ប៉ុន្មានឆ្នាំជិតៗនេះ មានគ្រួសារកសិករជាច្រើននៅលើភូមិឋាន ទីក្រុងកឹងធើ បានម្ចាស់ការវិនិយោគដាក់ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិសម្រាប់ដាំដំណាំ។ បំណងដើម្បីបន្ថយការចំណាយ ប្រិតសំចៃកម្លាំងពលកម្ម បង្កើនទិន្នផល គុណភាពផលិតផល និងលើកកម្ពស់ប្រសិទ្ធភាពផលិតកសិកម្ម។

ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិក្នុងចម្ការខ្ទឹមរបស់ពូសើុងឡើយ។
ជាកសិករម្នាក់ជំនាញដាំដំណាំរួមផ្សំយូរឆ្នាំនៅព្រែកឈ្វេង ឃុំញូយ៉ា ពូសើុងឡើយ ឱ្យដឹង៖ “ពីមុនពេលមិនទាន់មានប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ ការដាំដំណាំមានការលំបាក។ ជាមួយនឹងផ្ទៃដី ២.០០០ម២ ដាំខ្ទឹមស្លឹក ស្រោចទឹកគឺលំបាកណាស់ រាល់ថ្ងៃត្រូវចំណាយពេលច្រើននិងត្រូវហាលក្តៅទៀតផង ប៉ុន្តែចាប់ពីពេលដាក់ប្រព្រ័ន្ធស្រោចស្រពស្វ័យប្រវត្តិ ការផលិតក៏មានភាពងាយស្រួល”។ ទម្រង់ស្រោចស្រពស្វ័យប្រវត្តិជួយឱ្យដំណាំលូតលាស់ល្អ នាំមកនូវទិន្នផលខ្ពស់ជាងប្រហែល ២០%។ “ចាប់ពីពេលអនុវត្តទម្រង់ស្រោចស្រពស្វ័យប្រវត្តិបានជួយប្រជាជនសំចៃបានពេលវេលា និងបន្ថយបានប្រាក់ចំណាយក្នុងការផលិតផងដែរ។ ទោះបីជាដូច្នោះក៏ដោយ ទម្រង់នេះទាមទារត្រូវមានថវិកា ប៉ុន្តែប្រជាជននៅមានការលំបាក សង្ឃឹមថាពេលខាងមុខ គណៈ ផ្នែកនានារបស់ឃុំ គប្បីផ្តុំកម្លាំងណែនាំ ជំនួយថវិកាសម្រាប់កសិករអនុវត្តដើម្បីបង្កើនទិន្នផល លើកកម្ពស់ប្រាក់ចំណូលឱ្យមាមីង” លោកឌិញវុាំងយីមប្រធានសាខាសមាគមកសិករភូមិព្រែកឈ្វេង បានឱ្យដឹងដូច្នេះ។

ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិក្នុងចម្ការគូឆាយរបស់ពូលីស៊ីយ៉ែន។
មានបទពិសោធន៍ជាង ១០ ឆ្នាំក្នុងការដាំបន្លែ គ្រួសារពូលីស៊ីយ៉ែន នៅភូមិតាមាឃ ឃុំង៉ុកតូ ជាមួយនឹងផ្ទៃដី ១.០០០ម២ សំខាន់គឺដាំគូឆាយ ខ្ទឹមស្លឹកនិងជន្លង់ ប៉ុន្តែមិនសូវមានប្រសិទ្ធភាព។ ប៉ុន្មានឆ្នាំជិតៗនេះ ដោយឃើញទម្រង់ស្រោចស្រពស្វ័យប្រវត្តិរបស់មាមីងកសិករនៅភូមិភាគ នាំមកនូវប្រសិទ្ធភាព ឆ្នាំ២០២០ ពូបានវិនិយោគដាក់ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិលើផ្ទៃដីដាំបន្លែរបស់គ្រួសារជាង១.០០០ម២។ ចែករំលែកបទពិសោធន៍ពីទម្រង់នេះ ពូស៊ីយ៉ែន ឱ្យដឹង៖ “ចំពោះប្រភេទបន្លែបង្ការ ដូចជា៖ គូឆាយ ខ្ទឹមស្លឹក ជន្លង់ពេលអនុវត្តប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិនឹងជួយឱ្យដំណាំលូតលាស់ល្អ ដោយឡែកគូឆាយចេញផ្កាបានច្រើនជាងប្រមាណ ៣០ គីឡូក្រាមក្នុងមួយកុង កើនពី ៣៥ - ៤០ គីឡូក្រាមក្នុងមួយកុង”។
បងត្រឹងហុងនី ប្រធានសមាគមកសិករឃុំង៉ុកតូ ឱ្យដឹង៖ “ដាក់ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិសម្រាប់ការដាំដំណាំតែងនាំមកនូវប្រសិទ្ធភាព ពិសេសគឺក្នុងរដូវប្រាំង អាកាសធាតុក្តៅ ការស្រោចស្រពស្វ័យប្រវត្តិជួយប្រិតសំចៃទឹកនិងម្ចាស់ការបានទឹកស្រោចស្រព។ បន្ថយស្ថានភាពដីខ្សោះ ជីជាតិរលួយប្ញស ជួយឱ្យដំណាំដុះពន្លកល្អនៅពេលអាកាសធាតុក្តៅហួតហែង។ ជាពិសេស ប្រិតសំចៃបានកម្លាំងពលកម្មជាង ៧០% និងបន្ថយបាន ៥០% ក្នុងការចំណាយអគ្គិសនី ទឹកជី រួមចំណែកការពារបរិស្ថាន បង្កើនទិន្នផលនិងគុណភាពបន្លែ”៕
ថាញ់វ៉ាង-ដាលីន