ប្រសិនបើលោកអ្នកតែងភ្លេចចោលម្ហូបអាហារក្នុងទូត្រជាក់រហូតដល់វាខូច មិត្តប្រាកដជាធ្វើខុសចំណុចណាមួយដូចខាងក្រោមនេះ
មិនបែងចែកកន្លែង

ប្រអប់ដាក់ម្ហូបបអាហារ នឹងជួយលោកអ្នកងាយស្រួយបែងចែកនិងដាក់ម្ហូបអាហារ
មានសណ្តាប់ធ្នាប់ជាង។ រូបថត៖ The Spruce
គ្រប់គ្នាតែងមានទម្លាប់ទៅផ្សារទំនើបទិញរបស់គ្រប់មុខមកទុកដាក់ក្នុងទូត្រជាក់ របៀបនេះធ្វើឱ្យយើងចំណាយពេលច្រើនក្នុងការស្វែងរកនៅពេលក្រោយ។ ជំនួសវិញ ចូរអ្នកកំណត់កន្លែងច្បាស់លាស់សម្រាប់ដាក់ប្រភេទអាហារនីមួយៗ។ តួយ៉ាងដូចទឹកដោះគោនិងផលិតផលច្នៃពីទឹកដោះគោ (ប៊ឺ ឈីស យ៉ាអួ...) គួរតែដាក់ក្បែរគ្នាមួយថត ឬមានថតសម្រាប់ដាក់បន្លែផ្លែឈើដោយឡែក។
ដាក់ម្ហូបអាហារថ្មីនៅខាងក្រៅ
ពេលទិញម្ហូបអាហារមក កុំប្រញាប់ដាក់របស់ថ្មីចូលក្នុងទូត្រជាក់ ហើយរុញរបស់ចាស់ទៅខាងក្នុង។ គប្បីគិតថា ទូត្រជាក់របស់យើងដូចជាហាងលក់គ្រឿងទេស ហើយដាក់ម្ហូបអាហារជិតផុតកំណត់មកខាងក្រៅបំផុត។ ប្រការនេះ នឹងជួយកាត់បន្ថយការខ្ជះខ្ជាយបានច្រើន។
ដាក់ម្ហូបអាហារគរលើគ្នា
ប្រសិនបើទូត្រជាក់តូចប្រៀបទៅនឹងកម្រិតប្រើប្រាស់របស់គ្រួសារ នោះលោកអ្នកនឹងពិបាកក្នុងការរៀបចំដាក់គ្រឿងបរិភោគចូលក្នុងទូត្រជាក់។ ដើម្បីជម្នះការខ្វះកន្លែងដាក់ លោកអ្នកគប្បីពិនិត្យមើលម្ហូបអាហារណាខ្លះដែលតម្រូវការប្រើ គឺមិនចាំបាច់រក្សាទុកក្នុងទូត្រជាក់ឡើយ ឬទិញធ្នើរតូចៗមួយចំនួនដាក់ក្នុងទូត្រជាក់ ដើម្បីរៀបដាក់ម្ហូបអាហារបានច្រើន។ ជៀសវាងទិញរបស់ច្រើនពេកក្នុងពេលតែមួយនេះ ជាប្រការមួយគួរកត់ចំណាំដែរ។
ទុកចំណីអាហារសល់មិនត្រឹមត្រូវ
ប្រសិនបើលោកអ្នកទិញចំណីអាហារមកផ្ទះហូបមិនអស់ កុំទុករបស់ដែលសេសសល់ក្នុងប្រអប់ស្នោដាក់ក្នុងទូត្រជាក់។ គប្បីផ្ទេរទៅប្រអប់អំបែង ឬប្រអប់ប្លាស្ទិចដែលអាចប្រើឡើងវិញបាន ដើម្បីជៀសវាងធុំក្លិននិងរក្សាទុកបានល្អជាង។ ដាក់ប្រអប់នៅកន្លែងដែលងាយស្រួលមើលឃើញក្នុងទូត្រជាក់។
រក្សាទុកទឹកដោះគោនៅក្បែរទ្វារទូត្រជាក់
សន្ទះទ្វារគឺជាកន្លែងមានសីតុណ្ហភាពខ្ពស់បំផុតក្នុងទូត្រជាក់ ហេតុដូច្នេះ គប្បីដាក់ចំណីអាហារកែច្នៃដែលមិនងាយនឹងខូច ដូចជាតំណាប់ចាហួយ ឬទឹកគ្រឿង។ ដាក់ទឹកដោះគោនៅកន្លែងនេះនឹងងាយខូច ជាពិសេស ប្រសិនបើលោកអ្នកមានទម្លាប់ទិញច្រើននិងរក្សាទុកយូរ។
ប្រអប់មិនបិទស្លាកសញ្ញា
ប្រសិនចូលចិត្តចម្អិនអាហារពេលព្រឹក ព្រមទាំងសំចៃពេលចម្អិន លោកអ្នកគួរដាក់ជាប្រអប់ៗដោយឡែក ព្រមទាំងកត់ត្រាច្បាស់លាស់នៅពេលវេលាទិញ ឬពេលប្រើប្រាស់។ បំផុតគឺ ពេលលោកអ្នកមិនប្រើប្រាស់ប្រអប់ថ្លាសម្រាប់រក្សាទុកគ្រឿងបរិភោគ ការធ្វើបែបនេះនឹងមានប្រយោជន៍យ៉ាងច្រើន៕
បាវជី (យោង៖ The Spruce) - មុនី