គោលនយោបាយឧបត្ថម្ភជនរួមជាតិកំពុងធ្វើឱ្យផ្លាស់ប្តូរជីវភាព ទិដ្ឋភាពនៅតំបន់ជនរួមជាតិខ្មែរនៅទីក្រុងកឹងធើជាបណ្តើរៗ រួមចំណែកពូនជ្រំទំនុកចិត្តរបស់ជនរួមជាតិចំពោះបក្ស និងរដ្ឋ។
ក្នុងអំឡុងប៉ុន្មានថ្ងៃនេះ ក្នុងផ្ទះថ្មីរបស់គ្រួសារពូលីសឿង នៅភូមិខ្វានតាង ឃុំឡុងភូ ពោរពេញដោយសំណើចក្អាកក្អាយ។ ក្រោយពីរស់នៅក្នុងផ្ទះទ្រុឌទ្រោមអស់រយៈកាលជាច្រើនឆ្នាំ ដល់រដូវភ្លៀង និងខ្យល់ព្យុះម្តងៗតែងព្រួយបារម្ភពីព្រោះផ្ទះដាច់លេចធ្លាយរហុយ ឥឡូវគ្រួសារគាត់បានរស់នៅក្នុងផ្ទះសមរម្យដែលសង់ឡើងដោយកម្មវិធីទិសដៅជាតិ អភិវឌ្ឍសេដ្ឋកិច្ច - សង្គម នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ (កម្មវិធី)។

គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំឡុងភូ ប្រគល់ផ្ទះមហាសាមគ្គីដល់លោកលីសឿង។
ពូលីសឿង ឱ្យដឹង៖ “ដោយបានឧបត្ថម្ភសង់ផ្ទះថ្មី ហេតុនោះជីវភាពកាន់តែលំនឹងជាងមុន។ ខ្ញុំមានវ័យចំណាស់ហើយ មិនអាចធ្វើអ្វីបានច្រើនទេ ប៉ុន្តែតែងតែលើកទឹកចិត្តកូនចៅឱ្យខិត ខំពលកម្ម អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ កែលម្អជីវភាព”។
គ្រួសារពូលីសឿង គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារខ្មែរជាច្រើននៅលើភូមិឋានឃុំបានទទួលផលពីគោលនយោបាយឧបត្ថម្ភសង់ផ្ទះ រួមចំណែកលំនឹងជីវភាព និងបង្កកម្លាំងចលករ ឈានឡើងចាកផុតពីភាពក្រីក្រ។ មិនត្រឹមតែឧបត្ថម្ភសង់ផ្ទះប៉ុណ្ណោះទេ ភូមិភាគនៅទាំងអនុវត្តគោលនយោបាយជាក់ស្តែងជាច្រើនទៀត ដើម្បីបង្កការរកស៊ីចិញ្ចឹមជីវិត ជួយគ្រួសារក្រីក្រមានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ច បង្កើនប្រាក់ចំណូលទៀតផង។
ចំណែកអ្នកមីង ត្រឹងធីរ៉ាញ់ នៅភូមិ ២ ឃុំឡុងភូ ជាគ្រួសារស្ថិតក្នុងក្របខណ្ឌគ្រួសារក្រីក្រ គ្មានដីផលិត ហើយថែមទាំងថែទាំកូនស្រីពិការទៀត ជីវភាពគ្រួសារផ្អែកលើរបរលក់ឆ្នោតជាចម្បង។ តាមរយៈកម្មវិធីនេះ អ្នកមីងបានឧបត្ថម្ភ ១០ លានដុងសម្រាប់ផ្លាស់ប្តូរមុខរបរ។ គាត់បានយកប្រាក់នេះទិញកង់អគ្គិសនីធ្វើជាមធ្យោបាយរកស៊ីចិញ្ចឹមជីវិត។ ដោយសារមានកង់ថ្មី គាត់អាចទៅលក់ឆ្នោតបានឆ្ងាយជាង បន្ថយការលំបាកនឿយហត់ និងរកបានប្រាក់ចំណូលប្រមាណពី ១០០.០០០ - ២០០.០០០ ដុងក្នុងមួយថ្ងៃ បានលំនឹងជីវភាពជាបណ្តើរៗ។
ឃុំឡុងភូ មានប្រជាជនរស់នៅ ៩.១០៩ គ្រួសារ ដោយមានជិត ៤០.០០០ នាក់ ក្នុងនោះជនរួមជាតិខ្មែរស្រូបអត្រាជាង ៥០% នៃចំនួនប្រជាជន។ ដំណាក់កាល ២០២១ - ២០២៥ ឃុំបានអនុវត្តកម្មវិធីនេះយ៉ាងមានប្រសិទ្ធភាព ជាមួយនឹងថវិកាសរុបជាង ១៥,៨ ពាន់លាន ដុង។ ដោយឡែកឆ្នាំ ២០២៥ ភូមិភាគបានអនុវត្តប្រភពទុនបន្ថយភាពក្រីក្រជាង ២,៧ ពាន់លានដុង ប្រមូលផ្តុំឧបត្ថម្ភធ្វើពិពិធកម្មការរកស៊ីចិញ្ចឹមជីវិត អភិវឌ្ឍផលិតកសិកម្ម ផ្គត់ផ្គង់ទឹកស្អាតរាយប៉ាយ និងជួសជុល