ដើម្បីគាំទ្រចលនាប្រឡងប្រណាំង “បីបំផុត៖ វិន័យបំផុត - ស្មោះត្រង់បំផុត - ជិតដិតប្រជាជនបំផុត” នគរបាលឃុំឡុងភូ ទីក្រុងកឹងធើ បានអនុវត្តព្រមៗគ្នានូវដំណោះស្រាយជាក់ស្តែងជាច្រើន ដោយយកប្រជាជនជាធំ ជាចំណុចសំខាន់។ ឆ្លងតាមរយៈនោះ រួមចំណែកពង្រឹងទំនុកចិត្តរបស់ប្រជាជន និងរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅលើភូមិឋាន។

នគរបាលឃុំឡុងភូ កំពុងផ្សព្វផ្សាយបំណិនបង្ការទប់ស្កាត់គ្រឿងញៀន
ដល់សិស្សានុសិស្ស។
នគរបាលឃុំឡុងភូ បានកំណត់ចលនាប្រឡងប្រណាំង “បីបំផុត” ជាសសរស្តម្ភ ជាព្រលឹង និងជាកម្លាំងជំរុញលើកកម្ពស់ប្រសិទ្ធភាព គុណភាពនៃចលនាប្រឡងប្រណាំង “ដើម្បីសន្តិសុខមាតុភូមិ” និងចលនា “ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ”។ កម្មាភិបាល យុទ្ធជនម្នាក់ៗលើកកម្ពស់ស្មារតីធ្វើជាគំរូ “ជិតដិតប្រជាជន កៀកប្រជាជន ដើម្បីប្រជាជនធ្វើការបម្រើ” យកការពេញចិត្តនិងទំនុកចិត្តរបស់ប្រជាជន ធ្វើជាការវាស់ស្ទង់ដើម្បីសម្រេចភារកិច្ចបានល្អប្រសើរ។
ច្បាមតម្រូវការ ភារកិច្ចដែលបានដាក់ចេញ កម្លាំងនគរបាលឃុំបង្កើនការក្តាប់ស្ថានភាពនៅមូលដ្ឋាន ផ្តល់លេខទូរស័ព្ទទាន់ហេតុការណ៍ មានវត្តមានវិនិច្ឆ័យករណីល្មើសច្បាប់ទាន់ពេលវេលា និងត្រៀមជួយប្រជាជនដោយស្មារតីទទួលខុសត្រូវខ្ពស់។ ក្នុងការអនុវត្តភារកិច្ចតែងមានអាកប្បកិរិយាជាគំរូ អស់ពីចិត្តនិងស្និទ្ធស្នាល រួមចំណែកកសាងរូបភាពល្អរបស់យុទ្ធជននគរបាលក្នុងចិត្តប្រជាជន។ ពិសេស តាមរយៈការផ្សព្វផ្សាយដល់ប្រជាជន កម្មាភិបាល យុទ្ធជនបានវិភាគវែកញែក ខុសត្រូវផង និងទទួលស្តាប់មតិ ស្ថានភាពរបស់ប្រជាជនផង ផ្តើមពីនោះ ជួយឱ្យមាមីងយល់ច្បាស់ ដើម្បីព្រួតដៃគ្នាបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ធានាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ។ អាស្រ័យហេតុនោះ មានគ្រួសារជាច្រើនបានស្ម័គ្រចិត្តចុះហត្ថលេខាមិនប្រព្រឹត្តល្មើសច្បាប់ មិនស្តុកទុក ជួញដូរ ប្រើប្រាស់ឬពាក់ព័ន្ធនឹងបាបគ្រោះគ្រឿងញៀន។ លោកត្រេវសួន នៅភូមិទឹកប្រៃ ១ ឃុំឡុងភូ ឱ្យដឹង៖ “ឥឡូវមាមីងខ្មែរបានយល់និងគោរពច្បាប់បានល្អ អប់រំកូនចៅមិនឱ្យពាក់ព័ន្ធនឹងបាបគ្រោះគ្រឿងញៀន។ ប្រការដ៏ល្អប្រសើររបស់កម្មាភិបាល យុទ្ធជននគរបាលឃុំ គឺជិតដិតប្រជាជន ត្រៀមជួយប្រជាជនជានិច្ច និងធានាសន្តិសុខ សណ្តាប់ធ្នាប់ជូនមាមីងខ្មែរក្នុងឱកាសបុណ្យទានផ្សេងៗនៅភូមិស្រុក បំផុតគឺទទួលអំណរបុណ្យចូលឆ្នាំថ្មីសប្បាយរីករាយ និងសុវត្ថិភាព”។
តាំងពីដើមឆ្នាំ ២០២៦ មកដល់ពេលនេះ នគរបាលឃុំឡុងភូ សកម្មចូលរួមសកម្មភាពសុខុមាលភាពសង្គម ដូចជា៖ ជូនអាហារូបករណ៍ដល់សិស្សក្រីក្រ ជូនអំណោយ៩៥ចំណែកដល់គ្រួសារក្រីក្រ ចាត់តាំងល្វែងផ្សារណាត់សូន្យដុងជូនអ្នកក្រ។ល។ ក្រៅពីនោះ នៅទាំងចុះទៅដល់ផ្ទះប្រជាជនដើម្បីផ្សព្វផ្សាយច្បាប់ និងណែនាំអនុវត្តបែបបទរដ្ឋបាល។ វរសេនីយ៍ទោ ថាច់ធីដានី អនុប្រធាននគរបាល ឃុំឡុងភូ ឱ្យដឹង៖ ទង្វើជាក់ស្តែង និងចលនាប្រឡងប្រណាំង “បីបំផុត” ពិតជាបានស៊ីជម្រៅ បង្កជាកម្លាំងសាយភាយវិជ្ជមានក្នុងកម្មាភិបាល យុទ្ធជននិងប្រជាជន។ អាស្រ័យហេតុនោះ នគរបាលឃុំតែងបានប្រជាជនជឿទុកចិត្តនិងគាំទ្រ ម្ល៉ោះហើយប្រការនេះជាកម្លាំងជំរុញដ៏សំខាន់ ជួយឱ្យកម្លាំងនគរបាលសម្រេចភារកិច្ចបានល្អប្រសើរ រួមចំណែកធានាសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន”៕
យ្វីអាញ - វិមាន