មិនត្រឹមតែបំផ្លាញសុខភាពមនុស្សប៉ុណ្ណោះទេ គ្រឿងញៀនថែមទាំងជាមូលហេតុបង្កឱ្យមានបទល្មើសគ្រោះថ្នាក់ជាច្រើនប្រភេទ និងរុញច្រានគ្រួសារជាច្រើនឱ្យធ្លាក់ចូលក្នុងវិបត្តិខ្លោចផ្សារ។ ដើម្បីឆ្ពោះដល់កសាង “ឃុំគ្មានគ្រឿងញៀន” នាឆ្នាំ ២០២៦ នគរបាលឃុំអាងនិញ និងឃុំលិតហូយធឿង ទីក្រុងកឹងធើ បានសកម្មផ្សព្វផ្សាយអនុវត្តព្រមៗគ្នានូវវិធានការជាច្រើន ក្នុងការងារឃោសនាចល័ត និងដោយផ្ទាល់ អំពីការបង្ការប្រឆាំងគ្រឿងញៀន ដល់កម្មាភិបាល សមាជិក យុវជន និងប្រជាជន។
បច្ចុប្បន្ន ស្ថានភាពបទល្មើស និងអំពើអបាយមុខគ្រឿងញៀន មានការប្រែប្រួលយ៉ាងស្មុគស្មាញ ដោយមានវិធីសាស្ត្រ និងល្បិចកលយ៉ាងប៉ិនប្រសប់។ ជាពិសេស ការលេចឡើងនៃប្រភេទគ្រឿងញៀនចម្រុះថ្មីៗ ក្រោមសំបកមានភាពទាក់ទាញ បានជ្រៀតចូលក្នុងជីវភាពរស់នៅរបស់យុវវ័យ។ ផ្តើមពីភាពជាក់ស្តែងនោះ បានដាក់ចេញនូវបញ្ហាប្រឈមជាច្រើនសម្រាប់ការគ្រប់គ្រងនៅលើភូមិឋាន។ ដោយកំណត់ថា ការងារបង្ការក្នុងសង្គមគឺជាគន្លឺះនៃកូនសោរ នគរបាលឃុំលិតហូយធឿង បានម្ចាស់ការផ្លាស់ថ្មីវិធានការកៀកជិតប្រជាជន នាំយកខ្លឹមសារផ្សព្វផ្សាយឱ្យកាន់តែខិតជិតជាមួយប្រជាជន ដើម្បីលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន និង “និយាយថាទេ ចំពោះគ្រឿងញៀន”។

បណ្តាកងកម្លាំងអង្គការមហាជនឃុំលិតហូយធឿង ចូលរួមដង្ហែរក្បួន ដើម្បីផ្សព្វផ្សាយសារ “រួមចិត្តតែមួយ កសាងឃុំ សង្កាត់ មណ្ឌលពិសេស គ្មានគ្រឿងញៀន”។
តាមលោក ផាងថាញស៊ើង ប្រធាននគរបាលឃុំលិតហូយធឿង បានឱ្យដឹងោ៖ ដើម្បីឱ្យសារបង្ការ ប្រឆាំងគ្រឿងញៀន បានសាយភាយទូលំទូលាយ កងកម្លាំងនគរបាលឃុំ បានបង្កើនការរួមបញ្ចូលរវាងការផ្សព្វផ្សាយចល័ត រួមនឹងការចែកខិត្តប័ណ្ណណែនាំផ្ទាល់ដល់ប្រជាជនម្នាក់ៗ។ ជាពិសេស ក្នុងខែសកម្មភាពបង្កា ប្រឆាំងគ្រឿងញៀនកន្លង នគរបាលឃុំបានសហការជាមួយរដ្ឋអំណាចភូមិភាគ ចាត់តាំងពិធីបើកយុទ្ធនាការជាមួយប្រធានបទ “រួមចិត្តតែមួយ កសាងឃុំ សង្កាត់ មណ្ឌលពិសេស គ្មានគ្រឿងញៀន” សកម្មភាពនេះបានទាក់ទាញកម្មាភិបាល បក្ខជន សមាជិក និងយុវជនលើភូមិឋានជាង ១០០ នាក់ចូលរួម។ តាមរយៈនោះ ជួយលើកកម្ពស់ការយល់ដឹងរបស់កម្មាភិបាល បក្ខជន សមាជិក និងយុវជន អំពីគ្រោះថ្នាក់នៃគ្រឿងញៀន ផ្តើមពីនោះ ចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធ និងរាយការណ៍អំពីបទល្មើសគ្រឿងញៀន និងអំពើអបាយមុខសង្គម រួមចំណែករក្សាសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅលើភូមិឋាន។

