ផ្តើមពីអនុវត្តបច្ចេកទេសក្នុងការដាំស្ពៃមើម រហូតដល់ការរក្សាមុខរបរធ្វើឆៃប៉ូវ ប្រជាជននៅឃុំឡាយហ្វា ទីក្រុងកឹងធើ កំពុងទាញយកប្រយោជន៍យ៉ាងមានប្រសិទ្ធភាពពីកសិផលដ៏ស្និទ្ធស្នាលនេះ។ មិនត្រឹមតែនាំមកនូវប្រភពចំណូលបង្គួរ ស្ពៃមើមថែមទាំងបានកែច្នៃទៅជាផលិតផលដែលមានតម្លៃ រួមចំណែកក្នុងពិពិធកម្មមុខរបររកស៊ីចិញ្ចឹមជីវិត លើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចជូនប្រជាជនភូមិភាគទៀតផង។
.jpg)
ទម្រង់ដាំស្ពៃមើមរបស់បង ត្រឹងថាញ់ហ្វាយ នៅភូមិឈូងធំ B ឃុំឡាយហ្វា ទីក្រុងកឹងធើ។
បច្ចុប្បន្ន ឃុំឡាយហ្វាទាំងមូលមានផ្ទៃដីដាំស្ពៃមើមជាង ១២ ហិកតា។ នេះជាប្រភេទដំណាំដែលមានរយៈពេលលូតលាស់ខ្លី ងាយស្រួលថែទាំ ប្រើដើមទុនតិចនិងផ្តល់ប្រាក់ចំណេញខ្ពស់បង្គូរ។ ព្រោះហេតុនោះ ស្ពៃមើមបានកសិករជាច្រើននៅឃុំឡាយហ្វាជ្រើសរើសដាំ ដោយប្រើប្រាស់ពេលប្រមាណពី ៤៥ - ៤៦ ថ្ងៃប៉ុណ្ណោះគឺអាចប្រមូលផលបាន។ នៅភូមិ ឈូងធំ B ចំការស្ពៃមើមកំពុងក្លាយជាប្រភពចំណូលរបស់គ្រួសារជាច្រើន។ តួយ៉ាងដូចគ្រួសារបង ត្រឹងថាញ់ហ្វាយ ជាគ្រួសារមួយមានបទពិសោធន៍ប្រឡូកជាមួយដំណាំនេះជាច្រើនឆ្នាំ។ អស់រយៈកាលជាង ១០ ឆ្នាំដាំស្ពៃមើម បងហ្វាយ សន្សំបានបទពិសោធន៍យ៉ាងច្រើន ព្រមទាំងហ៊ានអនុវត្តវិទ្យាសាស្ត្របច្ចេកទេសទៅក្នុងការផលិត ដើម្បីបន្ថយកម្លាំងពលកម្ម និងលើកកម្ពស់ប្រសិទ្ធភាពលើផ្ទៃដីដាំដុះតែមួយ។ បងហ្វាយ ចែករំលែក៖ “ខ្ញុំដាំស្ពៃមើមប្រមាណ ១,៥ ហិកតា មធ្យមក្នុងមួយកុងសម្រេចទិន្នផលពី ៣ - ៥ តោន។ ប្រសិនបើតម្លៃលក់ពី ៣.០០០ - ៥.០០០ ដុង/គីឡូក្រាម នោះក្នុងមួយកុងអាចចំណេញបានជាង ៥ លានដុង”។ ដើម្បីងាយស្រួលក្នុងការថែទាំ បងហ្វាយ បានវិនិយោគលើប្រព័ន្ធស្រោចស្រពបាញ់ទឹកស្វ័យប្រវត្តិ ទាំងសន្សំសំចៃទឹកផង ទាំងបន្ថយកម្លាំងពលកម្មផង ហើយគុណភាពនិងទិន្នផលស្ពៃមើមនៅតែខ្ពស់។ តាមបងហ្វាយ ស្ពៃមើមគឺជាដំណាំសមស្របជាមួយលក្ខណៈដីធ្លីនៅភូមិភាគ និងនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចលំនឹង។
មិនត្រឹមតែប្រើប្រាស់ជាលក្ខណៈស្ពៃមើមស្រស់ប៉ុណ្ណោះទេ ស្ពៃមើមមួយផ្នែកនៅភូមិភាគថែមទាំងបានយកទៅកែច្នៃធ្វើជាឆៃប៉ូវ។ នេះក៏ជាវិធីដើម្បីពន្យារពេលរក្សាទុកស្ពៃមើម ព្រមទាំងបង្កតម្លៃបន្ថែមបន្ទាប់ពីប្រមូលផល។ បង ទ្រេវ ណាល់ នៅភូមិឈូងធំ B មានបទពិសោធន៍ជាង ២០ ឆ្នាំជាមួយមុខរបរធ្វើឆៃប៉ូវ។ ផ្តើមពីស្ពៃមើមស្រស់ៗ ឆ្លងកាត់ដំណាក់កាលច្នៃដំបូង ត្រាំអំបិល ផ្អាប់និងហាលថ្ងៃ ស្ពៃមើមបានកែច្នៃទៅជាឆៃប៉ូវដែលមានរសជាតិលក្ខណៈពិសេសរបស់ភូមិភាគនិងមានទីផ្សារលក់ចេញលំនឹង។ លោក ទ្រៀវ ណាល់ ចែករំលែក៖ “រៀងរាល់ថ្ងៃ គ្រួសារខ្ញុំទិញស្ពៃមើមស្រស់ប្រមាណពី ១០០ - ២០០ គីឡូក្រាម។ បន្ទាប់ពីទិញមក ស្ពៃមើមត្រូវបានជួលគេកោសសំបក លាងឱ្យជ្រះ និងហាន់ជាចំនិតៗ។ ស្ពៃមើមបន្ទាប់ពីច្នៃដំបូងត្រូវធ្វើឱ្យជ្រះ ហាន់ឱ្យស្មើដៃ ទើបពេលត្រាំនិងផ្អាប់ចូលជាតិបានល្អ នោះផលិតផលទើបមានរសជាតិឆ្ងាញ់”។


