ការអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អ របស់ជនជាតិភាគតិច ផ្សារភ្ជាប់នឹងអភិវឌ្ឍទេសចរណ៍ គឺជាទិសដៅដ៏សំខាន់ប្រកបដោយលក្ខណៈយូរអង្វែងរបស់ខេត្តវិញឡុង។ នេះមិនត្រឹមតែជាវិធានការអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិប៉ុណ្ណោះទេ ថែមទាំងរួមចំណែកទាញយកសក្តានុភាពវប្បធម៌ប្រកបដោយប្រសិទ្ធភាពទៀតផង បង្កកម្លាំងជំរុញអភិវឌ្ឍទេសចរណ៍ដោយចីរភាព លើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីជូនជនជាតិភាគតិច។

ភ្ញៀវទេសចរមកទស្សនានៅកេរដំណែលរមណីយដ្ឋានគូស្រះស្រី។
តាមប្រសាសន៍លោកថាច់មុនី នាយករងមន្ទីរជនជាតិនិងសាសនាខេត្តវិញឡុង ផ្តើមពីប្រភពទុនជិត ១៨ ពាន់លានដុង សម្រាប់អនុវត្តគម្រោង ៦ “អភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អរបស់ជនជាតិភាគតិច ផ្សារភ្ជាប់នឹងអភិវឌ្ឍទេសចរណ៍ “ចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ខេត្តបានអនុវត្តនូវសំណង់ជាច្រើន ដូចជា៖ ថែទាំនិងជួសជុលភូមិវប្បធម៌ ប្រពៃណីគំរូរបស់ជនរួមជាតិខ្មែរនៅភូមិព្រះស្រែ ឃុំសុងឡុក; ជួសជុលនិងកែលម្អកេរដំណែលគូស្រះស្រី; កសាងទម្រង់សារមន្ទីរជីវបរិស្ថាននៅវត្តពោធិវង្សកំពង់ដូង (ផ្នោដូង) នៅឃុំតឹបង៉ាយ។ ទន្ទឹមនឹងនោះ ធ្វើការត្រួតពិនិត្យចុះបញ្ជីប្រមែប្រមូល និងធ្វើឱ្យទៅជាឯកសារកេរដំណែលវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិច និងកសាងគោលនយោបាយឧបត្ថម្ភវិចិត្រករ។
ក្នុងនោះ កេរដំណែលរមណីយដ្ឋានគូស្រះស្រី ជាចំណុចលេចធ្លោក្នុងការអភិវឌ្ឍទេសចរណ៍វប្បធម៌។ គូស្រះស្រីមានផ្ទៃដីប្រមាណ ៨,២ ហិកតា ដោយដើមឈើធំៗមានអាយុរាប់រយឆ្នាំព័ទ្ធជុំវិញ បង្កើតជាបរិយាកាសជីវស្ថានបរិសុទ្ធនិងត្រជាក់។ នេះជាទីតាំងដ៏មនោរម្យសម្រាប់ភ្ញៀវទេសចរមកទស្សនា សម្រាកលំហែកាយនិងស្វែងយល់ពីតម្លៃវប្បធម៌ប្រពៃណីផ្សារភ្ជាប់នឹងជីវភាពសហគមន៍។ ការវិនិយោគជួសជុល កែលម្អមិនត្រឹមតែរួមចំណែកអភិរក្សកេរដំណែលប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់តម្លៃទាញយកផលទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរទាំងក្នុង និងក្រៅខេត្តមកទស្សនា និងស្វែងយល់ពីវប្បធម៌ ប្រពៃណីទៀតផង។
លោកថាច់មុនី នាយករងមន្ទីរជនជាតិនិងសាសនាខេត្តវិញឡុង ឱ្យដឹងបន្ថែម៖ “ក្រៅពីអនុវត្តគម្រោង ៦ មន្ទីរនៅទាំងសហការជាមួយផ្នែកជំនាញ ជំរុញការផ្សព្វផ្សាយអំពីការអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់បណ្តាជនជាតិទៀតផង។ ឆ្លងតាមរយៈនោះ លើកកម្ពស់ការយល់ដឹង ទទួលខុសត្រូវរបស់កងជួរកម្មាភិបាលវប្បធម៌មូលដ្ឋាន អង្គភាព និងគ្រួសារធ្វើអាជីវកម្មទេសចរណ៍ក្នុងការគ្រប់គ្រងវប្បធម៌និងការយល់ដឹង ដើម្បីធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគអំពីការអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ ផ្សារភ្ជាប់នឹងអភិវឌ្ឍទេសចរណ៍”៕
សើុងម៉ាល័យ - វិមាន