ជាស្ពានចម្លងដ៏សកម្មក្នុងការផ្សព្វផ្សាយនូវគោលការណ៍ គោលនយោបាយឧបត្ថម្ភដល់សមាជិកាទាន់ពេលវេលា រយៈពេលកន្លង សាខាសមាគមនារីភូមិ ៨A ឃុំវិញធ្វឹងដុង ទីក្រុងកឹងធើ បានពង្រីកយ៉ាងល្អនូវតួនាទីគិតគូរជីវភាពផ្នែកសម្ភារៈ និងស្មារតីជូនបងប្អូននារីនៅភូមិភាគ។ ក្នុងនោះ បងស្រីធីធូ ប្រធានសាខាសមាគមនារីភូមិ ៨A តែងសកម្ម រវៀសរវៃ មានការទទួលខុសត្រូវខ្ពស់និងខិតខំប្រឹងប្រែងក្នុងការឃោសនា ចលនាសមាជិកាចូលរួមក្នុងចលនាប្រឡងប្រណាំង ព្រមទាំងជួយឧបត្ថម្ភនារីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ រួមចំណែកកសាងអង្គការសមាគមកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយមានភាពជិតដិត និងការលះបង់អស់ពីចិត្ត បងស្រីទទួលបានការស្រឡាញ់រាប់អានពីសំណាក់សមាជិកាជាច្រើន។

បងស្រីធីធូ គំរូកម្មាភិបាលសមាគមម្នាក់ដែលមានការខិតខំប្រឹងប្រែង
និងអស់ពីចិត្តចំពោះការងារ។
ក្នុងតួនាទីជាប្រធានសាខាសមាគមនារី បងស្រី តែងជិតដិតជាមួយនឹងជីវភាពរបស់សមាជិកាឧស្សាហ៍ជួបប្រាស្រ័យ ដើម្បីស្វែងយល់ពីបំណងប្រាថ្នារបស់សមាជិកាដែលមានជីវភាពលំបាកខ្វះខាត។ ផ្ដើមពីនោះ បងស្រីបានសហការយ៉ាងសកម្មជាមួយកម្មាភិបាលទទួលបន្ទុកការងារបន្ថយភាពក្រីក្ររបស់ឃុំ ក៏ដូចជាធនាគារគោលនយោបាយសង្គម ដើម្បីជួយឧបត្ថម្ភប្រភពទុនបុលសម្រាប់អនុវត្តទម្រង់ផលិតដែលមានប្រសិទ្ធភាព។ តាមបងស្រីធីធូ បច្ចុប្បន្នសាខាសមាគមមានសមាជិកាចំនួន ៥០ រូប ហើយជារៀងរាល់ឆ្នាំ បងស្រីបានធ្វើសេនាធិការដល់ធនាគារគោលនយោបាយសង្គម បង្កលក្ខណៈឱ្យសមាជិកាចំនួន ១០ រូបបានបុលទុន ដើម្បីអនុវត្តទម្រង់ចិញ្ចឹមកន្ធាយ អន្ទង់ ត្រី... ដោយមានចំនួនទឹកប្រាក់សរុបជាង ៥០០ លានដុង។ ផ្ដើមពីភាពសកម្មនិងអស់ពីចិត្តពីថ្លើមទាំងនោះ ជារៀងរាល់ឆ្នាំ មានសមាជិកាពី ១ ដល់ ២ រូបបានរួចផុតភាពក្រីក្រ។ លោកស្រីលីធីយ៉ា រស់នៅភូមិ ៨A ចែករំលែក៖ “កាលពីឆ្នាំ ២០២០ គ្រួសារខ្ញុំមិនទាន់មានទិសដៅអភិវឌ្ឍសេដ្ឋកិច្ចលំនឹងនៅឡើយ ពេលនោះបានបងស្រីធូ មកដល់ផ្ទះដើម្បីប្រឹក្សាយោបល់អំពីទម្រង់ផលិត និងជួយឧបត្ថម្ភបុលទុនចំនួន ៥០ លានដុងពីធនាគារគោលនយោបាយសង្គម ដើម្បីដំណើរការទម្រង់ចិញ្ចឹមកន្ធាយ។ អាស្រ័យហេតុនោះ រយៈពេល ៦ ឆ្នាំមកនេះ គ្រួសារខ្ញុំមានប្រភពចំណូលលំនឹង”។
ទន្ទឹមនឹងការគិតគូរជីវភាពជូនសមាជិកា បងស្រីធូ នៅទាំងអនុវត្តយ៉ាងល្អនូវចលនាផ្សេងៗរបស់សមាគមនារីទៀតផង។ ក្នុងនោះ មានចលនាដូចជា៖ ចលនា “គ្មាន៥ ស្អាត៣” នារីសកម្មរៀនសូត្រ ពលកម្មច្នៃប្រតិដ្ឋ កសាងគ្រួសារសុភមង្គល”, “នារីពូកែធ្វើសេដ្ឋកិច្ច”... ដែលជានិច្ចកាលទទួលបានការចូលរួមយ៉ាងកុះករពីសំណាក់សមាជិកា និងនាំមកនូវប្រសិទ្ធភាពវិជ្ជមានជាច្រើន។ ជាច្រើនឆ្នាំកន្លង ដើម្បីអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី បងស្រីបានចលនាសមាជិកា កាប់ឆ្ការព្រៃស៊ុបទ្រុប និងដាំដើមផ្កាដកខិមរាប់ពាន់ដើម នៅលើដងផ្លូវជនបទ ព្រមទាំងកៀរគរជាអំណោយរាប់រយចំណែក រួមមាន៖ អង្ករ គ្រឿងឧបភោគបរិភោគ សៀវភៅសរសេរសំពៀត និងអាហារូបករណ៍ជូនសិស្សានុសិស្សជាជនជាតិខ្មែរដែលមានជីវភាពលំបាកនៅភូមិភាគ។
លោកស្រី ត្រឹងង្វៀងធូហាយ ប្រធានសមាគមសហព័ន្ធនារីឃុំវិញធ្វឹងដុង ឱ្យដឹង៖ “បងស្រីធូ មានការខ្នះខ្នែងនិងអស់ពីចិត្តពីថ្លើមចំពោះការងារសមាគម។ តែងតែខិតខំរៀនសូត្រ មានស្មារតីសាមគ្គីភាពខ្ពស់ និងបំពេញបានយ៉ាងល្អនូវរាល់ភារកិច្ចដែលបានប្រគល់។ មិនត្រឹមតែពូកែការងារសង្គមប៉ុណ្ណោះទេ បងស្រីធីធូ នៅទាំងជាភរិយា និងជាម្ដាយដ៏ហ្មត់ចត់ក្នុងគ្រួសារ ហើយពិតសមជាគំរូសម្រាប់គ្រប់គ្នារៀនសូត្រតាម”៕
ថាញវ៉ាង - ថាច់ធី