មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

15/04/2026 - 07:00

ដំ​ណើរ​រឿង​រៀន​សូត្រ​និង​ធ្វើ​តាម​គំរូ​អ៊ំ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ 

ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង ការ​រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អា​រម្មណ៍ សីល​ធម៌ និង​ឥរិ​យា​បថ​ហូ​ជី​មិញ បាន​រីក​សាយ​ភាយ​យ៉ាង​ទូ​លំ​ទូ​លាយ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ។ នៅ​ឃុំ​មី​ហឿង ទី​ក្រុង​កឹង​ធើ មាន​កម្មា​ភិបាល​និង​បក្ខ​ជន​ជា​ច្រើន​បាន​ក្លាយ​ជា​គំរូ​ឆ្នើម អស់​ពី​ចិត្ត​ដើម្បី​ប្រ​ជា​ជន រួម​ចំ​ណែក​ធ្វើ​ឱ្យ​ផ្លាស់​ប្តូរ​ទិដ្ឋ​ភាព​ភូមិ​ស្រុក។ គំ​រូលេច​ធ្លោ​ក្នុង​ចំ​ណោម​នោះ ​មាន​លោក ស៊ើង​ហ្វាង​ភេន និង​លោក​ឡឹម​ឃូ ពួក​គាត់​ជា​លេខា​សា​ខា​បក្ស​ភូមិ​តែង​ខិត​ខំ​យក​អស់​ពី​កម្លាំង​កាយ​ចិត្ត​ដើម្បី​សហ​គមន៍។

លោក​ស៊ើង​ហ្វាង​ភេន លេ​ខា​សា​ខា​បក្ស​ភូមិ​ដើម​ស្វាយ។

លោក​ស៊ើង​ហ្វាង​ភេន កើត​ឆ្នាំ ១៩៥៩ ជន​ជាតិ​ខ្មែរ ជា​លេខា​សាខា​បក្ស​ភូមិ​ដើម​ស្វាយ ឃុំ​មី​ហឿង ទី​ក្រុង​កឹង​ធើ។ គ្រួ​សារ​គាត់​មាន​កូន​៣​នាក់ និង​មាន​គ្រួ​សារ​នៅ​ដោយ​ឡែក មាន​ការ​ងារ​ធ្វើ​លំ​នឹង ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​ សម្រេច​បាន​កិត្តិ​នាម ជា “គ្រួ​សារ​វប្ប​ធម៌” ហើយ​បាន​ក្លាយ​ជា​ចំ​ណុច​លេច​ធ្លោ​ក្នុង​ការ​ចលនា​កសាង​ជីវ​ភាព​វប្ប​ធម៌ នៅ​មណ្ឌល​អា​សយ​ជន។ ជា​មួយ​នឹង​អា​យុ​បក្ស ២២​ឆ្នាំ​និង​បម្រើ​ការ​ងារ​នៅ​ភូមិ​ជាង​៣០​ឆ្នាំ គាត់​តែង​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ គំរូ​ឈាន​មុខ​រាល់​ការ​ចលនា។ ក្នុង​ការ​ប្រ​ជុំ​សា​ខា​បក្ស លោក​ភេន តែង​ពង្រីក​តួនា​ទី​ជា​ស្នូល​នៃ​ការ​សាមគ្គី​ភាព ដឹក​នាំ​បក្ខ​ជន​ឱ្យ​អនុវត្ត​ល្អ​នូវ​គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស​និង​ក្រឹត្យច្បាប់​របស់​រដ្ឋ។

ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​និង​ជា​សមា​ជិក​គណៈ​កម្ម​ការ​វត្ត​ដៃ​តា​សួសិ៍្ត លោក ភេន បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ចលនា​ប្រ​ជា​ជន​ឱ្យ​ចូល​រួម​កសាង​ជន​បទ​ថ្មី។ ក្នុង​រយៈ​ពេល​កន្លង គាត់​តែង​ចុះ​ទៅ​តាម​ផ្ទះ​ពិនិត្យ​ជាក់​ស្តែង​ដល់​គ្រួ​សារ​នីមួយៗ ដើម្បី​ផ្សព្វ​ផ្សាយ​ពី​គោល​នយោ​បាយ​និង​ក្រឹត្យ​ច្បាប់​ដល់​ប្រ​ជា​ជន។ ដោយ​មាន​ប្រិយ​ភាព​របស់​ខ្លួន គាត់​ចលនា​សប្បុ​រស​ជន​ឱ្យ​ជួយ​កសាង​ផ្ទះ​ជូន​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​លំ​បាក​ក្នុង​ភូមិ។ ពិ​សេស គាត់​បាន​ចលនា​មា​មីង​ក្នុង​ភូមិ​ស្រុក រួម​គ្នា​ដាំ​ផ្កា​តាម​ដង​ផ្លូវ​ស្រុក​លេខ​ ៨៩ ដោយ​មាន​ប្រ​វែង ១.២០០​ម៉ែត្រ និង​បង្គោល​ភ្លើង​ដោយ​ថាម​ពល​ពន្លឺ​ព្រះ​អា​ទិត្យ​ចំ​នួន​៨៣​ដើម មាន​តម្លៃ​សរុប​២៤៩​លាន​ដុង រួម​ចំ​ណែក​ធ្វើ​ឱ្យ​ផ្លូវ​ក្នុង​ភូមិ​កាន់​តែ​ស្អាត​និង​មាន​អគ្គិ​សនី​បំ​ភ្លឺ ព្រម​ទាំង​ធា​នា​នូវ​សន្តិ​សុខ​សណ្តាប់​ធ្នាប់។ ជា​មួយ​នឹង​ការ​រួម​ចំ​ណែក​យ៉ាង​ជាក់​ស្តែង​នេះ គាត់​បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​និង​គណៈ​កម្មា​ធិ​ការបក្ស​ឃុំ​មី​ហឿង ស្ងើច​សរ​សើរ និង​ជូន​លិ​ខិត​សរ​សើរ​ជា​ច្រើន។ លោក​ ហាង​ហៀង នៅ​ភូមិ​ដើម​ស្វាយ ឱ្យ​ដឹង៖ “លោកភេន គឺ​ជា​បក្ខ​ជន​គំរូ រស់​នៅ​មាន​ការ​ទទួល​ខុស​ត្រូវ​និង​តែង​គិត​គូរ​ដល់​ប្រ​ជា​ជន​ជា​និច្ច។ ការ​ងារ​អ្វី​ដែល​មាន​ប្រ​យោជន៍​ដល់​ប្រ​ជា​ជន​គឺ​លោក​ធ្វើ​អស់​ពី​ចិត្ត​ពី​ថ្លើម”។

