ឃុំភឿកហឹង ស្រុកថ្កូវ ខេត្តត្រាវិញ (បច្ចុប្បន្ន ជាឃុំតឹបសើុង ខេត្តវិញឡុង) បានអនុវត្តមានប្រសិទ្ធភាពនូវគោលនយោបាយសុខុមាលភាពសង្គម ម្ល៉ោះហើយបានគិតគូរល្អដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រ និងគ្រួសារជួបការលំបាក។


រដ្ឋអំណាចមូលដ្ឋាន សហការជាមួយព្រះចៅអធិការវត្តចុងព្រៃ ឃុំតឹបសើុង ចលនាសប្បុរសជនជូនអំណោយដល់គ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រ។
លោកស្រី តាំងធីថឹម លេខាគណៈកម្មាធិការបក្សឃុំតឹបសើុង ខេត្តវិញឡុង បានឱ្យដឹង៖ “ដើម្បីអនុវត្តមានប្រសិទ្ធភាពនូវគោលនយោបាយគិតគូរដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រនិងគ្រួសារ ជួបការលំបាក អង្គការសមាគមឃុំបានសកម្មសហការជាមួយផ្នែកសមត្ថកិច្ចផ្សព្វផ្សាយគ្រប់សព្វនូវកម្មវិធី ផែនការសកម្មភាពសមស្របជាមួយនឹងស្ថានភាពជាក់ស្ដែងរបស់អង្គភាព និងអង្គការនីមួយៗ។ រៀងរាល់ឆ្នាំ អង្គការសមាគមតែងធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស រដ្ឋអំណាច កសាងផែនការឃោសនាផ្សព្វផ្សាយនិងចលនាប្រជាជនចូលរួមវិភាគទានមូលនិធិគិតគូរដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រនិងគ្រួសារជួបការលំបាក។ ក្នុង ៦ ខែដើមឆ្នាំ ២០២៥ ឃុំបានឧបត្ថម្ភទឹកប្រាក់ជូនគ្រួសារគោលនយោបាយ ២១៦ គ្រួសារ សរុបទឹកប្រាក់ជិត ៣៦១ លានដុង។ ចលនាសប្បុរសជនជូនអំណោយ ១.៤០៨ ចំណែកដល់គ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រនិងគ្រួសារជួបការលំបាក គិតជាទឹកប្រាក់ ៦២៧លានដុង។ ឧបត្ថម្ភសង់ផ្ទះជូនគ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រនិងគ្រួសារជួបការលំបាក សរុបទឹកប្រាក់ ១,៩ ពាន់លានដុង។ ទទួលគាំពារអ្នកមានសគុណចំពោះបដិវត្តន៍ ១៨ នាក់ ដោយទឹកប្រាក់ជាង ៤៥ លានដុង”។
លោកគឹមថាញ់ស្វឹង នៅភូមិចុងព្រៃ ឃុំតឹបសើុង ឱ្យដឹង៖ “គ្រួសារខ្ញុំឋិតក្នុងក្របខណ្ឌគ្រួសារក្រីក្រ កន្លងហើយ រដ្ឋបានឧបត្ថម្ភសង់ផ្ទះមហាសាមគ្គីមួយខ្នងយ៉ាងសមរម្យ ទំហំផ្ទៃដីប្រមាណ ៨០ ម៉ែត្រការ៉េ សរុបទឹកប្រាក់សាងសង់ ១០០ លានដុង ក្នុងនោះ រដ្ឋឧបត្ថម្ភ៥០លានដុង ហើយគ្រួសារចូលរួមបន្ថែម ៥០ លានដុង ។ ឥឡូវគ្រួសារខ្ញុំលំនឹងចិត្តផ្ដោតអារម្មណ៍អភិវឌ្ឍសេដ្ឋកិច្ច ដើម្បីឈានឡើងចាកភាពក្រីក្រ។
តាមប្រសាសន៍លោកស្រី តាំងធីថឹម រយៈពេលខាងមុខ ឃុំតឹបសើុង នឹងបង្កើនការឃោសនា ចលនាប្រជាជនអនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស និងគោលនយោបាយ ច្បាប់របស់រដ្ឋ។ ទន្ទឹមនឹងនោះ ជំរុញកិច្ចការសង្គមូបនីយកម្ម កៀរគររាល់ប្រភពកម្លាំងក្នុងសង្គម បើកទូលាយមុខសញ្ញាចលនា ដើម្បីអនុវត្តល្អនូវកម្មវិធីសុខុមាលភាពសង្គម ផ្សារភ្ជាប់នឹង “រៀនសូត្រ និងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបថហូជីមិញ” កសាងជនបទថ្មី ជីវភាពវប្បធម៌។ ឆ្លងតាមរយៈនោះ រួមចំណែកលើកស្ទួយជីវភាពសម្ភារៈនិងស្មារតីជូនប្រជាជន៕
សើុងម៉ាល័យ-សុផន