19/12/2025 - 06:30

របៀប​បំ​ពេញ​ព័ត៌​មាន​លំ​នៅ​ឋាន​នៅ​លើ​ VNeID ដើម្បី​ចៀស​វាង​ការ​ពិន័យ​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ​ 

ចាប់​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ​ ឆ្នាំ​២០២៥ តទៅ​ប្រ​ជា​ជន​ដែល​មិន​អាច​បង្ហាញ​ព័ត៌​មាន​លំ​នៅ​ឋាន​ (តាម​រយៈ​ឯក​សារ​ក្រ​ដាស​ ឬ​កម្ម​វិធី​ VNeID) នៅ​ពេល​មាន​សំ​ណូម​ពរ​ត្រួត​ពិនិត្យ​ អាច​ប្រ​ឈម​នឹង​ការ​ពិ​ន័យ​រហូត​ដល់​ ១ លាន​ដុង។

 ​ ប្រ​ជា​ជន​អាច​រាយ​ការណ៍​ព័ត៌​មាន​លំ​នៅ​ឋាន​ដោយ​ផ្ទាល់​នៅ​លើ​កម្ម​វិធី​ VNeID (តម្រូវ​ឱ្យ​មាន​ការ​កំ​ណត់​អត្ត​សញ្ញាណ​កម្រិត​ ២)។ រូប​៖ថត​ពី​អេ​ក្រង់​

ដើម្បី​ងាយ​ស្រួល​បំ​ផុត​ អ្នក​ប្រើ​ប្រាស់​ទូរ​សព្ទ​ឆ្លាត​វៃ​អាច​អនុ​វត្ត​បែប​បទ​រាយ​ការណ៍​ និង​បង្ហាញ​ទិន្ន​ន័យ​នេះ​ដោយ​ផ្ទាល់​តាម​រយៈ​កម្ម​វិធី​កំ​ណត់​អត្ត​សញ្ញាណ​អេ​ឡិច​ត្រូ​និច VNeID។

យោង​តាម​អនុ​ក្រឹត្យ​លេខ​២៨២​/២០២៥​/NĐ-CP ស្ដី​ពី​បទ​ប្បញ្ញត្តិ​អំ​ពី​ការ​ពិន័យ​ចំ​ពោះ​បទ​ល្មើស​រដ្ឋ​បាល​ក្នុង​វិស័យ​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម; បង្ការ​បង្ក្រាប​បាប​គ្រោះ​សង្គម; បង្ការ​ប្រ​ឆាំង​នឹង​អំ​ពើ​ហិង្សា​ក្នុង​គ្រួ​សារ​ (ដែល​មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ) ប្រ​ជា​ពល​ រដ្ឋ​មាន​កា​តព្វ​កិច្ច​បង្ហាញ​ព័ត៌​មាន​លំ​នៅ​ឋាន​នៅ​ពេល​កង​កម្លាំង​មាន​សមត្ថ​កិច្ច​សំ​ណូម​ពរ។ ប្រ​សិន​បើ​មិន​អាច​ផ្តល់​បាន​ទេ​ អាច​រង​ការ​ព្រ​មាន​ ឬ​ពិន័យ​ជា​ប្រាក់​ចាប់​ពី​៥០០​.០០០ ដល់​ ១ លាន​ដុង​ ដែល​អនុ​វត្ត​ចំ​ពោះ​បុគ្គល​ និង​កើន​ទ្វេ​ដង​ចំ​ពោះ​អង្គ​ការ។

ក្នុង​បរិ​កាណ៍​នៃ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​នា​ពេល​បច្ចុប្បន្ន​ ជំ​នួស​ឱ្យ​ការ​កាន់​ឯក​សារ​ជា​ក្រ​ដាស​ ប្រ​ជា​ជន​អាច​ប្រើ​ប្រាស់​កម្ម​វិធី​ VNeID ជា​ដំ​ណោះ​ស្រាយ​ជំ​នួស​ស្រប​ច្បាប់​ និង​ងាយ​ស្រួល។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ដើម្បី​ឱ្យ​មុខ​ងារ​នេះ​ដំ​ណើរ​ការ​បាន​អ្នក​ប្រើ​ប្រាស់​ត្រូវ​ធា​នា​ថា​គណ​នី​កំ​ណត់​ អត្ត​សញ្ញាណ​អេ​ឡិច​ត្រូ​និច​បាន​ដំ​ឡើង​នៅ​កម្រិត​២ (ចុះ​ឈ្មោះ​ដោយ​ផ្ទាល់​នៅ​ទី​ភ្នាក់​ងារ​នគរ​បាល) ហើយ​កម្ម​វិធី​បាន​បំ​ពេញ​នៅ​កំ​ណែ​ចុង​ក្រោយ​បំ​ផុត។

