“ចំណេះដឹងនិងរបៀបចារសាស្ត្រាស្លឹករឹតរបស់ជនរួមជាតិខ្មែរ” បានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ នៅឆ្នាំ២០១៧។ ក្នុងដំណាក់ការអភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌនោះ គឺមានរួមចំណែកយ៉ាងច្រើនរបស់ព្រះឧបជ្ឈាយ៍ចៅទី សុធម្មាធិបតីរង ក្រុមប្រឹក្សាវិន័យធរនៃសមាគមពុទ្ធសាសនាវៀតណាម ព្រះចៅអធិការវត្តស្វាយសទំនើប (ឃុំទ្រីតូង ខេត្តអាងយ៉ាង) ព្រះអង្គបានអភិរក្សនិងបង្រៀនរបៀបចារសាស្ត្រាស្លឹករឹតជាច្រើនឆ្នាំ។

ព្រះឧបជ្ឈាយ៍ចៅទី (ខាងស្តាំ) កំពុងបង្រៀនព្រះសង្ឃចារសាស្ត្រាស្លឹករឹត។
ព្រះឧបជ្ឈាយ៍ចៅទី ប្រសូតិនៅឆ្នាំ ១៩៤១ មានស្រុកកំណើតនៅឃុំទ្រីតូង។ ឆ្នាំ ១៩៦០ ព្រះអង្គបានចូលសាងផ្នួសនៅវត្តស្វាយសទំនើប និងបានតែងតាំងជាព្រះចៅអធិការវត្តតាំងពីឆ្នាំ ១៩៨៥ រហូតមកទល់នឹងសព្វថ្ងៃ។ ជាច្រើនឆ្នាំក្នុងរយៈកាលសាងផ្នួស ព្រះអង្គតែងយកព្រះទ័យទុកដាក់ចំពោះការអភិរក្សតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ ក្នុងនោះ មានរបៀបចារសាស្ត្រាស្លឹករឹតជាដើម។
ព្រះឧបជ្ឈាយ៍ចៅទី ពិតថេរដីកា អាត្មាមាននិស្ស័យនឹងទម្រង់សិល្បៈនេះ ចាប់តាំងពីឆ្នាំ ១៩៦៤ មក ខណៈដែលព្រះអង្គបានទៅសិក្សាពីព្រឹទ្ធាចារ្យ ចៅរៀង (ជាអ្នកស្ទាត់ជំនាញពីរបៀបចារអក្សរលើស្លឹករឹតក្នុងតំបន់) ចាប់ពីការជ្រើសរើសនិងកែច្នៃ រហូតដល់របៀបចារអក្សរ។ ការចារអក្សរលើស្លឹករឹត ទាមទារត្រូវមានការប្រិតប្រៀនប្រយ័ត្នប្រយែងនិងអត់ធ្មត់ បើមិនដូច្នោះទេ គ្រាន់តែថ្លោះធ្លោយបន្តិចក៏អាចធ្វើឱ្យខូចទាំងស្លឹករឹត (ទ្រាំង)។ ក្រោយពីរយៈពេលហ្វឹកហ្វាត់សម្រិតសម្រាំង ព្រះឧបជ្ឈាយ៍ ចៅទី កាន់តែមានភាពស្ទាត់ជំនាញពីរបៀបចារអក្សរនិងដំណាក់ការធ្វើសាស្ត្រាស្លឹករឹត។
ព្រះឧបជ្ឈាយ៍ចៅទី មានថេរដីកា សម័យបច្ចុប្បន្ន ជាទូទៅគេច្រើនប្រើប្រាស់សៀវភៅពុម្ព ដូច្នេះ តិចមានអ្នកណាចារសាស្ត្រាស្លឹករឹត។ ទន្ទឹមនឹងនោះ ស្លឹកទ្រាំងក៏កាន់តែហោចទៅ ម្យ៉ាងការធ្វើសាស្ត្រាក៏ត្រូវចំណាយពេលនិងកម្លាំងច្រើន ដូច្នេះ អ្នករៀនចារសាស្ត្រាស្លឹករឹតក៏តិចទៅៗ។ ហេតុដូច្នេះ ព្រះអង្គតែងបារម្ភចំពោះហានិភ័យនៃការសាបរលាបបេតិភណ្ឌវប្បធម៌ទម្រង់នេះ។ តាមព្រះអង្គ ប្រសិនបើគ្មានអ្នកបន្តវេនទេនោះ សិល្បៈចារសាស្ត្រាស្លឹករឹតនឹងរងការសាបរលាបបន្តិចម្តងៗ។
ផ្តើមពីភាពជាក់ស្តែងទាំងនោះ មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តអាងយ៉ាង (ចាស់) បានចាត់តាំងបើកវគ្គបង្រៀនពីរបៀបចារសាស្ត្រាស្លឹករឹតជាច្រើនថ្នាក់ដល់ព្រះសង្ឃ នៅតំបន់បៃណុយ ព្រះឧបជ្ឈាយ៍ចៅទី បង្រៀនដោផ្ទាល់។
ក្នុងដំណាក់ការបង្រៀន ព្រះអង្គតែងរំលឹកសិក្ខាកាមជារឿយៗ ត្រូវចេះប្រិតប្រៀងនិងអត់ធ្មត់ ពេលចារអក្សរ។ ចំពោះព្រះអង្គ ការបង្រៀនមិនត្រឹមតែរក្សារបៀបធ្វើនិងចារអក្សរប៉ុណ្ណោះទេ ថែមទាំងជួយមនុស្សជំនាន់ក្រោយយល់ដឹងនិងផ្ដល់តម្លៃលើសាស្ត្រាស្លឹករឹត ដែលបញ្ញវន្តខ្មែរបានបន្សល់ទុកជាច្រើនសតវត្សរ៍មក។
ជាមួយនឹងការរួមចំណែកអភិរក្សបេតិកភណ្ឌវប្បធម៌ជនជាតិ ឆ្នាំ ២០១៥ ព្រះឧបជ្ឈាយ៍ ចៅទី បានប្រទានកិត្តិនាមសិប្បករឆ្នើម និងបានប្រទានកិត្តិនាមសិប្បករប្រជាជននៅឆ្នាំ២០១៩។ នេះ គឺជាការកត់សម្គាល់ចំពោះការខិតខំប្រឹងប្រែងរបស់ព្រះអង្គក្នុងការអភិរក្ស និងបង្រៀនរបៀបចារសាស្ត្រាស្លឹករឹតដែលជាទម្រង់ចំណេះដឹងប្រជាប្រិយ ដ៏ពិសេសរបស់ជនរួមជាតិខ្មែរ៕
វឌ្ឍា-មុនី