18/08/2026 - 22:07

តឹងហ្វា ជាចំណុចលេចធ្លោក្នុងការយកចិត្តទុកដាក់ដល់សុខុមាលភាពសង្គម 

ជាច្រើនឆ្នាំកន្លង ទន្ទឹមនឹងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ការងារសុខុមាលភាពសង្គមតែងបានគណៈកម្មាធិការបក្ស រដ្ឋអំណាច និងរណសិរ្ស អង្គការមហាជនឃុំតឹងហ្វា ទីក្រុងកឹងធើ  យកចិត្តទុកដាក់ពិសេសផងដែរ ដោយចាត់ទុកជា "សសរស្តម្ភ" ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ ផ្តើមពីអំណោយប្រកបដោយមនោសញ្ចេតនា ផ្ទះសម្បែងបាន​សាង​សង់ រហូតដល់ទម្រង់ជំនួយការរកស៊ីចិញ្ចឹមជីវិតជាក់ស្តែង បានរួមចំណែកធ្វើឱ្យ​រីក​សាយ​ភាយ​ស្មារតី "មិនទុកឱ្យនរណាម្នាក់នៅខាងក្រោយឡើយ"។

ជូនអំណោយដល់គ្រួសារគោលនយោបាយ និងអ្នកងាយរងគ្រោះ​លើភូមិឋានឃុំ។

តាម​ប្រ​សាសន៍​ លោក​ផាម​ហ្វាង​ហ៊ីប​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​តឹង​ហ្វា​ បាន​ឱ្យ​ដឹង​ ការ​ងារ​សុខុមាល​ភាព​សង្គម​តែង​បាន​កំ​ណត់​ជា​ភារ​កិច្ច​ស្នូល​ និង​ជា​ប្រ​ចាំ​។ ផ្តើម​ពី​ការ​ងារ​ធ្វើ​ឱ្យ​ជាក់​ស្តែង​បណ្តា​គោល​ការណ៍​ គោ​លន​យោ​បាយ​របស់​បក្ស​ និង​រដ្ឋ​ ស្តី​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​ដោយ​មាន​ភាគ​កម្រិត​និង​ភារ​កិច្ច​ជាក់​ស្តែង​ក្នុង​សេច​ក្តី​សម្រេច​ចិត្ត​ និង​កម្ម​វិធី​សកម្ម​ភាព​ រហូត​ដល់​ការ​សហ​ការ​ជា​មួយ​អង្គ​ការ​នា​នា​ ជំ​រុញ​ការ​ឃោស​នា​ បំ​ផុស​ចលនា​អា​ជីវ​កម្ម​ និង​សប្បុរស​ជន​ ព្រួត​ដៃ​គ្នា​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​អ្នក​ក្រ​ និង​អ្នក​ងាយ​រង​គ្រោះ​។ តាម​រយៈ​នោះ​ មិន​ត្រឹម​តែ​ជួយ​ឧបត្ថម្ភ​ផ្នែក​សម្ភារៈ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ក​ក្តី​ទំនុក​ចិត្ត​ និង​កម្លាំង​ចិត្ត​ដើម្បី​ប្រ​ជា​ជន​ខិត​ខំ​ឈាន​ឡើង​ក្នុង​ជីវ​ភាព​។ ក្នុង​រយៈ​ពេល​ ៦ ខែ​ដើម​ឆ្នាំ​ ទូ​ទាំង​ឃុំ​បាន​ចលនា​ជូន​អំ​ណោយ​ចំ​នួន​ ៦២៦ ចំ​ណែក​ដល់​ប្រ​ជា​ជន​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​ ចាត់​តាំង​កម្ម​វិធី​ "បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៃ​ក្ដី​មេត្តា​" ប្រ​គល់​ជូន​អំ​ណោយ​ជាង​ ១.០០០ ចំ​ណែក​ ដោយ​ថវិកា​សរុប​ ៦៦៥ លាន​ដុង​។ អនុ​វត្ត​ការ​ជួស​ជុល​ផ្ទះ​ ៣ ខ្នង​ និង​សាង​សង់​ផ្ទះ​មហា​សាមគ្គី​ថ្មី​ចំ​នួន​ ៩ ខ្នង​ ជូន​គ្រួ​សារ​ក្រី​ក្រ​ សរុប​តម្លៃ​ ៦០០ លាន​ដុង​។ ក្រៅ​ពី​នេះ​ ឃុំ​ក៏​បាន​សហ​ការ​ជា​មួយ​អង្គ​ភាព​និង​អា​ជីវ​កម្ម​នា​នា​ ជូន​អំ​ណោយ​ជាក់​ស្តែង​ជា​ច្រើន​ រួម​ចំ​ណែក​ជួយ​ប្រ​ជា​ជន​ដោះ​ស្រាយ​ការ​លំ​បាក​ចំ​ពោះ​មុខ​។​

