មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

04/11/2025 - 06:10

សិល្ប​ករ​ស្នេ​ហា​សិល្បៈ​ខ្មែរ 

អា​ស្រ័យ​មាន​ទេព​កោ​សល្យ​និង​ជក់​ចិត្ត​ដិត​អា​រម្មណ៍​ជា​មួយ​នឹង​សិល្បៈ​យូ​កេរ​តាំង​ពី​កុមារ ឆ្នាំ១៩៩៨ ថាច់​ចើន​សុ​ផារ៉ា បាន​ទទួល​ចូល​ក្រុម​សិល្បៈ​រស្មី​ប្រ​ទីប ព្រម​ទាំង​បាន​ការ​ណែ​នាំ​ដោយ​អស់​ពី​ចិត្ត​ពី​សំ​ណាក់​សិល្ប​ករ​រៀម​ច្បង មួយ​អន្លើ​ដោយ​ការ​ខិត​ខំ​យ៉ាង​ពេញ​ទំ​ហឹង​របស់​ខ្លួន។ បង​ថាច់ ចើន​សុផា​រ៉ា ក៏​មាន​ឈ្មោះ​បោះ​សំ​ឡេង​ក្នុង​មជ្ឈ​ដ្ឋាន​សិល្បៈ​ជំ​នាញ មិន​ត្រឹម​តែ​មាន​ទឹក​ដម​សំ​ឡេង​ពី​រោះ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​សិល្ប​ករ​មួយ​រូប​មាន​ទេព​កោ​សល្យ​សម្បូរ​បែប​ទៀត​ផង។

  សិល្ប​ករ ថាច់ ចើន​សុផា​រ៉ា កំ​ពុង​ប្រ​គំ​ឧប​ករណ៍​ភ្លេង​ខ្មែរ "ឃឹម"។

សិល្ប​ករ ថាច់​ចើន​សុផា​រ៉ា កើត​ឆ្នាំ​១៩៨០ ក្នុង​គ្រួ​សារ​កសិករ នៅ​ភូមិ​សំ​ពោង​សក់​ធំ ឃុំ​ង៉ូវ​ឡាក ខេត្ត​វិញ​ឡុង យុវ​វ័យ​របស់​បង​បាន​ប្រ​ឡូក​ក្នុង​វិស័យ​សិល្បៈ​ពេល​មាន​កម្ម​វិធី​បុណ្យ​ផ្សេងៗ។ ការ​ជក់​ចិត្ត​ដិត​អា​រម្មណ៍​ទាំង​នេះ បាន​ផ្តល់​ជា​កម្លាំង​ចិត្ត​ដើម្បី​គាត់​មាន​គោល​ជំ​ហរ​រឹង​មាំ ចូល​ប្រ​ឡូក​ក្នុង​វិស័យ​សិល្បៈ។ សម្រាប់​គាត់​សិល្បៈ មិន​ត្រឹម​តែ​ជា​អត្ត​សញ្ញាណ​វប្ប​ធម៌​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អា​ជីព​របស់​គាត់​ទៀត​ផង។ អស់​រយៈ​ពេល​ជាង​២០​ឆ្នាំ គាត់​បាន​ក្លាយ​ជា​សិល្ប​ករ​ម្នាក់​ក្នុង​ចំ​ណោម​សិល្ប​ករ-កា​រិនី ដែល​មាន​ឈ្មោះ​បោះ​សំ​ឡេង​ក្នុង​ក្រុម​សិល្បៈ​រស្មី​ប្រ​ទីប។ បង​សុ​ផា​រ៉ា សំ​ណេះ​សំ​ណាល៖ “ពេល​ឈរ​លើ​ឆាក​ម្តងៗ ខ្ញុំ​មាន​អា​រម្មណ៍​ថា​មិន​ត្រឹម​តែ​សម្តែង​សិល្បៈ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​រួម​ចំ​ណែក​ក្នុង​ការ​អភិ​រក្ស​វប្ប​ធម៌ សិល្បៈ​របស់​ជន​រួម​ជាតិ​ខ្មែរ។ សម្រាប់​ខ្ញុំ សំ​ណាង​បំ​ផុត​គឺ​បាន​រៀន​សូត្រ​បទ​ពិ​សោធន៍​ពី​សិល្ប​ករ-ការិនី​រៀម​ច្បង។ ហេតុ​នេះ ខ្ញុំ​ចាត់​ទុក​ការ​បង្រៀន​សិល្បៈ​ដល់​យុវ​វ័យ​ជំ​នាន់​ក្រោយ​គឺ​ភារ​កិច្ច​ដ៏​សំ​ខាន់ ឱ្យ​តែ​យុវ​វ័យ​ជំ​នាន់​ក្រោយ​ចេះ​ដេញ​ចា​ប៉ី​ដង​វែង ចេះ​ច្រៀង​ចម្រៀង​ប្រ​ជា​ប្រិយ ឬ​សម្តែង​ឈុត សិល្បៈ​យូ​កេរ ដូច្នេះ វប្ប​ធម៌​សិល្បៈ​របស់​ជន​រួម​ជាតិ​ខ្មែរ​នឹង​បន្ត​រក្សា​បាន​យូរ​អង្វែង”។