ស្ពាន​បាន​លោក​ឡឹម​ឃូ (ឈរ​កណ្តាល) លេខា​សា​ខា​បក្ស​ភូមិ​ដើម​ជ្រៃ​ចលនា​កសាង។

កើត​ឆ្នាំ១​៩៥៩ ដូច​គ្នា លោក​ឡឹម​ឃូ មាន​អា​យុ​បក្ស​២៧​ឆ្នាំ។ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ផ្នែក​គរុ​កោ​សល្យ​អក្សរសាស្ត្រ​នៅ​មហា​វិទ្យា​ល័យ​កឹង​ធើ ក្នុង​ឆ្នាំ​១៩៩៦ លោក​បាន​មក​បម្រើ​ការ​ងារ​នៅ​សា​លា​អនុ​មហា​វិទ្យា​ល័យ ​សហ​គមន៍​សុក​ត្រាំង។ ក្រោយ​ពេល​ចូល​និវត្តន៍ ឆ្នាំ​២០១៩ ដោយ​យល់​ឃើញ​ថា ខ្លួន​មិន​ទាន់​បាន​រួម​ចំ​ណែក​ដល់​ភូមិ​ស្រុក​ច្រើន លោក​ក៏​បាន​ទទួល​យក​ការ​ចលនា​របស់​គណៈ​កម្មា​ធិការ​បក្ស​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ឃុំ​មី​ហឿង ដើម្បី​ទទួល​តួនា​ទី​ជា​លេ​ខា​សា​ខា​បក្ស ភូមិ​ដើម​ជ្រៃ ចាប់​តាំង​ពី​ថ្ងៃ​ទី ១២ ខែ​សី​ហា ឆ្នាំ​២០២០។

សា​ខា​បក្ស​ភូមិ​ដើម​ជ្រៃ​មាន​បក្ខ​ជន​ចំ​នួន ៣០ ​រូប។ ជា​មួយ​ស្មារតី​ទទួល​ខុស​ត្រូវ​និង​ជា​គំរូ លោក​ឡឹម​ឃូ​ បង្ក​បាន​ការ​ឯក​ភាព​គ្នា​យ៉ាង​ឆាប់​រហ័ស​ក្នុង​សា​ខា​បក្ស​និង​ក្នុង​ប្រ​ជា​ជន។ រយៈ​ពេល​ត្រឹម​តែ​ពីរ​អា​ណត្តិ លោក​បាន​ចលនា​ដំ​ឡើង​បង្គោល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ជន​បទ​ចំ​នួន ៧២​ដើម ពិ​សេស​គឺ​ចលនា​សាង​សង់​ស្ពាន​បេ​តុង​មួយ​ដែល​មាន​តម្លៃ​ជាង​៦០០​លាន​ដុង ទទឹង​៣,៥​ម៉ែត្រ​និង​ប្រ​វែង​៥២​ម៉ែត្រ ដើម្បី​បម្រើ​តម្រូវ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​ និង​ការ​ដោះ​ដូរ​ទំ​និញ​របស់​ប្រ​ជា​ជន។

