស្លទឹកសម្ល ដែលជាដំណាក់កាលសំខាន់ក្នុងការរក្សារសជាតិពិសេសរបស់នំបញ្ចុកទឹកសម្លក្នុងគ្រួសារ។ ការត្រឡប់វិលមករបស់ប្អូនឡង់ឌី បានធ្វើឱ្យបងស្រីស្បាន កាន់តែមានភាពជឿជាក់ថា មុខរបររបស់គ្រួសារនឹងមានអ្នកបន្តវេន។ "ខ្ញុំសប្បាយចិត្ត ព្រោះក្រៅពីរកបានប្រាក់ចំណូល យើងក៏អាចរក្សាម្ហូបអាហារប្រពៃណីរបស់ជនជាតិ។ ពេលភ្ញៀវសរសើរថាឆ្ងាញ់ ខ្ញុំកាន់តែមានកម្លាំងចិត្តបន្តធ្វើ និងបន្តបង្រៀនដល់កូនចៅនៅថ្ងៃក្រោយ" បងស្រីស្បាន បានបង្ហាញក្តីរំភើបចិត្តដូច្នេះ។
ផ្ដើមពីឆ្នាំងទឹកសម្លបញ្ឆេះភ្លើងតាំងពីម៉ោង ៣ ទៀបភ្លឺ នំបញ្ចុកទឹកសម្លភូមិលិចក្ដីបានក្លាយជាមុខរបរចិញ្ចឹមជីវិត និងរួមចំណែកអភិរក្សផ្នែកមួយនៃវប្បធម៌ម្ហូបអាហារប្រពៃណីខ្មែរ។ រូបមន្តដែលជីដូនជីតាបានបន្សល់ទុក ត្រូវបានឪពុកម្តាយថែរក្សា ហើយបន្តផ្ទេរទៅកូនៗដែលបន្តមុខរបរ។ រៀងរាល់ព្រឹក នៅពេលក្លិនឈ្ងុយប្រហុកនិងខ្ជាយ ផាតតាមជំនោរខ្យល់ជាមួយផ្សែងពីឆ្នាំងទឹកសម្លនៅតាមបណ្តោយផ្លូវជាតិលេខ ៦០ ធ្វើឱ្យនំបញ្ចុកទឹកសម្លនៅភូមិលិចក្ដី មិនត្រឹមតែនាំមកនូវរសជាតិនៃស្រុកកំណើតប៉ុណ្ណោះទេ ថែមទាំងជាដំណើររឿងនៃមុខរបរមួយដែលបានបន្តថែរក្សានៅក្នុងគ្រួសារ ដោយផ្សារភ្ជាប់ជាមួយមុខរបរនេះអស់រយៈពេលជាច្រើនឆ្នាំ៕
ពេជ្រ សឿន