តាមបេសកជនពិសេសរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា ព្រះបាទនរោត្តម សីហមុនី នាព្រឹកថ្ងៃទី ៦ ខែកុម្ភៈ លោកអគ្គលេខាបក្ស តូឡឹម និងគណៈប្រតិភូជាន់ខ្ពស់បក្ស និងរដ្ឋវៀតណាម បានអញ្ជើញមកដល់រាជធានីភ្នំពេញ ចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ រួមដំណើរជាមួយលោកអគ្គលេខាបក្សក្នុងដំណើរទស្សនកិច្ចនេះ រួមមាន នាយករដ្ឋមន្ត្រី ផាមមិញជិញ និងប្រធានរដ្ឋសភា ត្រឹងថាញមឹង។

លោកអគ្គលេខាបក្ស តូឡឹម និងប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច ហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។
បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការយ៉ាងមហោឡារិកនៅព្រះបរមរាជវាំង លោកអគ្គលេខាបក្ស តូឡឹម បានជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ក្នុងជំនួបពិភាក្សា សម្តេចតេជោ ហ៊ុនសែន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះការដែលលោកអគ្គលេខាបក្ស តូឡឹម ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម មកបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅកម្ពុជា បន្ទាប់ពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនីស្តវៀតណាម។ សម្តេចបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស និងគណៈប្រតិភូ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់បក្សកុម្មុយនីស្តវៀតណាម និងថ្នាក់ដឹកនាំវៀតណាម សម្រាប់ទំនាក់ទំនងជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងចីរភាពយូរអង្វែង។
អបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតលើកទី ១៤ និងសមមិត្ត តូឡឹម បន្តទទួលបានសេចក្តីទុកចិត្តជ្រើសតាំងជាអគ្គលេខាបក្ស
សម្តេចតេជោ ហ៊ុនសែន ជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម ដែលមានលោកអគ្គលេខាបក្ស តូឡឹម ជាប្រមុខ ប្រជាជនវៀតណាមនឹងបន្តសម្រេចបាននូវសមិទ្ធផលធំធេងជាច្រើនទៀត បន្តអនុវត្តជោគជ័យនូវទិសដៅដែលបក្សបានដាក់ចេញ រួមចំណែកដល់ការអភិវឌ្ឍរួមក្នុងតំបន់ និងលើពិភពលោក។ សម្តេចបានបញ្ជាក់ថា កម្ពុជាតែងផ្តល់តម្លៃខ្ពស់ និងប្រាថ្នាពង្រឹងឥតឈប់ឈរនូវទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងចីរភាពយូរអង្វែង។ សម្តេចតេជោ ហ៊ុនសែន ក៏បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ ជាពិសេសលើផ្នែកសេដ្ឋកិច្ច-សង្គមរបស់វៀតណាម និងប្រាថ្នាឱ្យភាគីទាំងពីរបន្តបង្កើនការបើកចំហទីផ្សារ ដើម្បីផ្សារភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរ។
អគ្គលេខាបក្ស តូឡឹម បានសម្តែងនូវក្តីរីករាយដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាដ៏ស្រស់បំព្រង បន្ទាប់ពីមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនីស្តវៀតណាម។ លោកបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតជាច្រើនរូបរបស់វៀតណាម រួមមាននាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភា។ លោកបានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងយកចិត្តទុកដាក់បំផុត ដែលព្រះរាជវង្សានុវង្ស និងប្រជាជនកម្ពុជា បានផ្តល់ជូនអគ្គលេខាបក្ស និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដែលបង្ហាញយ៉ាងរស់រវើកនូវសាមគ្គីភាព មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងប្រជាជាតិទាំងពីរ។
វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលធំធេងដែលប្រជាជនកម្ពុជាសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក អគ្គលេខាបក្ស តូឡឹម ជឿជាក់ថា ក្រោមការគ្រងរាជ្យសម្បត្តិដ៏ឈ្លាសវៃរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី ការដឹកនាំរបស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងការរួបរួមគ្នារបស់ប្រជាជន ព្រះរាជាណាចក្រកម្ពុជានឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា ជីវភាពរបស់ប្រជាជនបានកែលម្អឥតឈប់ឈរ កសាងជោគជ័យនូវប្រទេសជាតិប្រកបដោយសន្តិភាព សុខដុមរមនា កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ចែករំលែកជាមួយសម្តេចតេជោ ហ៊ុនសែន អំពីសភាពការណ៍នៅវៀតណាម និងមហាសន្និបាតលើកទី ១៤ លោកអគ្គលេខាបក្សបានបញ្ជាក់ថា រាល់សមិទ្ធផលរបស់វៀតណាម សុទ្ធតែមានការគាំទ្រ និងការជួយជ្រោមជ្រែងដ៏មានតម្លៃពីមិត្តភក្តិអន្តរជាតិ ជាពិសេសគឺបណ្តាប្រទេសជិតខាង ក្នុងនោះមានកម្ពុជា។ លោកបានសម្តែងការគោរព និងដឹងគុណចំពោះការគាំទ្រ និងការជួយជ្រោមជ្រែងដោយស្មោះអស់ពីចិត្តរបស់ព្រះបរមកោដ្ឋបាទនរោត្តម សីហនុ ព្រះវររាជមាតាជាតិ នរោត្តម មុនីនាថ សីហនុ ព្រះមហាក្សត្រ នរោត្តម សីហមុនី ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជំនាន់ និងប្រជាជនកម្ពុជា ដែលបានផ្តល់ជូនវៀតណាមក្នុងបុព្វហេតុតស៊ូដណ្តើមឯករាជ្យនាពេលមុន ក៏ដូចជាការកសាង និងការពារមាតុភូមិនាពេលបច្ចុប្បន្ន។
ភាគីទាំងពីរក៏បានជម្រាបជូនគ្នាទៅវិញទៅមកអំពីគោលដៅ និងទិសដៅអភិវឌ្ឍន៍ ដើម្បីឱ្យប្រទេសនីមួយៗ និងប្រទេសទាំងបី វៀតណាម-កម្ពុជា-ឡាវ ចូលរួមសហប្រតិបត្តិការនិងអភិវឌ្ឍ៕
ង្វៀងហុងឌេប - សុផន