ថែទាំសំណង់ផ្លូវគមនាគមន៍ជនបទ។ ភូមិភាគនៅទាំងបែងចែកថវិកាជាង ៣,១ ពាន់លានដុង ដើម្បីឧបត្ថម្ភដីធារផ្ទះ និងឧបត្ថម្ភសាងសង់ផ្ទះដល់គ្រួសារលំបាក។ ចាប់ពីឆ្នាំ ២០២១ មកទល់ពេលនេះ ឃុំសង់ផ្ទះបាន ៤៦ ខ្នងដល់គ្រួសារជនរួមជាតិខ្មែរ គិតជាទឹកប្រាក់សរុបជាង ២ ពាន់លានដុង រួមចំណែកកែលម្អលក្ខណៈរស់នៅ លំនឹងជីវភាព។ មកទល់ពេលនេះ ទូទាំងឃុំនៅមានគ្រួសារក្រីក្រចំនួន ១២៣ ក្នុងនោះគ្រួសារខ្មែរចំនួន ៧០ គ្រួសារ...។
ការការពារនិងថែទាំសុខភាពជនរួមជាតិ ក៏បានរដ្ឋអំណាចទីក្រុងគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់។ ឆ្នាំ ២០២៥ ទីក្រុងកឹងធើឧបត្ថម្ភទិញប័ណ្ណធានារ៉ាប់រងសុខាភិបាល ២.៣៥៩ ប័ណ្ណ ជូនដល់ជនជាតិភាគតិចដែលមានស្ថានភាពលំបាកនៅលើភូមិឋានទីក្រុង។ នៅឃុំតឹងថាញ់ ជនរួមជាតិបានទទួលផលពីគោលនយោបាយនេះ មានអារម្មណ៍នឹងនរចិត្តពេលឈឺថ្កាត់ម្តងៗ។

ការថែទាំសុខភាពជូនជនរួមជាតិខ្មែរនៅឃុំឡុងភូ តែងបានយកចិត្តទុក។
អ្នកស្រី ថាច់ធីសាភាព នៅភូមិសុកយុង ឃុំតឹងថាញ់ ឱ្យដឹង៖ “ខ្ញុំមានជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងធ្លាប់បានធ្វើអន្តរាគមន៍សរសៃឈាម ដូច្នេះខ្ញុំតែងពិនិត្យនិងតាមដានសុខភាពជាប្រចាំ។ ដោយសារមានប័ណ្ណធានារ៉ាប់រងសុខាភិបាល ម្ល៉ោះហើយថ្លៃពិនិត្យនិងព្យាបាលថយចុះយ៉ាងច្រើន។ គោលនយោបាយនេះ ជួយប្រជាជនក្រីក្រដូចខ្ញុំស្ងប់អារម្មណ៍យ៉ាងខ្លាំង”។
តាមប្រសាសន៍លោក លីមិញហា អនុប្រធានការិយាល័យគោលនយោបាយនិងឃោសនានៃមន្ទីរជនជាតិនិងសាសនាទីក្រុង ដោយសារវិនិយោគព្រមៗគ្នា និងឧបត្ថម្ភទាន់ពេលវេលា ទើបប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជនជាតិភាគតិចបន្តធ្វើឱ្យសុក្រឹត; សំណង់ធារាសាស្ត្រ អគ្គិសនី និងទឹកស្អាត ជាសារវន្តអាចឆ្លើយតបនឹងតម្រូវការផលិតនិងប្រើប្រាស់; ការថែទាំសុខភាពកាន់តែមានគុណភាពខ្ពស់ជាងមុន។ ផ្តើមពីនោះ ពង្រឹងទំនុកចិត្តប្រជាជនខ្ពស់ជាងទៀត បន្តបញ្ចេញកម្លាំងអភិវឌ្ឍសេដ្ឋកិច្ច ឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព៕
BOX៖
ទីក្រុងកឹងធើ មានជនរួមជាតិខ្មែររស់នៅជាង ៥៤៣.០០០ នាក់ ស្រូបអត្រាជាង ១៤% នៃចំនួនប្រជាជនទូទាំងទីក្រុង។ ការអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០២៥ ភូមិភាគនានានៅលើភូមិឋានបានបែងចែកប្រភពធនធានគួរឱ្យកត់សម្គាល់ ដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧបត្ថម្ភការរកស៊ីចិញ្ចឹមជីវិត និងបន្ថយភាពក្រីក្រ។ នៅភូមិឋានសុកត្រាំង និងហូវយ៉ាងពីមុន បានបែងចែកថវិកាជាង ១.៥២០ ពាន់លានដុង ដើម្បីអនុវត្តកម្មវិធីនេះ; នៅទីក្រុង កឹងធើ (ចាស់) ក៏បានម្ចាស់ការផ្គួបបញ្ចូលថវិកាជាង ៦៤ ពាន់លានដុងពីថវិកាភូមិភាគ ដើម្បីឧបត្ថម្ភអភិវឌ្ឍផលិតដល់ជនរួមជាតិខ្មែរផងដែរ៕
គឹមង៉ុក - វិមាន