28/05/2026 - 06:28

លំ​នឹង​ចិត្ត​ទៅ​រៀន 

អនុវត្ត​កម្ម​វិធី “ជំ​រុញ​ដំ​ណើរ​ប្អូនៗ​ទៅ​សា​លា” និង​គម្រោង “កម្មា​ភិ​បាល យុទ្ធ​ជន​កង​ទ័ព ជំ​រុញ​ដំ​ណើរ​ប្អូនៗ​ទៅ​សា​លា” បាន​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ផ្សព្វ​ផ្សាយ អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ជួយ​ដល់​សិស្ស​ក្រី​ក្រ​ជា​ច្រើន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ មាន​ឱកាស​បន្ត​ការ​សិក្សា។

គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ក្រី​ក្រ។

អស់​រយៈ​កាល​១០​ឆ្នាំ​អនុ​វត្ត​កម្ម​វិធី “ជំ​រុញ​ដំ​ណើរ​ប្អូនៗ​ទៅ​សា​លា” បណ្តា​អង្គ​ភាព ចំ​ណុះ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន បាន​ជួយ​ឧបត្ថម្ភ​ដល់​សិស្សា​នុសិស្ស​ចំ​នួន ៣៦ លើក​នាក់ ចាប់​ពី​ថ្នាក់​ទី ១ ដល់​ថ្នាក់​ទី​១២ ជា​មួយ​នឹង​កម្រិត​ឧបត្ថម្ភ​សិស្ស​ម្នាក់ ៥០០​.០០០ ដុង​ក្នុង​មួយ​ខែ ដោយ​ថវិ​កា​សរុប​ជាង ២ ពាន់​លាន​ដុង។ គម្រោង “កម្មា​ភិ​បាល យុទ្ធ​ជន​កង​ទ័ព ជំ​រុញ​ដំ​ណើរ​ប្អូន​ទៅ​សា​លា” បាន​ជួយ​ឧបត្ថម្ភ​ដល់​សិស្ស​ចំ​នួន​១១​នាក់ ជា​មួយ​នឹង​ទឹក​ប្រាក់​សិស្ស​ម្នាក់​៧.៤​០០​.០០០ដុង​ក្នុង​មួយ​ឆ្នាំ។ ប្រ​ភព​ថវិកា​សម្រាប់​អនុ​វត្ត​កម្ម​វិធី​នេះ អា​ស្រ័យ​កម្មា​ភិ​បាល យុទ្ធ​ជន​ស្ម័គ្រ​ចិត្ត​រួម​ចំ​ណែក​ពី​ប្រាក់​បៀ​វត្សរ៍​និង​ប្រាក់​បំ​ណាច់​ប្រ​ចាំ​ខែ។ នេះ​បង្ហាញ​ពី​ស្មារ​តី​ទទួល​ខុស​ត្រូវ​និង​មនោ​សញ្ចេត​នា​របស់​យុទ្ធ​ជន​ពាក់​សក្តិ​ខៀវ​ចំ​ពោះ​សិស្សា​នុសិស្ស។

