ដោយភាពម្ចាស់ការ បត់បែន និងច្នៃប្រតិដ្ឋ ក្នុងការកៀរគរប្រភពធនធានសង្គម ជាច្រើនឆ្នាំកន្លង គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំធ្វឹងហ្វា ទីក្រុងកឹងធើ បានអនុវត្តនូវសកម្មភាពព្រមៗគ្នាជាច្រើនប្រកបដោយភាពជាក់ស្តែង ដោយបានយកចិត្តទុកដាក់ជួយដល់ប្រជាជនក្រីក្រ និងមុខសញ្ញាងាយរងគ្រោះលើភូមិឋានបានទាន់ពេល។ លទ្ធផលដែលសម្រេចបាន មិនត្រឹមតែរួមចំណែកធានាសុខុមាលភាពសង្គមប៉ុណ្ណោះទេ ថែមទាំងបង្កនូវស្លាកស្នាមយ៉ាងច្បាស់ក្នុងការពង្រឹងជំនឿទុកចិត្ត និងផ្សារភ្ជាប់ក្នុងសហគមន៍។

រួមដំណើរជាមួយសិស្សក្រីក្រ ជម្នះការលំបាក រៀនពូកែ។
យោងតាមអ្នកស្រី ចូវហុងហ្វា ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំធ្វឹងហ្វា ចាប់តាំងពីដើមឆ្នាំមក គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ បានរួមជាមួយអង្គការនយោបាយ-សង្គមនានា ខិតខំកៀរគរប្រភពធនធានឧបត្ថម្ភជួសជុលផ្ទះមហាសាមគ្គីចំនួន ២ ខ្នងនិងសាងសង់ថ្មី ១១ ខ្នង ជូនដល់គ្រួសារដែលជួបការលំបាកខាងលំនៅឋាន។ ចាត់តាំងជូនកង់ចំនួន ៥០ គ្រឿង និងអំណោយជាង ១.៨០០ ចំណែកដល់សិស្សក្រីក្រ គ្រួសារក្រីក្រ និងគ្រួសារដែលមានស្ថានភាពលំបាកនៅក្នុងភូមិឋាន សរុបទឹកប្រាក់ជាង ១,៥ ពាន់លានដុង។ ចាត់តាំង "ផ្សារណាត់សូន្យដុង" នៅវត្តព្រះបួនព្រះភក្រ្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដោយមានទំនិញចំនួន ៣០ មុខផ្តល់ជូនចំនួន ២០០គ្រួសារ ដោយប្រើប្រាស់ថវិកា ១០០ លានដុង។ មិនត្រឹមតែប៉ុណ្ណោះ រណសិរ្សឃុំក៏បានចលនាសាងសង់ស្ពានជនបទចំនួន ២ និងបន្តអនុវត្តផ្លូវគំរូរបស់ឃុំចំនួន ១១ ខ្សែ ដែលមានប្រវែងសរុប ១៤.៧០០ ម៉ែត្រ សរុបថវិកាជាង ៤០០ លានដុង។ សកម្មភាពទាំងនេះ បានរួមចំណែកជួយឱ្យប្រជាជនធ្វើដំណើរនិងដឹកជញ្ជូនទំនិញបានងាយស្រួល ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។