  សិល្ប​ករ ថាច់​ចើន​សុផា​រ៉ា​កំ​ពុង​ប្រ​គំ​ឧប​ករណ៍​ភ្លេង​ខ្មែរ "ទ្រសោ"។

លោក ត្រឹង​វុាំង​ដាយ ប្រ​ធាន​ការិ​យា​ល័យ​រដ្ឋ​បាល​ទូទៅ​នៃ​ក្រុម​សិល្បៈ​រស្មី​ប្រ​ទីប បញ្ជាក់៖ “បង​សុផា​រ៉ា ជា​សិល្ប​ករ​ម្នាក់​ក្នុង​ចំ​ណោម​សិល្ប​ករ មាន​ទេព​កោ​សល្យ​សម្បូរ​បែប ទទួល​បាន​ការ​គាំ​ទ្រ​និង​សរ​សើរ​មិន​ដាច់​ពី​មាត់​ពី​សំ​ណាក់​ទស្ស​និក​ជន។ គាត់​មិន​ត្រឹម​តែ​អ្នក​ចម្រៀង​និង​ជា​តួ​សម្តែង​ល្ខោន​យូ​កេរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ទេព​កោ​សល្យ​ខាង​ចម្រៀង​ចា​ប៉ី​ដង​វែង ចេះ​ដេញ​តា​ខេ និង​ឧប​ករណ៍​ភ្លេង​ផ្សេងៗ​ជា​ច្រើន​ទៀត។ នោះ​គឺ​ជា​ការ​រួម​ចំ​ណែក​ដ៏​មាន​អត្ថ​ន័យ​ក្នុង​ការ​អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ជន​ជាតិ។ បង​សុផា​រ៉ា ទទួល​បាន​រង្វាន់​ជា​ច្រើន មាន​ដូច៖ រង្វាន់​លេខ ២ ក្នុង​សមោ​សរ​ចម្រៀង​ប្រ​ជា​ប្រិយ​ខ្មែរ​ឆ្នាំ​២០០២ រង្វាន់ A ចម្រៀង​ទោល​នៅ​ទិវា​បុណ្យ​វប្ប​ធម៌-កី​ឡា​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ ឆ្នាំ​២០០៥ មេ​ដាយ​ប្រាក់​ក្នុង​សមោ​សរ​សិល្បៈ​ច្រៀង​រាំ​ជំ​នាញ​ទូ​ទាំង​ប្រ​ទេស ឆ្នាំ​២០០៥ ។ល។ ព្រម​ទាំង​ទទួល​បាន​ប័ណ្ណ​សរ​សើរ​និង​លិ​ខិត​សរ​សើរ​ជា​ច្រើន​របស់​ខេត្ត និង​ផ្នែក​នា​នា”។

មិន​ត្រឹម​តែ​ជា​តួ​សម្តែង​សិល្បៈ​ល្ខោន​យូ​កេរ​ប៉ុណ្ណោះ​ទេ ចើន​សុផា​រ៉ា ក៏​បាន “ជួយ​បង្ហាត់​ភ្លេង” ដល់​និស្សិត​និង​យុវ​ជន​ដែល​ស្រ​ឡាញ់​ចូល​ចិត្ត​ឧប​ករណ៍​ភ្លេង​ប្រ​ពៃ​ណី​ទៀត​ផង។ ជិត​១០​ឆ្នាំ​មក​នេះ គាត់​ជួយ​បង្រៀន​វិញ្ញា​សា​ភ្លេង​ប្រ​ពៃ​ណី​ខ្មែរ​នៅ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ។ ជា​ពិ​សេស គាត់​នៅ​ទាំង​បើក​ថ្នាក់​បង្រៀន​ឧប​ករណ៍​ភ្លេង​ខ្មែរ​ដោយ​ឥត​គិត​ថ្លៃ​នៅ​សង្កាត់​ត្រា​វិញ ដោយ​មាន​យុវ​វ័យ​ជា​ច្រើន​មក​សិក្សា​ហាត់​សម ផ្តើម​ពី​នោះ ធ្វើ​ឱ្យ​ពួក​គេ​រឹត​តែ​មាន​ចំ​ណូល​ចិត្ត​ស្រ​ឡាញ់​ឧប​ករណ៍​ភ្លេង​ខ្មែរ៕

         អត្ថ​បទ​និង​រូប​ថត៖ សើុង​ម៉ា​ល័យ-មុនី

ចែករំលែកអត្ថបទ