សង្កេតមកក្រោយរយៈពេល ៥១ ឆ្នាំ ចាប់តាំងពីថ្ងៃរំដោះភាគខាងត្បូងទាំងស្រុង (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៦) ផែនទីរដ្ឋបាលនៃតំបន់មជ្ឈមណ្ឌលវាលរាបទន្លេគឺវឡុង បានឆ្លងកាត់ការប្តូរផ្លាស់ជាច្រើនលើក។ ដំណើរការនៃការបែងចែក រួមបញ្ចូល បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវទិសដៅគ្រប់គ្រងរដ្ឋ និងយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈដំណាក់កាលនីមួយៗ។

រូបសំណាកលោកប្រធានហូជីមិញ ស្ថិតនៅកំពង់ផែនិញកេវ ទីក្រុងកឹងធើ
ជានិមិត្តរូបនៃតំបន់តៃដូ។
ដំណាក់កាល ១៩៧៦-១៩៩១៖ ការរួមបញ្ចូលជាខេត្តហូវយ៉ាង។
ក្រោយពីថ្ងៃឯកភាព អាទិភាពចម្បងរបស់រដ្ឋគឺការប្រមូលផ្តុំរាល់ប្រភពកម្លាំងដើម្បីស្តារឡើងវិញនូវផលវិបាកនៃសង្គ្រាម ការស្តារការផលិត និងលំនឹងជីវភាពរបស់ប្រជាជន។ ដើម្បីបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចមួយដែលមានទំហំធំល្មម នៅខែកុម្ភៈ ឆ្នាំ១៩៧៦ រដ្ឋាភិបាលបានសម្រេចចិត្តបញ្ចូលខេត្តកឹងធើ (ចាស់), ខេត្តសុកត្រាំង និងទីក្រុងកឹងធើ ទៅជាអង្គភាពរដ្ឋបាលថ្មីមួយដែលមានឈ្មោះថាខេត្តហូវយ៉ាង។ ភូមិឋានខេត្តហូវយ៉ាងនៅពេលនោះ គឺជាការរួមបញ្ចូលគ្នានៃភូមិឋានខេត្តចំនួន ៣ រួមមាន៖ ខេត្តផុងយិន (មានទីក្រុងកឹងធើ) ខេត្តចឿងធៀង (មានទីរួមខេត្តវីថាញ់) និងខេត្តបាសៀង (មានទីរួមខេត្តសុកត្រាំង) នៃរបបសាធារណរដ្ឋវៀតណាម។ នាពេលនោះ ខេត្តហូវយ៉ាង រួមមានទីក្រុងកឹងធើ (ជាទីរួមខេត្ត) ទីរួមខេត្តចំនួន ២ ទៀតគឺ៖ សុកត្រាំង វីថាញ់ និងស្រុកចំនួន ១១ គឺ៖ចូវថាញ់ កេសាត់ ឡុងមី ឡុងភូ មីទូ មីស្វៀង អ៊ូមូង ភុងហ៊ីប ថាញ់ទ្រី ធូកណូក វិញចូវ។
នៅពេលនោះ ទីក្រុងកឹងធើ មានតួនាទីជាទីរួមខេត្ត និងជាមជ្ឈមណ្ឌលរដ្ឋបាលនៃខេត្តទាំងមូល។ ក្នុងរយៈពេលជាង ១០ ឆ្នាំមកនេះ ទម្រង់ "ខេត្តហូវយ៉ាងធំ" បានជួយឱ្យតំបន់នេះចែករំលែកប្រភពកម្លាំង ស្តារប្រព័ន្ធកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានឡើងវិញក្រោយពីសង្គ្រាម។

ផែនទីភូមិសាស្រ្តនៃទីក្រុងកឹងធើនាពេលបច្ចុប្បន្ន។
ដំណាក់កាលឆ្នាំ ១៩៩២-២០០៤៖ ការបង្កើតខេត្តសុកត្រាំង ខេត្តហូវយ៉ាង និងទីក្រុងកឹងធើក្លាយជាទីក្រុងចំណុះមជ្ឈិម។