ជូនអំណោយមនុស្សធម៌ ដល់គ្រួសារអ្នកមីងទ្រីវធីធូ នៅឃុំធ្វឹងហ្វា។
សកម្មភាពជាក់ស្តែងនិងប្រកបដោយប្រសិទ្ធភាពទាំងនេះ បាននាំមកនូវសេចក្តីរីករាយនិងភាពកក់ក្តៅដល់គ្រួសារជាច្រើនដែលកំពុងជួបការលំបាក។ អ្នកមីងទ្រីវធីធូ រស់នៅភូមិភឿកហ្វា ឃុំធ្វឹងហ្វា បានចែករំលែកដោយក្តីរំភើបជាមួយយើងខ្ញុំនៅពេលទទួលអំណោយ៖ "គ្រួសារខ្ញុំមានជីវភាពលំបាក ហើយខ្ញុំកើតជំងឺទឹកនោមផ្អែមទៀត រហូតត្រូវកាត់ជើងទាំងពីរ មិនអាចធ្វើដំណើរដូចធម្មតា បានប៉ះពាល់ដល់សមត្ថភាពប្រកបការងារ។ ខ្ញុំមានសេចក្តីរីករាយខ្លាំងណាស់ ដែលទទួលបានការយកចិត្តទុកដាក់និងជួយឧបត្ថម្ភអំណោយពីរដ្ឋអំណាចនិងរណសិរ្ស ពីព្រោះបានជួយកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់គ្រួសារខ្ញុំបានមួយផ្នែក"។ ទន្ទឹមនឹងការយកចិត្តទុកដាក់ជួយដល់ប្រជាជនដោយផ្ទាល់ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំធ្វឹងហ្វា ក៏បានយកចិត្តទុកដាក់ភ្ជាប់ការងារធានាសុខុមាលភាពសង្គមជាមួយនឹងចលនាប្រឡងប្រណាំងស្នេហាជាតិនៅភូមិភាគ ដូចជា "ទូទាំងប្រជាជនចូលរួមសាមគ្គីកសាងជីវភាពវប្បធម៌នៅតំបន់អាសយជន" និង "កសាងជនបទថ្មី ទីក្រុងស៊ីវិស័យ"។ តាមរយៈសកម្មភាពទាំងអស់នេះ បានទាក់ទាញកម្មាភិបាល បក្ខជន សមាជិកសមាគម និងកងកម្លាំងនានានៅភូមិភាគចូលរួមធ្វើអនាម័យ និងប្រមូលសំរាមតាមបណ្តោយផ្លូវលេខ ៩៣២ និងនៅតាមភូមិភឿកធ្វឹង ភឿកហ្វា ភឿកឡើយ និងភឿកអាង។ តាមរយៈសកម្មភាពនិងចលនានានា ឃើញថា ស្មារតីសាមគ្គីនិងការជួយគ្នាទៅវិញទៅមកក្នុងសហគមន៍កាន់តែលើកកម្ពស់ ផ្ដើមពីនោះ ក៏បានរួមចំណែកកសាងតំបន់អាសយជនឱ្យកាន់តែស៊ីវិល័យ មនុស្សធម៌និងសាមគ្គី ព្រមទាំងរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ច រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការពារបរិស្ថាន។

កម្មាភិបាល បក្ខជន សមាជិកសមាគម និងយុវជនឃុំធ្វឹងហ្វា ចូលរួមចលនា "ទូទាំងប្រជាជនចូលរួមការពារបរិស្ថាន ដើម្បីប្រទេសវៀតណាមបៃតង ជ្រះ ស្អាត"។
អ្នកស្រី ចូវហុងហ្វា ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំធ្វឹងហ្វា ឱ្យដឹង៖ "តាមរយៈសកម្មភាពជាក់ស្តែងនិងមានប្រសិទ្ធភាពទាំងនេះ បានបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ពីតួនាទីស្នូលរបស់រណសិរ្សនិងអង្គការមហាជន ក្នុងការប្រមូលផ្តុំនិងលើកកម្ពស់កម្លាំងមហាសាមគ្គីទូទាំងប្រជាជន; លើកកម្ពស់ប្រសិទ្ធភាពការងារឃោសនា និងការយកចិត្តទុកដាក់ជួយដល់ប្រជាជនក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ។ ដើម្បីបន្តពង្រីកលទ្ធផលដែលសម្រេចបាន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសមាជិកនានា បណ្ដាផ្នែក អង្គការមហាជន និងសប្បុរសជនទាំងឡាយ ដើម្បីជំរុញការកៀរគរប្រភពធនធានក្នុងសង្គម ដើម្បីជំនួយនិងជួយឧបត្ថម្ភបានទាន់ពេលដល់គ្រួសារក្រីក្រ និងគ្រួសារដែលមានស្ថានភាពលំបាក។ ទន្ទឹមនឹងនោះ នឹងបន្តពង្រីកនូវទម្រង់ល្អៗនិងវិធីសាស្ត្រដែលមានប្រសិទ្ធភាពក្នុងការងារធានាសុខុមាលភាពសង្គម"។ ការងារទាំងនេះ មិនត្រឹមតែរួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងជួយផ្សព្វផ្សាយនិងពង្រីកស្មារតីសាមគ្គី និងទឹកចិត្តជួយគ្នាទៅវិញទៅមកក្នុងសហគមន៍ឱ្យកាន់តែទូលំទូលាយ"៕
ថាញវ៉ាង - ពេជ្រសឿន