(កឹងធើ) - នៅថ្ងៃទី១១ ខែកញ្ញា គណៈចាត់តាំងរៀបចំមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទីក្រុង បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យស្ថានភាពអនុវត្តន៍ និងពិភាក្សាអំពីការងារដែលត្រូវអនុវត្តក្នុងការរៀបចំមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទីក្រុងកឹងធើ លើកទី១ (២០២៥-២០២៣០)។ លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង អនុប្រធានទី១ នៃក្រុមប្រឹក្សាប្រឡងប្រណាំង - សរសើរនិងជូនរង្វាន់ទីក្រុងកឹងធើ បានដឹកនាំកិច្ចប្រជុំ។

លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង អនុប្រធានទី១នៃក្រុមប្រឹក្សាប្រឡងប្រណាំង
- សរសើរនិងជូនរង្វាន់ទីក្រុងកឹងធើ មានប្រសាសន៍ចង្អុលការក្នុងកិច្ចប្រជុំ។
ក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំមន្ទីរ ផ្នែកនានាបានរាយការណ៍អំពីការរៀបចំសម្រាប់ការរៀបចំមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិ; សុំយោបល់អំពីកម្មវិធីសិល្បៈ ការតុបតែងសាលប្រជុំ ការតាំងពិព័រណ៍រូបភាពនៅទីតាំងរៀបចំមហាសន្និបាត; ការបង្ហាញវីដេអូនៃបទយកការណ៍អំពីឯកសារនិងលទ្ធផលអនុវត្តចលនាប្រឡងប្រណាំងនៅក្រុងកឹងធើ និងការងារសរសើរនិងជូនរង្វាន់ ដំណាក់កាល ៥ ឆ្នាំ ២០២០-២០២៥ រួមទាំងខ្លឹមសារផ្សេងៗមួយចំនួន។
មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទីក្រុងកឹងធើ លើកទី១ (២០២៥-២០២៣០) ក្រោមប្រធានបទ៖ “សាមគ្គី - ប្រជាធិបតេយ្យ - ក្រឹត្យក្រម - ភាពលោតផ្លោះ - អភិវឌ្ឍន៍”។ មហាសន្និបាត គ្រោងនឹងរៀបចំនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានអ្នកតំណាងចូលរួម៧៥០នាក់។ មហាសន្និបាតបានរៀបចំឡើងដើម្បីវាយតម្លៃលទ្ធផលនៃចលនាប្រឡងប្រណាំងស្នេហាជាតិ នៅទីក្រុងកឹងធើ ដំណាក់កាល ២០២០-២០២៥; កំណត់ទិសដៅនិងភារកិច្ច ដើម្បីជំរុញចលនាប្រឡងប្រណាំងស្នេហាជាតិ និងអនុវត្តការងារសរសើរនិងជូនរង្វាន់ ដំណាក់កាល ២០២៥- ២០២៣០។ នេះក៏ជាឱកាសដើម្បីសរសើរនិងផ្ដល់កិត្តិយសដល់សមូហភាពនិងបុគ្គលគំរូឆ្នើម ដែលមានសមិទ្ធផលលេចធ្លោនៅគ្រប់កម្រិត គ្រប់ផ្នែក គ្រប់វិស័យ។ ផ្ដើមពីនោះ បំផុសស្មារតីនិងពង្រីកឧត្តមភាពផែនមហាសាមគ្គីទូទាំងជនជាតិ បង្កជាកម្លាំងជំរុញប្រឡងប្រណាំងបង្កើតស្នាដៃ ដើម្បីអបអរសាទរមហាសន្និបាតបក្ខភាគគ្រប់លំដាប់ថ្នាក់ មហាសន្និបាតបក្សទីក្រុងកឹងធើ លើកទី១ អាណត្តិកាល (២០២៥-២០៣០) និងឈានដល់មហាសន្និបាតតំណាងទូទាំងប្រទេស លើកទី១៤ របស់បក្ស។
មានប្រសាសន៍ចង្អុលការក្នុងកិច្ចប្រជុំ លោកស្រី ង្វៀងធីង៉ុកឌេប បញ្ជាក់ថា មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទីក្រុង គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់។ ដូច្នេះ ការងារត្រៀមបម្រុងត្រូវអនុវត្តឱ្យបានម៉ត់ចត់ ចាប់ពីការផ្សព្វផ្សាយ ការរៀបចំខ្លឹមសារ កម្មវិធីនិងការជ្រើសរើសគំរូឈានមុខ។ មន្ទីរមហាផ្ទៃ ដឹកនាំនិងសហការយ៉ាងជិតស្និទ្ធជាមួយកាសែតនិងវិទ្យុ-ទូរទស្សន៍កឹងធើ បន្តធ្វើឱ្យល្អប្រសើរនូវបទយកការណ៍អំពីឯកសារនិងលទ្ធផលនៃការអនុវត្តចលនាប្រឡងប្រណាំងលើភូមិសាស្ត្រទីក្រុងកឹងធើ។ ខ្លឹមសារនៃបទយកការណ៍ គប្បីឆ្លុះបញ្ចាំងឱ្យបានត្រឹមត្រូវនូវចលនាប្រឡងប្រណាំងជាមួយនឹងសមិទ្ធផលជាក់ស្ដែង។ លោកស្រី អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង បានស្នើឱ្យមន្ទីរនិងផ្នែកនានាដែលពាក់ព័ន្ធ លើកកម្ពស់ស្មារតីទទួលខុសត្រូវ និងរួសរាន់សហការអនុវត្តភារកិច្ចដែលបានផ្ដល់ ដើម្បីរៀបចំមហាសន្និបាតឱ្យបានជោគជ័យល្អប្រសើរ៕
អត្ថបទនិងរូបថត៖ ហុងវ៉ឹង - ប្រែសម្រួល៖ ពេជ្រសឿន