គណៈគ្រប់គ្រងគម្រោង ៨៥ ម្ចាស់វិនិយោគគម្រោងស្ពានដាយង៉ាយ បានឱ្យដឹង អង្គភាពសាងសង់បានផ្អាកមធ្យោបាយចរាចរណ៍ឆ្លងស្ពានដាយង៉ាយ ២ ជាបណ្តោះអាសន្ន ចាប់ពីចំណុចប្រសព្វនៃផ្លូវជាតិណាមស៊ុងហូវ (ឃុំដាយង៉ាយ ក្រុងកឹងធើ) ដល់ចំណុចប្រសព្វជាមួយផ្លូវស្រុកលេខ ១០ (ឃុំអាងថាញ់ ក្រុងកឹងធើ) ដើម្បីធានាសុវត្ថិភាព និងបង្ហើយនីតិវិធីតាមសេចក្តីកំណត់។

អង្គភាពសាងសង់បានដាក់របាំងហាមយានយន្តឆ្លងកាត់ស្ពានជាបណ្ដោះអាសន្ន
នៅរសៀលថ្ងៃទី៣ ខែសីហា។ រូបភាព៖ ភឿងអាញ
ថ្នាក់ដឹកនាំគណៈគ្រប់គ្រងគម្រោង ៨៥ ក៏បានឱ្យដឹងដែរថា អង្គភាពកំពុងសហការបង្ហើយឯកសារ ដើម្បីស្នើសុំការអនុញ្ញាតឱ្យរថយន្តធុនតូច និងម៉ូតូចរាចរណ៍មុនថ្ងៃទី ២ ខែកញ្ញានេះ តាមសំណើរបស់ឃុំអាងថាញ់ ក្រុងកឹងធើ។ បច្ចុប្បន្ន កំណាត់ផ្លូវពីចំណុចប្រសព្វផ្លូវស្រុកលេខ ១០ ដល់ចំណុចប្រសព្វផ្លូវស្រុកលេខ៨ គ្រាន់តែអនុញ្ញាតឱ្យរថយន្តសាងសង់ធ្វើដំណើរប៉ុណ្ណោះ។
យោងតាមលោក ង្វៀងអាញឌឹក ទទួលបន្ទុកសុវត្ថិភាពគម្រោងស្ពានដាយង៉ាយ ២ (អគ្គក្រុមហ៊ុនសាងសង់លេខ ១ - CC1) ចាប់ពីថ្ងៃទី ១ ខែសីហា បើកឱ្យរថយន្តក្រោម១៦កៅអី រថយន្តដឹកទំនិញទម្ងន់ក្រោម៣,៥តោន ម៉ូតូនិងយានជំនិះសាមញ្ញអនុញ្ញាតឱ្យឆ្លងស្ពាន។ ការបើកឱ្យចរាចរណ៍បណ្តោះអាសន្នជួយដល់ការធ្វើដំណើរទៅមកបានងាយស្រួល ចំណេញពេលវេលា ទោះជាយ៉ាងនេះក្តី មានអ្នកជាច្រើនធ្វើដំណើរចូលផ្លូវតភ្ជាប់ដែលកំពុងដំណើររង់ចាំស្រុត-កំណាត់ផ្លូវមិនទាន់គ្រប់លក្ខណៈឱ្យធ្វើចរាចរណ៍ ម៉្លោះហើយអាចកើតមានគ្រោះថ្នាក់។
លោកង្វៀងអាញឌឹក បានមានប្រសាសន៍៖ “ទោះជាបានដាក់ផ្លាកសញ្ញាហាម និងអូសខ្សែសន្ធឹងព្រមាននៅចុងផ្លូវប្រសព្វ (ផ្លូវស្រុកលេខ៨ និងផ្លូវស្រុកលេខ១០) ក៏ដោយ ប៉ុន្តែប្រជាជននៅតែបើករថយន្តចូលទៅក្នុងការដ្ឋាន ថែមទាំងមានលក់ទំនិញពេលយប់នៅលើស្ពានទៀតផង បង្កឱ្យបាត់សុវត្ថិភាព។ ក្រៅពីនោះ មានរថយន្តដឹកទំនិញជាច្រើនគ្រឿង ផ្ទុកលើសទម្ងន់នៅតែមានចេតនាបើកឆ្លងកាត់តំបន់ហាមប្រាម។ អាស្រ័យហេតុនោះ អង្គភាពបានសម្រេចចិត្តផ្អាកចរាចរណ៍លើស្ពានជាបណ្ដោះអាសន្ន រហូតដល់បង្ហើយនីតិវិធីតាមសេចក្តីកំណត់”។
ស្ពានដាយង៉ាយ ២ និងផ្លូវតភ្ជាប់ស្ពាន ៥ គីឡូម៉ែត្រពីខាងសុកត្រាំង តភ្ជាប់កូឡាវយ៉ុងជាមួយនឹងឡុងភូ។ ស្ពានមានប្រវែងជាង ៨៦២ ម៉ែត្រ ទទឹង១៧.៥ម៉ែត្រ ដោយមាន ១៣ រនូតស្ពាន (រនូតមេមានប្រវែង៣៣០ម៉ែត្រ)៕
ជីប៉ាវ-វុាំងតឹន