ស្ពៃមើមបានហាលថ្ងៃ ជាជំហានក្លាយជាផលិតផលឆៃប៉ូវដែលមានតម្លៃ។
តាមបង ណាល់ ដំណាក់កាលត្រាំនិងផ្អាប់ គឺជាដំណាក់កាលសំខាន់បំផុត កំណត់សម្រេចអំពីគុណភាពឆៃប៉ូវ។ ស្ពៃមើម ២០ គីឡូក្រាម ត្រូវត្រាំជាមួយអំបិលប្រមាណ ៣ គីឡូក្រាម បន្ទាប់មកផ្អាប់ទុក ២ យប់ដើមី្បឱ្យស្ពៃមើមចូលជាតិស្មើល្អ។ ប្រសិនបើដាក់អំបិលមិនត្រូវសមាមាត្រ ឬផ្អាប់មិនទាន់ដល់កម្រិតទេ ឆៃប៉ូវនឹងមិនឆ្ងាញ់ ប៉ះពាល់ដល់ការលក់ចេញ។ ព្រោះហេតុនេះ បន្ទាប់ពីផ្អាប់រួច ស្ពៃមើមត្រូវបានយកទៅហាលថ្ងៃ។ ប្រសិនបើថ្ងៃក្តៅល្អ ហាលប្រហែលមួយថ្ងៃ ឆៃប៉ូវនឹងមានពណ៌សស្អាត។ ប្រសិនបើហាលពី ២ - ៣ ថ្ងៃ ស្ពៃមើមនឹងប្រែទៅជាពណ៌លឿងខ្ចី មានភាពស្វិតជាង រសជាតិក៏ពិសេសជាង អាស្រ័យទៅតាមតម្រូវការរបស់អតិថិជន។ បច្ចុប្បន្នជារៀងរាល់ថ្ងៃ បងណាល់ ផ្គត់ផ្គង់ផលិតផលឆៃប៉ូវប្រមាណពី ១០០ - ២០០ គីឡូក្រាម ក្នុងតម្លៃប្រមាណ ២០.០០០ ដុង/គីឡូក្រាម ដោយភាគច្រើនគឺម៉ូយស្គាល់យកទៅលក់នៅតាម ឃុំ និងសង្កាត់នានាក្នុងទីក្រុងកឹងធើ។
លោក ក្វាច់វ៉ាំងដែប ប្រធានសមាគមកសិករឃុំឡាយហ្វា បានឱ្យដឹង៖ “ដំណាំស្ពៃមើមសមស្របនឹងលក្ខណៈផលិតនៅភូមិភាគ រយៈពេលលូតលាស់ខ្លី ជួយឱ្យកសិករម្ចាស់ការក្នុងការផ្លាស់ប្តូរមុខដំណាំតាមរដូវកាល និងលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ដីធ្លី។ ទន្ទឹមនឹងការអភិវឌ្ឍតំបន់ដាំដុះ ការកែច្នៃស្ពៃមើមទៅជាឆៃប៉ូវក៏ជាទិសដៅសមស្របមួយ ជួយលើកកម្ពស់តម្លៃកសិផល បង្កការងារធ្វើនិងប្រាក់ចំណូលបន្ថែមជូនប្រជាជន។ នាពេលខាងមុខ សមាគមកសិករឃុំនឹងបន្តជួយឧបត្ថម្ភដើមទុន ចលនាកសិករឱ្យអនុវត្តវិទ្យាសាស្ត្របច្ចេកទេស លើកកម្ពស់គុណភាពផលិតផល ព្រមទាំងស្វែងរក និងពង្រីកទីផ្សារលក់ចេញ ដើម្បីឱ្យទម្រង់នេះអភិវឌ្ឍលំនឹង និងចីរភាពជាងមុន”។
តាមរយៈទម្រង់របស់បង ត្រឹងថាញ់ហ្វាយ និងបង ទ្រេវណាល់ ស្ពៃមើមមិនត្រឹមតែនាំមកនូវប្រសិទ្ធភាពពីការផលិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើនតម្លៃតាមរយៈការកែច្នៃទៀតផង។ ផ្តើមពីដំណាំស្ពៃមើមនៅលើវាលស្រែ រហូតក្លាយជាផលិតផលឆៃប៉ូវ ប្រជាជននៅឡាយហ្វាកំពុងទាញយកផលបានល្អពីតម្លៃកសិផល និងនាំផលិតផលឆៃប៉ូវឱ្យក្លាយជាផលិតផលពិសេសប្រចាំភូមិភាគ៕
ហុងទើ-វ៉ាន់តឹន