ឈានចូលសម័យកាលផ្លាស់ថ្មី ខឿនសេដ្ឋកិច្ចមានការរីកចម្រើនយ៉ាងខ្លាំង។ នៅពេលនោះ ភូមិឋានរដ្ឋបាលដែលធំទូលាយ បានបង្ហាញឱ្យឃើញនូវការលំបាកក្នុងការគ្រប់គ្រងឱ្យបានដិតដល់ និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធឱ្យបានព្រមគ្នា។
ដើម្បីបង្កលក្ខណៈឱ្យភូមិភាគនីមួយៗបញ្ចេញនូវសក្ដានុភាពរៀងៗខ្លួន នៅខែធ្នូ ឆ្នាំ១៩៩១ រដ្ឋសភាបានចេញសេចក្តីសម្រេចចែកខេត្តហូវយ៉ាងទៅជាពីរខេត្តគឺ ខេត្តកឹងធើនិងខេត្តសុកត្រាំង (ចាប់ផ្តើមដំណើរការជាផ្លូវការចាប់ពីខែមេសា ឆ្នាំ១៩៩២)។
ចាប់ពីចំណុចរបត់នេះ ខេត្តសុកត្រាំងបានចាប់ផ្តើមដំណើរការជាផ្លូវការដោយឯករាជ្យ ប្រមូលផ្តុំលើការអភិវឌ្ឍយ៉ាងខ្លាំងក្លានូវសេដ្ឋកិច្ចកសិកម្ម ជលផលនិងសេដ្ឋកិច្ចសមុទ្រ ផ្អែកលើលក្ខណៈពិសេសភូមិសាស្រ្តរបស់ខ្លួន។ ទន្ទឹមនឹងនោះ ខេត្តកឹងធើ (ពេលនោះរួមមាន ទីក្រុងកឹងធើ និងខេត្តហូវយ៉ាងចាស់) បានបន្តពង្រឹងតួនាទីជាមជ្ឈមណ្ឌលពាណិជ្ជកម្ម សេវាកម្ម និងឧស្សាហកម្មនៃតំបន់វាលរាបទន្លេគឺវឡុង។
ជាងមួយទសវត្សរ៍ក្រោយមក ល្បឿននៃតំបន់នគរូបនីយកម្មយ៉ាងរហ័ស បានទាមទារឱ្យតំបន់មជ្ឈមណ្ឌលនៃទីក្រុងកឹងធើ ត្រូវតែមានក្របខ័ណ្ឌគ្រប់គ្រងរដ្ឋបាលដែលសមស្របជាងមុន។ នៅដើមឆ្នាំ ២០០៤ ខេត្តកឹងធើត្រូវបានចែកម្តងទៀតជាអង្គភាពរដ្ឋបាលថ្មីចំនួនពីរគឺ ខេត្តហូវយ៉ាង និងទីក្រុងកឹងធើជាទីក្រុងចំណុះមជ្ឈិម។ ពេលជាទីក្រុងចំណុះមជ្ឈិម ជួយឱ្យទីក្រុងកឹងធើរៀបចំំគម្រោងប្លង់លំហអាវកាសទីក្រុងបានយ៉ាងច្បាស់លាស់ តាមរយៈការបង្កើតខណ្ឌថ្មីៗដូចជានិញគេវ ប៊ិញធ្វី កាយរាំងនិងអ៊ូមូង។
ចំណែកឯខេត្តហូវយ៉ាង ត្រូវបានបង្កើតឡើងវិញដោយមានមជ្ឈមណ្ឌលរដ្ឋបាលស្ថិតនៅទីរួមខេត្តវីថាញ់ (បច្ចុប្បន្នជាសង្កាត់វីថាញ់)។ ការចែកនេះបានបង្កលក្ខណៈឱ្យខេត្តហូវយ៉ាង ប្រមូលផ្តុំនូវប្រភពកម្លាំងវិនិយោគសម្រាប់តំបន់ជនបទ និងតំបន់ដាច់ស្រយាល ដែលកាលពីមុនមិនទាន់ទទួលបានការយកចិត្តទុកដាក់ត្រឹមត្រូវ ពេលដែលនៅរួមជាមួយខេត្តកឹងធើចាស់។
ការបង្រួមប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនិងរបត់នៃការបង្រួបបង្រួម
