ការចិញ្ចឹមសត្វកន្ធាយគួបផ្សំនឹងការផលិតស្រូវ ដាំទុរេន តាមទម្រង់វិលជុំ សំដៅបន្ថយចំណាយ លើការវិនិយោគ ផ្ដល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ និងឆ្ពោះទៅរកការផលិតប្រកបដោយចីរភាព។ នោះគឺជាវិធីសាស្ត្រដែលលោក ត្រឹងហុងក្វាង នៅឃុំទ្រឿងឡុងតី ទីក្រុងកឹងធើ បានអនុវត្តដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ទម្រង់នេះ បានជួយឱ្យគ្រួសារគាត់រកបានប្រាក់ចំណេញជាង ១ ពាន់លានដុងក្នុងមួយឆ្នាំ។

ការចិញ្ចឹមសត្វកន្ធាយគួបផ្សំនឹងការផលិតស្រូវ ដាំទុរេន តាមទម្រង់វិលជុំ ជួយឱ្យគ្រួសារលោកត្រឹងហុងក្វាង រកបានប្រាក់ចំណេញជាង ១ ពាន់លានដុងក្នុងមួយឆ្នាំ។
រយៈពេល ២៦ ឆ្នាំកន្លង លោកហុងក្វាង ជាអ្នកដំបូងគេដែលចិញ្ចឹមសត្វកន្ធាយតៃវ៉ាន់នៅភូមិភាគ។ គាត់ឱ្យដឹង៖ “ពេលចាប់ផ្ដើមចិញ្ចឹម ខ្ញុំជួបលំបាកមិនតិចទេ នោះគឺដោយសារយើងខ្វះបទពិសោធន៍ មិនទាន់យល់ពីបច្ចេកទេសថែទាំ រីឯទីផ្សារប្រើប្រាស់ក៏ពុំសូវមានទៀត។ ល្បាស់ដំបូង ខ្ញុំចិញ្ចឹម ២.០០០ ក្បាល លើផ្ទៃទឹក ១.២០០ ម៉ែត្រការ៉េ អត្រាខូតខាតឡើងដល់២៥%”។
មិនធ្លាក់ទឹកចិត្ត លោកហុងក្វាង បានព្យាយាមរៀនសូត្រនិងស្វែងយល់ពីបច្ចេកទេសចិញ្ចឹមសត្វកន្ធាយ។ ក្រោយពីមានបទពិសោធន៍ក្នុងការចិញ្ចឹម គាត់ចែករំលែក៖ “បើចង់ចិញ្ចឹមសត្វកន្ធាយឱ្យបានកាក់កប ស្រះចិញ្ចឹមត្រូវតែរឹងមាំ ហើយកម្រិតទឹកពីបាតស្រះឡើងលើប្រហែលពី ១-១,២ ម៉ែត្រ។ សត្វកន្ធាយងាយកើតជំងឺប្រព័ន្ធរំលាយអាហារ បើចំណីគ្មានគុណភាពនិងឆ្លងមេរោគ។ ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ ខ្ញុំតែងផ្លាស់ប្តូរទឹកជាប្រចាំ បាចថ្នាំកម្ចាត់មេរោគ កែលម្អបរិស្ថានទឹកនិងបាតស្រះ។ ហេតុនេះ អត្រាខូចខាតថយចុះនៅ៣-៥%”។
តាមសម្តីលោកហុងក្វាង សត្វកន្ធាយពូជត្រូវការចិញ្ចឹមថែទាំរយៈពេល ១៦ ខែ មានទម្ងន់ពី ៨០០ ក្រាមដល់ ១,២ គីឡូក្រាមក្នុងមួយក្បាល។ បច្ចុប្បន្ន លោកហុងក្វាង មានស្រះចិញ្ចឹមសត្វកន្ធាយ ១៦ ស្រះ ជាមួយផ្ទៃទំហំ ១២.០០០ ម៉ែត្រការ៉េ។ ក្នុងមួយឆ្នាំ គាត់លក់កន្ធាយសាច់ ២ លើក ប្រហែល៨តោន។ សត្វកន្ធាយចិញ្ចឹម មានទម្ងន់ ០,៥ - ១,៥ គីឡូក្រាមក្នុងមួយក្បាល តម្លៃលក់មធ្យមភាគពី ១៧០.០០០ - ២៨០.០០០ដុង ក្នុងមួយគីឡូក្រាម។ ក្រៅពីចិញ្ចឹមកន្ធាយសាច់ គាត់ថែមទាំងលក់កូនពូជនិងពងសត្វល្មេចផងដែរ។ មធ្យមភាគក្នុងមួយឆ្នាំ គាត់លក់កូនពូជប្រហែលពី ១៨០.០០០ - ២០០.០០០ ក្បាល និងពងសត្វកន្ធាយពី ១ - ២ តោន។
ជំហានលោតផ្លោះក្នុងការផលិតកសិកម្មរបស់ លោកហុងក្វាង គឺការចិញ្ចឹមសត្វកន្ធាយគួបផ្សំនឹងការផលិតស្រូវ ដាំទុរេនតាមទម្រង់សេដ្ឋកិច្ចវិលជុំ។ ឆ្នាំ ២០១៥ ជំនួសឱ្យរបៀបផលិតស្រូវតាមបែបបុរាណ លោកហុងក្វាង បានប្រើប្រាស់ទឹកពីស្រះចិញ្ចឹមកន្ធាយ បង្ហូតចូលស្រែលើផ្ទៃដីទំហំ ១ ហិកតា។ ហើយឆ្លៀតយកផ្ទៃដីតាមមាត់ស្រះ ដាំដើមទុរេនបន្ថែមចំនួន ១៤០ ដើម។ របៀបធ្វើនេះ ឃើញថាបន្ថយបានចំណាយលើការផលិត និងផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន។ មធ្យមភាគក្នុងមួយឆ្នាំ គាត់ប្រមូលផលទុរេនបានជាង ១០ តោន”។
ទម្រង់ចិញ្ចឹមសត្វកន្ធាយគួបផ្សំនឹងការផលិតស្រូវ ដាំទុរេន តាមទម្រង់វិលជុំ បានជួយឱ្យគ្រួសារលោកត្រឹងហុងក្វាង រកបានប្រាក់ចំណេញ ប្រមាណ ១ ពាន់លានដុងក្នុងមួយឆ្នាំ។ ដោយភាពរហ័សរហួនក្នុងការអនុវត្តបច្ចេកទេសជឿនលឿន រួមជាមួយនឹងគំនិតច្នៃប្រតិដ្ឋក្នុងការផលិត ធ្វើអាជីវកម្ម ម្ល៉ោះហើយ ជាច្រើនឆ្នាំមកនេះ លោកហុងក្វាង ទទួលបានប័ណ្ណសរសើរនិងលិខិតសរសើរជាច្រើនពីគ្រប់លំដាប់ថ្នាក់។ ថ្មីៗនេះ គាត់មានកិត្តិយសបានមជ្ឈិមសមាគមកសិករវៀតណាម ជ្រើសរើសស្ងើចសរសើរជាកសិករវៀតណាមឆ្នើម ឆ្នាំ២០២៥៕
អត្ថបទនិងរូបថត៖ កៀងក្វឹក-មុនី