មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

05/11/2025 - 05:52

បុរស​មាន​ទេព​កោ​សល្យ​ខាង​ក្បូរ​ក្បាច់​រចនា 

ដោយ​ថ្វី​ដៃ​ប៉ិន​ប្រ​សប់​និង​ទឹក​ចិត្ត​ស្រ​ឡាញ់​ចូល​ចិត្ត គឹម​ហ៊ឹង នៅ​ភូមិ​តឹង​លិត ឃុំ​តឹង​ថាញ់ ទី​ក្រុង​កឹង​ធើ បាន​ក្លាយ​ជា​អ្នក​ល្បី​ល្បាញ​ខាង​រចនា​ទូក-ង​ខ្នាត​តូច និង​គូរ​គំ​នូរ​លម្អ​ទូក-ង នៅ​តាម​វត្ត​ជាច្រើន​ក្នុង​និង​ក្រៅ​ទី​ក្រុង​កឹង​ធើ។

  គឹម​ហ៊ឹង យក​ចិត្ត​ទុក​ដាក់​ផ្ចិត​ផ្ចង់​រចនា​ទូក-ង ខ្នាត​តូច។

តាំង​ពី​តូច ដោយ​សង្កេត​ឃើញ​គឹម​ហ៊ឹង ចូល​ចិត្ត​ទូក-ង ទើប​ជី​តា​តែង​ច្នៃ​ធ្វើ ទូក-ង​តូចៗ​ឱ្យ​លេង។ លុះ​ដល់​អា​យុ១២​ឆ្នាំ ហ៊ឹង​បាន​ជី​តា​បង្ហាញ​ពី​របៀប​ធ្វើ ពេល​នោះ​ក៏​ចាប់​ផ្តើម​មាន​ទឹក​ចិត្ត​ស្រ​ឡាញ់​ចូល​ចិត្ត តាំង​ពី​នោះ​មក កុមារ​ហ៊ឹង​ចេះ​តែ​ស្វែង​យល់ រៀន​សូត្រ​ពី​របៀប​ធ្វើ​ទូក-ង​ខ្នាត​តូច ដើម្បី​បំ​ពេញ​ចំ​ណង់​ចំ​ណូល​ចិត្ត។ ប្អូន​ហ៊ឹង ឱ្យ​ដឹង៖ “កាល​នោះ នៅ​ស្រុក​ស្រែ​សម្បូរ​ដើម​អំ​បាត​ណាស់ ខ្ញុំ​ឃើញ​ក៏​កាប់​យក​មក​ដើម្បី​ឱ្យ​ជីតា​បង្ហាញ​ពី​របៀប​ដាប់​ធ្វើ​ទូក-ង រចនា​ក្បូរ​ក្បាច់​និង​លាប​ពណ៌។ ដំ​បូង ធ្វើ​រូប​រាង​មិន​សូវ​ស្អាត​ទេ ក្បូរ​ក្បាច់​រចនា​ក៏​មិន​សូវ​សម ប៉ុន្តែ​ធ្វើ​បណ្តើរ​រៀន​បណ្ដើរ​បន្តិច​ម្តងៗ យូរៗ ទៅ​ប្អូន​បាន​លាយ​ពណ៌​លាប​សក្តិ​សម ដូច​ជា​ទូក-ង​នៅ​តាម​វត្ត​នា​នា​អ៊ី​ចឹង”។ ផ្តើម​ពី​ការ​ស៊ូ​ទ្រាំ​លំ​បាក ចូល​ចិត្ត​រៀន​សូត្រ​បាន​ធ្វើ​ឱ្យ​ហ៊ឹង​ក្លាយ​ជា “សិប្ប​ករ” ទូក-ង​ខ្នាត​តូច​ដ៏​ល្បី​ល្បាញ​នៅ​តំ​បន់​ជន​បទ។ ចំ​ពោះ​ទូក-ង​ខ្នាត​តូច ហ៊ឹង បង្ហោះ​ក្នុង​ទំ​ព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន ដូច​បេះ​បិទ​ទូក-ង​មែន​ទែន បាន​ទាក់​ទាញ​អ្នក​ដែល​ពេញ​និយម​ចូល​ចិត្ត​ទូក-ង។ កេរ្តិ៍​ឈ្មោះ​បោះ​សំ​ឡេង​កាន់​តែ​ល្បី​រន្ទឺ ទៅ​ដល់​វត្ត​ជា​ច្រើន ដូច៖ វត្ត​អំ​ពូ​យារ វត្ត​ពិសី​វរា​រាម​និង​វត្ត​មួយ​ចំ​នួន​នៅ​ខេត្ត​គៀង​យ៉ាង វិញ​ឡុង​៘ ស្វែង​រក​ដើម្បី​ដាក់​បញ្ជា​ទិញ។

