វត្តកងជ័យរឹងរឹទ្ធិស័ក្ដិ “ផ្នោរកំបុត” ស្ថិតនៅភូមិផ្នោរកំបុត ឃុំហ៊ឹងម៉ី ខេត្តវិញឡុង មិនត្រឹមតែជាទីកន្លែងប្រតិបត្តិព្រះពុទ្ធសាសនារបស់ជនរួមខ្មែរប៉ុណ្ណោះទេ ថែមទាំងជាមជ្ឈមណ្ឌលអប់រំប្រពៃណី រួមចំណែកថែរក្សាភាសានិងអក្សរសាស្រ្តខ្មែរ បណ្តុះបណ្តាលធនធានព្រះសង្ឃនិងបង្កលក្ខណៈឱ្យយុវជនខ្មែរជាច្រើនបានបន្តការសិក្សា ដើម្បីលើកកម្ពស់ចំណេះដឹង។

សមណសិស្សសិក្សាថ្នាក់ពុទ្ធិកវិទ្យាល័យឆ្នាំទី ២ នៅវត្តផ្នោរកំបុត។
រៀងរាល់រដូវវិស្សមកាល ក្នុងបរិវេណវត្តផ្នោរកំបុត តែងមានសិស្សានុសិស្សរាប់រយនាក់មករៀនអក្សរខ្មែរ។ ថ្នាក់បង្រៀនអក្សរខ្មែរ ដោយឥតគិតថ្លៃ ដែលវត្តបានរៀបចំជាបន្តបន្ទាប់អស់ជាច្រើនឆ្នាំ មិនត្រឹមតែជួយឱ្យកុមារចេះអាន ចេះសរសេរអក្សរខ្មែរប៉ុណ្ណោះទេ ថែមទាំងអប់រំសីលធម៌ និងបណ្តុះស្មារតីស្រឡាញ់និងថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិផងដែរ។ សម្រាប់គ្រួសារខ្មែរជាច្រើន ការនាំកូនចៅមករៀនអក្សរខ្មែរនៅវត្តក្នុងរដូវវិស្សមកាល បានក្លាយជាប្រពៃណីដ៏ល្អមួយ ដែលបន្តរក្សារជាច្រើនជំនាន់។
ព្រះតេជគុណគឹមឆាយវ៉ារីយ៍ ព្រះចៅអធិការវត្តផ្នោរកំបុត មានថេរដីកា បន្ទាប់ពីសិស្សឈប់សម្រាកវិស្សមកាល វត្តបានបើកថ្នាក់បង្រៀនអក្សរខ្មែរដោយឥតគិតថ្លៃចំនួន ៥ ថ្នាក់ ចាប់់ពីថ្នាក់ទី១ ដល់ ថ្នាក់ទី៥ ដោយមានសិស្សជាង ៣០០ នាក់ចូលរៀនជារៀងរាល់ឆ្នាំ។ ថ្នាក់រៀនទាំងនេះបានចាត់តាំងបង្រៀននៅក្នុងបរិវេណវត្ត ក្រោមការបង្ហាត់ បង្រៀនរបស់ព្រះសង្ឃ ជួយឱ្យសិស្សមិនត្រឹមតែចេះអាន ចេះសរសេរអក្សរខ្មែរប៉ុណ្ណោះទេ ថែមទាំងយល់ដឹងអំពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងគុណតម្លៃសីលធម៌របស់ជនរួមជាតិខ្មែរផងដែរ។
ប្អូនគឹមចន្ទសោភ័ណ កំពុងរៀនថ្នាក់ទី ៥ អក្សរខ្មែរនៅវត្តផ្នោរកំបុត ឱ្យដឹង៖ “រៀងរាល់ឆ្នាំ នៅរដូវវិស្សមកាល ម្តាយឪពុកតែងនាំខ្ញុំមកវត្តរៀនអក្សរខ្មែរ។ ដោយសារព្រះសង្ឃបង្រៀនយ៉ាងយកចិត្តទុកដាក់ ខ្ញុំក៏ចេះអាននិងសរសេរអក្សរខ្មែរ។ ការមករៀននៅវត្តធ្វើឱ្យខ្ញុំសប្បាយចិត្ត ព្រោះបានជួបមិត្តភក្តិជាច្រើននិងបាននិយាយភាសាខ្មែរជារៀងរាល់ថ្ងៃ”។ ភាពរីករាយរបស់ប្អូនៗសិស្សានុសិស្ស គឺជាកម្លាំងចិត្តដល់ព្រះសង្ឃក្នុងការបន្តថែរក្សាថ្នាក់ បង្រៀនដោយឥតគិតថ្លៃ ដើម្បីរួមចំណែកអភិរក្សភាសានិងអក្សរខ្មែរ។
ក្រៅពីការបង្រៀនអក្សរខ្មែរ វត្តក៏បន្តបើកថ្នាក់ពុទ្ធិកសិក្សាសម្រាប់ព្រះសង្ឃដែរ។ បច្ចុប្បន្ន វត្តមានថ្នាក់ពុទ្ធិកអនុវិទ្យល័យ ចំនួន ៣ ថ្នាក់ គឺ៖ បាលីទី១, ទី២, ទី៣ និងថ្នាក់ពុទ្ធិកវិទ្យាល័យ ឆ្នាំទី២ ចំនួន ១ ថ្នាក់ ដែលមានសិក្ខាកាមសរុប ៩៨ អង្គនិងរូបកំពុងសិក្សា។ នេះជាបរិយាកាសអប់រំដែលជួយឱ្យព្រះសង្ឃទទួលបានចំណេះដឹងផ្នែកខាងពុទ្ធសាសនា ភាសាបាលី- ខ្មែរ ព្រមទាំងបណ្តុះសីលធម៌ វិន័យ និងជំនាញបម្រើសង្គម រួមចំណែកបណ្តុះបណ្តាលធនធានបន្តវេនសម្រាប់ពុទ្ធសាសនាទក្ខិណនិកាយខ្មែរ។
ព្រះតេជគុណគឹមឆាយវ៉ារីយ៍ ព្រះចៅអធិការវត្តផ្នោរកំបុត មានថេរដីកាបន្ថែម ក្រៅពីការបង្រៀនអក្សរខ្មែរនិងពុទ្ធិកសិក្សា វត្តក៏បានបង្កលក្ខណៈដល់ព្រះសង្ឃនិងយុវជនខ្មែរចំនួន ២០ អង្គនិងរូប បន្តការសិក្សានៅថ្នាក់អនុមហាវិទ្យាល័យនិងមហាវិទ្យាល័យ រួមចំណែកលើកកម្ពស់គុណភាពធនធានមនុស្សនៅភូមិភាគ។ ការរក្សានិងបន្តបើកថ្នាក់ទាំងនេះ បានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់វត្តក្នុងវិស័យអប់រំ រួមចំណែកអភិរក្សភាសា និងអក្សរខ្មែរ បណ្តុះសីលធម៌និងថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរសម្រាប់យុវជនជំនាន់ក្រោយ៕
ទីទុយ