11/06/2026 - 06:22

រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​តំ​បន់​ជន​បទ​ហូ​ដាក់​គៀង 

រយៈ​ពេល​កន្លង ឃុំ​ហូ​ដាក់​គៀង ទី​ក្រុង​កឹង​ធើ បាន​អនុ​វត្ត​ទម្រង់ “ភ្លើង​បំ​ភ្លឺ​ផ្លូវ​ជន​បទ” ដែល​បាន​និង​កំ​ពុង​ពង្រីក​តួ​នា​ទី និង​ប្រ​សិទ្ធ​ភាព​វិជ្ជ​មាន ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​នៅ​ពេល​យប់​ផង រួម​ចំ​ណែក​បង្ការ​ទប់​ស្កាត់ និង​ប្រ​ឆាំង​បទ​ល្មើស​គ្រប់​ប្រ​ភេទ​នៅ​តំ​បន់ជន​បទ​ផង។

ទម្រង់ ”ភ្លើង​បំ​ភ្លឺ​ផ្លូវ​ជន​បទ” នៅ​ឃុំ​ហូ​ដាក់​គៀង ទី​ក្រុង​កឹង​ធើ។

ផ្តើម​ពី​តថ​ភាព​ខាង​លើ នៅ​ដើម​ឆ្នាំ​២០២៥ រដ្ឋ​អំ​ណាច​ភូមិ​ភាគ រួម​ជា​មួយ​នគរ​បាល​ឃុំ​ហូ​ដាក់​គៀង បាន​ឯក​ភាព​ដាក់​ចេញ​នូវ​ការ​កសាង ទម្រង់ “ភ្លើង​បំ​ភ្លឺ​ផ្លូវ​ជន​បទ” ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ប្រ​ជា​ជន​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ពេល​យប់​ផង​និង​រួម​ចំ​ណែក​បង្ការ និង​បង្ក្រាប​បទ​ល្មើស​គ្រប់​ប្រ​ភេទ​ផង។ តាម​ទិស​ស្លោក “រដ្ឋ​និង​ប្រ​ជា​ជន​រួមគ្នា​ធ្វើ” ភូមិ​ភាគ​បាន​ចល​នា​បណ្តា​អង្គ​ការ​និង​សប្បុ​រស​ជនរួម​វិភាគ​ទាន​បាន​ចំ​នួន​៧០​លាន​ដុង ដើម្បី​ដាក់​ប្រ​ព័ន្ធ​ភ្លើង​បំ​ភ្លឺ​តាម​បណ្តោយ​ផ្លូវ​គិញ​គូ ភូមិ​ដាក់​ថើយ មាន​ប្រ​វែង​សរុប​ជាង ២.០០០ ម៉ែត្រ និង​ភូមិ​ដាក់​ថាំង មាន​ប្រ​វែង​ផ្លូវ​ទាំង​ ៣ សរុប​ជាង ៤.០០០ ម៉ែត្រ ដោយ​ថវិ​កា​សម្រាប់​ដំ​ឡើង​ប្រ​ព័ន្ធ​ភ្លើង​បំ​ភ្លឺ​នេះ​ជាង​១០០​លាន​ដុង។ ក្នុង​ឆ្នាំ​២០២៦ ភូមិ​ដាក់​ថាំង​បន្ត​កៀរ​គរ​ប្រ​ភព​ធន​ធាន​ក្នុង​សង្គម ដើម្បី​ដំ​ឡើង​ប្រ​ព័ន្ធ​ភ្លើង​បំ​ភ្លឺ​ដោយ​ថាម​ពល​ព្រះ​អា​ទិត្យ តាម​ដង​ផ្លូវ​គមនា​គមន៍​ជន​បទ​ប្រ​វែង​២.០០០ ម៉ែត្រ ដោយ​គម្រោង​ថវិ​កា​ជាង៣០​លាន​ដុង។ តាម​រយៈ​ការ​ជំ​រុញ​ដំ​ឡើង​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ជន​បទនៅ​លើ​ភូមិ​ឋាន​ឃុំ​ហូ​ដាក់​គៀង បាន​ជួយ​ធា​នា​សុ​វត្ថិ​ភាព​ចរា​ចរណ៍ បន្ថយ​គ្រោះ​ថ្នាក់ និង​បន្ថយ​បទ​ល្មើស​ចោរ​កម្ម ក៏​ដូច​ជា​អំ​ពើ​អបាយ​មុខ​សង្គម​នា​នា ដោយ​សារ​មាន​ភ្លើង​បំ​ភ្លឺ​ផ្លូវ ព្រម​ទាំង​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​និង​ជំ​រុញ​លក្ខ​ឋាន​កសាង​ជន​បទ​ថ្មី។ បង​ស្រី​ឡេ​ធី​ង៉ុក​ទីម ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ដាក់​ថើយ បាន​ឱ្យ​ដឹង ចាប់​តាំង​ពី​មាន​ប្រ​ព័ន្ធ​ភ្លើង​អុជ​បំ​ភ្លឺ ការ​ធ្វើ​ដំ​ណើរ​នៅ​ពេល​យប់​មាន​ភាព​ងាយ​ស្រួល​ជាង​មុន ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​បាន​ថយ​ចុះ ចំ​ណង​សាម​គ្គី​ភាព​ភូមិ​ផង​របង​ជា​មួយ​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ។

