តាំងពីយូរលង់ណាស់មកហើយ សូរសៀងភ្លេងពិណពាទ្យ មិនត្រឹមតែជាទម្រង់សិល្បៈមួយប្រកបដោយលក្ខណៈពិសេសប៉ុណ្ណោះទេ ថែមទាំងជា “ព្រលឹង” រក្សានូវអនុស្សាវរីយ៍ ទំនៀមទម្លាប់ និងជីវភាពស្មារតីរបស់ជនរួមជាតិខ្មែរណាមបូទៀតផង។ រួមជាមួយការយកចិត្តទុកដាក់របស់រដ្ឋ ប្រភពដើមនៃបេតិកភណ្ឌនេះកំពុងបានយុវជនដែលមានចំណង់ចំណូលចិត្ត និងសិប្បករគ្រប់ជំនាន់ពីមួយថ្ងៃទៅមួយថ្ងៃតាំងចិត្ត អភិរក្សនិងបង្ហាត់បង្រៀនតៗ។
នៅឃុំង៉ុកតូ ទីក្រុងកឹងធើ បងលីមិញតឹម (អាយុ ២៨ ឆ្នាំ) បានសហគមន៍ស្គាល់ថាជា “ព្រលឹងវ័យក្មេង” ពោរពេញដោយភាពក្លៀវក្លាក្នុងការអភិរក្សសូរសៀងភ្លេងពិណពាទ្យបុរាណ។ កើតធំដឹងក្តីក្នុងគ្រួសារមួយប្រកបរបរ ជាអ្នកភ្លេងច្រើនជំនាន់ សំឡេងភ្លេងចេញពីវត្តបានជ្រួតជ្រាបក្នុងព្រលឹងបងតាំងពីកុមារភាពមកម្ល៉េះ។ អាយុ ១១ ឆ្នាំ ខណៈដែលមិត្តភក្តិស្រករគ្នា កំពុងសប្បាយនឹងការលេងកម្សាន្ត បងតឹម បានអង្គុយផ្ចិតផ្ចង់សង្កេតមើលសិប្បករប្រគំភ្លេង រួចស្វែងយល់រៀនតាមដោយខ្លួនឯង។ នឹកឃើញថ្ងៃដំបូងដែលចាប់ចិត្តជាមួយឧបករណ៍ភ្លេងបុរាណ បងលីមិញតឹម ចែករំលែក៖ “កាលនោះក្រុមភ្លេងនៅនឹងវត្តភាគច្រើនសុទ្ធតែជាមនុស្សចាស់។ នៅពេលដែលគ្រូបង្រៀន ឬពេលមានបុណ្យទាន ខ្ញុំតែងយកចិត្តទុកដាក់តាមដានដើម្បីចងចាំ។ ពីព្រោះចូលចិត្តខ្លាំងពេក គ្រូក៏បានអនុញ្ញាតឱ្យខ្ញុំប្រគំសាកល្បង និងជ្រើសចូលក្នុងក្រុមដើម្បីជំនួសឱ្យអ្នកភ្លេងចាស់ម្នាក់។ ពេលនោះ អ្នករាល់គ្នារៀនមុន ៣ ខែ ខ្ញុំទើបតែថ្នឹកបាន ១ ខែ ប៉ុន្តែដោយសារហា ត់ដោយខ្លួនឯងពេលអ្នករាល់គ្នាសម្រាក ម្ល៉ោះហើយខ្ញុំក៏តាមទាន់គ្រប់បទទាំងអស់។ កាលនោះមិនមានអន្លូងទេ ខ្ញុំគោះដោយម្រាមដៃ ស្នាមក្រិនទាំងនោះរហូតមកដល់បច្ចុប្បន្ននៅលើដៃរបស់ខ្ញុំនៅឡើយ”។
អារម្មណ៍ពេលបានចូលរួមបម្រើក្នុងពិធីបុណ្យធំៗដូច៖ បុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា។ល។ ពីព្រោះសំឡេងភ្លេងពិណពាទ្យ បានទាក់ទាញយុវជនខ្មែររូបនេះ ផ្សារភ្ជាប់ជាមួយនឹងបទភ្លេងជនជាតិ។ មិនត្រឹមតែទៅប្រគំគ្រប់ទិសទីប៉ុណ្ណោះទេ អស់រយៈពេលច្រើនឆ្នាំមកហើយ បងតឹម ថែមទាំងបានបង្រៀនបទភ្លេងពិណពាទ្យដោយផ្ទាល់ដល់ប្អូនៗនៅភូមិភាគ និងខិតខំស្រាវជ្រាវដោយខ្លួនឯងពីវិធីសាស្ត្រច្នៃឧបករណ៍ភ្លេងបុរាណទាំងនេះទៀតផង។

បងលីមិញតឹម ច្នៃដោយផ្ទាល់ដៃ និងសាកល្បងសំឡេងឧបករណ៍រនាតឯក។
