វិញឡុងជាខេត្តមួយមានជនជាតិខ្មែររស់នៅកុះករនៅតំបន់វាលរាបទន្លេគឺវឡុង។ ទន្ទឹមនឹងកន្លែងទេសចរណ៍ដ៏ល្បីល្បាញជាច្រើន ដូចជាបូជនីយដ្ឋានអ៊ំហូ ឬមាត់សមុទ្របាដុងសារមន្ទីរវប្បធម៌ជនជាតិខ្មែរខេត្តវិញឡុង ក៏ជាកន្លែងទស្សនានាំមកនូវតម្លៃវប្បធម៌ដ៏ជ្រាលជ្រៅដែលភ្ញៀវទេសចរមិនគួរចោលរំលងនោះទេ។
សារមន្ទីរវប្បធម៌ជនជាតិខ្មែរខេត្តវិញឡុង ស្ថិតនៅក្បែររមណីដ្ឋានគូស្រះស្រីនិងវត្តអង្គររាជបូរី ដែលជាកេរដំណែលថ្នាក់ជាតិ។ សារមន្ទីរបានកសាងលើផ្ទៃដី ១.៧០០ ម៉ែត្រការ៉េ កាលពីថ្ងៃ ១៤ ខែមេសា ឆ្នាំ១៩៩២ សម្រេចរួចរាល់នៅចុងឆ្នាំ ១៩៩៦ និងបើកឱ្យប្រើប្រាស់កាលពីថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ១៩៩៧ ដោយទុនវិនិយោគសរុប ៣ ពាន់លានដុង។ នេះជាកន្លែងរក្សានូវវត្ថុបុរាណរាប់រយមុខ ដែលបង្ហាញពីជីវភាពសម្ភារៈ និងស្មារតីរបស់ជនជាតិខ្មែរពីបុរាណ។

ភ្ញៀវទេសចរមកទស្សនានៅសារមន្ទីរវប្បធម៌ជនជាតិខ្មែរខេត្តវិញឡុង។
ពេលមកទស្សនានៅសារមន្ទីរ ភ្ញៀវទេសចរនឹងមានចំណាប់អារម្មណ៍ចំពោះបរិវេណដ៏ធំទូលាយ ស្ងប់ស្ងាត់ ហើយបានព័ន្ធជុំវិញដោយដើមឈើបៃតង មានបរិស្ថានបរិសុទ្ធ ត្រជាក់ ជួយឱ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយ សុខស្រួល សមស្របដើម្បីស្វែងយល់និងទស្សនា។ សារមន្ទីរវប្បធម៌ជនជាតិខ្មែរខេត្តវិញឡុង បានសាងសង់តាមបែបស្ថាបត្យកម្មប្រពៃណី គួបផ្សំនឹងសម័យទំនើប រួមមានពីរជាន់។ ជាន់ផ្ទាល់ដី គឺការិយាល័យធ្វើការរបស់កម្មាភិបាល បុគ្គលិកសារមន្ទីរ និងដាក់វត្ថុតាំងតាមប្រធានបទជំនាញអំពីភូមិរបរធ្វើមកុដ មុខខ្មុក។ នៅក្រោមជណ្តើរឡើងទៅជាន់ខាងលើ កសាងស្រះមួយមានទ្រង់ទ្រាយអឌ្ឍចន្ទ ក្នុងស្រះគេចិញ្ចឹមត្រីលម្អជាច្រើន រួមចំណែកញ៉ាំងឱ្យបរិយាកាសកាន់តែស្រឡះស្រឡំ។ ឈានចូលខាងក្នុងសារមន្ទីរ ភ្ញៀវទេសចរហាក់ដូចជាកំពុងស្ថិតក្នុងបរិយាកាសវប្បធម៌ខ្មែរបុរាណ។ បន្ទប់បានដាក់វត្ថុតាំងយ៉ាងមានរបៀបរៀបរយតាមប្រធានបទត្រឹមត្រូវ ដូចជា៖ បន្ទប់ដាក់វត្ថុតាំងឧទ្ទេសនាមពីជំនឿសាសនារបស់ជនជាតិខ្មែរ; បន្ទប់ដាក់តាំងវត្ថុបុរាណបង្ហាញពីវប្បធម៌ការរស់នៅសាមញ្ញ ដោយមានទម្រង់រូបភាពផ្ទះសម្បែង ឧបករណ៍ផលិតកសិកម្ម និងឧបករណ៍ប្រជុំជីវកិច្ចរបស់ជនជាតិខ្មែរ; បន្ទប់ដាក់វត្ថុតាំងបង្ហាញពីភូមិរបរប្រពៃណី និងបន្ទប់ដាក់តាំងអំពីវប្បធម៌សិល្បៈ របាំ ល្ខោនយូរកេរ ព្រមជាមួយនឹងឧបករណ៍ភ្លេងដ៏សម្បូរបែបរបស់ជនជាតិខ្មែរ អាចចែកជាពីរប្រភេទ៖ ភ្លេងប្រជាប្រិយ និងភ្លេងពិណពាទ្យ។ អ្នកនាង ថាច់ធីភក្តី អ្នកអត្ថាធិប្បាយរបស់សារមន្ទីរ ឱ្យដឹង៖ "សារមន្ទីរដាក់តាំងវត្ថុបុរាណជាង ៨០០ មុខ ដែលបានស្រាវជ្រាវមកពីសំណាក់ប្រជាជន និងវត្តអារាមនានាជូន។ ក្នុងចំណោមវត្ថុបុរាណទាំងនោះ មានព្រះពុទ្ធបដិមាជាច្រើន បានកសាងពីប្រាក់និងស្ពាន់ដ៏មានតម្លៃ ព្រមជាមួយនឹងវត្ថុដាក់តាំងពីឈើ បានឆ្លាក់យ៉ាងល្អប្រណីត"។

