ជាមួយស្មារតី “ល្អសង្គម ល្អសាសនា” ព្រះតេជព្រះគុណ ថាច់តារា ព្រះចៅអធិការវត្តធ្លក ឃុំញីទ្រឿង តែងខ្នះខ្នែងចលនាពុទ្ធបរិស័ទ និងសប្បុរសជនទាំងឡាយព្រួតដៃគិតគូរដល់សហគមន៍។ ផ្តើមពីជំរុញការសិក្សា សុខុមាលភាពសង្គម រហូតដល់កសាងស្ពាន ផ្លូវជនបទ ការពារបរិស្ថាន ការងារជាក់ស្តែងរបស់ព្រះតេជព្រះគុណ បានរួមចំណែករីកសាយភាយស្មារតីសាមគ្គី ជួយគ្នាទៅវិញទៅមកក្នុងជនរួមជាតិខ្មែរ។

ព្រះតេជព្រះគុណថាច់តារាដោះដូរជាមួយគណៈកម្មការវត្តធ្លក។
ព្រះតេជគុណ ថាច់តារា កើតឆ្នាំ ១៩៨១ បច្ចុប្បន្នជាព្រះចៅអធិការវត្តធ្លក សមាជិកប្រចាំការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តវិញឡុង សមាជិកគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តវិញឡុង សមាជិកគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម និងជាអនុប្រធានសមាគមជំរុញការសិក្សា ឃុំញីទ្រឿង។ ទោះជាក្នុងតួនាទីណា ព្រះតេជព្រះគុណតែងលើកកម្ពស់ស្មារតីទទួលខុសត្រូវ សកម្មសហការជាមួយរដ្ឋអំណាច រណសិរ្ស និងអង្គការមហាជននានា ឃោសនា ចលនាមាមីងពុទ្ធបរិស័ទឱ្យយកចិត្តទុកដាក់លើការងារជំរុញការសិក្សា ជំរុញបញ្ញា កសាងសង្គមរៀនសូត្រ។ តាមថេរដីកាព្រះតេជព្រះគុណ ថាច់តារា រៀនសូត្រគឺជាចង្កឹះសោជួយឱ្យមនុស្សម្នាក់ៗលើកកម្ពស់ចំណេះដឹង បើកទូលាយឱកាសឈានឡើងក្នុងជីវភាព។ អាស្រ័យហេតុនោះ តាមរយៈការទេសនា សកម្មភាពជំនឿសាសនា ព្រះតេជព្រះគុណតែងឃោសនា ចលនាគ្រួសារនីមួយៗឱ្យយកចិត្តទុកដាក់លើការរៀនសូត្ររបស់កូនចៅ បង្កលក្ខណៈដើម្បីប្អូនៗបានទៅសាលារៀនត្រូវតាមអាយុ មិនបោះបង់ការរៀនសូត្រពាក់កណ្តាលការ ចៀសឱ្យឆ្ងាយពីបាបគ្រោះសង្គម និងសកម្មចូលរួមក្នុងថ្នាក់រៀនរដូវវិស្សមកាលដែលវត្តនានាបានចាត់តាំង។


ព្រះតេជព្រះគុណថាច់តារារួមជាមួយអ្នកតំណាងទាំឡាយប្រារព្ធពិធីកាត់ខ្សែបូសម្ពោធស្ពាន។
បច្ចុប្បន្ននៅវត្តធ្លុត ក្នុងរដូវវិស្សមកាល ថ្នាក់ភាសាខ្មែរពីថ្នាក់ទី ១ ដល់ទី ៥ បានបើកបង្រៀន ទាក់ទាញសិស្សានុសិស្សចូលរួមរៀនប្រមាណ ២០០ នាក់។ វត្តថែមទាំងបើកថ្នាក់បាលីចំនួន ៣ ថ្នាក់ ដែលមានសមណសិស្សចំនួន ៧១ អង្គ; បង្កលក្ខណៈឱ្យសមណសិស្ស ១២ អង្គ រៀនព័ត៌មានវិទ្យា ភាសាបរទេសនៅតាមមជ្ឈមណ្ឌលនៃសាកលវិទ្យាល័យត្រាវិញ។ តាមរយៈនោះ រួមចំណែករក្សាការរៀនអក្សរខ្មែរ បាលី ព្រមទាំងបំប៉នបន្ថែមចំណេះដឹងចាំបាច់ដល់យុវវ័យជំនាន់ក្រោយ។ មិនត្រឹមតែគិតគូរការរៀនសូត្រប៉ុណ្ណោះទេ ព្រះតេជព្រះគុណថែមទាំងសកម្មចលនាប្រភពធនធានសង្គម ឧបត្ថម្ភសិស្សានុសិស្សដែលមានជីវភាពលំបាកទៀតផង។ ប៉ុន្មានឆ្នាំកន្លង ព្រះតេជព្រះគុណ តារា បានចលនាជូនកង់ សិក្ខូបករណ៍ ដោយមានថវិកាសរុបចំនួន ៦,៣ ពាន់លានដុង; សាងសង់ផ្ទះមហាសាមគ្គី - ជំរុញការសិក្សាចំនួន ១៥ ខ្នង គិតជាថវិកា ៧៥០ លានដុង។ បណ្តាអំណោយ និងការឧបត្ថម្ភទាន់ពេល បានបន្តកម្លាំងចលករបន្ថែមដើម្បីសិស្សានុសិស្សឯទៀត ដែលមានជីវភាពលំបាកបន្តដំណើរទៅសាលារៀន។

