ដោយការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់ថ្នាក់ ជីវភាពសម្ភារៈនិងស្មារតីរបស់ជនរួមជាតិខ្មែរនៅទីក្រុងកឹងធើបានលើកកម្ពស់ជាបន្តបន្ទាប់។ ក្នុងបរិយាកាសដ៏សប្បាយរីករាយនោះ បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជិតឈានចូលមកដល់ មាមីងកំពុងមមាញឹកបោសសម្អាត រៀបចំអាសនៈដូនតា។ ចំណែកនៅតាមវត្តអារាមខ្មែរនានា ក៏បានតាក់តែងលម្អយ៉ាងស្អាតបាត។
%E1%9F%A2.gif)
ព្រះសង្ឃវត្តព្រែកអណ្តើក ឃុំញូយ៉ា កំពុងតាក់តែងវត្តដើម្បីទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ២០២៦។
ប៉ុន្មានថ្ងៃនេះ នៅវត្តព្រែកអណ្តើក ឃុំញូយ៉ា ព្រះសង្ឃនិងពុទ្ធបរិស័ទកំពុងមមាញឹកជួសជុល លាបថ្នាំព្រះពុទ្ធរូប និងសំណង់ផ្សេងៗក្នុងវត្ត ព្រមទាំងរៀបចំតាក់តែងសោភណភាពបង្ហាញឡើងវិញនូវទិដ្ឋភាពបុណ្យចូលឆ្នាំពីបុរាណ។ ព្រះតេជគុណ ឡឹមច័ន្ទសំណាង ព្រះចៅអធិការវត្តព្រែកអណ្តើក មានថេរដីកា៖ “ដើម្បីទាក់ទាញ និងបង្កបរិយាកាសសប្បាយរីករាយ ជ្រះថ្លាជូនពុទ្ធបរិស័ទពេលមកវត្តក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ក្រៅពីផ្នែកសំខាន់ៗមិនអាចខ្វះបានដូចជា៖ កន្លែងរៀបចំពិធីទទួលទេវតាឆ្នាំថ្មី ពូនភ្នំខ្សាច់ វត្តនៅទាំងតាក់តែងបន្ថែម តាំងបង្ហាញឧបករណ៍កសិកម្ម ផ្សារភ្ជាប់នឹងជីវភាពរបស់មាមីងជនរួមជាតិខ្មែរ រួមមាន៖ កញ្ជើ ត្បាល់អង្រុតជាដើម ដើម្បីរក្សានូវអត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិយើង”។
មិនត្រឹមតែនៅតាមវត្តអារាមខ្មែរប៉ុណ្ណោះទេ គ្រួសារខ្មែរជាច្រើននៅសង្កាត់មីស្វៀង ក៏កំពុងមមាញឹកបោសសម្អាត តាក់តែងផ្ទះសម្បែងដើម្បីទទួលបុណ្យចូលឆ្នាំផងដែរ។ តាមសម្តីបងស្រី លីធីហ្វៀង នៅមណ្ឌលដាយជី ពីមុនគ្រួសារគាត់មានជីវភាពលំបាក ក្រោយមកបានរដ្ឋអំណាចបង្កលក្ខណៈឱ្យបុលទុនពីធនាគារគោលនយោបាយសង្គម បងស្រីក៏បានវិនិយោគលើរបរចិញ្ចឹមគោទឹកដោះ។ បងស្រី លីធីហ្វៀង បានឱ្យដឹង៖ “អាស្រ័យរកបានចំណូលជាង ១០០ លានដុងក្នុងមួយឆ្នាំពីទម្រង់ចិញ្ចឹមគោទឹកដោះ ទើបជីវភាពគ្រួសារនាងខ្ញុំបានធូរធារ ទទួលបុណ្យចូលឆ្នាំឆ្នាំនេះបានកក់ក្តៅ និងបរិបូរណ៍ជាងមុន។ នាងខ្ញុំមានបំណងឱ្យបក្សនិងរដ្ឋ បន្តមានគោលនយោបាយអាទិភាពបន្ថែមទៀតសម្រាប់តំបន់ជនជាតិខ្មែរ ជួយមាមីងអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់គុណភាពរស់នៅ ដើម្បីឱ្យអ្នកណាក៏បានទទួលបុណ្យចូលឆ្នាំក្នុងក្តីសប្បាយរីករាយ និងសម្បូររុងរឿង”។

អ្នកមីងទ្រីវធីជិញ នៅឃុំលីវទូ កំពុងបោសសម្អាត រៀបចំអាសនៈដូនតា ដើម្បីទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី ។
ប្រហែលបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំនេះ គឺជាបុណ្យចូលឆ្នាំដ៏កក់ក្តៅបំផុតរបស់គ្រួសារអ្នកមីងទ្រីវធីជិញ នៅភូមិបឹងទ្រៀក ឃុំលីវទូ ដ្បិតអី ឆ្នាំនេះគ្រួសារអ្នកមីងបានទទួលបុណ្យចូលឆ្នាំក្នុងផ្ទះថ្មីដ៏រឹងមាំ។ អ្នកមីងជិញ បានរៀបរាប់ដោយក្តីរំភើប៖ “ពីមុនគ្រួសារខ្ញុំរស់នៅក្នុងផ្ទះស្លឹកទ្រុឌទ្រោម ពេលមេឃភ្លៀងត្រូវទៅជ្រកផ្ទះសាច់ញាតិ។ ឥឡូវនេះ បានឧបត្ថម្ភផ្ទះពីកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅតំបន់ជនជាតិភាគតិច ចាប់ពីពេលនេះទៅគ្រួសារខ្ញុំលែងព្រួយបារម្ភរាល់ពេលមានភ្លៀងធ្លាក់ទៀតហើយ”។ តាមនោះ ដំណាក់កាល ២០២១ - ២០២៥ ទីក្រុងកឹងធើបានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធី គម្រោងនានាចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គម តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ក្នុងនោះ គម្រោង ១ អំពីការដោះស្រាយស្ថានភាពខ្វះដីលំនៅឋាន លំនៅឋាន ដីផលិត ទឹកស្អាតប្រើប្រាស់... ដោយប្រភពទុនសរុបជាង ៣១ ពាន់លានដុង។
តាមរយៈការអនុវត្តល្អនូវរាល់គោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ ចំពោះការងារជនជាតិក្នុងរយៈពេលកន្លង បានរួមចំណែកលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាជន ជាពិសេសគឺមាមីងជនរួមជាតិខ្មែរ ទិដ្ឋភាពភូមិស្រុកកាន់តែផ្លាស់ថ្មីរីកចម្រើន ក្តីសប្បាយរីករាយទទួលបុណ្យចូលឆ្នាំថ្មីរបស់មាមីងកាន់តែពេញបរិបូរណ៍ និងកក់ក្តៅ៕
ថាញវ៉ាង - ថាច់ធី