តាម​ការ​វាយ​តម្លៃ​ប្រ​ចាំ​ឆ្នាំ មាន​សិស្ស ១៥ នាក់ ទទួល​បាន​លទ្ធ​ផល​សិក្សា​ល្អ​និង​ឆ្នើម សិស្ស​២១ នាក់​ទទួល​បាន​លទ្ធ​ផល​បង្គួរ ក្នុង​នោះ​មាន​សិស្ស ៤​នាក់​កំ​ពុង​សិក្សា​ថ្នាក់​ទី ១២។ លទ្ធ​ផល​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ប្អូនៗ​តែង​មាន​ឆន្ទៈ​និង​ប្តេជ្ញា​ឈាន​ឡើង​ក្នុង​ការ​សិក្សា។ ប្អូន​ដាវ​សំ​ណាង សិស្ស​ថ្នាក់​ទី​១២A៤ អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ឡាយ​ហ្វា រៀប​រាប់៖ “ខ្ញុំ​ទទួល​បាន​ការ​ឧបត្ថម្ភ​ពីពូៗ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​តាំង​ពី​ឆ្នាំ​២០២២ មក​ដល់​សព្វ​ថ្ងៃ មធ្យម​៧,៤ លាន​ដុង​ក្នុង​មួយ​ឆ្នាំ។ នេះ​ជា កម្លាំង​ចល​ករ​ជួយ​ឱ្យ​ខ្ញុំ​សិក្សា​បាន​ល្អ​និង​ចិញ្ចឹម​ក្តី​ប្រាថ្នា​ចូល​រៀន​មហា​វិទ្យា​ល័យ។ ក្រៅ​ពី​នេះ ក្នុង​ឱកាស​បើក​បវេសន​កាល ពិ​ធី​បុណ្យ​ទាន​ផ្សេងៗ បុណ្យ​ចូល​ឆ្នាំ​ថ្មី និង​បូក​សរុប​លទ្ធ​ផល​ចុង​ឆ្នាំ ពូៗ កង​ទ័ព​ការ​ពារ​ព្រំ​ដែន ថែម​ទាំង​ជូន​អា​ហា​រូប​ករណ៍ រួម​នឹង​សម្ភារៈ​សិក្សា​ជា​ច្រើន​ទៀត ធ្វើ​ឱ្យ​ខ្ញុំ​មាន​ទំ​នុក​ចិត្ត​លើ​ខ្លួន​ឯង​ក្នុង​ការ​សិក្សា ហេតុ​នេះ​ហើយ ទើប​ខ្ញុំ​ចាត់​ទុក​ពូៗ​ដូច​ជា​ឪ​ពុក​ទី​ពីរ​របស់​ខ្ញុំ​អញ្ចឹង”។ ចំ​ណែក​អ្នក​មីង គឹ​ម​សា​មី នៅ​ឃុំ​វិញ​ហាយ ឱ្យ​ដឹង៖ “គ្រួ​សារ​មាន​ជីវ​ភាព​លំ​បាក ខ្ញុំ​អា​យុ​កាន់​តែ​ចាស់ ចំ​ណែក​កូន​ស្រី​មាន​ជំងឺ​សរ​សៃ​ប្រ​សាទ ហេតុ​នេះ​ក្នុង​ចំ​ណោម​កូន​៤​នាក់ មាន​តែ​ម្នាក់​បាន​ទៅ​រៀន។ នោះ​គឺ​កូន​ដែល​ច្រើន​ឆ្នាំ​កន្លង បាន​ពូៗ​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទទួល​ចិញ្ចឹម ឧបត្ថម្ភ​ថវិ​កា សម្លៀក​បំ​ពាក់ សៀវ​ភៅ ប៊ិក ដើម្បី​បាន​ទៅ​រៀន ដូច្នេះ គុណ​បំ​ណាច់​នេះ​ខ្ញុំ​នឹង​ចង​ចាំ​ជា​និច្ច”។

ទន្ទឹម​នឹង​នោះ ក្នុង​រយៈ​ពេល​១០​ឆ្នាំ​កន្លង កង​ទ័ព​ការ​ពារ​ព្រំ​ដែន​នៅ​ទាំង​សហ​ការ​ជា​មួយ​សមា​គម​ជំ​រុញ​ការ​សិក្សា​ទី​ក្រុង​កឹង​ធើ ជូន​អា​ហា​រូប​ករណ៍ ១.៨៦១ ចំ​ណែក (ក្នុង​មួយ​ចំ​ណែក​១ លាន​ដុង) ជូន​កង់ ១១៤​ គ្រឿង (ក្នុង​មួយ​គ្រឿង ២ លាន​ដុង) សៀវ​ភៅ​សរ​សេរ ៤០​.០០០ ក្បាល​និង​សម្ភារៈ​សិក្សា​ផ្សេងៗ​ជា​ច្រើន​ទៀត។ អំ​ណោយ​ទាំង​នេះ ជា​កម្លាំង​ចល​ករ ដើម្បី​ឱ្យ​សិស្ស​ក្រី​ក្រ និង​សិស្ស​ជន​ជាតិ​ខ្មែរ​បាន​ទៅ​រៀន។ វរសេ​នីយ៍​ឯក ហា​ហ្វី​ទ្រឿង ស្នង​ការ​នយោ​បាយ​រង​នៃ​គណៈ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ទី​ក្រុង​កឹង​ធើ បញ្ជាក់៖ “រយៈ​ពេល​កន្លង កម្ម​វិ​ធី “ជំ​រុញ​ដំ​ណើរ​ប្អូនៗ​ទៅ​សា​លា” បាន​ក្លាយ​ជា​ទី​បង្អែក​ស្មារ​តី​ដ៏​រឹង​មាំ បំ​ផុស​បំ​ណង​ប្រាថ្នា​សិក្សា​រៀន​សូត្រ និង​ការ​រួម​ចំ​ណែក​របស់​សិស្សា​នុសិស្ស​នៅ​តំ​បន់​សមុទ្រ។ ទន្ទឹម​នឹង​នោះ រួម​ចំ​ណែក​ពង្រឹង​ជំ​នឿ​ទុក​ចិត្ត​របស់​ប្រ​ជា​ជន​ចំ​ពោះ​បក្ស រដ្ឋ និង​កង​ទ័ព បង្កើន​ទំ​នាក់​ទំ​នង​សាមគ្គី​ភាព​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន ក​សាង “ទី​តាំង​យុទ្ធ​សាស្ត្រ​ទឹក​ចិត្ត​ប្រ​ជា​ជន” យ៉ាង​រឹង​មាំ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ”៕    

                                      យ្វី​អាញ-ដា​លីន

ចែករំលែកអត្ថបទ