09/09/2025 - 08:58

ឈាន​ឡើង​លំ​នឹង​ជីវ​ភាព​ អា​ស្រ័យ​ប្រ​ភព​ទុន​ពី​ធនា គារ​គោលនយោ​បាយ​សង្គម​ 

រយៈ​ពេល​កន្លង​ ការ​ងារ​គិត​គូរ​ដល់​ជីវ​ភាព​សមា​ជិក​ ឧបត្ថម្ភ​កសិ​ករ​អភិ​វឌ្ឍ​ការ​ផលិត តែង​បាន​សមា​គម​កសិ​ករ​គ្រប់​លំ​ដាប់​ថ្នាក់​របស់​ឃុំ​លីវ​ទូ ទី​ក្រុង​កឹង​ធើ យក​ចិត្ត​ទុក​ដាក់​ពិ​សេស។​ តាម​រយៈ​នោះ​ បាន​បង្ក​ជា​កម្លាំង​ជំ​រុញ​ ដើម្បី​សមា​ជិក​ឈាន​ឡើង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ លំ​នឹង​ជីវ​ភាព​ រួម​ចំ​ណែក​ជំ​រុញ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ភូមិ​ភាគ។​

អ្នក​មីង​យឿង​ថាញ​ធ្វី នៅ​ភូមិ​តា​អ៊ុង ឃុំ​លីវ​ទូ ទីក្រុង​កឹង​ធើ
កំ​ពុង​ថែ​ទាំ​ហ្វូង​ជ្រូក​របស់​គ្រួ​សារ។​

ជា​រៀង​រាល់​ឆ្នាំ​ សមា​គម​កសិ​ករ​ឃុំ​បាន​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ជាក់​ស្តែង​ជា​ច្រើន​ ដូច​ជា៖ ឧបត្ថម្ភ​ទុន​ ចែក​រំលែក​បទ​ពិ​សោធន៍​ក្នុង​ការ​ផលិត អា​ស្រ័យ​ហេតុ​នេះ​ ជីវ​ភាព​របស់​សមា​ជិក​កសិ​ករ​លើ​ភូមិ​ឋាន​ឃុំ​មាន​ការ​រីក​ចម្រើន​ បង្កើត​បាន​ទម្រង់​សេដ្ឋ​កិច្ច​ជាច្រើន​មាន​ប្រ​សិទ្ធ​ភាព​ ផ្តល់​ប្រាក់​ចំ​ណូល​ខ្ពស់។​ ជាក់​ស្តែង​ដូច​ គ្រួ​សារ​លោក​ថាច់​សីន នៅ​ភូមិ​ផ្តៅ​ពេន​ ឃុំ​លីវ​ទូ ពី​មុន​គ្រួ​សារ​គាត់​ជួប​ការ​លំ​បាក​ណាស់​ ឆ្នាំ​២០០០ បាន​សមា​គម​កសិ​ករ​ឃុំ​ បង្ក​លក្ខណៈ​បង្ខិត​ជិត​ប្រ​ភព​ទុន​ធនា​គារ​គោល​នយោ​បាយ​សង្គម​ គាត់​វិនិ​យោគ​លើ​ការ​ចិញ្ចឹម​គោ​ទឹក​ដោះ​ ប៉ុន្តែ​ទម្រង់​នេះ​ពុំ​សូវ​មាន​ប្រ​សិទ្ធ​ភាព​ ទើប​គាត់​ចិញ្ចឹម​គោ​បង្កាត់​ស៊ីន​វិញ​ចំ​នួន​ ២​ក្បាល។​ អា​ស្រ័យ​ខ្នះ​ខ្នែង​ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​អំ​ពី​បច្ចេក​ទេស​ចិញ្ចឹម​គោ​ ទើប​ហ្វូង​គោ​របស់​គាត់​ធំ​ធាត់​ល្អ​ ហើយ​រៀង​រាល់​ឆ្នាំ​គោ​កើត​កូន​បាន​២​ក្បាល។​ បន្ទាប់​ពី​លក់​ជា​ច្រើន​លើក​ បច្ចុប្បន្ន​គ្រួ​សារ​គាត់​មាន​គោ​ចំ​នួន​៧​ក្បាល។​ សង្កេត​ឃើញ​ការ​ចិញ្ចឹម​គោ​មិន​អាច​រក​ប្រាក់​ចំ​ណូល​គ្រប់​ផ្គត់​ផ្គង់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​និង​គិត​គូរ​ឱ្យ​កូន​រៀន​សូត្រ​ ម៉្លោះ​ហើយ​ នៅ​ឆ្នាំ​២០១៩ គាត់​ទិញ​ជ្រូក​មេ​៣​ក្បាល​មក​ចិញ្ចឹម។​ លោក​ថាច់​សីន ឱ្យ​ដឹង៖ “ជា​រៀង​រាល់​ឆ្នាំ​ជ្រូក​មេ​៣​ក្បាល​កើត​កូន​បាន​២​ល្បាស់ មួយ​ល្បាស់​ពី​៨-១០​ក្បាល​   ចិញ្ចឹម​ប្រ​មាណ​៤​ខែ​គឺលក់​មួយ​ក្បាល​ទម្ងន់​១០០​គី​ឡូ​ក្រាម​   ដោយ​តម្លៃ​ពី​​៥៥.​០០០​-៧០​.០០០​ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម”។​ ជា​មួយ​នឹង​ប្រ​ភព​ចំ​ណូល​ពី​ទម្រង់​ចិញ្ចឹម​គោ​និង​ជ្រូក​ បន្ទាប់​ពី​ទូទាត់​រួច​ គាត់​នៅ​ចំ​ណេញ​ជាង​២០០​លាន​ដុង​ក្នុង​មួយ​ឆ្នាំ​ ទើប​ជីវ​ភាព​គ្រួ​សារ​គាត់​បាន​ធូរ​ធារ”។​

