ឃុំញូយ៉ា ទីក្រុងកឹងធើ គឺជាភូមិភាគមានជនជាតិភាគតិចរស់នៅកុះករ ក្នុងនោះជនរួមជាតិខ្មែរស្រូបអត្រាជិត ៤១% នៃចំនួនប្រជាជន។ ច្រើនឆ្នាំកន្លង នៅតំបន់ជនបទឃុំញូយ៉ា មានការផ្លាស់ថ្មីយ៉ាងច្បាស់ក្រឡែត អាស្រ័យផ្តុំកម្លាំងកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាឧបត្ថម្ភមាមីងអភិវឌ្ឍផលិត។

ដំណាំដាំដុះរបស់ប្រជាជននៅតាមបណ្តោយភ្លឺប្រឡាយនៅភូមិព្រែកឈ្វេងឃុំញូយ៉ា។
តាមផែនការឆ្នាំ ២០២៦ ឃុំបានបែងចែកទុនវិនិយោគរបស់រដ្ឋចំនួន ២៤,៧៥ ពាន់លានដុង ដើម្បីអនុវត្តសំណង់ចំនួន ៩។ ក្នុងចំណោមនោះ មានសំណង់ចំនួន ៨ បានបង្កើនកម្រិត និងបើកទូលាយផ្លូវជនបទ និងមានគម្រោងកសាងប្រព័ន្ធលូ បង្ហូរទឹកចំនួន១។ នៅភូមិព្រែកអណ្តើកមានជនរួមជាតិខ្មែររស់នៅ ៨៥% មានដងផ្លូវបេតុងមួយទទឹង ៣ ម៉ែត្រ ប្រវែងជាង ៦០០ ម៉ែត្រ ទើបបានកសាងអស់ថវិកា ១,៧ ពាន់លានដុង។ មុននោះ មានដងផ្លូវមួយនៅភូមិនេះមានប្រវែង ២.០០០ ម៉ែត្រ ក៏បានវិនិយោគនិងដាក់ឱ្យប្រើប្រាស់ដែរ។ ផ្លូវគមនាគមន៍បានកសាងសមរម្យ ជួយឱ្យមាមីងធ្វើដំណើរទៅមក និងកូនចៅទៅរៀនសូត្រមានភាពងាយស្រួល ហើយការដឹកជញ្ជូនទំនិញកសិផលក៏រហ័សជាងមុនដែរ។
អ្នកមីង ត្រឹងធីថាញ់ នៅភូមិព្រែកអណ្តើក ឱ្យដឹង៖ “ពីមុន ដងផ្លូវក្នុងភូមិគឺជាផ្លូវដី ម្ល៉ោះហើយក្នុងរដូវភ្លៀង ប្រជាជនធ្វើដំណើរទៅមកក្នុងភក់ជ្រាំ។ ម៉ូតូក៏ផ្ញើគេនៅខាងក្រៅពីព្រោះមិនអាចបើកបរចូលបាន ហេតុនោះការធ្វើដំណើរទៅមកមានការលំបាក។ ឥឡូវនេះ បានរដ្ឋវិនិយោគកសាងផ្លូវបេតុង ការធ្វើដំណើរទៅមកកាន់តែងាយស្រួលជាងមុន មាមីងអ្នកណាក៏ត្រេកអរ”។
អំពីការផលិតកសិកម្ម មិនត្រឹមតែធ្វើស្រែប៉ុណ្ណោះទេ ថែមទាំងចេះផ្គួបផ្សំទម្រង់ជាច្រើនដើម្បីបង្កើនប្រាក់ចំណូលទៀតផង។ នៅភូមិព្រែកឈ្វេង មាមីងឆ្លៀតប្រើប្រាស់ភ្លឺប្រឡាយដើម្បីដាំដំណាំរួមផ្សំជិត ៤០ ហិកតា។ ក្នុងស្រែផលិតស្រូវ លើភ្លឺប្រឡាយដាំដំណាំ គួបផ្សំនឹងចិញ្ចឹមជ្រូកព្រៃ ចិញ្ចឹមគោ ហេតុនោះរៀងរាល់ឆ្នាំមានគ្រួសារជាច្រើនរកបានប្រាក់ចំណូលពី ២០០ លានដុងឡើងទៅ។ ដើម្បីបន្ថយភាពក្រីក្រដោយចីរភាព ឃុំបានផ្គត់ផ្គង់គោពូជដល់ប្រជាជន តាមរយៈទម្រង់រដ្ឋឧបត្ថម្ភ ៥០% អ្នកចិញ្ចឹមរួមចំណែក ៥០%។ របៀបធ្វើនេះ ជួយឱ្យមាមីងមានការទទួលខុសត្រូវជាមួយនឹងទម្រង់រកស៊ី ចិញ្ចឹមជីវិតរបស់ខ្លួនជាងទៀត ជៀសវាងសំអាងលើការឧបត្ថម្ភរបស់រដ្ឋ។
មកដល់ពេលនេះ ឃុំញូយ៉ា បានសម្រេចលក្ខឋានឃុំជនបទថ្មីកម្រិតខ្ពស់ទាំង ១៩។ ទូទាំងឃុំមានគ្រួសារសម្រេចបទដ្ឋានគ្រួសារវប្បធម៌ជាង ៨.០០០ គ្រួសារ (ស្រូបអត្រាជិត ៩៥%) ហើយភូមិទាំងអស់សុទ្ធតែសម្រេចបទដ្ឋានភូមិវប្បធម៌ជនបទថ្មី។ អត្រាគ្រួសារក្រីក្រថយចុះគួរឱ្យកត់សម្គាល់ ក្នុងនោះ គ្រួសារក្រីក្រដែលជាជនជាតិភាគតិចនៅតែ ៣៩ គ្រួសារប៉ុណ្ណោះ។
វាយតម្លៃអំពីដំណើរការអភិវឌ្ឍជនបទរបស់ភូមិភាគ លោក ង្វៀងក្វឹកហឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំញូយ៉ា ឱ្យដឹង៖ “អាស្រ័យប្រភពធនធានវិនិយោគរបស់រដ្ឋ ព្រមជាមួយនឹងការឯកភាពរបស់ប្រជាជន ប្រព័ន្ធគមនាគមន៍ជនបទនៅលើភូមិឋានឃុំកាន់តែមានភាពប្រសើរឡើង បង្កលក្ខណៈងាយស្រួលជូនប្រជាជនធ្វើដំណើរទៅមក ដឹកជញ្ជូន កសិផលនិងអភិវឌ្ឍការផលិត។ ទន្ទឹមនឹងនោះ ភូមិភាគក៏ផ្សព្វផ្សាយនូវទម្រង់ឧបត្ថម្ភការរកស៊ីចិញ្ចឹមជីវិត ជួយឱ្យជនរួមជាតិខ្មែរបង្កើនប្រាក់ចំណូល បន្ថយភាពក្រីក្រដោយចីរភាព។ ជីវភាពសម្ភារៈនិងស្មារតីរបស់មាមីងកាន់តែបានកែលម្អ រួមចំណែកកសាងឃុំជនបទថ្មីកម្រិតខ្ពស់”៕
វឌ្ឍា - វិមាន