មិន​ត្រឹម​តែ​សកម្ម​ក្នុង​ការ​ងារ​បក្ស​ប៉ុណ្ណោះ​ទេ លោក​ឡឹម​ឃូ នៅ​ទាំង​ចូល​រួម​បង្រៀន​ថ្នាក់​ពុទ្ធិក​បឋម​សិក្សា​នៅ​តាម​វត្ត​ខ្មែរ​នា​នា ដូច​ជា វត្ត​សិរី​សុ​ខុម​សង្គម​មាន​ជ័យ​ស្រ​ឡូង សង្កាត់​មី​ស្វៀង​និង​វត្ត​បទុម​រង្សី​ទំ​នប់ ឃុំ​អាង​និញ រួម​ចំ​ណែក​ក្នុង​ការ​ថែ​រក្សា​និង​លើក​កម្ពស់​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ។ បង​ស្រី​លី​ធី​ទូ​ង៉ា ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ដើម​ស្វាយ ឱ្យ​ដឹង៖ “ការ​ងារ​ដែល​លោក​ឡឹម​ឃូ ធ្វើ​គឺ​មាន​ភាព​ម៉ត់​ចត់​និង​យក​ចិត្ត​ទុក​ដាក់​ណាស់។ នៅ​ពេល​ថ្នាក់​លើ​ចង្អុល​ការ​គាត់​តែង​សម្រេច​បាន​ទាន់​ពេល។ រាល់​ពេល​ដែល​គាត់​មាន​ប្រ​សាសន៍​ក្នុង​ការ​ប្រ​ជុំ​សា​ខា​បក្ស បក្ខ​ជន​ទាំង​អស់​តែង​ឯក​ភាព​និង​គាំ​ទ្រ“។

ឃុំ​មី​ហឿង បាន​បង្កើត​ឡើង​លើ​មូល​ដ្ឋាន​រួម​បញ្ចូល​នៃ​ឃុំ​ចំ​នួន​បី​គឺ​មី​ហឿង ធ្វឹង​ហ៊ឹង​និង​ភូមី ដែល​ជា​ភូមិ​ភាគ​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ ក្នុង​នោះ​ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​ជិត​៥៧% ជា​ឃុំ​លំ​បាក​ពិ​សេស​របស់​ទី​ក្រុង​កឹង​ធើ។ ក្នុង​រយៈ​ពេល​កន្លង កង​ជួរ​កម្មា​ភិ​បាល និង​បក្ខ​ជន​ជា​ជន​ជាតិ​ខ្មែរ បាន​អនុ​វត្ត​ត្រឹម​ត្រូវ តាម​តួ​នា​ទី​និង​ការ​ទទួល​ខុស​ត្រូវ ជា​គំរូ​ក្នុង​ការ​កសាង​គ្រួ​សារ​វប្ប​ធម៌​និង​អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស​និង​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ។ ពួក​គាត់​បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​ផ្លាស់​ប្តូរ​ទិដ្ឋ​ភាព​ស្រុក​ភូមិ តាម​រយៈ​ការ​ស្ម័គ្រ​ចិត្ត ​ទទួល​ខុស​ត្រូវ​និង​ប្រិយ​ភាព​របស់​ខ្លួន ដែល​ជា​សក្ខី​ភាព​រស់​រវើក​សម្រាប់​តួនា​ទី​ជា​ស្នូល​នៃ​អង្គ​ការ​បក្ស​នៅ​មូល​ដ្ឋាន ជា​ពិ​សេស​គឺ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច។

លោក​ង្វៀង​វ៉ាំង​អ៊ុក អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​មី​ហឿង ឱ្យ​ដឹង៖ “កន្លង​ហើយ បក្ខ​ភាគ​ឃុំ​តែង​ពង្រីក​តួ​នា​ទី​បក្ខ​ជន​ជា​ជន​ជាតិ​ខ្មែរ ធ្វើ​ជា​ស្ពាន​តភ្ជាប់​ដើម្បី​ផ្សព្វ​ផ្សាយគោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ​និង​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ ក្នុង​ជន​ជាតិ​ភាគ​តិច។ ទន្ទឹម​នឹង​នោះ ប្រ​មូល​ផ្តុំ​ការ​ចលនា​ប្រ​ជា​ជន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច រក្សា​នូវ​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ អនុ​វត្ត​កម្ម​វិធី​កសាង​ជន​បទ​ថ្មី ធា​នា​សុខុ​មាល​ភាព​សង្គម ​និង​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព។ ក្នុង​ពេល​ខាង​មុខ បក្ខ​ភាគ​ឃុំ​នឹង​បន្ត​ពង្រឹង​និង​កែ​សម្រួល​សា​ខា​បក្ស​ក្រោម​ឱវាទ ពង្រីក​កង​ជួរ​បក្ខ​ជន​ជា​ជន​ជាតិ​ខ្មែរ លើក​កម្ពស់​គុណ​ភាព​នៃ​ការ​ប្រ​ជុំ​សា​ខា​បក្ស​និង​សកម្ម​ភាព​របស់​អង្គ​ការ​មហា​ជន ពង្រីក​តួនា​ទី​របស់​អ្នក​មាន​ប្រិយ​ភាព​ក្នុង​សហ​គមន៍ ដើម្បី​កសាង​ជន​បទ​ថ្មី អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ចវប្ប​ធម៌​សង្គម ធា​នា​ការ​ការ​ពារ​ប្រ​ទេស សន្តិ​សុខ​ជា​ជំ​ហានៗ​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​ជូន​ប្រ​ជា​ជន”៕

                              ហ្វាង​យីវ-ដា​លីន

ចែករំលែកអត្ថបទ