ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ការថែទាំសុខភាពប្រជាជន ពិសេសគឺជនជាតិភាគតិចតែងបានយកចិត្តទុកដាក់អនុវត្ត។ ទីក្រុងកឹងធើ បានអនុវត្តគោលនយោបាយឧបត្ថម្ភធានារ៉ាប់រងសុខាភិបាលដល់ជនជាតិភាគតិច រួមចំណែកលើកកម្ពស់គុណភាពការរស់នៅ និងធានាសុខុមាលភាពសង្គមជូនជនរួមជាតិ។

ជនរួមជាតិខ្មែរមកពិនិត្យជំងឺ ដោយប័ណ្ណធានារ៉ាប់រងសុខាភិបាលដែល
រដ្ឋផ្តល់ជូនឥតគិតថ្លៃ។
ច្រើនឆ្នាំកន្លង នៅឃុំតាយវុាំង មានគោលនយោបាយឧបត្ថម្ភធានារ៉ាប់រងសុខាភិបាលដល់ជនជាតិភាគតិច បានបង្ហាញពីប្រសិទ្ធភាពយ៉ាងជាក់ស្តែង។ ធានារ៉ាប់រងសុខាភិបាលមិនត្រឹមតែជាគោលនយោបាយសុខុមាលភាពសង្គមប៉ុណ្ណោះទេ ថែមទាំងជា “ពោងសង្គ្រោះជីវិត” ជួយប្រជាជនកៀកជិតសេវាសុខាភិបាលពេលមានជំងឺតម្កាត់ទៀតផង។ ចំពោះគ្រួសារជនជាតិភាគតិច ពិសេសគឺគ្រួសារក្រីក្រ ក្បែរក្រ ការបង់ថ្លៃព្យាបាលជំងឺឡើងដល់រាប់សិបលានដុង គឺជាបន្ទុកធ្ងន់ផ្នែកប្រាក់កាស។ ប័ណ្ណធានារ៉ាប់រងសុខាភិបាលដែលរដ្ឋឧបត្ថម្ភដោយឥតគិតថ្លៃនោះ បានជួយឱ្យពួកគាត់កាត់បន្ថយបន្ទុកធ្ងន់នេះ។ អ្នកមីងឡឹមធីសេត នៅភូមិទីបញ៉ឹក ឱ្យដឹង៖ “ប្រាក់ចំណូលសំខាន់របស់គ្រួសារខ្ញុំបានមកពីការដាំដុះតិចតួច ហេតុនោះជីវភាពលំបាកខ្លាំង។ ដោយសារបានរដ្ឋឧបត្ថម្ភធានារ៉ាប់រងសុខាភិបាល ទើបពេលឈឺថ្កាត់ម្តងៗ គ្រួសារខ្ញុំទៅពិនិត្យជំងឺមានប័ណ្ណធានារ៉ាប់រង ជួយសម្រាលបន្ទុកមួយចំណែកដែរ។
មិនត្រឹមតែជួយសម្រាលបន្ទុកផ្នែកប្រាក់កាសប៉ុណ្ណោះទេ ធានារ៉ាប់រងសុខាភិបាលនៅទាំងជំរុញទឹកចិត្តជនជាតិភាគតិចឱ្យផ្លាស់ប្តូរការយល់ដឹង ម្ចាស់ការមកគ្រឹះស្ថានសុខាភិបាលដើម្បីពិនិត្យនិងព្យាបាលទាន់ពេលវេលាទៀតផង។ ពីមុន អ្នកជាច្រើនមានទម្លាប់ព្យាបាលជំងឺដោយខ្លួនឯងនៅផ្ទះ ឬទុកដល់មានជំងឺធ្ងន់ទើបទៅមន្ទីរពេទ្យ ធ្វើឱ្យការព្យាបាលជួបលំបាក និងបង់ខាតច្រើន។ មានប័ណ្ណធានារ៉ាប់រងសុខាភិបាលនៅក្នុងដៃ មាមីងកាន់តែស្ងប់អារម្មណ៍ ពេលមកពិនិត្យ និងព្យាបាលនៅដំណាក់សុខាភិបាលឃុំ ឬនៅតាមមន្ទីរពេទ្យថ្នាក់លើ ដោយទទួលបានសេវាសុខាភិបាលមានគុណភាពខ្ពស់ជាង។ សមមិត្ត ថាច់ក្វឹកថៃ ប្រធានការិយាល័យវប្បធម៌ និងសង្គមឃុំតាយវុាំង ឱ្យដឹង៖ “បច្ចុប្បន្ន ទូទាំងឃុំមានជនរួមជាតិខ្មែរប្រមាណ ៨០% បានផ្តល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលដោយឥតគិតថ្លៃ ១០០%។ ដើម្បីគោលនយោបាយធានារ៉ាប់រងសុខាភិបាលបានដល់ប្រជាជនគ្រប់រូប គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់ថ្នាក់ និងផ្នែកធានារ៉ាប់រងសង្គម បាននិងកំពុងអនុវត្តនូវវិធានការជាច្រើនព្រមៗគ្នា។ ការឃោសនា ចលនាបានជំរុញយ៉ាងខ្លាំងក្លាតាមរយៈកិច្ចប្រជុំសហគមន៍ ប្រព័ន្ធផ្សព្វផ្សាយនៅមូលដ្ឋាន ជួយឱ្យប្រជាជនយល់ច្បាស់ពីអត្ថន័យ ផលប្រយោជន៍និងកាតព្វកិច្ចពេលចូលរួមធានារ៉ាប់រងសុខាភិបាល”។
ដើម្បីបន្តពង្រីកប្រសិទ្ធភាពគោលនយោបាយធានារ៉ាប់រងសុខាភិបាល គប្បីមានការព្រួតដៃរបស់សង្គមទាំងមូល។ រដ្ឋអំណាចគ្រប់ថ្នាក់គប្បីបន្តជំរុញការឃោសនាចលនា លើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីអត្ថន័យនិងសារៈសំខាន់របស់ធានារ៉ាប់រងសុខាភិបាល។ ទន្ទឹមនឹងនោះ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងបណ្តុះបណ្តាល លើកកម្ពស់មុខជំនាញជូនកងជួរគ្រូពេទ្យវេជ្ជបណ្ឌិតនៅតំបន់ឆ្ងាយដាច់ស្រយាល ក៏ជាកត្តាសំខាន់ដើម្បីលើកកម្ពស់គុណភាពថែទាំសុខភាពជូនជនជាតិភាគតិច៕
ដាលីន - វិមាន