  គឹម​ហ៊ឹង​គូរ​ក្បាច់​រចនា​ឱ្យ​ទូក-ង​វត្ត​ឃ្លាំង។

មិន​បាន​ឆ្លង​កាត់​សា​លា​បណ្ដុះ​បណ្ដាល​នោះ​ទេ គ្រាន់​តែ​មាន​ចំ​ណង់​ចំ​ណូល​ចិត្ត គឹម​ហ៊ឹង រចនា​ដោយ​ខ្លួន​ឯង​ធ្វើ​បាន​ស្ទើរ​តែ​ទាំង​អស់​ទូក-ង​ខ្នាត​តូច ព្រម​ទាំង​ទម្រង់​ទូក​គែ​ហ៊ៅ​ទៀត​ផង។ លក្ខណៈ​ពិ​សេស​របស់​ហ៊ឹង នោះ​គឺ​គ្រាន់​តែ​ឃើញ​ក្រុម​ទូក-ង​វត្ត​ណា​ចូល​រួម​អុំ​ក្នុង​ពិធី​ប្រ​ណាំង​ទូក-ង ប្អូន​អាច​នឹង​ច្នៃ​រចនា​និង​គូរ​ក្បូរ​ក្បាច់​ឱ្យ​ដូច​ទូក-ង វត្ត​នោះ ម្ល៉ោះ​ហើយ​បាន​អតិ​ថិ​ជន​ពេញ​និយម​ចូល​ចិត្ត។ ចំ​ពោះ​ទូក-ង​ខ្នាត​តូច​ដែល​បាន​ហ៊ឹង​ធ្វើ​ពី​ដើម​អំ​បាត ដើម​ខ្នុរ យោង​ទៅ​តាម​ខ្នាត​តូច​ធំ លក់​ក្នុង​តម្លៃ​ពី ៦០០ - ២.០០០​.០០០ ដុង/​គ្រឿង។ ប្អូន​ហ៊ឹង ចែក​រំលែក៖ “ធ្វើ​ទូក-ង​ខ្នាត​តូច ត្រូវ​មាន​ចំ​ណង់​ចំ​ណូល​ចិត្ត​និង​ស៊ូ​លំ​បាក​ស្វែង​យល់​ទើប​ធ្វើ​បាន ពី​ព្រោះ​ក្បូរ​ក្បាច់​រចនា​នៃ​ទូក-ង​នី​មួយៗ តែង​ផ្សេងៗ​គ្នា ពិ​បាក​គូរ​ណាស់ ដោយ​សារ​ទូក​មាន​ខ្នាត​តូច។ មុន​នឹង​គូរ​ប្អូន​បែង​ជា​ផ្នែកៗ​នៃ​ទូក ព្រាង​ក្បូរ​ក្បាច់​រចនា​ដោយ​ដៃ​ខ្មៅ​រួច​ហើយ ទើប​លាប​ពណ៌​ឡើង”។

មិន​ត្រឹម​តែ​ល្បី​ឈ្មោះ​ខាង​រចនា​ទូក-ង​ខ្នាត​តូច​ប៉ុណ្ណោះ​ទេ សព្វ​ថ្ងៃ គឹម​ហ៊ឹង ថែម​ទាំង​បាន​វត្ត​នា​នាអញ្ជើញ​ទៅ​គូរ​គំ​នូរ​ទូក-ង ដូច​ជា៖ វត្ត​បឹង​ក្រ​ចាប់​ថ្មី វត្ត​ឃ្លាំង​និង​វត្ត​មួយ​ចំ​នួន​នៅ​ខេត្ត​វិញ​ឡុង ទៀត​ផង ចំ​ពោះ​ក្បូរ​ក្បាច់​រចនា​ដែល​ហ៊ឹង​គូរ តែង​រំលេច​ពណ៌​ស្អាត ដិត​ដាម​ដោយ​អត្ត​សញ្ញាណ វប្ប​ធម៌​ជន​រួម​ជាតិ​ខ្មែរ ម្ល៉ោះ​ហើយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មាន​វត្ត​ជា​ច្រើន​អញ្ជើញ​ទៅ​គូរ។ ចំ​ពោះ​ហ៊ឹង នេះ​ជា​ក្តី​មោទនៈ​និង​ជា​កម្លាំង​ជំ​រុញ​ដ៏​ធំ​សម្រាប់​បន្ត​ការ​ស្វែង​យល់​រៀន​សូត្រ ដើម្បី​មាន​ទូក - ង​កាន់​តែ​ច្រើន​រំ​លេច​ពណ៌​ស្រស់​ស្អាត​ចូល​រួម​ប្រ​ណាំង៕

                               យ្វី​អាញ- លី​សៀ

ចែករំលែកអត្ថបទ