ឈានចូលមកដល់ដំណាក់កាលបច្ចុប្បន្ន បញ្ហាដែលត្រូវដោះស្រាយនៃការគ្រប់គ្រងរដ្ឋ បានផ្លាស់ប្តូរទៅរកទិសដៅបង្រួបបង្រួមប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនិងពង្រីកលំហនៃការតភ្ជាប់តំបន់។ នាខែកក្កដា ឆ្នាំ២០២៥ បានកត់សម្គាល់នូវរបត់ជាប្រវត្តិសាស្ត្រមួយ៖ គឺទីក្រុងកឹងធើ ខេត្តហូវយ៉ាង និងខេត្តសុកត្រាំង បានរួមបញ្ចូលគ្នាជាផ្លូវការ បង្កើតជាអង្គភាពរដ្ឋបាលថ្នាក់ខេត្តតែមួយ ដោយមានឈ្មោះថាទីក្រុងកឹងធើ។
ការបញ្ចូលគ្នានេះ បានធ្វើឱ្យព្រំប្រទល់រដ្ឋបាលក្នុងតំបន់ ហាក់ដូចជាវិលមកទម្រង់របស់ "ខេត្តហូវយ៉ាងធំ" កាលពីឆ្នាំ១៩៧៦។ ទោះជាយ៉ាងណាក៏ដោយ ចំណុចខុសគ្នាដ៏សំខាន់នោះគឺ ផ្ទៃដីដ៏ធំល្វឹងល្វើយទាំងអស់នេះ ឥឡូវត្រូវបានគ្រប់គ្រងក្រោមទម្រង់ជាទីក្រុងចំណុះមជ្ឈិម។ ការសម្រេចចិត្តរួមបញ្ចូលគ្នានេះ គឺក្នុងគោលបំណងលុបបំបាត់ព្រំដែនរដ្ឋបាលដែលបែងចែក បង្កើតឱ្យមានលំហសេដ្ឋកិច្ចតភ្ជាប់គ្នាទាំងស្រុង ចាប់ពីមជ្ឈមណ្ឌលទីក្រុងនិញគេវ ឆ្លងកាត់តំបន់កសិកម្មជីវស្ថានហូវយ៉ាង រហូតដល់ដៃសមុទ្រសុកត្រាំង។
អាចឃើញថា ក្នុងរយៈពេល ៥១ ឆ្នាំកន្លងមកនេះ ចាប់តាំងពីការរួមបញ្ចូលគ្នាដើម្បីស្តារឡើងវិញក្រោយសង្គ្រាម ការបែងចែកដើម្បីអភិវឌ្ឍជំនាញតាមតំបន់នីមួយៗ និងឥឡូវនេះការរួមបញ្ចូលគ្នាឡើងវិញដើម្បីកសាងទីក្រុងតភ្ជាប់តំបន់។ រាល់ការផ្លាស់ប្តូរព្រំដែនរដ្ឋបាលរបស់ទីក្រុងកឹងធើ ខេត្តហូវយ៉ាង និងខេត្តសុកត្រាំង សុទ្ធតែជាជំហានចាំបាច់ ដើម្បីបម្រើដល់តម្រូវការគ្រប់គ្រង និងការអភិវឌ្ឍជាក់ស្តែងរបស់តំបន់តាមដំណាក់កាលប្រវត្តិសាស្ត្រនីមួយៗ។
ក្នុងឱកាសខួបលើកទី៥១នៃទិវាឯកភាពប្រទេស (៣០ មេសា ២០២៦) គឺជាការគូសបញ្ជាក់ឆ្នាំដំបូងនៃទីក្រុងកឹងធើថ្មី ដែលបានដាក់ឱ្យដំណើរការជាផ្លូវការ ក្រោយពីការរួមបញ្ចូលគ្នាជាប្រវត្តិសាស្ត្រ។ ការរួមបញ្ចូលនេះ មិនមែនគ្រាន់តែជាការបូកបញ្ចូលគ្នានូវផ្ទៃដី និងចំនួនប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែគឺជាជំហានជាក់ស្តែងក្នុងការរួមបញ្ចូលនូវសក្ដានុភាពសេដ្ឋកិច្ចនៃភូមិភាគទាំងបី។ នេះគឺជាឱកាសសម្រាប់រដ្ឋអំណាចនិងប្រជាជន ប្រមូលផ្តុំកសាងមជ្ឈមណ្ឌលសេដ្ឋកិច្ចតំបន់ដ៏រឹងមាំមួយ លើកកម្ពស់ជីវភាពរបស់ប្រជាជនជាង៤លាននាក់៕
វឌ្ឍា-ដាលីន