ជូនអំណោយដល់កុមារដែលមានស្ថានភាពលំបាកតាមរយៈកម្មវិធី "អ្នកម្តាយគាំពារ"។

មិន​បង្អង់​ត្រឹម​ប៉ុណ្ណោះ​ទេ​ អង្គ​ការ​មហា​ជន​នា​នា​  ក៏​បាន​ចូល​រួម​យ៉ាង​សកម្ម​។ តួ​យ៉ាង​ដូច​ជា​ សមា​គម​សហ​ពន្ធ​នា​រី​ឃុំ​តែង​តែ​រក្សា​កម្ម​វិធី​ "អ្នក​ម្តាយ​គាំ​ពារ​" ដើម្បី​ឧបត្ថម្ភ​កុមារ​កំ​ព្រា​ចំ​នួន​ ១២ នាក់​ ចំ​នួន​ទឹក​ប្រាក់​ ៦ លាន​ដុង​។ បង្ហាញ​ទម្រង់​ "ចែក​រំលែក​ក្ដី​ស្រ​ឡាញ់​" ជូន​អាវ​ផាយ​ ១០០ សម្រាប់​ និង​អាវ​បា​បា​ ៤៥ សម្រាប់​។ សហ​ការ​ជា​មួយ​មន្ទីរ​ពេទ្យ​ភ្នែក​សៃហ្គន​ ពិ​និត្យ​ភ្នែក​ដោយ​ឥត​គិត​ថ្លៃ​ និង​ជូន​អំ​ណោយ​ចំ​នួន​ ២០០ ចំ​ណែក​ដល់​ប្រ​ជា​ជន​ សរុប​តម្លៃ​ ២០ លាន​ដុង​។ ទន្ទឹម​នឹង​នោះ​ បាន​ចលនា​សាង​សង់​និង​ប្រ​គល់​ផ្ទះ​មេត្តា​ធម៌​ ១ ខ្នង​ ជូន​ដល់​សមាជិកា​នា​រី​ខ្មែរ​ក្រី​ក្រ​ តម្លៃ​ ៦៥ លាន​ដុង​។ បង​ស្រី​ ត្រឹង​ធី​សាង​ ជា​គ្រួ​សារ​ទទួល​បាន​ការ​ឧបត្ថម្ភ​ផ្ទះ​ នៅ​ភូមិ​តឹង​ធ្វឹង​ ឃុំ​តឹង​ហ្វា​ បាន​ចែក​រំលែក​៖ "កាល​ពី​មុន​ គ្រួ​សារ​ខ្ញុំ​រស់​នៅ​ក្នុង​ផ្ទះ​ស្លឹក​ទ្រុឌ​ទ្រោម​ ឥ​ឡូវ​នេះ​ បាន​រដ្ឋ​អំ​ណាច​និង​សមា​គម​សហ​ពន្ធ​នា​រី​ឃុំ​ ចលនា​សប្បុរស​ជន​សាង​សង់​ផ្ទះ​រឹង​មាំ​ឱ្យ​ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ ព្រោះ​ចាប់​ពី​ពេល​នេះ​ទៅ​ គ្រួ​សារ​ខ្ញុំ​មាន​កន្លែង​ជ្រក​កោន​បាំង​ក្តៅ​ បាំង​ភ្លៀង​ហើយ​"។​

