22/05/2026 - 08:41

សិក្ខា​គា​រិក​និង​សញ្ញា​បត្រ​បាន​បញ្ចូល​ក្នុង​កម្ម​វិធី VNeID៖ ជំ​ហាន​វិវឌ្ឍន៍​ក្នុង​ការ​ក​សាង​ទិន្ន​ន័យ​អប់​រំ​ 

យោង​តាម​អនុ​ក្រឹត្យ​លេខ ៨៨/​២០២៦​/NĐ-CP របស់​រដ្ឋា​ភិ​បាល ស្តី​ពី​ការ​គ្រប់​គ្រង​ទិន្ន​ន័យ​អប់​រំ​និង​បណ្តុះ​បណ្តាល ដែល​មាន​សុ​ពល​ភាព​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​ឧស​ភា​ ឆ្នាំ​២០២៦ ទិន្ន​ន័យ សិក្ខា​គារិក​ សញ្ញា​បត្រ និង​វិញ្ញា​បន​បត្រ​របស់​អ្នក​សិក្សា នឹង​បាន​បញ្ចូល​ក្នុង​កម្ម​វិធី VNeID ដើម្បី​បម្រើ​ដល់​ការ​ទាញ​យក​និង​ប្រើ​ប្រាស់​ក្នុង​បរិ​យា​កាស​ឌីជី​ថល។

 ​ រូប​ជា​ឧទា​ហរណ៍។

ចំ​ណុច​គួរ​ឱ្យ​កត់​សម្គាល់ មិន​ត្រឹម​តែ​ស្ថិត​នៅ​លើ​ការ​ធ្វើ​ឌីជី​ថលូប​នីយ​កម្ម​សិក្ខា​គា​រិក ឬ​សញ្ញា​បត្រ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ការ​បង្កើត​នូវ​សំ​ណុំ​ឯក​សារ​សិក្សា​ពេញ​មួយ​ជី​វិត ដែល​ភ្ជាប់​ជា​មួយ​លេខ​អត្ត​សញ្ញាណ​បុគ្គល បង្ក​ជា​មូល​ដ្ឋាន​គ្រឹះ​គ្រប់​គ្រង​ទិន្ន​ន័យ​អប់រំ​ប្រ​កប​ដោយ​និរន្តរ​ភាព និង​ឯក​ភាព​គ្នា​នៅ​ទូ​ទាំង​ប្រ​ទេស។

នេះ​គឺ​ជា​ជំ​ហាន​វិវឌ្ឍន៍​ដ៏​សំ​ខាន់​ក្នុង​ដំ​ណើរ​ការ កសាង​ប្រ​ព័ន្ធ​អេកូ​ឡូ​ស៊ី​ទិន្ន​ន័យ​ឌីជី​ថល​ជាតិ ដែល​ជួយ​បង្កើន​សមត្ថ​ភាព​ផ្ទៀង​ផ្ទាត់​សញ្ញា​បត្រ កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ឯក​សារ​ក្រ​ដាស​បែប​ប្រ​ពៃ​ណី និង​ពង្រីក​លក្ខ​ខណ្ឌ​សម្រាប់​អនុ​វត្ត​សេ​វា​រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ ក្នុង​វិស័យ​អប់រំ​និង​ទី​ផ្សារ ពល​កម្ម​នា​ពេល​ខាង​មុខ។

អ្នក​សិក្សា​ម្នាក់ៗ​នឹង​មាន​លេខ​កូដ​សំ​ណុំ​ឯក​សារ​សិក្សា​ពេញ​មួយ​ជី​វិត​

សំ​ណុំ​ឯក​សារ​សិក្សា​ពេញ​មួយ​ជី​វិត​ កត់​ត្រា​នូវ​រាល់​ដំ​ណើរ​ការ​សិក្សា​ទាំង​ស្រុង​របស់​អ្នក​សិក្សា​នៅ​ក្នុង​ប្រ​ព័ន្ធ​អប់​រំ​ជាតិ។ ក្នុង​ករណី​ខ្លះ​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់ ទិន្ន​ន័យ​នេះ​អាច​ប្រើ​ប្រាស់​ជំ​នួស ឬ​មាន​តម្លៃ​ស្មើ​នឹង​ឯក​សារ​ក្រ​ដាស​ស្តី​ពី​ការ​អប់​រំ។

ព័ត៌​មាន​សិក្សា​នឹង​បាន​បំ​ពេញ​ទៅ​ក្នុង​មូល​ដ្ឋាន ទិន្ន​ន័យ​ជាតិ​ស្តី​ពី​ការ​អប់រំ​និង​បណ្តុះ​បណ្តាល បន្ទាប់​មក​តភ្ជាប់​ជា​មួយ​មូល​ដ្ឋាន​ទិន្ន​ន័យ​ជាតិ​ផ្សេងៗ​ទៀត និង​បញ្ចូល​ទៅ​ក្នុង VNeID ដើម្បី​ឱ្យ​ប្រ​ជា​ជន​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​នៅ​ពេល​ចាំ​បាច់។

