តើអ្នកកំពុងអស់សង្ឃឹមដោយសារតែបានសាកល្បងវិធីជាច្រើនដូចជា “រាប់លេខ” ងូតទឹកក្ដៅឧណ្ហៗ ឬផឹកទឹកដោះគោក្តៅ ប៉ុន្តែនៅតែមិនអាចគេងលក់ស្រួលនៅពេលយប់មែនទេ? បើដូច្នោះមែន សូមសាកល្បងស្វែងយល់ពីគន្លឹះតូចៗទាំងនេះមើល។

រូបជាឧទាហរណ៍៖ វិធីសាស្រ្តហាត់យោគៈ (Yoga) បន្ធូរអារម្មណ៍ជួយឱ្យអ្នកគេងលក់ស្រួល។
យោងតាមសារព័ត៌មាន Mirror គ្រាន់តែនៅក្នុងប្រទេសអង់គ្លេសមួយប៉ុណ្ណោះ ក្នុងមួយឆ្នាំៗមានវេជ្ជបញ្ជាប្រើថ្នាំពេទ្យដល់ទៅ ១០ លានលើក ដែលពាក់ព័ន្ធនឹងការព្យាបាលជំងឺគេងមិនលក់ដែលត្រូវបានគ្រូពេទ្យចេញវេជ្ជបញ្ជាប្រើថ្នាំពេទ្យដល់អ្នកជំងឺ។
ការគេងមិនលក់គឺជាទុក្ខលំបាករបស់មនុស្សច្រើន។ អ្នកប្រហែលជាអស់សង្ឃឹមបន្ទាប់ពីបានសាកល្បងគ្រប់វិធីដូចជា “រាប់លេខ” ងូតទឹកក្ដៅឧណ្ហៗ ឬផឹកទឹកដោះគោក្តៅ ប៉ុន្តែនៅតែមិនអាចគេងលក់ស្កប់ស្កល់នៅពេលយប់? ចូរសាកល្បងគន្លឹះខាងក្រោមនេះ ដើម្បីដឹងថាអ្នកអាចកែលម្អស្ថានភាពនេះបានដែរឬទេ?
ដកដង្ហើមតាមរន្ធច្រមុះខាងឆ្វេង៖ វិធីសាស្រ្ត យោគៈនេះបានគេជឿថាអាចជួយបញ្ចុះសម្ពាធឈាម និងជួយឱ្យអ្នករកឃើញភាពស្ងប់សុខក្នុងចិត្ត។ អ្នកត្រូវគេងផ្អៀងទៅខាងឆ្វេង រួចយកម្រាមដៃខ្ទប់រន្ធច្រមុះខាងស្តាំ ហើយចាប់ផ្តើមដកដង្ហើមវែងៗ និងយឺតៗ។
កន្ត្រាក់ក្រុមសាច់ដុំ និងបន្ធូរអារម្មណ៍៖
ការធ្វើឱ្យសាច់ដុំទូទាំងរាងកាយបានសម្រាក គឺជាដំណើរការចាំបាច់ដើម្បីទទួលបានដំណេកដ៏ស្កប់ស្កល់។ អ្នកត្រូវគេងផ្ងារ ដកដង្ហើមវែងៗ និងយឺតៗតាមច្រមុះ ព្រមទាំងកន្ត្រាក់ម្រាមជើងឱ្យចង្អុលទៅមុខ រួចហើយទើបបន្ធូរមកវិញ។ បន្ទាប់មក បន្តដកដង្ហើមវែងៗ និងយឺតៗ រួចបត់ម្រាមជើងឆ្ពោះទៅរកក្បាលជង្គង់របស់អ្នក រួចហើយបន្ធូរមកវិញ។ បន្តដកដង្ហើមយឺតៗ និងកន្ត្រាក់សាច់ដុំតាមលំដាប់លំដោយពីកំភួនជើងឡើងទៅត្រគាក ពោះ ដៃទាំងពីរ។ល។ ច្របាច់ និងបន្ធូរសាច់ដុំនីមួយៗម្តងមួយ។ បន្ទាប់ពីធ្វើរួចរាល់ អ្នកដកដង្ហើមធម្មតាវិញ នោះអ្នកនឹងចាប់ផ្តើមមានអារម្មណ៍ងងុយគេង។
