ព្រះតេជព្រះគុណ ឡឹមវ៉ាន់នី ព្រះចៅអធិការវត្តពពុះទឹក ឃុំមីហឿង ទីក្រុងកឹងធើ ចាប់ពីឆ្នាំ ២០១០ មក ព្រះអង្គតែងផ្តោតទៅលើការកសាងនិងជួសជុល ព្រមទាំងថែរក្សាអត្តសញ្ញាណវប្បធម៌និងសកម្មភាពជំនឿសាសនារបស់មាមីងពុទ្ធបរិស័ទ ជាងនេះទៅទៀត ព្រះអង្គតែងជួយឧបត្ថម្ភមាមីងក្រីក្រក្នុងភូមិស្រុកដោយអស់ពីព្រះទ័យ។

ព្រះតេជព្រះគុណ ឡឹមវ៉ាន់នី ព្រះចៅអធិការវត្តពពុះទឹក។
បន្ទាប់ពីទទួលតួនាទីជាព្រះចៅអធិការវត្ត ព្រះតេជព្រះគុណ ឡឹមវ៉ាន់នី តែងយកព្រះទ័យទុកដាក់ដល់ការរៀបចំកសាងផ្នែកសំណង់សំខាន់ៗក្នុងវត្ត។ ចាប់ពីឆ្នាំ ២០១៣ មកដល់សព្វថ្ងៃ វត្តពពុះទឹកបានកសាងសំណង់សំខាន់ៗ ជាច្រើន មានដូច៖ កុដិ សាលា ចេតិយសង្គម របង។ល។ សរុបថវិកាកសាងជាង ១៤ ពាន់លានដុង ថវិកាទាំងនេះបានមកពីការរួមវិភាគទានរបស់ពុទ្ធបរិស័ទ។ សព្វថ្ងៃ សំណង់ព្រះវិហារកំពុងកសាង គ្រោងថវិកាសាងសង់ជាង ២០ ពាន់លានដុង រចនាប្លង់ដោយព្រះអង្គផ្ទាល់។
ទន្ទឹមនឹងការកសាងនៅឆ្នាំ ២០១៦ ព្រះអង្គបានស្តារឡើងវិញនូវសកម្មភាពទូក-ង ដើម្បីចូលរួមអុំប្រណាំងក្នុងពិធីបុណ្យអកអំបុកប្រណាំងទូក-ង។ ពិសេស វត្តក៏បានបើកថ្នាក់បង្រៀនអក្សរខ្មែរដល់ព្រះសង្ឃនិងកូនចៅមាមីងពុទ្ធបរិស័ទក្នុងរដូវវិស្សមកាលជារៀងរាល់ឆ្នាំ។ ម្យ៉ាងទៀត ព្រះអង្គតែងចលនាសប្បុរសជនដើម្បីចាត់ចែងជាអំណោយជូនដល់គ្រួសារក្រីក្រ គ្រួសារដែលមានជីវភាពលំបាក ឧបត្ថម្ភសិស្សានុសិស្សមានលក្ខណៈបន្តការសិក្សា។
បងស្រី ត្រឿងធីធូថាវ ប្រធានគណៈប្រជាជនភូមិពពុះទឹក ឱ្យដឹង៖ “ព្រះតេជព្រះគុណ ឡឹមវ៉ាន់នី តែងចលនាសប្បុរសជនរួមវិភាគទានជួយគ្រួសារក្រីក្រនិងគ្រួសារដែលមានជីវភាពលំបាកក្នុងភូមិ។ ឆ្នាំកន្លងហើយ ព្រះអង្គចលនាអំណោយបាន ១៥០ ចំណែកជូនមាមីងក្រីក្រ។ ក្រៅពីនោះ វត្តនៅទាំងឧបត្ថម្ភអង្ករដល់គ្រួសារដែលមានជីវភាពលំបាក។ សម្រាប់ពុទ្ធបរិស័ទក្នុងចំណុះជើងវត្ត ពេលគ្រួសារមានមរណទុក្ខ ព្រះអង្គតែងចំណាយ ប្រាក់សម្រាប់វត្តយកទៅចូលកុលបុណ្យពី ១ - ២ លានដុង យោងតាមស្ថានភាពគ្រួសារ”។
បច្ចុប្បន្ន ព្រះតេជព្រះគុណឡឹមវ៉ាន់នី ជាសមាជិកគណៈព័ត៌មានសារគមនាគមន៍នៃសមាគមពុទ្ធសាសនាទីក្រុងកឹងធើ និងជាសមាជិកគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំមីហឿង។ តាមរយៈនោះ ព្រះអង្គតែងផ្សព្វផ្សាយចលនាមាមីងពុទ្ធបរិស័ទគោរពអនុវត្តតាមគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ រស់នៅល្អសាសនាល្អសង្គម។
លោក គីមិញធី អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំមីហឿង ឱ្យដឹង៖ រយៈពេលកន្លង អ្នកមុខអ្នកការសាសនា បានសហការជាមួយរដ្ឋអំណាចនិងគណៈប្រជាជន ភូមិនានា ផ្គួបបញ្ចូលខ្លឹមសារផ្សព្វផ្សាយច្បាប់នៅថ្ងៃបុណ្យទានផ្សេងៗ ដើម្បីកៀរគរមាមីងចូលរួមចលនាអាស្រ័យរដ្ឋអំណាចបំផុស ដូចជាការកសាងជនបទថ្មី ការពារបរិស្ថាន រក្សាសន្តិសុខសណ្តាប់ធ្នាប់ បំបាត់ភាពអត់ឃ្លាន បន្ថយភាពក្រីក្រ៕
វឌ្ឍា-មុនី