ការ​បង្កើត​សំ​ណុំ​ឯក​សារ​សិក្សា​ពេញ​មួយ​ជីវិត​ភ្ជាប់​ជា​មួយ​អត្ត​សញ្ញាណ​បុគ្គល គឺ​ជា​គ្រឹះ​ដ៏​សំ​ខាន់ ដើម្បី​ឈាន​ដល់​ការ​គ្រប់​គ្រង​ទិន្ន​ន័យ​អប់រំ​ប្រ​កប​ដោយ​និរន្តរ​ភាព ព្រម​ៗគ្នា​និង​តម្លា​ភាព​ជាង​មុន​នៅ​ក្នុង​ប្រ​ព័ន្ធ​ទាំង​មូល។

បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ពេល​បំ​ពេញ​នីតិ​វិធី​រដ្ឋ​បាល និង​ការ​ជ្រើស​រើស​បុគ្គ​លិក

ការ​បញ្ចូល​សិក្ខា​គា​រិក សញ្ញា​បត្រ និង​វិញ្ញា​បន​បត្រ​ចូល​ក្នុង VNeID បាន​រំ​ពឹង​ថា​នឹង​ជួយ​ឱ្យ​ប្រ​ជា​ជន​មាន​ភាព​ងាយ​ស្រួល​ជាង​មុន នៅ​ពេល​បំ​ពេញ​នីតិ​វិធី​នា​នា​ដូច​ជា​៖ ការ​ចុះ​ឈ្មោះ​ចូល​រៀន ការ​ជ្រើស​រើស​បុគ្គ​លិក ការ​បញ្ជាក់​កម្រិត​វប្ប​ធម៌​ ឬ​ការ​ប្រើ​ប្រាស់​សេ​វា​រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ ដោយ​មិន​ចាំ​បាច់​បង្ហាញ​ឯក​សារ​ច្បាប់​ដើម​ច្រើន​ប្រ​ភេទ​ឡើយ។

យោង​តាម​បទ​ប្បញ្ញត្តិ​ក្នុង​អនុ​ក្រឹត្យ​លេខ​ ៨៨/២០២៦​/NĐ-CP បុគ្គល​ដែល​ជា​ម្ចាស់​ទិន្ន​ន័យ មាន​សិទ្ធិ​ទាញ​យក និង​ប្រើ​ប្រាស់​ព័ត៌​មាន​សិក្សា​របស់​ខ្លួន​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់។

ទន្ទឹម​នឹង​នោះ ទិន្ន​ន័យ​អប់​រំ​និង​បណ្តុះ​បណ្តាល នឹង​បាន​តភ្ជាប់​ជា​មួយ​មូល​ដ្ឋាន​ទិន្ន​ន័យ​ជាតិ​ជា​ច្រើន​ទៀត ដូច​ជា៖ មូល​ដ្ឋាន​ទិន្ន​ន័យ​ប្រ​ជា​ជន ការ​ចុះ​បញ្ជី​អា​ជីវ​កម្ម ធា​នា​រ៉ាប់​រង និង​សុខា​ភិ​បាល​ ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​ផ្ទៀង​ផ្ទាត់​ព័ត៌​មាន និង​បម្រើ​ដល់​ការ​ងារ​គ្រប់​គ្រង​រដ្ឋ​ក្នុង​បរិ​យា​កាស​ឌីជី​ថល។

ជំ​ហាន​វិវឌ្ឍន៍​ក្នុង​ការ​ក​សាង​ប្រ​ព័ន្ធ​អេ​កូ​ឡូ​ស៊ី​ទិន្ន​ន័យ​អប់​រំ​ជាតិ​

តាម​ផែន​ការ​ការ​ងារ ការ​បញ្ចូល​សិក្ខា​គា​រិក និង​សញ្ញា​បត្រ​ចូល​ក្នុង VNeID ត្រូវ​បាន​អនុ​វត្ត​ព្រមៗ គ្នា​ជា​មួយ​នឹង​ដំ​ណើរ​ការ​បង្ហើយ​មូល​ដ្ឋាន​ទិន្ន​ន័យ​ ជាតិ​ស្តី​ពី​ការ​អប់​រំ​និង​បណ្តុះ​បណ្តាល ដើម្បី​ធា​នា​នូវ​ភាព​ត្រឹម​ត្រូវ​ឯក​ភាព និង​សុវត្ថិ​ភាព​ព័ត៌​មាន​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់។

ការ​បង្កើត​សំ​ណុំ​ឯក​សារ​សិក្សា​ពេញ​មួយ​ជី​វិត ត្រូវ​បាន​ចាត់​ទុក​ជា​គ្រឹះ​ដ៏​សំ​ខាន់​ដើម្បី​អភិ​វឌ្ឍ​ប្រ​ព័ន្ធ​អេ​កូឡូ​ស៊ី​ទិន្ន​ន័យ​អប់រំ​ឯក​ភាព​គ្នា​នៅ​ទូ​ទាំង​ប្រ​ទេស បម្រើ​ដល់​ការ​គ្រប់​គ្រង​រដ្ឋ ការ​ត​ភ្ជាប់​ទី​ផ្សារ​ពល​កម្ម និង​ជំ​រុញ​ដំ​ណើរ​ការ​បរិវត្ត​កម្ម​ឌីជី​ថល​ក្នុង​វិស័យ​អប់​រំ​នា​ពេល​ខាង​មុខ៕

  ប្រ​ភព៖ laodong.vn - សុផន

ចែករំលែកអត្ថបទ