ចំ​ណែ​ក​គ្រួ​សារ​អ្នក​មីង​ យឿង​ថាញ​ធ្វី នៅ​ភូមិ​តា​អ៊ុង ឃុំ​លីវ​ទូ ក៏​ឈាន​ឡើង​ធូរ​ធារ​ពី​ប្រ​ភព​ទុន​បុល​ធនា​គារ​គោល​នយោ​បាយ​សង្គម​ មីង​ធ្វី ឱ្យ​ដឹង៖ “កាល​ពី​ឆ្នាំ​១៩៩៦ ពេល​រៀប​ការ​រួច​ ហើយ​ចេញ​នៅ​ដោយ​ឡែក​ ចាប់​ផ្ដើម​ពី​បាត​ដៃ​ទទេ​ប្រ​ភព​ចំ​ណូល​សំ​ខាន់​បាន​មក​ពី​របរ​កាត់​ដេរ។​ ឆ្នាំ​២០០៦ បាន​សមា​គម​កសិ​ករ​ឃុំ​បង្ក​លក្ខណៈ​បុល​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​៣០​លាន​ដុង​ ជា​មួយ​នឹង​ដើម​ទុន​នេះ​ ខ្ញុំ​សម្រេច​ចិត្ត​ចិញ្ចឹម​ជ្រូក”។​ ដំ​បូង​ ដោយ​សារ​ពុំ​ទាន់​មាន​បទ​ពិ​សោធន៍ គាត់​ចិញ្ចឹម​ជ្រូក​មេ​តែ​២​ក្បាល​ ក្រោយ​មក​អា​ស្រ័យ​បាន​ស្វែង​យល់​ពី​របៀប​ចិញ្ចឹម​តាម​រយៈ​កា​សែត​ ទូរ​ទស្សន៍ ទើប​ទម្រង់​ចិញ្ចឹម​ជ្រូក​របស់​គាត់​មាន​ប្រ​សិទ្ធ​ភាព​បន្តិច​ម្តងៗ​ ហើយ​ហ្វូង​ជ្រូក​កើន​ឡើង​ជា​លំ​ដាប់​។​ អ្នក​មីង​ធ្វី ឱ្យ​ដឹង៖ “រៀង​រាល់​ឆ្នាំ​ ជ្រូក​មេ​៣​ក្បាល​កើត​កូន​បាន​២​ល្បាស់ មួយ​ល្បាស់ពី​៨​-១០​ក្បាល​ ចំ​នួន​កូន​ជ្រូក​នេះ​ខ្ញុំ​លក់​ខ្លះ​ ហើយ​នៅ​មួយ​ចំ​នួន​ខ្ញុំ​ទុក​ចិញ្ចឹម​លក់​ជា​ជ្រូក​សាច់     ក្នុង​មួយ​ឆ្នាំ​ខ្ញុំ​លក់​៦​លើក​   មួយ​លើក​ៗ​ប្រ​មាណ​ពី​  ១០​-២០​ក្បាល​ មួយ​ក្បាល​ទម្ងន់​ប្រ​មាណ​១០០​គី​ឡូ​ក្រាម​   លក់​ដោយ​តម្លៃ​ពី​៦០​.០០០​-៧០.​០០០ ដុង​ក្នុង​មួយ​គីឡូ​ក្រាម។​ បច្ចុប្បន្ន​ គ្រួ​សារ​ខ្ញុំ​ចិញ្ចឹម​ជ្រូក​មេ​៩​ក្បាល​ ជ្រូក​សាច់​៦០​ក្បាល​ ក្រោយ​ពី​ទូ​ទាត់​គ្រួ​សារ​ខ្ញុំ​នៅ​ចំ​ណេញ​ប្រ​មាណ​ជាង​២០០​លាន​ដុង​ក្នុង​មួយ​ឆ្នាំ”។​