ភ្លេងពិណពាទ្យ គឺជាទម្រង់បទភ្លេងប្រជាប្រិយផ្សារភ្ជាប់យ៉ាងជិតដិតជាមួយពិធីកិច្ចផ្សេងៗ និងសកម្មភាពវប្បធម៌នៅក្នុងវត្តអារាម ភូមិ ស្រុក និងគ្រួសាររបស់ប្រជាជនខ្មែរ។ អំពីទម្រង់ ភ្លេងពិណពាទ្យបុរាណរបស់ជនជាតិខ្មែរគឺជាវង់ភ្លេងមួយដែលផ្សំឡើងដោយឧបករណ៍ភ្លេងចំនួន ៥ មុខ ដែលធ្វើពីវត្ថុធាតុដើមផ្សេងៗគ្នាចំនួន ៥ រួមមាន៖ ស្ពាន់ ដែក ឈើ ខ្យល់ និងស្បែក។ និយាយអំពីប្រភពដើម និងសមាសភាពនៃវង់ភ្លេងនេះ សិល្បករឆ្នើម ឡឹមតឹងថេ (ក្រុមសិល្បៈខ្មែរទីក្រុងកឹងធើ) បានពន្យល់៖ “ភ្លេងពិណពាទ្យកាលពីដើមឡើយដែលគេហៅថា ពិណពាទ្យ ពីព្រោះតែកាលពីមុនពេលប្រគំមានឧបករណ៍ពិណ រីឯពាទ្យ គឺគងធំ និងគងតូចដែលមានក្នុងសមាសភាពវង់ភ្លេងតាំងពីបុរាណមក គឺវាបែបហ្នឹង។ រហូតមកដល់សព្វថ្ងៃនេះ គេមានវង់ភ្លេងពិណពាទ្យខ្នាតតូច និងធំ។ ក្នុងនោះ ឧបករណ៍ភ្លេងនាំមុខគេក្នុងវង់ភ្លេងនេះមាន រនាតឯក រនាតដែក ខ្នាតធំ តូច ស្គរសម្ភោរ ស្គរធំ និងស្រឡៃ ត្រូវតាមទម្រង់របស់វាគឺបែបហ្នឹង។ ថ្វីដ្បិតតែដូច្នោះក្តី បច្ចុប្បន្ន ដោយសារខ្វះស្រឡៃ ម្ល៉ោះហើយគេកាត់បន្ថយនៅសល់ត្រឹមតែប៉ុន្មានមុខដូចខាងលើប៉ុណ្ណោះ ”។
ភ្លេងពិណពាទ្យបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិនៅឆ្នាំ ២០១៩។ មិនត្រឹមតែដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាព ប្រជុំជីវភាពសាសនាប៉ុណ្ណោះទេ ភ្លេងពិណពាទ្យថែមទាំងបង្កការតភ្ជាប់សហគមន៍បែបលក្ខណៈធម្មជាតិ និងឋិតថេរទៀតផង។ ផ្តើមពីការយកចិត្តទុកដាក់របស់រដ្ឋ រួមជាមួយការផ្តល់តម្លៃពីសហគមន៍ ភ្លេងពិណពាទ្យកាន់តែបានរក្សា ពង្រីក និងបញ្ជាក់ពីតម្លៃដ៏ពិសេសនៃទម្រង់បេតិកភណ្ឌវប្បធម៌នៅតំបន់ដីណាមបូ។

ការប្រគំភ្លេងពិណពាទ្យនៅវត្តពាមបួនថ្មី។
វង់ភ្លេងពិណពាទ្យមានលក្ខណៈជាវង់ភ្លេងប្រគុំរួមគ្នា បានរៀបចំយ៉ាងហ្មត់ចត់ និងរក្សាទីតាំងដ៏សំខាន់ក្នុងជីវភាពបទភ្លេងខ្មែរ។ អ្នកនិពន្ធបទភ្លេង ថាច់ហាយវិញ ក្រុមសិល្បៈខ្មែរទីក្រុងកឹងធើ ចែករំលែក៖ ការរៀនភ្លេងពិណពាទ្យ មិនត្រឹមតែរៀនដើម្បីឱ្យចេះបទភ្លេងនីមួយៗប៉ុណ្ណោះទេ ថែមទាំងត្រូវយល់ដឹងពីកត្តាមូលដ្ឋាន នៃបទភ្លេងដូច៖ អក្សរភ្លេង ល្បាក់សូរ ចង្វាក់ភ្លេង។ល។ ទើបអាចនឹងប្រគុំបទភ្លេងពិណពាទ្យមួយបទដោយជោគជ័យបាន។ “ផ្នែកទ្រឹស្តី យើងត្រូវបង្រៀនឱ្យសិក្ខាកាមចេះអំពីអក្សរភ្លេងជាគោលចំនួន ៧។ ទីពីរគឺត្រូវស្គាល់ពីល្បាក់សូរ បន្ទាប់មកទៀត ទើបអនុវត្តបទភ្លេងឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត ” - តន្ត្រីករ ថាច់ហាយវិញ សង្កត់ធ្ងន់ដូច្នេះ។
ក្នុងជីវភាពរបស់ជនរួមជាតិខ្មែរ សំឡេងភ្លេងពិណពាទ្យនៅតែពីរោះរណ្តំដូចជាប្រភពដើមវប្បធម៌ដែលត្រូវបានស្នងបន្តពីជំនាន់មួយទៅជំនាន់មួយ។ នៅពេលដែលសូរសៀងប្រពៃណីទាំងនោះបានបន្លឺឡើង ហើយបានយុវវ័យជំនាន់ក្រោយទទួលយក នោះគឺតម្លៃវប្បធម៌របស់ជនរួមជាតិខ្មែរណាមបូនឹងបន្តបានអភិរក្ស រីកសាយភាយនិងគង់វង្សជាមួយពេលវេលា៕
ថាញហ៊ុង - លីសៀ