វាយ​តម្លៃ​ពី​ប្រ​សិទ្ធ​ភាព​នៃ​ទម្រង់​នេះ វរសេ​នីយ៍​ទោ​យ៉ីប​ឃឿង​ចូវ អនុ​ប្រ​ធាន​នគរ​បាល​ឃុំ​ហូដាក់​គៀង បាន​ឱ្យ​ដឹង ក្រោយ​រយៈ​ពេល​មួយ​ឆ្នាំ​ដំ​ណើរ​ការ​ទម្រង់ “ភ្លើង​បំ​ភ្លឺ​ផ្លូវ​ជន​បទ” បាន​បង្ហាញ​ពី​ប្រ​សិទ្ធ​ភាព​យ៉ាង​ច្បាស់​ក្នុង​កិច្ច​ការ​ធា​នា​សន្តិ​សុខ សណ្តាប់​ធ្នាប់ និង​សុ​វត្ថិ​ភាព​ចរា​ចរណ៍​នៅ​តំ​បន់​ជន​បទ។ នៅ​តាម​មណ្ឌល​ដែល​បាន​ដំ​ឡើង​ប្រ​ព័ន្ធ​ភ្លើង​អុជ​បំ​ភ្លឺ ស្ថាន​ភាព​លួច​ឆក់​ទ្រព្យ​សម្បត្តិ​លែង​កើត​មាន និង​អំ​ពើ​អបាយ​មុខ​ផ្សេងៗ​បាន​ទប់​ស្កាត់ ធ្វើ​ឱ្យ​ប្រ​ជា​ជន​ស្ងប់​អា​រម្មណ៍​ក្នុង​ការ​ពល​កម្ម​ផលិត។ នៅ​ពេល​ខាង​មុខ កង​កម្លាំង​នគរ​បាល​ឃុំ​នឹង​បន្ត​ពង្រីក​នូវ​លទ្ធ​ផល​ដែល​សម្រេច​បាន​ជំ​រុញ​កិច្ច​ការ​ឃោស​នា និង​ចល​នា​ប្រ​ជា​ជន​ឱ្យ​ចូល​រួម​ចល​នា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ ពង្រឹង​វិធាន​ការ​ជំ​នាញ ម្ចាស់​ការ​ក្នុង​ការ​បង្ការ​និង​ប្រ​ឆាំង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ប្រ​ឆាំង​នឹង​បទ​ល្មើស​គ្រប់​ប្រ​ភេទ ដើម្បី​រួម​ចំ​ណែក​កសាង​ភូមិ​ភាគ​ឱ្យ​មាន​សុ​វត្ថិ​ភាព​និង​អភិ​វឌ្ឍន៍​ដោយ​ចីរ​ភាព។

ទម្រង់ “ភ្លើង​បំ​ភ្លឺ​ផ្លូវ​ជន​បទ” បាន​ធ្វើ​ឱ្យ​ទិដ្ឋ​ភាព​ជន​បទ​ផ្លាស់​ថ្មី។ គ្រប់​អំ​ពូល​ភ្លើង​ដែល​បាន​ដំ​ឡើង តាម​បណ្តោយ​ដង​ផ្លូវ មិន​ត្រឹម​តែ​ជួយ​អុជ​បំ​ភ្លឺ​ក្នុង​រាត្រី​កាល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​នាំ​មក​នូវ​ក្តី​រីក​រាយ ក្តី​ទំ​នុក​ចិត្ត​និង​សុ​វត្ថិ​ភាព​សម្រាប់​ប្រ​ជា​ជន​គ្រប់​គ្នា។ កុមារ​ដែល​ត្រ​ឡប់​មក​ពី​រៀន​បន្ថែម​ពេល​យប់​លែង​មាន​ការ​ភ័យ​ខ្លាច​ទៀត​ហើយ ប្រ​ជា​ជន​មាន​ភាព​ងាយ​ស្រួល​ជាង​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ ការផលិត​និង​ការ​ប្រា​ស្រ័យ​ទាក់​ទង​គ្នា​ក្នុង​ជីវ​ភាព​រស់​នៅ ហើយ​ថែម​ទាំង​រួម​ចំ​ណែក​ក្នុង​ការ​បង្ការ​និង​ប្រ​ឆាំង​នឹង​បទ​ល្មើស​គ្រប់​ប្រ​ភេទ ដូច​ជា​ការ​ឆក់​ប្លន់ និង​ចោរ​កម្ម ធា​នា​បាន​នូវ​ភាព​សុខ​សាន្ត​សម្រាប់​តំ​បន់​ជន​បទ​ហូ​ដាក់​គៀង៕

  ដា​លីន

ចែករំលែកអត្ថបទ