នីតិ​វិធី​ចុះ​ឈ្មោះ​លំ​នៅ​ឋាន​អចិន្ត្រៃយ៍ លំ​នៅ​ឋាន​បណ្ដោះ​អា​សន្ន​អន​ឡាញ​ តាម​រយៈ​កម្ម​វិធី​ VNeID

ដើម្បី​បំ​ពេញ​ព័ត៌​មាន​លំ​នៅ​ឋាន​ដោយ​មិន​ចាំ​បាច់​ទៅ​ទី​ភ្នាក់​ងារ​នគរ​បាល​ប្រ​ជា​ជន​អាច​ធ្វើ​ប្រ​តិបត្តិ​ការ​ភ្លាម​ៗនៅ​លើ​ទូរ​សព្ទ​ឆ្លាត​វៃ​របស់​ខ្លួន។ បន្ទាប់​ពី​ចូល​កម្ម​វិធី​ VNeID នៅ​លើ​ចំ​ណុច​ប្រ​ទាក់​មេ​ អ្នក​ប្រើ​ប្រាស់​ស្វែង​រក​ផ្នែក​ បែប​បទ​រដ្ឋ​បាល។ នៅ​ទី​នេះ​ ប្រ​ព័ន្ធ​នឹង​ផ្តល់​ជម្រើស​ពីរ​ គឺ​ចុះ​ឈ្មោះ​លំ​នៅ​ឋាន​បណ្ដោះ​អា​សន្ន​ឬ​ចុះ​ឈ្មោះ​លំ​នៅ​ឋាន​អចិន្ត្រៃយ៍ អា​ស្រ័យ​លើ​តម្រូវ​ការ​ជាក់​ស្តែង។

បន្ទាប់​ពី​ជ្រើស​រើស​ប្រ​ភេទ​លំ​នៅ​ឋាន​ដែល​សម​ស្រប​ អ្នក​ប្រើ​ប្រាស់​ចុច​លើ​ប៊ូ​តុង​ បង្កើត​សំ​ណើ​ថ្មី។ ប្រ​ព័ន្ធ​អនុញ្ញាត​ឱ្យ​ជ្រើស​រើស​ការ​រាយ​ការណ៍​ផ្ទាល់​ខ្លួន​ឬ​រាយ​ការណ៍​ជំ​នួស​អ្នក​ដទៃ។ នៅ​ក្នុង​ជំ​ហាន​បន្ទាប់​ អ្នក​ប្រើ​ប្រាស់​ត្រូវ​ បំ​ពេញ​ព័ត៌​មាន​ពេញ​លេញ​ និង​ត្រឹម​ត្រូវ​ទៅ​ក្នុង​ទិន្ន​ន័យ​ដែល​មាន​សម្គាល់​ពណ៌​ក្រ​ហម​ថា​ជា​ចាំ​បាច់​។ បន្ទាប់​ពី​បញ្ចប់​ការ​បញ្ចូល​ទិន្ន​ន័យ​ អ្នក​ប្រើ​ប្រាស់​ចុច​ ត្រួត​ពិនិត្យ​ ដើម្បី​ឱ្យ​ប្រ​ព័ន្ធ​ពិនិត្យ​មើល​ព័ត៌​មាន​ទាំង​ស្រុង​ឡើង​វិញ។

ប្រ​សិន​បើ​ទិន្ន​ន័យ​ដែល​បាន​បង្ហាញ​គឺ​ត្រឹម​ត្រូវ​ ជំ​ហាន​ចុង​ក្រោយ​គឺ​ចុច​លើ​ប្រ​អប់​ធា​នា​ទទួល​ខុស​ត្រូវ​ចំ​ពោះ​សេចក្តី​រាយ​ការណ៍​ ហើយ​ចុច​បញ្ជូន​ឯក​សារ។ បន្ទាប់​មក​សំ​ណើ​នេះ​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​ស្ថា​ប័ន​មាន​សមត្ថ​កិច្ច​ដើម្បី​វិនិច្ឆ័យ និង​បាន​បំ​ពេញ​ទៅ​ក្នុង​មូល​ដ្ឋាន​ទិន្ន​ន័យ​ជាតិ​អំ​ពី​ប្រ​ជា​ជន៕

               ប្រ​ភព​៖ thanhnien.vn - សុផន

ចែករំលែកអត្ថបទ