ព្រះតេជព្រះគុណថាច់តារា ជូនអំណោយ ឧបត្ថម្ភមាមីងខ្មែរដែលមានជីវភាពលំបាក។

ព្រះតេជព្រះគុណថាច់តារា បង្ហាញមាមីងឆ្ការព្រៃគុម្ពោត សម្អាតអនាម័យបរិស្ថាន។
រួមជាមួយជំរុញការសិក្សា ការងារសុខុមាលភាពសង្គមក៏បានព្រះតេជព្រះគុណ ថាច់តារា យកចិត្តទុកដាក់អនុវត្តផងដែរ។ ព្រះតេជព្រះគុណបានចលនាពុទ្ធរិស័ទ សប្បុរសជនឧបត្ថម្ភគ្រួសារលំបាក មនុស្សចាស់គ្មានទីពឹង និងសិស្សក្រីក្រ; ព្រមទាំងរួមដំណើរជាមួយរដ្ឋអំណាចកសាងសំណង់ បម្រើជីវភាពប្រជាជន។ ថវិកាសរុបអនុវត្តសកម្មភាពឧបត្ថម្ភសហគមន៍ជាង ៣១ ពាន់លានដុង។ ក្នុងនោះ សាងសង់ ជួសជុលស្ពានជនបទចំនួន ៣២ ខ្សែ គិតជាថវិកា ៨,៥ ពាន់លានដុង; ធ្វើផ្លូវបេតុងប្រវែង ៩២ម៉ែត្រ ទទឹង ២,៥ម៉ែត្រ គិតជាថវិកា ៧០ លានដុង; ឧបត្ថម្ភអំណោយចំនួន ១.៦៧៥ ចំណែកដល់គ្រួសារពុទ្ធបរិស័ទលំបាក គិតជាថវិកា ៥០២ លានដុង។ ព្រះតេជព្រះគុណក៏បានចលនាសប្បុសជនរួមវិភាគទានទឹកប្រាក់ចំនួន ១៧ ពាន់លានដុង សាងសង់ ជួសជុលមូលដ្ឋានវត្តធ្លក។ទន្ទឹមនឹងជំរុញការសិក្សា សុខុមាលភាពសង្គម ព្រះតេជព្រះគុណ ថាច់តារា ថែមទាំងសកម្មចលនាមាមីងពុទ្ធបរិស័ទចូលរួមកសាងជនបទថ្មី រក្សាអនាម័យបរិស្ថានផងដែរ។
លោក ថាច់ហ្វាយ ប្រធានគណៈកម្មការវត្តធ្លក ឱ្យដឹង ព្រះតេជព្រះគុណ ថាច់តារា គឺជាបុគ្គលដែលមានចំណេះដឹង យល់ពីបំណងប្រាថ្នារបស់ពុទ្ធបរិស័ទ និងព្រះសង្ឃ។ មិនត្រឹមតែគិតគូរជីវភាពប្រចាំថ្ងៃក្នុងវត្តប៉ុណ្ណោះទេ ព្រះតេជព្រះគុណថែមទាំងសកម្មចលនាសប្បុរសជនកសាងស្ពាន ផ្ទះមហាសាមគ្គី ឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារក្បែរក្រ និងមនុស្សចាស់គ្មានទីពឹងទៀតផង។ ទង្វើជាក់ស្តែងទាំងនោះ រួមចំណែកបង្កើនសាមគ្គីភាពក្នុងព្រះសង្ឃ ពុទ្ធបរិស័ទ និងទទួលបានការគោរពពីមាមីងក្នុងសហគមន៍ខ្មែរ។
ផ្តើមពីទង្វើជាក់ស្តែង ព្រះតេជព្រះគុណ ថាច់តារា បានរួមចំណែកនាំស្មារតីសាមគ្គី ជួយគ្នាទៅវិញទៅមកឱ្យក្លាយជាទម្លាប់ល្អក្នុងជីវភាពសហគមន៍; គិតគូរបានល្អដល់យុវវ័យជំនាន់ក្រោយ ឧបត្ថម្ភប្រជាជនឆ្លងកាត់ការលំបាក និងរួមដំណើរជាមួយភូមិភាគកសាងភូមិស្រុកឱ្យកាន់តែរីកចម្រើន៕
ទីទុយ - លីសៀ