សរុបប្រភពទុននៃកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ២០២៤ ខេត្តគៀងយ៉ាង បានបែងចែកថវិកាឱ្យស្រុកយុងរៀង ប្រមាណ ៤០ ពាន់លានដុង។ ទន្ទឹមនឹងនោះ យុងរៀងបានគួបផ្សំនឹងប្រភពទុនពីកម្មវិធី គម្រោងផ្សេងៗទៀត ដើម្បីអនុវត្តមានប្រសិទ្ធភាពការងារជនជាតិលើភូមិសាស្ត្រ។
ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅយុងរៀងមានភាពល្អប្រសើរ រួមចំណែកក្នុងការលើកកម្ពស់ប្រាក់ចំណូលជូនប្រជាជននៅមូលដ្ឋាន។
តាមប្រសាសន៍លោក ង្វៀងវៀតណាមង៉ី នាយករងការិយាល័យក្រុមប្រឹក្សាប្រជាជន - គណៈកម្មាធិការប្រជាជនស្រុកយុងរៀង អាស្រ័យអនុវត្តមានប្រសិទ្ធភាពនូវកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ (ហៅកាត់ថា កម្មវិធី) ឃើញថាជីវភាពជនរួមជាតិភាគតិចត្រូវបានលើកស្ទួយ។ លេចធ្លោបំផុតគឺហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានមានការរីកចម្រើននិងអភិវឌ្ឍទម្រង់សេដ្ឋកិច្ចប្រកបដោយចីរភាព ជួយគ្រួសារជនជាតិភាគតិចជាច្រើនចាកផុតពីភាពក្រីក្រ។ តួយ៉ាងដូចគម្រោងទី ១ ជាមួយនឹងថវិកាជាង ១៦ ពាន់លានដុង ភូមិភាគសាងសង់ផ្ទះ បាន ១០៦ ខ្នងនិងឧបត្ថម្ភជួសជុលផ្ទះបាន ៤ ខ្នង ជូនគ្រួសារជនជាតិភាគតិចដែលជួបលំបាកខាងលំនៅឋាន។ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្លាស់ប្ដូរមុខរបរបានពង្រីកប្រសិទ្ធភាព គិតមកដល់ចុងខែតុលា ឆ្នាំ ២០២៤ ស្រុកបានសហការជាមួយសាលាមធ្យមសិក្សាវិជ្ជាជីវៈជនជាតិអន្តេវាសិកខេត្តគៀងយ៉ាង បើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈបាន ៦៨ ថ្នាក់ជូនពលករប្រមាណ ២.០០០ នាក់ ក្នុងនោះ មានជនជាតិភាគតិច ៨៥៦ នាក់ និង៤៥ នាក់ស្ថិតក្នុងក្របខណ្ឌគ្រួសារជនជាតិភាគតិចក្រីក្រ។ គិតមធ្យមភាគរៀងរាល់ឆ្នាំលើភូមិសាស្ត្រស្រុកមានជនជាតិភាគតិចប្រមាណ ១.០០០ នាក់ ភាគច្រើនគឺជនរួមជាតិខ្មែរ បានចូលរួមរៀនវិជ្ជាជីវៈនៅកម្រិតមធ្យមសិក្សានិងអនុមហាវិទ្យាល័យ។ ឆ្លងតាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ ពលករជាច្រើនរកបានប្រាក់ចំណូលលំនឹងជាសន្សឹមៗឈានឡើងចាកផុតពីភាពក្រីក្រ។
លោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង ឱ្យដឹង៖ ទន្ទឹមនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានស្រុកយុងរៀង ថែមទាំងអនុវត្តល្អនូវគម្រោងទី៣នៃកម្មវិធី នោះគឺពង្រីកឧត្តមភាពផ្នែកកសិកម្មរបស់ភូមិភាគ ឆ្លងតាមរយៈទម្រង់សេដ្ឋកិច្ចចីរភាព ដូច៖ ដាំរំដេងយកបណ្ដូល ចិញ្ចឹមត្រីក្រាញ់ក្នុងសំណាញ់ និងជួញដូរកសិផលជាដើម ។ នាំមកប្រសិទ្ធភាពសេដ្ឋកិច្ចជាប្រត្យក្សដល់ប្រជាជន។ ពូយ័ញដូ នៅទីប្រជុំជនយុងរៀង ឱ្យដឹង៖ “អាស្រ័យដោយដើមទុនឧបត្ថម្ភរបស់រដ្ឋបានជាប្តីប្រពន្ធខ្ញុំទិញវត្ថុធាតុដើមយកមកធ្វើនំលក់នៅផ្សារបាងតឹងឌិញ រកបានប្រាក់ចំណេញសម្រាប់គិតគូរជីវភាព។ ខ្ញុំធ្វើនំ ប្រពន្ធខ្ញុំដើរប្រមូលទិញបន្លែពីអ្នកភូមិរួចហើយយកទៅលក់នៅឯផ្សារ។ ធម្មតាមាមីងប្រមូលផលហើយ ឆាប់យកទៅលក់ដើម្បីទៅធ្វើការទៀត ម្ល៉ោះហើយ យើងទិញយកទៅលក់បន្តដើម្បីមានប្រាក់ចេញចូល”។
លោកង៉ី ឱ្យដឹងបន្ថែម៖ “ស្រុកយុងរៀងបន្តកសាងនូវសង្វាក់តម្លៃផលិតកសិកម្មរបស់ភូមិភាគ ក្នុងទិសដៅជំរុញការជួញដូរទំនិញ ឆ្លងតាមរយៈសហករណ៍និងចងសម្ព័ន្ធជាមួយអាជីវកម្ម ដើម្បីផលិតផលមានលក្ខណៈពិសេសរបស់មាមីងជនរួមជាតិភាគតិចកាន់តែរីកចម្រើន សំដៅបង្កើនប្រាក់ចំណូលជូនមាមីង”៕
ហាថាញ- លីសៀ