ព្យាយាមធ្វើអារម្មណ៍នឹងនរ
វាហាក់ដូចជាចម្លែក ប៉ុន្តែតាមពិតទៅ នេះគឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពមួយមុនពេលចូលគេង។ ចូរធ្វើឱ្យអារម្មណ៍នឹងនរដោយបើកភ្នែកឱ្យធំៗ ហើយប្រាប់ខ្លួនឯងដដែលៗថា “ខ្ញុំនឹងមិនគេងទេ”។ សាច់ដុំភ្នែករបស់អ្នកនឹងចាប់ផ្តើមហត់នឿយ ដែលធ្វើឱ្យអ្នកឆាប់ងងុយគេងបំផុត។
រំលឹកការចងចាំត្រឡប់ក្រោយ
ចូររំលឹកឡើងវិញនូវព្រឹត្តិការណ៍ដែលបានកើតឡើងក្នុងថ្ងៃនោះតាមលំដាប់លំដោយ ដូចជាការចាក់ខ្សែអាត់ត្រឡប់ក្រោយ។ ការធ្វើបែបនេះនឹងជួយឱ្យអ្នកកាត់បន្ថយការព្រួយបារម្ភ។ អ្នកជំនាញ Sammy Margo អ្នកនិពន្ធសៀវភៅ ណែនាំពីការគេងលក់ស្រួល បានចែករំលែក៖ “ការរំលឹកឡើងវិញនូវការសន្ទនា ទីកន្លែងដែលបានទៅ និងសូម្បីតែសំឡេងនៅទីនោះ នឹងធ្វើឱ្យអ្នកឈានចូលទៅក្នុងស្ថានភាពស្មារតីដែលត្រៀមខ្លួនជាស្រេចសម្រាប់ការគេងយ៉ាងឆាប់រហ័ស”។
បង្វិលនាឡិការោទ៍ទៅរកជញ្ជាំង
នៅពេលព្យាយាមគេង មនុស្សជាច្រើនមានទម្លាប់លួចមើលនាឡិការោទ៍ ដើម្បីដឹងថាតើខ្លួន ឯងនៅសល់ពេលប៉ុន្មានម៉ោងទៀតសម្រាប់គេង។ រឿងនេះមានតែធ្វើឱ្យអ្នកកាន់តែមានអារម្មណ៍តានតឹងតែប៉ុណ្ណោះ។ ចូរបង្វិលមុខនាឡិការោទ៍របស់អ្នកទៅរកជញ្ជាំង ដើម្បីបន្ថយភាពតានតឹង និងជួយឱ្យអ្នកគេងលក់លឿនជាងមុន។ ការប្រើប្រាស់ប្រដាប់បិទភ្នែក (Mask) ក៏មានប្រយោជន៍ ក្នុងការជួយឱ្យអ្នកងាយស្រួលគេងផងដែរ។
ហាត់ប្រាណភ្នែក
អ្នកអាចបិទភ្នែក ហើយងើបគ្រាប់ភ្នែកឡើង លើចំនួន ៣ ដង។ ការធ្វើបែបនេះ គឺដើម្បីធ្វើត្រាប់តាមបែបធម្មជាតិ នៅពេលដែលត្របកភ្នែករបស់អ្នកធ្លាក់ចុះពេលកំពុងងងុយគេង។ ចលនានេះ នឹងជួយរំញោចអរម៉ូនងងុយគេង Melatonin។
ប្រភព៖ hanhnien.vn - សុផន
| ចែករំលែកអត្ថបទ |
|
ពាក្យគន្លឹះនាយក៖ ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។