“ប្រ​ភព​ទុន​បុល​អា​ទិភាព​របស់​ធនា​គារ​គោល​នយោ​បាយ​សង្គម​ តែង​រួម​ដំ​ណើរ​ជាមួយ​សមា​ជិក​កសិ​ករ​លើ​ភូមិ​ឋាន​ឃុំ​ ជា​ជំ​ហាន​ៗ​បង្កើត​បាន​ការ​ងារ​ធ្វើ​ បង្ក​លក្ខណៈ​អភិ​វឌ្ឍ​ទម្រង់​សេដ្ឋ​កិច្ច​ ដែល​មាន​ប្រ​សិទ្ធ​ភាព។​ ដើម្បី​ពង្រីក​ប្រ​សិទ្ធ​ភាព​ជាង​ទៀត​ នៅ​ពេល​ខាង​មុខ​ សមា​គម​នឹង​បង្កើន​កិច្ច​សហ​ការ​ជា​មួយ​ផ្នែក​ជំ​នាញ​រៀប​ចំ​បើក​វគ្គ​ហ្វឹក​ហ្វឺន​វិទ្យា​សាស្ត្រ​ - បច្ចេក​ទេស​ជឿន​លឿន​ដល់​សមា​ជិក; ជំ​រុញ​ប្រ​ភព​ទុន​អា​ទិភាព​ដើម្បី​សមា​ជិក​កសិករ​ សំ​ខាន់​គឺ​សមា​ជិក​ដែល​មាន​ជីវ​ភាព​ក្រី​ក្រ ជួប​លំ​បាក​ខាង​ដើម​ទុន​មាន​លក្ខណៈ​អនុវត្ត​និង​ពង្រីក​វិសាល​ភាព​ទម្រង់​ដែល​មាន​ប្រ​សិទ្ធ​ភាព​ បង្កើន​ប្រាក់​ចំ​ណូល​ ឈាន​ឡើង​ធ្វើ​មាន​ស្រប​ច្បាប់” សម​មិត្ត​ង្វៀង​វុាំង​តឹម អនុ​ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​លីវ​ទូ បាន​ឱ្យ​ដឹង​ដូច្នេះ៕​

              អត្ថ​បទ​និង​រូប​ថត៖ ថាញ​វ៉ាង​-មុនី​

ចែករំលែកអត្ថបទ