បន្ទប់ដាក់តាំងឧទ្ទេសនាមអំពីជំនឿសាសនារបស់ជនជាតិខ្មែរ។

បន្ទប់ដាក់តាំងអំពីវប្បធម៌សិល្បៈរបាំ ល្ខោនយូរកេរ និងឧបករណ៍ភ្លេងរបស់ជនជាតិខ្មែរ។
ច្រើនឆ្នាំកន្លង សារមន្ទីរវប្បធម៌ជនជាតិខ្មែរខេត្តវិញឡុង តែងជាកន្លែងទស្សនាដ៏ទាក់ទាញអារម្មណ៍ចំពោះភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេស អ្នកស្រាវជ្រាវ និងអ្នកប្រមែប្រមូលវប្បធម៌។ ជារៀងរាល់ឆ្នាំ ទីនេះមានភ្ញៀវទេសចរប្រមាណ ២០.០០០ លើកនាក់ទាំងក្នុងនិងក្រៅប្រទេសបានមកទស្សនា។ ភ្ញៀវទេសចរមកកាន់ទីនេះ មិនត្រឹមគ្រាន់តែស្វែងយល់ពីវប្បធម៌ទាំងស្រុងរបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងអាចឆៀងចូលវត្តអង្គររាជបូរីអុជធូបបូជា និងគយគន់ទេសភាពគូស្រះស្រីដ៏ស្រស់ត្រកាលទៀតផង។ បង គឹមចូវតាយ ឱ្យដឹង៖ "ខ្ញុំតែងនាំកូនមកទស្សនាសារមន្ទីរនេះ ដើម្បីឱ្យកូនៗបានយល់ដឹងពីវប្បធម៌របស់ជនជាតិខ្មែរ ផ្តើមពីនោះអប់រំកូនឱ្យមានស្មារតីអភិរក្សអត្តសញ្ញាណវប្បធម៌របស់ជនជាតិយើង"។


ភ្ញៀវទេសចរទស្សនាវត្ថុដាក់តាំងនៅសារមន្ទីរជនជាតិខ្មែរខេត្តវិញឡុង។
អញ្ជើញមកទស្សនាសារមន្ទីរវប្បធម៌ជនជាតិខ្មែរខេត្តវិញឡុង ភ្ញៀវទេសចរនឹងមានឱកាសស្វែងយល់ពីលក្ខណៈប្រពៃណី ទំនៀមទម្លាប់ដ៏ល្អប្រសើររបស់ជនជាតិខ្មែរ។ ផ្តើមពីនោះ កាន់តែស្រឡាញ់ពេញចិត្តទឹកដី និងមនុស្សនៅទីនេះ។ ប្រសិនបើលោកអ្នកមានឱកាសមកទស្សនាកម្សាន្តនៅវិញឡុង ទីនេះពិតជាកន្លែងឈប់សម្រាកដ៏មានតម្លៃ និងនាំមកនូវបទពិសោធន៍គួរជាទីពេញចិត្ត និងធ្វើឱ្យដំណើរកម្សាន្តរបស់លោកអ្នកកាន់តែសម្បូរបែបជាងទៀត៕
ថាច់ស៊ីសូភូន