កម្មាភិបាលនគរបាលឃុំអាងនិញ ផ្សព្វផ្សាយច្បាប់បង្ការ ប្រឆាំងគ្រឿងញៀនដល់សមាជិកសម្ព័ន្ធយុវជន។
នៅឃុំអាងនិញ ដើម្បីបង្ការ ទប់ស្កាត់អំពើអបាយមុខគ្រឿងញៀន ចាប់ពីដើមឆ្នាំមក កងកម្លាំងនគរបាលឃុំបានសហការជាមួយបណ្តាគណៈ ផ្នែក អង្គការមហាជន ចាត់តាំងផ្សព្វផ្សាយជាច្រើនលើក ក្នុងនោះ ចូលរួមផ្សព្វផ្សាយគាំទ្រ “ខែសកម្មភាពបង្ការ ប្រឆាំងគ្រឿងញៀន” ឆ្នាំ ២០២៦ បានទាក់ទាញកម្មាភិបាល បក្ខជន និងសម្ព័ន្ធយុវជនជាង ១០០ នាក់ចូលរួម។ ទន្ទឹមនឹងនោះ បានចាត់តាំងការផ្សព្វផ្សាយតាមឧគ្ឃោសនាស័ព្ទចល័តបាន ៨ លើក ព្យួរបដា៦ផ្ទាំង និងចែកលខិត្តប័ណ្ណផ្សព្វផ្សាយចំនួន ៣០០ សន្លឹក មានខ្លឹមសារអំពីគ្រោះថ្នាក់នៃគ្រឿងញៀននៅតាមផ្សារ សាលារៀន និងវត្តអារាមខ្មែរនានាក្នុងភូមិឋានឃុំ។ “ពេលបានកងកម្លាំងនគរបាលមកផ្សព្វផ្សាយ ខ្ញុំកាន់តែយល់ច្បាស់អំពីគ្រោះថ្នាក់នៃគ្រឿងញៀន ចាប់ពីពេលនោះ ខ្ញុំតែងតែដាស់តឿនកូនចៅឱ្យរស់នៅត្រឹមត្រូវស្អាតស្អំ ដាច់ខាតត្រូវជៀសឱ្យឆ្ងាយពីសារធាតុគ្រឿងញៀន ”។ លោកលីវ៉ន ប្រជាជននៅភូមិភាគ បានឱ្យដឹងដូច្នេះ។

កម្មាភិបាលនគរបាលឃុំអាងនិញ ផ្សព្វផ្សាយច្បាប់បង្ការ ប្រឆាំងគ្រឿងញៀនដល់ជនរួមជាតិខ្មែរ។
ទន្ទឹមនឹងការងារផ្សព្វផ្សាយក្នុងខែសកម្មភាពបង្កា ប្រឆាំងគ្រឿងញៀន នគរបាលឃុំបានប្រទះឃើញ និងចាប់ខ្លួនបាន ២ ករណី រួមមានជនល្មើស ៧ នាក់ បានចាត់តាំងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅភូមិភុងហេប និងភូមិភូនិញ A បានអនុវត្តការធ្វើតេស្តលើ ករណីសង្ស័យប្រើប្រាស់សារធាតុញៀនចំនួន ១៥ ករណី លទ្ធផលបានរកឃើញមាន ១០ ករណីវិជ្ជមាន និង ៧ ករណីអវិជ្ជមានជាមួយសារធាតុញៀន។ លទ្ធផលដែលសម្រេចបានក្នុងខែសកម្មភាពបង្កា ប្រឆាំងគ្រឿងញៀន បានបង្ហាញពីស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់របស់កងកម្លាំងនគរបាល និងបណ្តាអង្គការ អង្គការមហាជន ក្នុងការងារប្រយុទ្ធប្រឆាំង និងរាយការណ៍បទល្មើស ព្រមទាំងអំពើអបាយមុខគ្រឿងញៀននៅភូមិភាគ។ លោក តូថាញតុង ប្រធាននគរបាលឃុំអាងនិញ បានឱ្យដឹង៖ “ដើម្បីពង្រីកលទ្ធផលដែលសម្រេចបាន កងកម្លាំងនគរបាលឃុំនឹងបន្តពង្រីកតួនាទីជាកម្លាំងស្នូល ម្ចាស់ការធ្វើសេនាធិការ និងអនុវត្តប្រសិទ្ធភាពនូវចំណុចកំពូល បង្ការបង្រ្កាបបទល្មើសគ្រឿងញៀន; គ្រប់គ្រងយ៉ាងម៉ឺងម៉ាត់នូវភូមិឋាន និងមុខសញ្ញា។ ទន្ទឹមនឹងនោះ កៀរគរកម្លាំងនៃសង្គមនិងការចូលរួមយ៉ាងប្តូរផ្តាច់របស់ប្រព័ន្ធនយោបាយទាំងមូល ក្នុងចលនាប្រឆាំងគ្រឿងញៀន”។
ដោយការប្តេជ្ញាចិត្តនយោបាយខ្ពស់ ការចូលរួមប្រតិបត្តិការព្រមៗគ្នារបស់កងកម្លាំងនគរបាល រដ្ឋអំណាចមូលដ្ឋាន និងការស្រុះចិត្តរបស់ប្រជាជន ទិសដៅកសាងបណ្តាឃុំគ្មានគ្រឿងញៀននៅលើភូមិឋានទីក្រុងកឹងធើ កំពុងក្លាយជាការពិតបន្តិចម្តងៗ។ សង្គមមួយដែលគ្មានគ្រឿងញៀន មិនត្រឹមតែជាទិសដៅរបស់កងកម្លាំងសមត្ថកិច្ចប៉ុណ្ណោះទេ នៅទាំងបំណងប្រាថ្នារួមរបស់គ្រប់រូប គ្រប់គ្រួសារ និងទូទាំងសហគមន៍ផងដែរ៕
ថាញវ៉ាង-ត្រឹងរ៉ូន