ពិធីប្រគល់ផ្ទះមេត្តាធម៌ជូនបងស្រីត្រឹងធីសាង នៅឃុំតឹងហ្វា។

ក្រៅ​ពី​ការ​ជួយ​ឧបត្ថម្ភ​ផ្ទាល់​ សមា​គម​ក៏​ផ្តោត​លើ​ការ​បង្កើត​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ប្រ​កប​ដោយ​ចីរ​ភាព​។ តាម​រយៈ​ក្រុម​បុល​ទុន​ ប្រ​ភព​ទុន​ពី​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ បាន​ឧបត្ថម្ភ​ឱ្យ​សមាជិកា​ជាង​ ១.០០០ នាក់​ បាន​បុល​ដើម្បី​អភិវឌ្ឍ​ការ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ ដោយ​មាន​ប្រាក់​បំណុល​សរុប​ជាង​ ៧៩ ពាន់​លាន​ដុង​។

ជា​មួយ​នឹង​លទ្ធ​ផល​ដែល​សម្រេច​បាន​ មិន​ត្រឹម​តែ​រួម​ចំ​ណែក​លំ​នឹង​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ពង្រឹង​ក្តី​ទំនុក​ចិត្ត​របស់​ប្រ​ជា​ជន​លើ​ការ​ដឹក​នាំ​របស់​បក្ស​ និង​ការ​គ្រប់​គ្រង​របស់​រដ្ឋ​អំ​ណាច់​ភូមិ​ភាគ​។ “ដើម្បី​ពង្រីក​ប្រ​សិទ្ធ​ភាព​ នា​ពេល​ខាង​មុខ​ រណ​សិរ្ស​និង​អង្គ​ការ​នា​នា​ក្នុង​ឃុំ​ នឹង​បង្កើន​ការ​កៀរ​គរ​ប្រ​ភព​ធន​ធាន​ក្នុង​សង្គម​ ពង្រីក​តួ​នា​ទី​របស់​សហ​គម​ន៍ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ជីវ​ភាព​រស់​នៅ​របស់​អ្នក​ក្រ​ និង​អ្នក​ងាយ​រង​គ្រោះ​នៅ​លើ​ភូមិ​ឋាន​” លោក​ផាម​ហ្វាង​ហ៊ីប​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​តឹង​ហ្វា​ បាន​ឱ្យ​ដឹង​បន្ថែម​ដូច្នេះ​ ។

ផ្តើម​ពី​សកម្ម​ភាព​ជាក់​ស្តែង​  ឃុំ​តឹង​ហ្វា​ ទី​ក្រុង​កឹង​ធើ​ កំ​ពុង​តែ​បញ្ជាក់​ច្បាស់​ថា​ ភូមិ​ភាគ​គឺ​ជា​ចំ​ណុច​លេច​ធ្លោ​ក្នុង​ការ​ងារ​សុខុមាល​ភាព​សង្គម​ - ជា​កន្លែង​ដែល​មនោ​សញ្ចេតនា​បាន​រីក​សាយ​ភាយ​ ហើយ​ក៏​ជា​កន្លែង​ដែល​មិន​ទុក​ឱ្យ​នរណា​ម្នាក់​នៅ​ខាង​ក្រោយ​ឡើយ​ ក្នុង​ដំ​ណើរ​ការ​នៃ​សមា​ហរ​ណ​កម្ម​និង​អភិវឌ្ឍ​៕​

 ថាញវ៉ាង -ត្រឹងរ៉ូន

ចែករំលែកអត្ថបទ